ភ្នំពេញ៖ តំណាងសហជីព និងសង្គមស៊ីវិល បានចេញសេចក្តីថ្លៃងការណ៍រួម ស្នើសុំឱ្យរដ្ឋសភាយកចិត្តទុកដាក់ពិភាក្សាលើសេចក្តីព្រាងច្បាប់សហជីពឱ្យបានគ្រប់ជ្រុងជ្រោយ នៅថ្ងៃទី០៩ ខែមីនា ខាងមុខ។ ទន្ទឹមគ្នានេះ សង្គមស៊ីវិល និងសហជីពសុំឱ្យរដ្ឋសភាពទទួលយកសំណើផ្សេងៗបញ្ចូលទៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីសហជីព។
លម្អិតព័ត៌មានដោយ លោក ម៉ៅ សំណាង៖
តំណាងសហជីពនិងសង្គមស៊ីវិល ដែលធ្វើការងារពាក់ព័ន្ធនឹងសិទ្ធិសេរីភាពរបស់កម្មករ បានចេញសេចក្តីថ្លែងការណ៍រួម នៅថ្ងៃទី០៦ ខែមីនានេះ សុំឱ្យរដ្ឋសភាយកចិត្តទុកដាក់ពិភាក្សាលើសេចក្តីព្រាងច្បាប់សហជីពឱ្យបានគ្រប់ជ្រុងជ្រោយ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែមីនា ខាងមុខ។
សេចក្តីថ្លែងការណ៍រួមរបស់តំណាងសហជីព និងសង្គមស៊ីវិល បានឱ្យដឹងថា តំណាងសហជីព និងសង្គមស៊ីវិលពាក់ព័ន្ធ បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសេចក្តីព្រាងច្បាប់ស្តីពីសហជីពតាំងពីដំណាក់កាលដំបូង រហូតដល់សេចក្តីព្រាងច្បាប់នេះបញ្ជួនដល់រដ្ឋសភា។ ទន្ទឹមគ្នានេះ ការវិវត្តចុងក្រោយ រដ្ឋសភា គ្រោងនឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់រយៈពេលមួយព្រឹកលើសេចក្តីព្រាងច្បាប់ស្តីពីសហជីពដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦ ដែលសិក្ខាសាលានេះមានពេលត្រឹមតែកន្លះម៉ោងតែប៉ុណ្ណោះដើម្បីឱ្យភាគីពាក់ព័ន្ធសួរសំណួរ។
បន្លែមលើសេចក្តីថ្លែងការណ៍រួម លោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា មានប្រសាសន៍ប្រាប់វិទ្យុស្ត្រី FM 102 នៅថ្ងៃនេះថា ពេលវេលាកន្លះម៉ោង គឺមិនគ្រប់គ្រាន់ឡើយសម្រាប់ការសួរសំណួរ និងបង្ហាញពីក្តីកង្វល់ចំពោះមាត្រាមួយចំនួនក្នុងសេចក្តីព្រាងច្បាប់ស្តីពីសហជីព ទៅកាន់រដ្ឋសភា។
លោក ប៉ាវ ស៊ីណា បានឱ្យដឹងទៀតថា សហជីព និងសង្គមស៊ីវិល ចង់ឱ្យរដ្ឋសភាពិចារណាកំណត់ពេលវេលាឱ្យបានគ្រប់គ្រាន់ ដើម្បីពិនិត្យនិងពិភាក្សាឱ្យបានម៉ត់ចត់ចំពោះសេចក្តីព្រាងច្បាប់មួយនេះ ជាពិសេសសុំឱ្យរដ្ឋសភាទទួលយកចំណុចមួយចំនួនដែលសហជីព និងសង្គមស៊ីវិលស្នើសុំដាក់បញ្ចូលក្នុងសេចក្តីព្រាងច្បាប់ស្តីពីសហជីពនេះ។
ចំណែកលោក សៀង សម្បត្តិ ប្រធានសហព័ន្ធសហជីពមិត្តភាពកម្មករ បានបញ្ចេញជាទស្សនៈថា ៖ «រដ្ឋសភាគួរតែផ្តល់ពេលវេលាឱ្យបានគ្រប់គ្រាន់ដល់សហជីពនិងសសង្គមស៊ីវិល ដើម្បីបង្ហាញពីក្តីកង្វល់របស់ខ្លួន»។ លោកថា ការសួរសំណួរ និងការលើកយកចំណុចមួយចំនួនរបស់តំណាងសហជីពស្នើទៅរដ្ឋសភានឹងធ្វើឱ្យសេចក្តីព្រាងច្បាប់ស្តីពីសហជីព ក្លាយជាច្បាប់ដែលផ្តល់ផលប្រយោជន៍ដល់កម្មករ និងមិនមែនជាច្បាប់ដែលដាក់គំនាបដល់សហជីពដែលធ្វើការងារពាក់ព័ន្ធនឹងសិទ្ធិកម្មករឡើយ។
យោងតាមសេចក្តីថ្លែងការណ៍រួមរបស់តំណាងសហជីពនិងសង្គមស៊ីវិល បានបញ្ជាក់ថា ក្រោយពីគណៈកម្មការចំពោះកិច្ចបង្កើតឡើងដោយគណបក្សមានអាសនៈក្នុងសភាទាំងពីរ បានពិភាក្សាជាច្រើនលើកច្រើនសារលើសេចក្តីព្រាងច្បាប់ស្តីពីសហជីពនេះ ជាលទ្ធផលមិនមានអ្វីកែប្រែជាដុំកំភួនអ្វីឡើយ។
ជុំវិញបញ្ហានេះ លោក សុខ ឥសាន សមាជិកគណៈកម្មការចំពោះកិច្ចមកពីគណបក្សប្រជាជនកម្ពុជាមានប្រសាសន៍ថា កន្លងទៅគណៈកម្មការចំពោះកិច្ចមកពីគណបក្សនយោបាយទាំងពីរ បានពិភាក្សាលើសេចក្តីព្រាងច្បាប់នេះ ច្រើនដងរួចមកហើយ។ លោកបន្តថា ចំពោះពេលវេលានៅក្នុងសិក្ខាសាលានេះ គឺជាការកំណត់របស់គណៈកម្មាការទី៦ នៃរដ្ឋសភាពដែលជាអ្នករៀបចំកម្មវិធី។ លោក សុខ ឥសាន បានបញ្ជាក់ថា កម្មការចំពោះកិច្ចមានតួនាទីត្រឹមតែជាអ្នកសម្របសម្រួលតែប៉ុណ្ណោះ។
សូមជ្រាបថា កន្លងទៅក្រុមសហជីព បានសុំអន្តរាគមន៍ពីប្រធានរដ្ឋសភា ដើម្បីឱ្យពួកគេបានជួបជាមួយ គណៈកម្មាការទី៦ នៃរដ្ឋសភាទទួលបន្ទុកផ្នែកនីតិកម្ម និងយុត្តិធម៌ក្នុងគោលបំណងពិភាក្សា និងស្នើបញ្ចូលសំណើរួមរបស់សហជីពទៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីសហជីពច្រើនដងរួចមកហើយ ប៉ុន្តែរដ្ឋសភហាក់មិនការអើពើចំពោះការស្នើសុំរបស់ក្រុមសហជីពនេះឡើយ ។ រហូតមកដល់ពេលនេះក្រុមសហជីពនៅតែទទូចឱ្យរដ្ឋសភាពទទួលយកសំណើរបស់ខ្លួនដដែល៕