en     km
en     km

អង្គការ​ស្ត្រី​ រិះគន់​អ្នកនយោបាយ​យក​ករណី​ស្ត្រី​ ដើម្បី​កេង​ចំណេញ​នយោបាយ​

Share

អង្គការ​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​ស្ត្រី​ បាន​រិះគន់​ចំពោះ​អ្នកនយោបាយ​កម្ពុជា​ដែល​បាន​យក​ស្ត្រី​មក​ពាក់ព័ន្ធ​ ដើម្បី​ផល​ចំណេញ​នយោបាយ​ ដែល​ពួក​គេ​ចាត់​ទុក​ការ​កើតរឿង​រ៉ាវ​របស់​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ នាំ​ឱ្យ​មាន​ភាព​ល្បី​រន្ទឺ​ជា​ខ្លាំង​ នឹង​ប៉ះពាល់​កិត្តិយស​ស្ត្រី​ និង​ដៃគូ​ពាក់ព័ន្ធ​។​ មេដឹកនាំ​អង្គការ​ស្ត្រី​ ដែល​វិទ្យុ​ស្ត្រី​ FM​ 102 សុំ​សម្ភាស​បាន​លើក​ឡើង​ប្រហាក់ប្រហែល​គ្នា​ដោយ​ទទូច​ឱ្យ​អ្នកនយោបាយ​បញ្ចប់​អរិភាព​ បែប​នេះ​  ដែល​នាំ​ឱ្យ​ខូច​កិត្តិយស​ស្ត្រី​ និង​អ្នកនយោបាយ​។​

​ការ​រិះគន់​នេះ​ ខណៈ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ កឹ​ម​ សុខា​ ត្រូវ​បាន​បណ្តាញ​សង្គម​ហេ្វ​ស​ប៊ុ​ក​ និង​សារព័ត៌មាន​ក្នុងស្រុក​មួយ​ចំនួន​ បន្ត​ចែកចាយ​ខ្សែអាត់​សំឡេង​ ដែល​ចោទ​ថា​ រូប​លោក​មាន​ទំនាក់ទំនង​ផ្លូវភេទ​ជាមួយ​ស្ត្រី​វ័យក្មេង​ម្នាក់​ និង​ភ្ជាប់​ជាមួយ​បញ្ហា​ន​យ​បាយ​។​

អ្នកស្រី​ ធីតា​ ឃឹះ
លោកស្រី​ ធីតា​ ឃឹះ

​នាយិកា​អង្គការ​សីល​ការ​ លោកស្រី​ ធីតា​ ឃឹះ​ មាន​ប្រសាសន៍​ថា​ប្រាប់​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃ​ទី​៤​ ខែមីនា​ ឆ្នាំ​២០១៦​នេះ​ថា​  ចំពោះ​ការ​បើក​កកាយ​ទំនាក់ទំនង​ផ្លូវភេទ​រវាង​លោក​ កឹ​ម​ សុខា​ និង​ស្ត្រី​វ័យ​ម្នាក់​ នៅ​លើ​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​ដែល​កំពុង​តែ​កក្រើក​ពេល​ថ្មី​នេះ​ ហាក់ដូចជា​មាន​អ្នក​រៀបចំ​។​ លោកស្រី​ថា​ បើសិន​នេះ​ជា​រឿង​ពិត​របស់​ស្ត្រី​រូប​នោះ​ខ្លួនឯង​ គ្មាន​អ្នក​ណា​ហ៊ាន​យក​កេរ្តិ៍​របស់​ខ្លួន​មក​បើក​កកាយ​ជា​សាធារណៈ​នោះ​ទេ​។​

