ភ្នំពេញ៖ ប្រមុខរដា្ឋភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានទទូចឱ្យគ្រប់ស្ថានីយទូរទស្សន៍ទាំងអស់ ផលិតកម្មវិធីសិល្បៈមួយចំនួន មានទម្រង់ជាសិល្បៈបុរាណរបស់ខ្មែរ ដើម្បីលើស្ទួយតម្លៃវប្បធម៌ជាតិឱ្យកាន់តែប្រសើរឡើង។ សម្ដេច ហ៊ុន សែន បានថ្លែង ដូចនេះ នៅក្នុង កម្មវីធីប្រារព្ធទិវាវប្បធម៌ជាតិ នៅសាលសន្និសីទចតុមុខ កាលពីម្សិលមិញនេះ។
សម្ដេចនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ស្ថានីយទូរទស្សន៍ទាំងអស់គួរតែចាក់ផ្សាយកម្មវិធីមានដូចជា ល្ខោនបាសាក់ របាំផ្សេងៗ យីកេ នៅក្នុងម៉ោងពិសេស ឬហៅថា ម៉ោងមាសសម្រាប់កម្មវិធីទូរទស្សន៍របស់ខ្លួន។
«ទូរទស្សន៍ខ្លះ យករឿងតាំងពីទសវត្សរ៍ទី៨០ យកមកចាក់បាន អត់អីទេ។ ប៉ុន្តែមិនមែនតម្រូវត្រឹមតែបញ្ហាយកទៅចាក់ក្នុងកម្មវិធីនោះ មិនមែនតម្រូវតែរឿងភាពយន្តមួយមុខទេ អីចឹងបញ្ហាទាក់ទិនជាមួយរបាំ ទាក់ទិនជាមួយបញ្ហាល្ខោនបាសាក់ ឬក៏ទម្រង់យីកេដែលគេលេង សហការជាមួយក្រុមសិល្បៈនោះ ថតយកទៅទុក រួចហើយចាក់ផ្សាយអាម៉ោងនោះទៅ ។ អាហ្នឹងខ្ញុំសុំដាស់តឿនជួយរំឭកទេ បើសិនជាខ្ញុំជាម្ចាស់ទូរទស្សន៍»។
ប្រមុខរដា្ឋភិបាលកម្ពុជាក៏បានលើកឡើងដែរថា ការចាក់ផ្សាយសិល្បៈបុរាណខ្មែរតាមស្ថានីយទូរទស្សន៍ នឹងអាចបញ្ជ្រាបការយល់ដឹងដល់យុវជនខ្មែរ ឱ្យយល់ច្បាស់ពីតម្លៃវប្បធម៌ជាតិ ស្រឡាញ់វប្បធម៌ និងចេះថែរក្សាវប្បធម៌សិល្បៈរបស់ខ្លួនឱ្យបានគង់វង្ស ព្រោះវប្បធម៌ជាគ្រឹះដ៏រឹងមាំក្នុងការទំនាក់ទំនងជាមួយប្រទេសជិតខាង។
ទន្ទឹមគ្នានេះ លោកនាយករដ្ឋមន្ត្រីសំណូមពរឱ្យអ្នកឧបត្ថម្ភកម្មវិធីផ្សាយទាំងអស់ គួរនាំគ្នាចូលរួមជួយឧបត្ថម្ភការផ្សាយនាទីសិល្បៈខ្មែរឱ្យបានច្រើន។
ចំណែកលោក មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បានលើកឡើងថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះវប្បធម៌បរទេសបានចូលមកប្រទេសកម្ពុជាច្រើនណាស់តាមរយៈការផ្សាព្វផ្សាយនានា។ លោកបានបន្តថាដូចជា ស្ថានីយទូរទស្សន៍មួយចំនួនបានយកវប្បធម៌បរទេសផ្សព្វផ្សាយនៅម៉ោងពិសេស តែបែរជាយករឿងជាវប្បធម៌របស់ខ្មែរយើងទៅផ្សាយនៅម៉ោងស្អុយនៅយប់ជ្រៅទៅវិញ។
«យើងសង្កេតឃើញកន្លងមកហើយច្រើន ដូចជារបាំប្រពៃណីអីចឹងៗ កណ្តាលយប់បានចាក់ដោយសារម៉ោងថ្ងៃម៉ោងល្អ ចឹងទៅទូរទស្សន៏ដើម្បីចំណេញលុយគឺទុកយករបាំ ប្រពៃណី វប្បធម៌ ទៅចាក់ម៉ោងស្អុយកណ្តាល់យប់ដែលអត់មានអ្នកណាមើល… ចាប់ពីម៉ោង ១១ អីទៅ ដោយថ្ងៃគេចាក់អត់កើតគេយកម៉ោងហ្នឹងរកលុយ»។
នៅក្នុងទិវាវប្បធម៌ជាតិក្រោម ប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” សម្ដេច ហ៊ុន សែនបានថ្លែងសំដៅបំផុសគំនិតយុវជនឱ្យចេះស្រឡាញ់ ថែរក្សាវប្បធម៌ប្រពៃណីរបស់ខ្មែរ ដែលសម្ដេចថាដើម្បីអភិរក្សសម្រាប់ខ្មែរគ្រប់ជំនាន់៕