en     km
en     km

គណៈរដ្ឋមន្ត្រី​អនុម័ត​អនុក្រឹត្យ​ស្តី​ពី​វិធានការ​ហាម​ជក់បារី​នៅ​កន្លែង​សាធារណៈ​

Share

cover-cigarette
នៅ​ព្រឹក​ថ្ងៃ​ទី​០៤​ មីនា​ ២០១៦​ នេះ​ គណៈរដ្ឋមន្ត្រី​បាន​សម្រេច​អនុម័ត​អនុក្រឹត្យ​ស្តី​ពី​វិធានការ​ការ​ហាម​ជក់បារី​ ឬ​ការ​បង្ហុយផ្សែង​ផ្សេងៗ​នៅ​កន្លែងធ្វើការ​ ឬ​នៅ​កន្លែង​សាធារណៈ​។​ ចំណែក​សង្គម​ស៊ី​វិល​ដែល​ធ្វើការ​លើ​បញ្ហា​នេះ​ បាន​សាទរ​ចំពោះ​វិធានការ​ថ្មី​របស់​រដ្ឋាភិបាល​នេះ​ ដោយ​បាន​ទទូច​ឱ្យ​ពលរដ្ឋ​ខ្មែរ​ ជា​ពិសេស​អ្នក​ជក់បារី​ត្រូវ​អនុវត្ត​វិធានការ​នេះ​ឱ្យ​បាន​ខ្ជាប់ខ្ជួន​។​

​លោក​ កែវ​ សុខា​ រាយការណ៍​ពី​ព័ត៌មាន​នេះ​ ៖

​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ សម្តេច​ ហ៊ុន​ សែន​ បាន​សរសេរ​លើក​គណនី​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ នៅ​ថ្ងៃនេះ​ថា​ គណៈរដ្ឋមន្ត្រី​បាន​សម្រេច​អនុម័ត​អនុក្រឹត្យ​ស្តី​ពី​ វិធានការ​ការ​ហាម​ជក់បារី​ ឬ​ការ​បង្ហុយផ្សែង​ផ្សេងៗ​ និង​ផលិតផល​ថ្នាំជក់​នៅ​កន្លែងធ្វើការ​ឬ​នៅ​កន្លែង​សាធារណៈ​។​

​ការ​បង្ហាញ​ជា​សាធារណៈ​នេះ​ គឺ​បន្ទាប់​ពី​សម្តេច​ ហ៊ុន​ សែន​ បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ នៅ​វិមាន​សន្តិភាព​ រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​សុក្រ​ ទី​៤​ មីនា​ នេះ​។​

​លោក​ ផៃ​ ស៊ី​ផា​ន​ អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​ បានឱ្យ​វិទ្យុ​ស្ត្រី​ដឹង​ថា​ បន្ថែម​ពី​អនុក្រឹត្យ​ហាម​ជក់បារី​ ឬ​ការ​បង្ហុយផ្សែង​ផ្សេងៗ​នៅ​កន្លែងធ្វើការ​ ឬ​នៅ​កន្លែង​សាធារណៈ​នេះ​ គណៈរដ្ឋមន្ត្រី​ ក៏​បាន​បន្ត​កិច្ច​ពិភាក្សា​ទៅ​លើ​សេចក្តី​ព្រាង​អនុក្រឹត្យ​ស្តី​ពី​ការ​បោះ​ពុ​ម្ភ​សារ​ព្រមាន​សុខភាព​ជា​ភាសា​ខ្មែរ​ និង​ជា​រូបភាព​លើ​កញ្ចប់​ផលិតផល​ថ្នាំជក់​ផង​ដែរ​។​ លោក​ ផៃ​ ស៊ី​ផា​ន​ បន្ត​ថា​ លោក​មានការ​រំពឹង​ទុក​ថា​ វិធានការ​ថ្មី​នេះ​ និង​ជួយ​ឱ្យ​សាធារណជន​មាន​របៀបរបប​ក្នុង​ការ​ពិសា​បារី​ ក៏​ដូច​ជា​ការ​បង្ហុយផ្សែង​បារី​នៅ​តាម​ទីតាំង​ដែល​ច្បាប់​បាន​ចែង​។​