​នាយិកា​អង្គការ​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​ស្ត្រី​រូប​នេះ​ បានឱ្យ​ដឹង​បន្ត​ថា​ ការ​យក​កិត្តិយស​ស្ត្រី​ មក​ធ្វើ​ជា​ល្បែង​នយោបាយ​ វាយប្រហារ​គ្នា​ទៅ​វិញ​មក​ គឺជា​រឿង​ដែល​មិន​សមរម្យ​ និង​បង្ហាញ​ពី​ការ​រើសអើង​ចំពោះ​ស្ត្រី​។​ អ្នកស្រី​ថា​ បើ​អ្នកនយោបាយ​នៅ​តែ​បន្ត​យក​ស្ត្រី​ជា​ធ្នាក់​ ដើម្បី​វាយប្រហារ​ខាង​នយោបាយ​ នោះ​នឹង​ធ្វើ​ឱ្យ​តម្លៃ​ស្ត្រី​ក្នុង​សង្គម​បាត់បង់​ និង​រង​ការ​មើល​ស្រាល​ពី​អ្នក​ដទៃ​។​

«​ហេតុ​អ្វី​បានជា​គេ​ជ្រើសរើស​ស្ត្រី​ យក​មក​ធ្វើ​ជា​មូលហេតុ​នៃ​ការ​វ៉ៃ​ប្រហារ​គ្នា​?​ អ្នក​ដែល​វ៉ៃ​ប្រហារ​គេ​ហ្នឹង​ ឬ​ក៏​បុរស​ភាគច្រើន​នៅ​ក្នុង​សង្គម​យើង​ហ្នឹង​ មាន​សីលធម៌​ប៉ុណ្ណា​ហើយ​ អ​ញ្ចឹ​ង​ បើ​យើង​ជៀសវាង​កុំឱ្យ​ធ្វើ​អស់ហ្នឹង​ ប្រហែលជា​រឿង​អស់ហ្នឹង​វា​លែង​កើត​មាន​ទៀត​ហើយ​។​ …​ ខ្ញុំ​មើលទៅ​អ្នក​ដែល​ធ្វើ​ហ្នឹង​ដូច​ជា​វា​មិន​សម​ដែរ​ មិនដឹង​ជា​អ្នក​ណា​ធ្វើ​ មិន​អ្នក​ណា​ធ្វើ​ឱ្យ​ ឬ​ខ្លួន​ក៏​ខ្លួនឯង​។​ បើសិនណា​ជា​ស្ត្រី​យើង​ធម្មតា​ មិន​ធ្វើ​ដល់​ប៉ុណ្ណឹង​ទេ​»​ លោកស្រី​ ធីតា​ ឃឹះ​ បញ្ជាក់​បន្ថែម​។​

លោកស្រី​ រស់​ សុភាព
លោកស្រី​ រស់​ សុភាព

ចំណែក​លោកស្រី​ រស់​ សុភាព​ នាយិកា​អង្គការ​យេ​ន​ឌ័​រ​ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​ បាន​សម្តែង​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​ ចំពោះ​កា​ប្រើប្រាស់​ស្ត្រី​ ដើម្បី​ផលប្រយោជន៍​បុគ្គល​ ឬ​កេង​ចំណេញ​នយោបាយ​។​ លោកស្រី​បន្ត​ថា​ បើ​ទោះបីជា​ ករណី​ទំនាក់ទំនង​ស្នេហា​លោក​ កឹ​ម​ សុខា​ ជា​រឿង​ពិត​ឬ​មិន​ពិត​ក៏​ដោយ​ គឺ​លោកស្រី​មិន​គាំទ្រ​ ឱ្យ​យក​ស្ត្រី​ធ្វើ​ជា​ឈ្នាន់​ ដើម្បី​វាយប្រហារ​បុគ្គល​ណា​ម្នាក់​ឡើយ​។​ លោកស្រី ​រស់​ សុភាព​ មាន​ប្រសាសន៍​បន្ថែម​  ស្ត្រី​មិន​ត្រូវ​បណ្តោយ​ខ្លួន​ ឱ្យ​អ្នក​ណា​ម្នាក់​យក​ខ្លួន​ទៅ​ប្រើប្រាស់​ក្នុង​រឿង​បែប​ហ្នឹង​នោះ​ទេ​។​

