អង្គការដែលធ្វើការពាក់ព័ន្ធនឹងស្ត្រី បានរិះគន់ចំពោះអ្នកនយោបាយកម្ពុជាដែលបានយកស្ត្រីមកពាក់ព័ន្ធ ដើម្បីផលចំណេញនយោបាយ ដែលពួកគេចាត់ទុកការកើតរឿងរ៉ាវរបស់លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ នាំឱ្យមានភាពល្បីរន្ទឺជាខ្លាំង នឹងប៉ះពាល់កិត្តិយសស្ត្រី និងដៃគូពាក់ព័ន្ធ។ មេដឹកនាំអង្គការស្ត្រី ដែលវិទ្យុស្ត្រី FM 102 សុំសម្ភាសបានលើកឡើងប្រហាក់ប្រហែលគ្នាដោយទទូចឱ្យអ្នកនយោបាយបញ្ចប់អរិភាព បែបនេះ ដែលនាំឱ្យខូចកិត្តិយសស្ត្រី និងអ្នកនយោបាយ។
ការរិះគន់នេះ ខណៈប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា ត្រូវបានបណ្តាញសង្គមហេ្វសប៊ុក និងសារព័ត៌មានក្នុងស្រុកមួយចំនួន បន្តចែកចាយខ្សែអាត់សំឡេង ដែលចោទថា រូបលោកមានទំនាក់ទំនងផ្លូវភេទជាមួយស្ត្រីវ័យក្មេងម្នាក់ និងភ្ជាប់ជាមួយបញ្ហានយបាយ។
នាយិកាអង្គការសីលការ លោកស្រី ធីតា ឃឹះ មានប្រសាសន៍ថាប្រាប់វិទ្យុស្ត្រីនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦នេះថា ចំពោះការបើកកកាយទំនាក់ទំនងផ្លូវភេទរវាងលោក កឹម សុខា និងស្ត្រីវ័យម្នាក់ នៅលើបណ្តាញហ្វេសប៊ុកដែលកំពុងតែកក្រើកពេលថ្មីនេះ ហាក់ដូចជាមានអ្នករៀបចំ។ លោកស្រីថា បើសិននេះជារឿងពិតរបស់ស្ត្រីរូបនោះខ្លួនឯង គ្មានអ្នកណាហ៊ានយកកេរ្តិ៍របស់ខ្លួនមកបើកកកាយជាសាធារណៈនោះទេ។
នាយិកាអង្គការដែលធ្វើការពាក់ព័ន្ធនឹងស្ត្រីរូបនេះ បានឱ្យដឹងបន្តថា ការយកកិត្តិយសស្ត្រី មកធ្វើជាល្បែងនយោបាយ វាយប្រហារគ្នាទៅវិញមក គឺជារឿងដែលមិនសមរម្យ និងបង្ហាញពីការរើសអើងចំពោះស្ត្រី។ អ្នកស្រីថា បើអ្នកនយោបាយនៅតែបន្តយកស្ត្រីជាធ្នាក់ ដើម្បីវាយប្រហារខាងនយោបាយ នោះនឹងធ្វើឱ្យតម្លៃស្ត្រីក្នុងសង្គមបាត់បង់ និងរងការមើលស្រាលពីអ្នកដទៃ។
«ហេតុអ្វីបានជាគេជ្រើសរើសស្ត្រី យកមកធ្វើជាមូលហេតុនៃការវ៉ៃប្រហារគ្នា? អ្នកដែលវ៉ៃប្រហារគេហ្នឹង ឬក៏បុរសភាគច្រើននៅក្នុងសង្គមយើងហ្នឹង មានសីលធម៌ប៉ុណ្ណាហើយ អញ្ចឹង បើយើងជៀសវាងកុំឱ្យធ្វើអស់ហ្នឹង ប្រហែលជារឿងអស់ហ្នឹងវាលែងកើតមានទៀតហើយ។ … ខ្ញុំមើលទៅអ្នកដែលធ្វើហ្នឹងដូចជាវាមិនសមដែរ មិនដឹងជាអ្នកណាធ្វើ មិនអ្នកណាធ្វើឱ្យ ឬខ្លួនក៏ខ្លួនឯង។ បើសិនណាជាស្ត្រីយើងធម្មតា មិនធ្វើដល់ប៉ុណ្ណឹងទេ» លោកស្រី ធីតា ឃឹះ បញ្ជាក់បន្ថែម។
ចំណែកលោកស្រី រស់ សុភាព នាយិកាអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា បានសម្តែងការខកចិត្តយ៉ាងខ្លាំង ចំពោះកាប្រើប្រាស់ស្ត្រី ដើម្បីផលប្រយោជន៍បុគ្គល ឬកេងចំណេញនយោបាយ។ លោកស្រីបន្តថា បើទោះបីជា ករណីទំនាក់ទំនងស្នេហាលោក កឹម សុខា ជារឿងពិតឬមិនពិតក៏ដោយ គឺលោកស្រីមិនគាំទ្រ ឱ្យយកស្ត្រីធ្វើជាឈ្នាន់ ដើម្បីវាយប្រហារបុគ្គលណាម្នាក់ឡើយ។ លោកស្រី រស់ សុភាព មានប្រសាសន៍បន្ថែម ស្ត្រីមិនត្រូវបណ្តោយខ្លួន ឱ្យអ្នកណាម្នាក់យកខ្លួនទៅប្រើប្រាស់ក្នុងរឿងបែបហ្នឹងនោះទេ។
