ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា បានលើកទ្បើងថា រាជរដ្ឋាភិបាល បានដាក់អនុម័តយុទ្ធសាស្ត្រចំនួន ៤ ចំណុចទៅក្នុងគោលនយោបាយឧស្សាហកម្មដោយផ្តោតទៅលើការតម្រង់ទិសដៅទីផ្សារ និងបរិយាកាសអំណោយផលសម្រាប់ការអភិវឌ្ឍឧស្សាហកម្ម។
ការថ្លែងបែបនេះ ធ្វើទ្បើងនៅក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០១៦ ក្រោមប្រធានបទ “ជំរុញការងារទៅមុខ ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេស និងក្នុងតំបន់ និងទ្បូជីស្ទីក សម្រាប់ការតភ្ជាប់កំណើន និងការអភិវឌ្ឍ” នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា ព្រឹកថ្ងៃចន្ទ ទី០៧ ខែមីនា ឆ្នាំ២០១៦នេះ។
សម្តេច ហ៊ុន សែន មានប្រសាសន៍ទៀតថា នៅក្នុងគោលនយោបាយឧស្សាហកម្មខាងលើនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនៅយុទ្ធសាស្ត្រចំនួន ៤ ចំណុច រួមមាន៖ ទី១ ការបញ្ចុះថ្លៃអគ្គិសនី និងការបង្កើតតំបន់នៅការផ្គត់ផ្គង់ថាមពលអគ្គិសនី ដើម្បីបម្រើសកម្មភាព កសិកម្ម និងឧស្សាហកម្ម ដោយជួយបង្កើតផលិតភាពទាក់ទាញ ការវិនិយោគ និងបង្កើនទំនុកចិត្តផ្នែកអាជីវកម្ម, ទី២ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូទាំងប្រទេសកម្ពុជា ជាពិសេសនៅតាមដងផ្លូវដឹកជញ្ជូនទាំង៣ ដែលមានអាទិភាពខ្ពស់ និងចាំបាច់សម្រាប់ការអភិវឌ្ឍឧស្សាហកម្ម ការតភ្ជាប់ ការប្រកួតប្រជែង និងតម្រូវការរបស់វិស័យឯកជន, ទី៣ ការបង្កើតយន្តការពង្រីកទីផ្សារពលកម្ម និងជំនាញជាឯកទេសដើម្បីធានាឱ្យមានការផ្គត់ផ្គង់កម្លាំងពលកម្មគ្រប់គ្រាន់ និងផលិតភាពកាន់តែប្រសើរទ្បើង, និងទី០៤ ការប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសស និងអភិវឌ្ឍឧស្សាហកម្មបៃតងទៅថ្ងៃអនាគត។
គួរបញ្ជាក់ផងដែរថា នៅក្នុងសន្និសីទខាងលើនេះ សម្តេច ហ៊ុន សែន ប្តេជ្ញាអនុវត្តផែនការសកម្មភាពសំខាន់ៗមួយចំនួនមានដូចជា ការពង្រឹងនិងពង្រីកផ្លូវជាតិ និងអន្តរជាតិតភ្ជាប់ទៅបណ្តាប្រទេសជិតខាង ពង្រឹងការដឹកជញ្ជូនតាមផ្លូវទឹក ការបង្កើន និងពង្រីកផ្លូវដែកបន្ថែមទៀត ការអភិវឌ្ឍកំពង់ផែសមុទ្រ និងកំពង់ផែទន្លេ និងការកាត់បន្ថយការចំណាយឡូជីស្ទីក (Logistic) ជាដើម៕