នៅក្នុងនីតិកាលសភាថ្មីនៃប្រទេសមីយ៉ាន់ម៉ា (ភូមា) ដែលកើតចេញពីការបោះឆ្នោតតាមបែបប្រជាធិបតេយ្យជាលើកដំបូង របស់អតីតរបបយោធាមួយនេះ ត្រូវបានមើលឃើញថា ចាប់ផ្ដើមលើកស្ទួយស្ត្រីជាអ្នកនយោបាយ ដែលពុំធ្លាប់មានជាច្រើនទសវស្សរ៍មកហើយ។
តាមកាសែត Mizzima មីយ៉ាន់ម៉ា ស្ត្រីទាំង ៤ នាក់នេះ គឺជាក្រុមស្ត្រីឆ្នើមរបស់ប្រទេសនេះ ដែលពួកគេជាអ្នកសកម្មយ៉ាងខ្លាំងក្នុងកិច្ចការសង្គម និងកិច្ចការនយោបាយ។
ស្ត្រីទាំង ៤ នាក់នេះ គឺលោកស្រី Nan Khin Saw បានជាប់ជាអ្នកតំណាងរាស្ត្រនៃគណបក្សសម្ព័ន្ធជាតិនិយមនៅរដ្ឋសាន។ លោកស្រីមានប្រសាសន៍ថា ៖ «ខ្ញុំ សប្បាយចិត្តណាស់ដែលខ្លួនខ្ញុំត្រូវបានជ្រើសរើស ជាតំណាងប្រជាជននៅរដ្ឋសាន។ តាមរយៈតួនាទីរបស់ខ្ញុំនេះ គឺខ្ញុំ ប្ដេជ្ញាចិត្តចូលរួមគ្រប់បែបយ៉ាង ដើម្បីកិច្ចការសង្គម បញ្ហាអបរំនៅរដ្ឋរបស់ខ្ញុំ ហើយជាពិសេស បញ្ហាសិទ្ធិស្ត្រី»។
ស្ត្រីម្នាក់ទៀត គឺ លោកស្រី Khin HninThit ជាអ្នកតំណាងរាស្ត្រនៃគណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យរបស់ជ័យលាភីណូបែលសន្តិភាព អ៊ុងសាន សូជី។ លោកស្រីមានប្រសាសន៍ថា ៖«ឪពុកខ្ញុំ ជាវេជ្ជបណ្ឌិត។ គាត់ជាប្រធានចលនានិស្សិតនៅពេលគាត់ ជានិស្សិត។ គាត់ ចូលប្រឡូកនយោបាយនៅក្នុងគណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យ តាំងពីឆ្នាំ១៩៨៨។ តែសម្រាប់ខ្ញុំវិញ ក៏ចាប់ផ្ដើមចូលចិត្តជួយកិច្ចការសង្គម និងនយោបាយតាំងពីពេលនោះដែរ ពោលគឺតាំងពីខ្ញុំ នៅវ័យជាយុវជន។ ខ្ញុំ ជាសមាជិកនៃគ្រួសារអ្នកនយោបាយ។ អីចឹងហើយបានជាខ្ញុំ ប្រឡូនយោបាយ និងចូលចិត្តជួយសង្គម»។
ចំណែក លោកស្រី Cin Ngaih Mang ជា តំណាងរាស្ត្រ នៅរដ្ឋឈិន មកពីគណបក្សសភា Zomi ដើម្បីប្រជាធិបតេយ្យ។ លោកស្រីមានប្រសាសន៍ថា ៖ «មានហេតុផលច្រើនដែលខ្ញុំ សម្រេចប្រឡូកក្នុងនយោបាយ។ ឋានៈជាអ្នកតំណាងឱ្យប្រជាជន គឺខ្ញុំ ធ្វើអ្វីៗដើម្បីប្រជាជន ដើម្បីរដ្ឋរបស់ខ្ញុំ។ ហើយខ្ញុំរំភើបណាស់ដែលជាប់ជាអ្នកតំណាងរាស្ត្រ។ អ្នកដឹងទេ មានស្ត្រីតិចតួចណាស់ដែលជាប់ជាតំណាងឱ្យប្រជាជន។ ដូច្នេះ សម្រាប់ខ្ញុំត្រូវលើកតម្កើង សិទ្ធិស្ត្រីឱ្យបានខ្ពស់ គឺឱ្យមានសមភាពដូចបុរសដែរ»។
ចំពោះលោកស្រី Cho Cho Win ជា តំណាងរាស្ត្ររដ្ឋនៃ Sagaing Region នៃគណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យដែរ។ លោកស្រី មានប្រសាសន៍ថា ៖ «ខ្ញុំ បានប្រឡូកនយោបាយ តាំងពីឆ្នាំ ១៩៨៨ ពោលគឺនៅពេលខ្ញុំ ជានិស្សិតរៀនឆ្នាំទី៤ ផ្នែកសេដ្ឋកិច្ច។ នៅក្នុងយុទ្ធនាការរកសំឡេងឆ្នោត នៅឆ្នាំ១៩៩០គឺជាដំណាក់កាលដំបូង ដែលខ្ញុំបានជួបជីវិតអ្នកតស៊ូដើម្បីសេរីភាព ហើយពេលនោះខ្ញុំសកម្មខ្លាំងណាស់»។
តាមកាសែត Mizzima ស្ត្រីមីយ៉ាន់ម៉ា បានក្លាយជាអ្នកតំណាងរាស្ត្រនៅក្នុងនីតិកាលសភា ថ្មីដែលគណបក្សប្រឆាំងរបស់លោកស្រី អ៊ុងសាន សូជី ឈ្នះឆ្នោត និងមានឱកាសដឹកនាំប្រទេស គឺតំណាងរាស្ត្រស្ត្រីមាន ១៣% នៃតំណាងរាស្ត្រសរុប ៦៦៤ រូប។ សភាសម័យរបបពួកយោធា មានស្ត្រីតំណាងរាស្ត្រមិនដល់ ៥%ទេ៕
ប្រភព៖ Mizzima News .com