លោកស្រីទទូចឱ្យស្ត្រីម្នាក់ដែលបានអះអាងថាខ្លួនមានទំនាក់ទំនងជាមួយលោក កឹម សុខា ត្រូវតែមានឆន្ទៈមួយ ឈរនៅលើភាពជាម្ចាស់ការខ្លួនឯង ដើម្បីធ្វើការបកស្រាយថា រឿងនេះមានដំណើរការយ៉ាងម៉េច ដើម្បីរក្សតម្លៃខ្លួន មិនមែនយកកេរ្ត៍ខ្មាសខ្លួន មកផ្សព្វផ្សាយតាមរយៈបណ្តាញសង្គមនោះទេ។
លោកស្រីពន្យល់បន្តថា៖ «វាបើសិនជាត្រូវបានគេប្រើប្រាស់មែន បើសិនជាគាត់តវ៉ា វាធ្វើឱ្យគាត់ អាចធ្វើឱ្យគាត់គ្មានសុវត្តិភាព ប៉ុន្តែយើងក៏ត្រូវចេះធ្វើការងារហ្នឹង ស្វែករកធ្វើម៉េច ដើម្បីការពារខ្លួន ព្រោះយើងមានសង្គមស៊ីវិលមានតំណាងស្ត្រីច្រើនដែរ ដែលអាចជួយយើងបានដែរ»។
នាពេលថ្មីនេះ គណនីហ្វេសប៊ុកមួយដែល ទើបបង្កើតថ្មី មានឈ្មោះថា «Mon Srey» បានបង្ហោះ ខ្សែអាត់សំឡេង ដែលបានទម្លាយ ថា ជាសំឡេងពិតរបស់លោក កឹម សុខា ជាបន្តបន្ទាប់ ដោយម្ចាស់គណនីហ្វេសប៊ុករូបនេះ បានអះអាងថាខ្លួនមានទំនាក់់ទំនងផ្លូវភេទ និងលោក កឹម សុខា។
ទាក់ទិននឹងភាពពិតនៃខ្សែអាត់សំឡេងដែលត្រូវស្ត្រីម្ចាស់គណនីខាងលើ យកមកបង្ហោះជាបន្តបន្ទាប់ បានបង្កឱ្យមានមន្ទិលសង្ស័យជាច្រើន ខណៈពេលដែលគណបក្សប្រឆាំង ក៏ដូចមតិសាធារណជនមួយចំនួន យល់ថានេះគឺជា ល្បិចកលនយោបាយដដែលរបស់ដៃគូរបស់ខ្លួន។
ជុំវិញបញ្ហានេះ បណ្ឌិតផ្នែកវិសាស្ត្រនយោបាយ លោក រស់ រ៉ាវុធ បានបញ្ចេញទស្សនៈ ថា អ្នកនយោបាយ មិនគួរយកការប្រកួតប្រជែងផ្នែកនយោបាយ ដោយយករឿងគ្រួសារឬ រឿងបុគ្គល ឬរឿងផ្ទាល់ខ្លួនអ្នកណាម្នាក់ មកផ្គួបផ្សំនឹងការដឹកនាំនយោបាយនោះទេ។ លោកថា ការប្រកួតប្រជែងបែបនេះ គឺជាការប្រកួតប្រជែលដែលគ្មានតុល្យភាព។
លោករស់ រ៉ាវុធ ពន្យល់បន្ថែមថា៖ «ខ្ញុំនិយាយនេះ មិនមែនមានន័យថា ខ្ញុំគាំទ្រ ចំពោះអ្នកនយោបាយឬក៏ប្រជាពលរដ្ឋដែលមានស្ត្រីច្រើននោះទេ ប៉ុន្តែគ្រាន់តែថា កាប្រកួតប្រជែងដែលចែកមិនដាច់ រវាងរឿងបុគ្គលនិងរឿងនយោបាយ ធ្វើឱ្យជាតិមិនមានការរីកចម្រើន ធ្វើឱ្យប្រទេសយើងត្រូវបានប្រទេសជិតខាងមើលងាយ»។
យ៉ាងណាក៏ដោយ លោក កឹម សុខា កាលពីថ្ងៃ០៣ មីនា ម្សិលមិញ ក្រោយពីកិច្ចប្រជុំថ្នាក់ជាតិមួយរបស់គណបក្សសង្គ្រោះ បានសរសេរក្នុងទំព័រហ្វេសប៊ុកលោក ដោយប្រកាសយកគោលការណ៍ «កុំឈ្លោះ កុំឆ្លើយ និងកុំឆ្លង» ពង្រឹងជំហរ និងរក្សាសុឆន្ទៈរបស់ខ្លួនប្រឈមនឹងឧបសគ្គនានាដោយភាពអត់ធ្មត់។
កាលពីពាក់កណ្តាលឆ្នាំ ២០១៣ ប៉ុន្មានខែមុនពេលបោះឆ្នោតអាណត្តិទី៥ ក៏ធ្លាប់មានករណីប្រហាក់ប្រហែលគ្នានោះដែរ ដោយមានស្ត្រីវ័យកណ្តាល ម្នាក់បានចេញមុខអះអាងថា ខ្លួនជាស្រីកំណាន់របស់លោក កឹម សុខា។ ស្ត្រីរូបនោះនិងម្តាយបានចេញមុខធ្វើការ ការតវ៉ា នៅមុខទីស្នាក់ការគណបក្សសង្គ្រោះជាតិ និងដាក់ពាក្យបណ្តឹងដើម្បីឱ្យលោក កឹម សុខា ទទួលខុសត្រូវនិងជួយផ្គត់ផ្គង់ជីវភាពរស់នៅរបស់ពួកគាត់និងកូន ប៉ុន្តែការទាមទារ នេះបានស្ងប់ស្ងាត់ទៅវិញនៅក្រោយការបោះឆ្នោត៕