en     km
en     km

សម្តេច​ ហ៊ុន​ សែន​ ទទូច​ឱ្យ​ស្ថានីយទូរទស្សន៍​ទាំងអស់​ ផលិតកម្ម​វិធី​សិល្បៈ​បុរាណ​ខ្មែរ​

Share

cover-HS-on-culture-day-(SPM-page)
រូបភាពពីហ្វេសប៊ុកសម្ដេច

​ភ្នំពេញ​៖​ ប្រមុខរ​ដា្ឋ​ភិ​បាល​កម្ពុជា​ សម្តេច​ ហ៊ុន​ សែន​ បាន​ទទូច​ឱ្យ​គ្រប់​ស្ថានីយទូរទស្សន៍​ទាំងអស់​ ផលិតកម្ម​វិធី​សិល្បៈ​មួយ​ចំនួន​ មាន​ទម្រង់​ជា​សិល្បៈ​បុរាណ​របស់​ខ្មែរ​ ដើម្បី​លើ​ស្ទួយ​តម្លៃ​វប្បធម៌​ជាតិ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។​ សម្ដេច​ ហ៊ុន​ សែន​ បាន​ថ្លែង​ ដូចនេះ​ នៅ​ក្នុង​ កម្ម​វី​ធី​ប្រារព្ធ​ទិវា​វប្បធម៌​ជាតិ​ នៅ​សាលសន្និសីទ​ចតុមុខ​ កាលពី​ម្សិលមិញ​នេះ​។​

សម្ដេចនាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា​ ស្ថា​នី​យ​ទូរទស្សន៍​ទាំងអស់​គួរតែ​ចាក់​ផ្សាយ​កម្មវិធី​មាន​ដូច​ជា​ ល្ខោនបាសាក់​ របាំ​ផ្សេងៗ​ យីកេ​ នៅ​ក្នុង​ម៉ោង​ពិសេស​ ឬ​ហៅ​ថា​ ម៉ោង​មាស​សម្រាប់​កម្មវិធី​ទូរទស្សន៍​របស់​ខ្លួន​។​

«​ទូរទស្សន៍​ខ្លះ​ យក​រឿង​តាំងពី​ទសវត្សរ៍​ទី​៨០​ យក​មក​ចាក់​បាន​ អត់​អី​ទេ​។​  ប៉ុន្តែ​មិនមែន​តម្រូវ​ត្រឹមតែ​បញ្ហា​យក​ទៅ​ចាក់​ក្នុង​កម្មវិធី​នោះ​ មិនមែន​តម្រូវ​តែ​រឿងភាពយន្ត​មួយ​មុខ​ទេ​ អីចឹង​បញ្ហា​ទាក់ទិន​ជាមួយ​របាំ​ ទាក់ទិន​ជាមួយ​បញ្ហា​ល្ខោនបាសាក់​ ឬ​ក៏​ទម្រង់​យីកេ​ដែល​គេ​លេង​ សហការ​ជាមួយ​ក្រុម​សិល្បៈ​នោះ​ ថត​យក​ទៅ​ទុក​ រួច​ហើយ​ចាក់​ផ្សាយ​អា​ម៉ោង​នោះ​ទៅ​ ។​ អាហ្នឹង​ខ្ញុំ​សុំ​ដាស់តឿន​ជួយ​រំឭក​ទេ​ បើសិនជា​ខ្ញុំ​ជា​ម្ចាស់​ទូរទស្សន៍​»​។​

