en     km
en     km

លោក​ កឹ​ម​ សុខា​៖​ ការ​រក្សា​ជំហរ​រឹង​មាំ​ កុំ​ឈ្លោះ​ កុំ​ឆ្លើយឆ្លង​ ជា​ចំណុចខ្លាំង​របស់​ CNRP

Share

cover-Kem-Sokha-(his-FB)
កឹ​ម​ សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​ថា​ ការ​រក្សា​នូវ​ជំហរ​រឹង​មាំ​  អត់ធ្មត់​ កុំ​ឈ្លោះ​ កុំ​ឆ្លើយ​ និង​កុំ​ឆ្លង​ គឺជា​ផ្លូវ​មួយ​ត្រឹមត្រូវ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​តែ​ធ្វើ​ ហើយ​ការ​រក្សា​ជំហរ​ បែប​នេះ​ គឺជា​ចំណុចខ្លាំង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។​

​លោក​ កឹ​ម​ សុខា​ បាន​ ថ្លែង​ដូចនេះ​ នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ​ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ទី​០៣​ ខែមីនា​ ឆ្នាំ​២០១៦​ នៅ​ពេល​លោក​ជួប​ប្រជុំ​បក្ស​របស់​លោក​។​

​ការ​លើក​ឡើង​បែប​នេះ​ គឺ​បន្ទាប់​ពី​ប្រធាន​ស្តីទី​គណបក្ស​រូប​នេះ​  ត្រូវ​បាន​បណ្ដាញសារព័ត៌មាន​ក្នុងស្រុក​ បាន​ចុះ​ផ្សាយ​ព្រោងព្រាត​ទាក់ទង​ទៅ​នឹង​រឿង​ទំនាក់ទំនង​ស្នេហា​រវាង​ លោក​ កឹ​ម​ សុខា​ ជាមួយ​នារី​ម្នាក់​ដែល​គេ​សង្ស័យ​ថា​ ជា​ស្រី​កំណាន់​របស់​លោក​។​

​លោក​ កឹ​ម​ សុខា​ បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ដោយ​មាន​ខ្លឹមសារ​ថា​៖​ «​ដូចដែល​ខ្ញុំ​ធ្លាប់​បាន​ជម្រាប​ជូន​ថ្នាក់ដឹកនាំ​ គណបក្ស​សង្គ្រោះ​ជាតិ​យើង​ ជា​ច្រើន​ដង​មក​ហើយ​។​ យើង​បាន​ឆ្លងកាត់​នូវ​ឧបសគ្គ​ជា​ច្រើន​ ហើយ​យើង​ក៏​ដឹង​ហើយ​ថា​ ដរាបណា​យើង​នៅ​តែ​រក្សា​គោល​ជំហរ​ រឹង​មាំ​របស់​យើង​ តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​គឺ​ យើង​នៅ​តែ​ជួប​ឧបសគ្គ​ជា​ច្រើន​តទៅ​មុខ​ទៀត​»​។​

​លោក​ កឹ​ម​ សុខា​ បាន​បន្ត​ថា​៖​ «​យើង​ មាន​កិច្ចការ​ច្រើន​ណាស់​ ដែល​ត្រូវធ្វើ​!​ យើង​កំពុង​ដើរ​តាម​ផ្លូវត្រូវ​ហើយ​ យើង​កំពុង​តែ​រួបរួម​គ្នា​យ៉ាង​រឹង​មាំ​ហើយ​ នេះ​ហើយ​ជា​ចំណុចខ្លាំង​របស់​យើង​។​ អ្វី​ដែល​យើង​ត្រូវធ្វើ​តទៅ​មុខ​ទៀត​នោះ​គឺ​ យើង​ត្រូវ​តែ​ធ្វើ​ទៅ​តាម​គោលដៅ​ តាម​ផែនការ​យុទ្ធសាស្ដ្រ​របស់​យើង​តែ​ប៉ុណ្ណោះ​។​ យើង​មិន​ត្រូវធ្វើ​តាម​អារម្មណ៍​ ឬ​ ធ្វើ​អ្វី​តាមតែ​គេ​ចាក់​ឱ្យ​យើង​លោត​នោះ​ទេ​ ត្រូវ​រក្សា​នូវ​ការ​អត់ធ្មត់​តទៅ​ទៀត​ ដូចដែល​ខ្ញុំ​បាន​ជម្រាប​ហើយ​ថា​ យើង​កុំ​ឈ្លោះ​ កុំ​ឆ្លើយ​ និង​កុំ​ឆ្លង​»​។​

​តែ​សូម​រំឭក​ថា​ កាលពីមុន​បោះ​ឆ្នោត​សភា​អាណត្តិ​ទី​ ៥​ នៅ​ថ្ងៃ​ទី​២៨​ កក្កដា​ ឆ្នាំ​២០១៣​  លោក​ កឹ​ម​ សុខា​ ក៏​ជួប​រឿងរ៉ាវ​ ដូចនេះ​ដែរ​ គឺ​មាន​ស្ត្រី​ម្នាក់​ចេញ​មុខជា​សាធារណៈ​ ថា​មាន​ទំនាក់ទំនង​ស្នេហា​ ជាមួយ​សមាជិក​សភា​ គណបក្សប្រឆាំង​នេះ​ដែរ​ គឺ​កាល​ណោះ​ ចំ​រដូវ​ឃោសនា​រក​សំឡេង​ឆ្នោត​ តែ​រឿង​នោះ​ រលត់​និង​ស្ងប់ស្ងាត់​ទៅ​វិញ​បន្តិច​ម្ដងៗ​ បន្ទាប់​ពី​បោះ​ឆ្នោត​ចប់​សព្វគ្រប់​៕

Share

Image
Image
Image