ឯកអគ្គរដ្ឋទូតប្រទេសចិនលោក Hong Lian ប្រចាំប្រទេសភូមានិយាយថា ចិនសង្ឈឹមថានឹងមិនមានការវាយប្រហារ ឬក៏បាញ់ផ្លោងចូលទឹកដីចិនជាថ្មីម្ដងទៀត ដោយសារតែជម្លោះប្រដាប់អាវុធនៃប្រទេសមីយ៉ាន់ម៉ា ហើយសង្ឈឹមថាមីយ៉ាន់ម៉ានឹងមានសន្ដិភាពនៅក្រោមការដឹកនាំរបស់រដ្ឋាភិបាលថ្មី។
ការថ្លែងរបស់ឯកអគ្គរដ្ឋទូតចិនរូបនេះ បានធ្វើឡើងនៅមុនពេលដែលរដ្ឋាភិបាលថ្មីជាប់ឆ្នោតនៃប្រទេសមីយ៉ាន់ម៉ានឹងចូលកាន់តំណែងនៅប៉ុន្មានសប្ដាហ៍ខាងមុខទៀតនេះ។ លោកឯកអគ្គរដ្ឋទូតចិន Hong Lian ដែលស្រង់មកចុះផ្សាយដោយកាសែត Mizzima កាលពីថ្ងៃម្សិលមិញបានបន្ដទៀតថាប្រទេសចិនរៀបចំខ្លួនរួចហើយ ដើម្បីឱ្យមាននយោបាយបើកទ្វារជំហរជាមួយប្រទេសមីយ៉ាន់ម៉ា។
លោក Hong Lian មានប្រសាសន៍ដូចនេះថា៖ «យើងស្វាគមន៍រដ្ឋាភិបាលរបស់គណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យ ប្រសិនបើរដ្ឋាភិបាលថ្មីនេះសម្រេចបាននូវសន្ដិភាពដោយបញ្ចៀសបាននូវការវាយប្រហារ ឬបាញ់ផ្លោងចូលទឹកដីចិនជាថ្មីម្ដងទៀតនោះហើយគឺមានសារៈសំខាន់ដែលប្រទេសមីយ៉ាន់ម៉ាមានការបង្រួបបង្រួមជាតិជាមួយនឹងក្រុមប្រដាប់អាវុធជនជាតិដើមភាគតិច»។
កាលពីខែកញ្ញាឆ្នាំ២០១៥ ពួកយោធារដ្ឋាភិបាលភូមាបានទម្លាក់គ្រាប់បែកជាច្រើនគ្រាប់ទៅលើទឹកដីចិននៅភាគខាងជើង នៅពេលដែលពួកគេតាមវាយប្រហារលើពួកឧទ្ទាមដោយបណ្ដាឱ្យជនជាតិចិនបីនាក់ស្លាប់ ជាច្រើននាក់រងរបួស និងលំនៅស្ថានជាច្រើនខ្នងត្រូវបានបំផ្លាញ។
ដោយសារឧបទ្ទវហេតុនេះ ចិនបានកោះហៅឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាមកស្ដីបន្ទោស ហើយគំរាមថាបើកើតឡើងជាថ្មីម្ដងទៀត គឺក្រុងប៉េកាំងនឹងធ្វើការវាយប្រហាតបវិញ៕
ប្រភព៖ Mizzima