​លោក​ ផៃ​ ស៊ី​ផា​ន​៖​ «​ដូច្នេះ​ការ​អនុម័ត​ហ្នឹង​ សម្តេច​លោក​បាន​មាន​ប្រសាសន៍​ថា​ ត្រូវធ្វើ​យ៉ាងម៉េច​ដើម្បី​ឱ្យ​មានការ​ចូលរួម​ច្រើន​ ព្រោះ​យើង​ស្ថិត​ក្នុង​លំហ​នៃ​លទ្ធិ​ប្រជា​ធិប​តេ​យ្យ​ច្បាប់​ចេញ​ ហើយ​វា​ជា​ការ​ចាប់ផ្តើម​ ក៏​ប៉ុន្តែ​ការ​ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ដឹង​យល់​នឹង​ចូលរួម​វា​ជា​កាតព្វកិច្ច​តទៅ​មុខ​ទៀត​»​។​

សេចក្តី​ព្រាង​អនុក្រឹត្យ​ស្តី​ពី​បោះពុម្ព​សារ​ព្រមាន​សុខភាព​ជា​រូបភាព ​ និង​ជា​ភាសា​ខ្មែរលើ​កញ្ចប់​បារី​ត្រូវ​បាន​តាក់តែង​ឡើង​ដោយ​អនុលោម​តាម​ មាត្រា​ ១០​ នៃ​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​ និង​ស្រប​ទៅ​នឹង​និន្នាការ​ក្នុង​ពិភពលោក​ ជា​ពិសេស​និន្នាការ​ក្នុង​បណ្តា​ប្រទេស​អាស៊ាន​។​

​គោលការណ៍​ណែនាំ​សម្រាប់​អនុវត្ត​ប្រការ​ ១១​ នៃ​អនុសញ្ញា​ស្តី​ពី​ការ​ត្រួតពិនិត្យ​ថ្នាំជក់​ដែល​កម្ពុជា​បាន​ ផ្តល់​សច្ចាប័ន​ចូល​ជា​រដ្ឋ​ភាគី​កាលពី​ឆ្នាំ​ ២០០៥​នោះ​ តម្រូវ​ឱ្យ​រដ្ឋ​ភាគី​បោះពុម្ព​សារ​ព្រមាន​សុខភាព​លើ​កញ្ចប់​បារី​ឱ្យ​បាន​យ៉ាងតិច​ ៥០%​ គ្រប់​ដណ្តប់​លើ​ផ្ទៃ​សំខាន់​ទាំង​ពីរ​។​ ប្រការ​នេះ​ គឺ​ដើម្បី​បង្ការ​កុមារ​ និង​យុវជន​-​យុវនារី​ កុំឱ្យ​ចាប់ផ្តើម​ជក់បារី​ និង​ជំរុញ​ឱ្យ​អ្នក​ជក់បារី​លះបង់​ទម្លាប់​ជក់​។​

cigarette--no-smoking
​លោក​វេជ្ជបណ្ឌិត​ មុំ​ គង់​ នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​សាទរ​។​ លោក​ថា​ការ​អនុម័ត​អនុក្រឹត្យ​នេះ​ គឺជា​ការ​រួមចំណែក​កាត់​បន្ថយ​អត្រា​មរណភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ ដែល​លោក​ថា​តាម​តួលេខ​ប្រជា​ពល​កម្ពុជា​បាន​ស្លាប់​បាត់បង់​ជីវិត​ប្រមាណ​ ៣០ ​នាក់​ ក្នុង​មួយ​ថ្ងៃៗ​។​ លោក​ មុំ​ គង់​៖​ «​ជា​វិធានការ​ល្អ​ ព្រោះ​វា​ថា​នេះ​ជា​អនុលោម​តាម​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​ថ្នាំជក់​ ហើយ​ក៏​ស្រប​តាម​កាតព្វកិច្ច​របស់​ប្រទេស​កម្ពុជា​ដែល​ជា​រដ្ឋ​ភាគី​មួយ​នៃ​អនុសញ្ញា​ស្តី​ពី​ការ​ត្រួតពិនិត្យ​ថ្នាំជក់​ដែរ​»​។​