​លោកស្រី​ទទូច​ឱ្យ​ស្ត្រី​ម្នាក់​ដែល​បាន​អះអាង​ថា​ខ្លួន​មាន​ទំនាក់ទំនង​ជាមួយ​លោក​ កឹ​ម​ សុខា​ ត្រូវ​តែ​មាន​ឆន្ទៈ​មួយ​ ឈរ​នៅ​លើ​ភាព​ជា​ម្ចាស់​ការ​ខ្លួនឯង​ ដើម្បី​ធ្វើការ​បកស្រាយ​ថា​ រឿង​នេះ​មាន​ដំណើរការ​យ៉ាងម៉េច​ ដើម្បី​រក្ស​តម្លៃ​ខ្លួន​ មិនមែន​យក​កេ​រ្ត៍​ខ្មាស​ខ្លួន​ មក​ផ្សព្វផ្សាយ​តាម​រយៈ​បណ្តាញ​សង្គម​នោះ​ទេ​។​

​លោកស្រី​ពន្យល់​បន្ត​ថា​៖​ «​វា​បើសិនជា​ត្រូវ​បាន​គេ​ប្រើប្រាស់​មែន​ បើសិនជា​គាត់​តវ៉ា​ វា​ធ្វើ​ឱ្យ​គាត់​ អាច​ធ្វើ​ឱ្យ​គាត់​គ្មាន​សុ​វត្តិភាព​ ប៉ុន្តែ​យើង​ក៏​ត្រូវ​ចេះ​ធ្វើ​ការងារ​ហ្នឹង​ ស្វែ​ករក​ធ្វើ​ម៉េច​ ដើម្បី​ការពារ​ខ្លួន​ ព្រោះ​យើង​មាន​សង្គម​ស៊ី​វិល​មាន​តំណាង​ស្ត្រី​ច្រើន​ដែរ​ ដែល​អាច​ជួយ​យើង​បាន​ដែរ​»​។​

​នា​ពេល​ថ្មី​នេះ​ គណនី​ហ្វេ​ស​ប៊ុ​កមួយ​ដែល​ ទើប​បង្កើត​ថ្មី​ មានឈ្មោះ​ថា​ «Mon​ Srey»​ បាន​បង្ហោះ​ ខ្សែអាត់​សំឡេង​ ដែល​បាន​ទម្លាយ​ ថា​ ជា​សំឡេង​ពិត​របស់​លោក​ កឹ​ម​ សុខា​ ជា​បន្តបន្ទាប់​ ដោយ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​រូប​នេះ​ បាន​អះអាង​ថា​ខ្លួន​មាន​ទំនាក់់ទំនង​ផ្លូវភេទ​ និង​លោក​ កឹ​ម​ សុខា​។

ទាក់ទិន​នឹង​ភាព​ពិត​នៃ​ខ្សែអាត់​សំឡេង​ដែល​ត្រូវ​ស្ត្រី​ម្ចាស់​គណនី​ខាងលើ​ យក​មក​បង្ហោះ​ជា​បន្តបន្ទាប់​  បាន​បង្ក​ឱ្យ​មាន​មន្ទិល​សង្ស័យ​ជា​ច្រើន​ ខណៈ​ពេល​ដែល​គណបក្សប្រឆាំង​ ក៏​ដូច​មតិ​សាធារណជន​មួយ​ចំនួន​ យល់​ថា​នេះ​គឺជា​ ល្បិច​កល​នយោបាយ​ដដែល​របស់​ដៃគូ​របស់​ខ្លួន​។​

