កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិបានលើកឡើងថា ការរក្សានូវជំហររឹងមាំ អត់ធ្មត់ កុំឈ្លោះ កុំឆ្លើយ និងកុំឆ្លង គឺជាផ្លូវមួយត្រឹមត្រូវដែលគណបក្សសង្គ្រោះជាតិកំពុងតែធ្វើ ហើយការរក្សាជំហរ បែបនេះ គឺជាចំណុចខ្លាំងរបស់គណបក្សសង្គ្រោះជាតិ។
លោក កឹម សុខា បាន ថ្លែងដូចនេះ នៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែមីនា ឆ្នាំ២០១៦ នៅពេលលោកជួបប្រជុំបក្សរបស់លោក។
ការលើកឡើងបែបនេះ គឺបន្ទាប់ពីប្រធានស្តីទីគណបក្សរូបនេះ ត្រូវបានបណ្ដាញសារព័ត៌មានក្នុងស្រុក បានចុះផ្សាយព្រោងព្រាតទាក់ទងទៅនឹងរឿងទំនាក់ទំនងស្នេហារវាង លោក កឹម សុខា ជាមួយនារីម្នាក់ដែលគេសង្ស័យថា ជាស្រីកំណាន់របស់លោក។
លោក កឹម សុខា បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកដោយមានខ្លឹមសារថា៖ «ដូចដែលខ្ញុំធ្លាប់បានជម្រាបជូនថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិយើង ជាច្រើនដងមកហើយ។ យើងបានឆ្លងកាត់នូវឧបសគ្គជាច្រើន ហើយយើងក៏ដឹងហើយថា ដរាបណាយើងនៅតែរក្សាគោលជំហរ រឹងមាំរបស់យើង តាមឆន្ទៈរបស់ប្រជាពលរដ្ឋគឺ យើងនៅតែជួបឧបសគ្គជាច្រើនតទៅមុខទៀត»។
លោក កឹម សុខា បានបន្តថា៖ «យើង មានកិច្ចការច្រើនណាស់ ដែលត្រូវធ្វើ! យើងកំពុងដើរតាមផ្លូវត្រូវហើយ យើងកំពុងតែរួបរួមគ្នាយ៉ាងរឹងមាំហើយ នេះហើយជាចំណុចខ្លាំងរបស់យើង។ អ្វីដែលយើងត្រូវធ្វើតទៅមុខទៀតនោះគឺ យើងត្រូវតែធ្វើទៅតាមគោលដៅ តាមផែនការយុទ្ធសាស្ដ្ររបស់យើងតែប៉ុណ្ណោះ។ យើងមិនត្រូវធ្វើតាមអារម្មណ៍ ឬ ធ្វើអ្វីតាមតែគេចាក់ឱ្យយើងលោតនោះទេ ត្រូវរក្សានូវការអត់ធ្មត់តទៅទៀត ដូចដែលខ្ញុំបានជម្រាបហើយថា យើងកុំឈ្លោះ កុំឆ្លើយ និងកុំឆ្លង»។
តែសូមរំឭកថា កាលពីមុនបោះឆ្នោតសភាអាណត្តិទី ៥ នៅថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៣ លោក កឹម សុខា ក៏ជួបរឿងរ៉ាវ ដូចនេះដែរ គឺមានស្ត្រីម្នាក់ចេញមុខជាសាធារណៈ ថាមានទំនាក់ទំនងស្នេហា ជាមួយសមាជិកសភា គណបក្សប្រឆាំងនេះដែរ គឺកាលណោះ ចំរដូវឃោសនារកសំឡេងឆ្នោត តែរឿងនោះ រលត់និងស្ងប់ស្ងាត់ទៅវិញបន្តិចម្ដងៗ បន្ទាប់ពីបោះឆ្នោតចប់សព្វគ្រប់៕