ឧត្តមសេនីយម្នាក់នៃក្រសួងមហាផ្ទៃបានឱ្យដឹងថា សមត្ថកិច្ចកម្ពុជានឹងចាប់បញ្ជូនជនជាតិចិនចំនួន ៣៨ នាក់ ទៅឱ្យអាជ្ញាធរចិននៅពេលឆាប់ៗនេះ បន្ទាប់ពីចាប់ឃុំខ្លួនពួកគេនៅកម្ពុជាមួយរយៈមកនេះ។
តាមទីភ្នាក់ងារសារព៌ត៌មាន AP ជនជាតិចិនទាំង ៣៨ នាក់នេះ ត្រូវបានសមត្ថកិច្ច នគរបាលកម្ពុជាចាប់ខ្លួននៅកន្លែងលេងល្បែងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
អគ្គស្នងការរងនគរបាលជាតិកម្ពុជា ឧត្តមសេនីយ ឆាយ ស៊ីណារ៉េត ដែលប្រភពព័ត៌មាននេះ ស្រង់សម្ដីបាននិយាយថា ការចាប់ខ្លួនជនជាតិចិន ចំនូន ១០៥ កាលពីថ្ងៃពុធ ក្នុងសប្ដាហ៍នេះ គឺធ្វើឡើងតាមកិច្ចសហការជាមួយនគរបាលចិន ប៉ុន្តែពួកគេ ៦៧ នាក់ ត្រូវបានដោះលែង បន្ទាប់ពីសាកសួរ និងពិនិត្យបញ្ជីឈ្មោះដើម្បីចាប់ខ្លួន។
លោកឧត្តមសេនីយបញ្ជាក់ថា ជនជាតិចិនទាំង ៣៨ នាក់នេះ ត្រូវបានចាប់ខ្លួនដោយសង្ស័យថា ជាប់ពាក់ព័ន្ធការជំរិតទារប្រាក់លើជនជាតិចិនខ្លួនគេ គឺតាមអ៊ីនធើណែត និងទូរស័ព្ទ។ លោកថា ជនសង្ស័យទាំងនោះត្រូវដឹកមកឃុំខ្លួននៅភ្នំពេញដើម្បីនាំខ្លួនទៅប្រទេសចិន ។
តាមលោកឧត្តមសេនីយ៍ ការចាប់ខ្លួនជនជាតិចិន បន្ថែម ៣៨ នាក់ទៀតនេះ បាននាំឱ្យ ចំនួនជនជាតិដែលសមត្ថកិច្ចកម្ពុជាបានចាប់ខ្លួន ករណីដូចគ្នានេះបានកើនឡើងជាង ១០០០ នាក់ នៅក្នុងរយៈពេល ៦ឆ្នាំមកនេះ៕