លោក រស់ រ៉ាវុធ
លោក រស់ រ៉ាវុធ

ជុំវិញ​បញ្ហា​នេះ​ បណ្ឌិត​ផ្នែក​វិ​សាស្ត្រ​នយោបាយ​ លោក​ រស់​ រ៉ា​វុ​ធ​ បាន​បញ្ចេញ​ទស្សនៈ​ ថា​  អ្នកនយោបាយ​ មិន​គួរ​យក​ការ​ប្រកួតប្រជែង​ផ្នែក​នយោបាយ​  ដោយ​យក​រឿង​គ្រួសារ​ឬ​ រឿង​បុគ្គល​ ឬ​រឿង​ផ្ទាល់ខ្លួន​អ្នក​ណា​ម្នាក់​ មក​ផ្គួប​ផ្សំ​នឹង​ការ​ដឹកនាំ​នយោបាយ​នោះ​ទេ​។​ លោក​ថា​ ការ​ប្រកួតប្រជែង​បែប​នេះ​ គឺជា​ការ​ប្រកួត​ប្រ​ជែ​ល​ដែល​គ្មាន​តុល្យភាព​។​

​លោក​រស់​ រ៉ា​វុ​ធ​ ពន្យល់​បន្ថែម​ថា​៖​ «​ខ្ញុំ​និយាយ​នេះ​ មិនមែន​មាន​ន័យ​ថា​ ខ្ញុំ​គាំទ្រ​ ចំពោះ​អ្នកនយោបាយ​ឬ​ក៏​ប្រជាពលរដ្ឋ​ដែល​មាន​ស្ត្រី​ច្រើន​នោះ​ទេ​ ប៉ុន្តែ​គ្រាន់តែ​ថា​ កា​ប្រកួតប្រជែង​ដែល​ចែក​មិន​ដាច់​ រវាង​រឿង​បុគ្គល​និង​រឿង​នយោបាយ​ ធ្វើ​ឱ្យ​ជាតិ​មិន​មានការ​រីក​ចម្រើន​ ធ្វើ​ឱ្យ​ប្រទេស​យើង​ត្រូវ​បាន​ប្រទេស​ជិតខាង​មើលងាយ​»​។

យ៉ាងណា​ក៏​ដោយ​ លោក​ កឹ​ម​ សុខា​ កាលពី​ថ្ងៃ​០៣​ មីនា​ ម្សិលមិញ​ ក្រោយ​ពី​កិច្ចប្រជុំ​ថ្នាក់​ជាតិ​មួយ​របស់​គណបក្ស​សង្គ្រោះ​ បាន​សរសេរ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​លោក​ ដោយ​ប្រកាស​យក​គោលការណ៍​ «​កុំ​ឈ្លោះ​ កុំ​ឆ្លើយ​ និង​កុំ​ឆ្លង​»​ ពង្រឹង​ជំហរ​ និង​រក្សា​សុ​ឆន្ទៈ​របស់​ខ្លួន​ប្រឈម​នឹង​ឧបសគ្គ​នានា​ដោយ​ភាព​អត់ធ្មត់​។​

កាលពី​ពាក់កណ្តាល​ឆ្នាំ​ ២០១៣​ ប៉ុន្មាន​ខែ​មុន​ពេល​បោះ​ឆ្នោត​អាណត្តិ​ទី​៥​ ក៏​ធ្លាប់​មាន​ករណី​ប្រហាក់ប្រហែល​គ្នា​នោះ​ដែរ​ ដោយ​មាន​ស្ត្រី​វ័យ​កណ្តាល​ ម្នាក់​បាន​ចេញ​មុខ​អះអាង​ថា​ ខ្លួន​ជា​ស្រី​កំណាន់​របស់​លោក​ កឹ​ម​ សុខា​។​ ស្ត្រី​រូប​នោះ​និង​ម្តាយ​បាន​ចេញ​មុខ​ធ្វើការ​ ការ​តវ៉ា​ នៅ​មុខ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ដាក់​ពាក្យបណ្តឹង​ដើម្បី​ឱ្យ​លោក​ កឹ​ម​ សុខា​ ទទួលខុសត្រូវ​និង​ជួយ​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​របស់​ពួក​គាត់​និង​កូន​ ប៉ុន្តែ​ការ​ទាមទារ​ នេះ​បាន​ស្ងប់ស្ងាត់​ទៅ​វិញ​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​៕

Share

Image
Image
Image