ភ្នំពេញ ៖ ក្រុមគ្រូបង្រៀនអនុវិទ្យាល័យគគីរគំរាមថានឹងធ្វើពហិកាមិនចូលបង្រៀនសិស្ស ប្រសិនបើមានការប្រគុំតន្រី្តស្រាបៀរលីអូ ( LEO ) ក្នុងបរិវេណសាលាបន្តទៀត ដែលពួកគាត់ចាត់ទុកជាសកម្មភាពរំខាន និងធ្វើឱ្យប៉ះពាល់បរិស្ថានសាលារៀនទាំងមូល។
លោក ឡាច វ៉េត ជាគ្រូបង្រៀន និងជានាយករងអនុវិទ្យាល័យគគីរ បានឱ្យដឹងថា នាយកអនុវិទ្យាល័យគគីរ និងអាជ្ញាធរមូលដ្ឋានបានអនុញ្ញាតឱ្យក្រុមហ៊ុនស្រាបៀរលីអូ ( LEO ) ប្រគុំតន្ត្រី និងឱ្យក្រុមហ៊ុនថៃ រៀបចំតាំងពិព័រណ៌ផលិតផលក្នុងបរិវេណអនុវិទ្យាល័យនេះពីរដងរួចមកហើយ បើទោះបីជាមានការជំទាស់ពីលោកគ្រូ-អ្នកគ្រូក្នុងសាលា។
នាយករងរូបនេះ បានបន្តឱ្យដឹងថា បើមានការប្រគុំតន្រី្តស្រាបៀរក្នុងបរិវេណសាលាបន្តទៀតនៅថ្ងៃខាងមុខ លោកគ្រូ-អ្នកគ្រូនឹងធ្វើពហិការមិនចូលបង្រៀនសិស្សដាច់ខាត គឺប្រយោជន៍ដើម្បីបញ្ឈប់ការយកទីតាំងបណ្តុះបណ្តាលធនធានមនុស្សជាកន្លែងប្រគុំតន្ត្រីផ្សព្វផ្សាយផលិតផល។ លោកថា ការអនុញ្ញាតឱ្យក្រុមហ៊ុនស្រាបៀរលីអូ ( LEO ) ប្រគុំតន្ត្រី និងឱ្យក្រុមហ៊ុនថៃរៀបចំតាំងពិព័រណ៌ផលិតផល ទំនងជាកើតមានភាពមិនប្រក្រតី ឬគប់គិតគ្នាក្នុងផលប្រយោជន៍ផ្សេងៗ។
លោក ឡាច វ៉េត ៖ «បើហ៊ានដាក់ទៀត គេហ៊ានធ្វើពហិការអ្វីទៀតនោះ គ្រាន់តែថា ខាងសាលាស្រុកឥឡូវហ្នឹងគេចោទថាពួកប្រឆាំងយើង ជាពួកប្រឆាំង… យើងអ្នកហ៊ានធ្វើដើម្បីឱ្យសាលាល្អ បែរជាចង់ទម្លាក់កំហុសលើលោកគ្រូ-អ្នកគ្រូដែលផ្តិតមេដៃទៅវិញ…»។
ទន្ទឹមកគ្នានេះ លោក វ៉ា សារឿន គ្រូបង្រៀននៅអនុវិទ្យាល័យគគីរ មានប្រសាសន៍ថា លោកមិនពេញចិត្តដាច់ខាត ចំពោះការអនុញ្ញាតឱ្យមានការប្រគុំតន្ត្រីស្រាបៀរក្នុងទីធ្លាអនុវិទ្យាល័យគគីរ។ លោកគាំទ្រ និងចូលរួមធ្វើពហិការមិនចូលបង្រៀន ប្រសិនបើនាយកសាលា និងអាជ្ញាធរមូលដ្ឋានមិនព្រមបញ្ឈប់សកម្មភាពរបស់ខ្លួន ឬបន្តឱ្យក្រុមហ៊ុនស្រាបៀរលីអូ (LEO) ប្រគុំតន្ត្រីនៅថ្ងៃខាងមុខ។
លោក វ៉ា សារឿន ៖ «សម្រាប់ខ្ញុំក៏យល់ឃើញដូចគាត់ដែរ ការប្រគុំតន្ត្រីនេះវាប៉ះពាល់ខ្លាំងណាស់ដល់ស្មារតីគ្រូ និងសិស្សទាំងអស់»។