ប្រមុខរ​ដា្ឋ​ភិ​បាល​កម្ពុជា​ក៏​បាន​លើក​ឡើង​ដែរ​ថា​ ការ​ចាក់​ផ្សាយ​សិល្បៈ​បុរាណ​ខ្មែរ​តាម​ស្ថានីយទូរទស្សន៍​ នឹង​អាច​បញ្ជ្រាប​ការ​យល់​ដឹង​ដល់​យុវជន​ខ្មែរ​ ឱ្យ​យល់​ច្បាស់​ពី​តម្លៃ​វប្បធម៌​ជាតិ​ ស្រឡាញ់​វប្បធម៌​ និង​ចេះ​ថែរក្សា​វប្បធម៌​សិល្បៈ​របស់​ខ្លួន​ឱ្យ​បាន​គង់វង្ស​ ព្រោះ​វប្បធម៌​ជា​គ្រឹះ​ដ៏​រឹង​មាំ​ក្នុង​ការ​ទំនាក់ទំនង​ជាមួយ​ប្រទេស​ជិតខាង​។​

ទន្ទឹម​គ្នា​នេះ​ លោកនាយក​រដ្ឋមន្ត្រី​សំណូមពរ​ឱ្យ​អ្នក​ឧបត្ថម្ភ​កម្មវិធី​ផ្សាយ​ទាំងអស់​ គួរ​នាំ​គ្នា​ចូលរួម​ជួយ​ឧបត្ថម្ភ​ការ​ផ្សាយ​នាទី​សិល្បៈ​ខ្មែរ​ឱ្យ​បាន​ច្រើន​។​

ចំណែក​លោក​ មាស​ នី​ អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​ បាន​លើក​ឡើង​ថា​ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​វប្បធម៌​បរទេស​បាន​ចូល​មក​ប្រទេស​កម្ពុជា​ច្រើន​ណាស់​តាម​រយៈ​ការ​ផ្សា​ព្វ​ផ្សាយ​នានា​។​ លោក​បាន​បន្ត​ថា​ដូច​ជា​ ស្ថានីយទូរទស្សន៍​មួយ​ចំនួន​បាន​យក​វប្បធម៌​បរទេស​ផ្សព្វផ្សាយ​នៅ​ម៉ោង​ពិសេស​ តែ​បែរជា​យក​រឿង​ជា​វប្បធម៌​របស់​ខ្មែរ​យើង​ទៅ​ផ្សាយ​នៅ​ម៉ោង​ស្អុយ​នៅ​យប់​ជ្រៅ​ទៅ​វិញ​។​

«​យើង​សង្កេត​ឃើញ​កន្លង​មក​ហើយ​ច្រើន​ ដូច​ជា​របាំ​ប្រពៃណី​អីចឹងៗ​ កណ្តាល​យប់​បាន​ចាក់​ដោយសារ​ម៉ោង​ថ្ងៃ​ម៉ោង​ល្អ​ ចឹ​ង​ទៅ​ទូរ​ទស្ស​ន៏​ដើម្បី​ចំណេញ​លុយ​គឺ​ទុក​យក​របាំ​ ប្រពៃណី​ វប្បធម៌​ ទៅ​ចាក់​ម៉ោង​ស្អុយ​កណ្តាល់​យប់​ដែល​អត់​មាន​អ្នក​ណា​មើល​…​ ចាប់ពី​ម៉ោង​ ១១​ អី​ទៅ​ ដោយ​ថ្ងៃ​គេ​ចាក់​អត់​កើត​គេ​យក​ម៉ោង​ហ្នឹង​រក​លុយ​»​។​

​នៅ​ក្នុង​ទិវា​វប្បធម៌​ជាតិ​ក្រោម​ ប្រធានបទ​ “​យុវជន​ដើម្បី​វប្បធម៌​ជាតិ​”​ សម្ដេច​ ហ៊ុន​ សែន​បាន​ថ្លែង​សំដៅ​បំផុសគំនិត​យុវជន​ឱ្យ​ចេះ​ស្រឡាញ់​ ថែរក្សា​វប្បធម៌​ប្រពៃណី​របស់​ខ្មែរ​ ដែល​សម្ដេច​ថា​ដើម្បី​អភិរក្ស​សម្រាប់​ខ្មែរ​គ្រប់​ជំនាន់​៕​

Share

Image
Image
Image