​តាម​ការ​គូសបញ្ជាក់​ពី​លោក​ មុំ​ គង់​ អនុក្រឹត្យ​ស្តី​ពី​វិធានការ​ការ​ហាម​ជក់បារី​ ឬ​ការ​បង្ហុយផ្សែង​ផ្សេងៗ​ និង​ផលិតផល​ថ្នាំជក់​ នៅ​កន្លែងធ្វើការ​ឬ​នៅ​កន្លែង​សាធារណៈ​ ក៏​បាន​ចែង​ពី​ទោស​ប្បញ្ញត្តិ​ផង​ដែរ​។​

​តាម​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​ ចែង​ថា​ជន​ណា​ដែល​បាន​ជក់បារី​នៅ​កន្លែងធ្វើការ​ ឬ​នៅ​កន្លែង​សាធារណៈ​ និង​ត្រូវ​ទទួល​ពិន័យ​អន្តរកាល​ គឺ​ផាកពិន័យ​ជា​ប្រាក់​ចំនួន ​២ ​ម៉ឺន​រៀល​។​ ចំណែក​ម្ចាស់​ហាង​ដែល​មិន​បាន​បិទ​ស្លាក​សញ្ញា​គឺ​ត្រូវ​ពិន័យ​ជា​ប្រាក់​ចំនួន ​៥ ​ម៉ឺន​រៀល​ផង​ដែរ​។​

​លោក​ មុំ​ គង់​ ពន្យល់​បន្ថែម​ថា​៖​ «​អនុក្រឹត្យ​នេះ​យើង​ហាម​ជក់​តែ​ក្នុង​អគារ​នៃ​កន្លែងធ្វើការ​ និង​កន្លែង​សាធារណៈ​ ចំណែក​ខាងក្រៅ​យើង​មិន​ហាម​ទេ​។​ ហើយ​យើង​ឲ្យ​និយម​ន័យ​ថា​ អគារ​គឺជា​ទីកន្លែង​ទាំង​ឡើយណា​ដែល​មាន​ដំបូល​ និង​ជញ្ជាំង​ចាប់ពី​មួយ​ឡើង​ទៅ​ ចំណែក​ទី​សាធារណៈ​ គឺជា​ទីកន្លែង​ណា​ដែល​ប្រើប្រាស់​ដោយ​ សាធារណជន​ ទោះបីជា​ទីនោះ​ជា​កម្មសិទ្ធិ​របស់​បុគ្គល​ក៏​ដោយ​ ឧទាហរណ៍​ ភោជនីយដ្ឋាន​ សណ្ឋាគារ​។​

​សូម​បញ្ជាក់​ថា​ បច្ចុប្បន្ន​នេះ​ ក្នុង​ប្រទេស​ ៧៧​ នៅ​លើ​ពិភពលោក​ មាន​សារ​ព្រមាន​សុខភាព​ធំៗ​នៅ​លើ​កញ្ចប់​ផលិតផល​ថ្នាំជក់​ ក្នុង​នោះ​មាន​ប្រទេស​អាស៊ាន​ ៧​ ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ទាំង​ ១០​។​

​ប្រទេស​ជា​ច្រើន​បាន​ដាក់​សារ​ព្រមាន​សុខភាព​ ទំហំ​លើស​ពី​ ៥០%​ ដូច​ជា​ប្រទេស​នេ​ប៉ា​ល់​ ៩០%​ ប្រទេស​ឥណ្ឌា​ ៩០%​ ប្រទេស​ថៃ​ឡង់​ ៨៥%​ ប្រទេស​ប៉ា​គី​ស្ថាន​ ៨៥%​ ប្រទេស​អូស្ត្រាលី​ ៨២.៥%​ ប្រទេស​អ៊ូ​រ៉ា​ហ្កា​យ​ ៨០%​ ប្រទេស​ប្រ៊ុ​ណេ​ ៧៥%​ ប្រទេស​កា​ណា​ដា​ ៧៥%​ ប្រទេស​ម៉ូ​រី​ទុ​ស​ ៧០%​។​ល​។​