លោក យឹម នីរ៉ា នាយកអនុវិទ្យាល័យគគីរ មានប្រសាសន៍ប្រាប់វិទ្យុស្ត្រី FM 102 នៅថ្ងៃនេះថា លោកមិនមែនជាអ្នកសម្រេច ឱ្យមានការប្រគុំតន្ត្រីនៅក្នុងទីធ្លាអនុវិទ្យាល័យគគីរនេះទេ។ លោកថាបញ្ហានេះគឺអាជ្ញាធរដែនដីជាអ្នកសម្រេច ព្រោះកន្លែងនោះជាដីស្តាត ឬកីឡាដ្ឋានរបស់អាជ្ញាធរ មិនមែនជាកម្មសិទ្ធិ ឬស្ថិតនៅក្រោមការគ្រប់គ្រងរបស់សាលានោះទេ។
លោក យឹម នីរ៉ា៖ «រឿងហ្នឹងបើតាមការគិតទៅ ដីហ្នឹងជាដីរបស់អាជ្ញាធរដែនដី ជាដីស្តាត ខ្ញុំពិបាកជំទាស់។ ការប្រគុំតន្ត្រីហ្នឹង គេមានពេលរបស់គេ គេមានកិច្ចសន្យា ម៉ោងប្រាំពីរយប់បានគេចាប់ប្រគុំ…»។
ដោយឡែកប្រធានមន្ទីរអប់រំខេត្តកណ្ដាល លោក អ៊ុង តុលា មានប្រសាសន៍ថា មន្ទីរអប់រំខេត្តមិនបានពាក់ព័ន្ធរឿងនេះនេះដែរ។ តែលោកបញ្ជាក់ថាផ្ទុយទៅវិញការអនុញ្ញាតិឱ្យមានការប្រគុំតន្ត្រីក្នុងសាលាខាងអាជ្ញាធរមូលដ្ឋានជាអ្នកអនុញ្ញាត។ លោកបានបន្ថែមថា ក្រសួងអប់រំមិនគាំទ្រការផ្សព្វផ្សាយគ្រឿងស្រវឹងនៅសាលាឡើយ ហើយនៅថ្ងៃខាងមុខ អនុវិទ្យាល័យគគីរនឹងមិនមានការប្រគុំតន្ត្រីស្រាបៀរទៀត ដោយមន្ទីរកំពុងដោះស្រាយបញ្ហានេះ។
លោក អ៊ុង តុលា ៖ «ខ្ញុំកំពុងធ្វើអន្តរាគមន៍រឿងនេះហើយ ក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តមអភិបាលខេត្ត លើកក្រោយៗនឹងមិនមានរឿងនេះទៀតទេមើលទៅ មិនមានរឿងនេះទៀតទេ…»។
ក្នុងរឿងនេះដែរ លោក គង់ ឆេង មេឃុំគគីរបានប្រាប់វិទ្យុស្ត្រី FM 102 កាលពីថ្ងៃទី២៣ ខែកុម្ភៈ យ៉ាងខ្លីថា ការអនុញ្ញាតិឱ្យរៀបចំតាំងពិព័រណ៌ ឬប្រគុំតន្ត្រីនៅក្នុងអនុវិទ្យាល័យគគីរ ជាការសម្រេចចិត្តរបស់លោកអភិបាលខេត្តកណ្តាល។
តែ WMC មិនអាចការអត្ថាធិប្បាយពីលោកអភិបាលខេត្តកណ្ដាលបានទេនៅថ្ងៃនេះ។
សូមជម្រាបថា អនុវិទ្យាល័យគគីរបានអនុញ្ញាតឱ្យក្រុមហ៊ុនស្រាបៀរលីអូ ( LEO ) ប្រគុំតន្រី្តស្រាបៀរពីរដងរួចមកហើយ គិតត្រឹមថ្ងៃសុក្រ ទី០៤ ខែមីនានេះ។ ទន្ទឹមគ្នានេះ គ្រូបង្រៀនអនុវិទ្យាល័យគគីរចំនួន ២៣ នាក់ និងសិស្សានុសិស្សជាង ៤០០ នាក់ បានដាក់ញាតិទៅក្រសួងអប់រំ យុវជន និងកីឡា ការិយាល័យទទួលពាក្យបណ្តឹងក្រសួងមហាផ្ទៃ ខុទ្ធកាល័យនាយករដ្ឋមន្ត្រី ដើម្បីឱ្យជួយអន្តរាគមន៍បញ្ឈប់ជាបន្ទាន់ម្តងរួចមកហើយកាលពីថ្ងៃទី២៣ ខែកុម្ភៈ ប៉ុន្តែរហូតមកដល់ពេលនេះ ពុំមានភាគីណាមួយអន្តរាគមន៍ក្នុងរឿងនេះឡើយ៕