​ប្រជាពលរដ្ឋ​ ៦​ លាន​នាក់​ បាន​ស្លាប់​ជា​រៀង​រាល់​ឆ្នាំ​ នៅ​លើ​ពិភពលោក​ ក្នុង​នោះ​មាន​អ្នក​មិន​ជក់បារី​ ៦ ​សែន​នាក់​ ដែល​អ្នក​ទាំងនោះ​បាន​ស្រូប​ផ្សែង​បារី​ពី​គេ​។​ ដោយឡែក​ប្រទេស​កម្ពុជា​ ប្រជាពលរដ្ឋ​ ៣០​ នាក់​ក្នុង​មួយ​ថ្ងៃៗ​បាន​ស្លាប់​បណ្តាល​មក​ពី​ជំងឺ​ដែល​បង្ក​ដោយ​ការ​ជក់បារី​។​

​តាម​របាយការណ៍​របស់​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​នៃ​ក្រសួងផែនការ​ អ្នក​ជក់បារី​នៅ​កម្ពុជា​ចំណាយ​ប្រាក់​ជាង​ ១០០​ លាន​ដុល្លារ​សហរដ្ឋ​ ក្នុង​មួយ​ឆ្នាំៗ​សម្រាប់​ទិញ​បារី​។​ ឯ​ប្រាក់​ចំណាយ​លើក​ការ​ព្យាបាល​ជំងឺ​ដែល​បង្ក​ដោយ​ការ​ជក់បារី​ មាន​ទំហំ​ច្រើន​ជាង​ប្រាក់​ចំណាយ​ទៅ​លើ​ការ​ទិញ​បារី​។​

​តាម​បទ​ពិសោធ​របស់​បណ្តា​ប្រទេស​ដែល​បាន​អនុវត្ត​ការ​ដាក់​សារ​ព្រមាន​សុខភាព​ជា​ច្រើន​ឆ្នាំ​ និង​តាម​ឯកសារ​​ស្រាវជ្រាវ​នានា​បង្ហាញ​ថា​ ការ​ដាក់​សារ​ព្រមាន​សុខភាព​ជា​រូបភាព​លើ​កញ្ចប់​បារី​ មិន​បណ្តាល​ឱ្យ​មានការ​កើនឡើង​នូវ​បារី​គេចពន្ធ​ ឬ​ប៉ះពាល់​ដល់​វិស័យ​ផ្សេងៗ​ ដូច​ជា​អះអាង​បំភ័ន្ត​ដោយ​ឧស្សាហករ​ថ្នាំជក់​កន្លង​មក​ឡើយ​។​

​ផ្ទុយ​ទៅ​វិញ​ ការ​ដាក់​សារ​ព្រមាន​សុខភាព​លើ​កញ្ចប់​បារី​ ជា​វិធានការ​អប់រំ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ដែល​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​កម្ពុជា​ រួម​ទាំង​អ្នក​កំពុង​ជក់បារី​ផង​។​ តាម​ស្ថិតិ​ផ្តល់​ដោយ​វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​ នៃ​ក្រសួងផែនការ​ ប្រជាពលរដ្ឋ​កម្ពុជា​ជាង​ ៩០%​ ចង់​ឃើញ​មាន​សារ​ព្រមាន​សុខភាព​ជា​រូបភាព​ធំៗ​លើ​កញ្ចប់​បារី​។​

​ការ​ស្រាវជ្រាវ​មួយទៀត​ដែល​ធ្វើ​ឡើង​ដោយ​សាកលវិទ្យាល័យ​ភូមិន្ទ​នៅ​ឆ្នាំ​២០១៤​ ក៏​បាន​បង្ហាញ​ថា​ប្រជាពលរដ្ឋ​កម្ពុជា​ជាង​ ៩០%​ យល់​ថា​ សារ​ព្រមាន​សុខភាព​ជា​រូបភាព​ធំៗ​ មាន​ប្រសិទ្ធភាព​បង្ការ​កុមារ​កុំឱ្យ​ ចាប់ផ្តើម​ជក់បារី​ និង​ជំរុញ​អ្នក​ជក់​ស្រាប់​ឱ្យ​ផ្តាច់​បារី​៕​

Share

ព័ត៌មានទាក់ទង

Image