ខេត្តកោះកុង៖ ចៅក្រមនៃតុលាការខេត្តកោះកុងប្រកាសសាលក្រមនៃសំណុំរឿង តំណាងសហគមន៍ជនជាតិដើមភាគតិចជងក្នុងតំបន់អារ៉ែង លោក វ៉ែន វ៉ន ឱ្យជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ តែត្រូវបានព្យួរទោលឱ្យនៅក្រៅឃុំបណ្តោះអាសន្ន ដែលត្រូវដោះលែងសកម្មជនអារ៉ែងរូបនេះ នៅរសៀលថ្ងៃព្រហស្បតិ៍ទី៣ មីនា នេះ។
ប៉ុន្តែអ្នកសង្កេតការណ៍ម្នាក់ នៅខេត្តកោះកុង គិតថាការសម្រេចឱ្យសកម្មជនបរិស្ថាន នៅក្រៅឃុំទំនង់ អាចមកពីមានការរងសម្ពាធខ្លាំងពីសហគមន៍អន្តរជាតិ និងសហភាពអឺរ៉ុប។
លោក ធូ វិរៈ លម្អិតព័ត៌មាននេះ ៖
មេធាវីការពារក្តីលោក វ៉ែន វ៉ន អ្នកស្រី អ៊ិត មធុរ៉ា បានអះអាងថា កូនក្ដី របស់លោកស្រី គឺលោក វ៉ែន វ៉ន ពិតជាត្រូវបានដោះលែង នៅរសៀលថ្ងៃព្រហស្បតិ៍នេះ គឺទៅតាមអំណាចនៃសាលក្រមរបស់តុលាការខេត្តកោះកុង។
លោកស្រីបានប្រាប់វិទ្យស្ត្រី FM 102 ថា ចៅក្រម លោក អាំង ចន្តា នៃសាលាដំបូងខេត្តកោះកុងបានប្រកាសសាលក្រមកាត់ទោសកូនក្តីរបស់អ្នកស្រីគឺ លោក វ៉ែន វ៉ន ដាក់ពន្ធនាគាររយៈពេល១ឆ្នាំ ពីបទប្រមូលអនុផលព្រៃឈើ តែចៅក្រមសម្រេចព្យួរទោសឱ្យនៅក្រៅឃុំ ហើយចៅក្រមបានសម្រេចលុបចោលបទចោទការបំបាត់វត្ថុតាង។ ទោះយ៉ាងណាក៏ដោយ មេធាវីការពារក្តីលោក វ៉ែន វ៉ន អ្នកស្រី អ៊ិត មធុរ៉ា ទទូចថា កូនក្តីរបស់អ្នកស្រី គួរតែត្រូវបានចៅក្រមទម្លាក់បទចោទទាំងស្រុង ព្រោះកូនក្តីរបស់អ្នកស្រីមិនបានប្រព្រឹត្តិតាមការចោទប្រកានរបស់ព្រះរាជអាជ្ញាឡើយ។
អ្នកស្រី អ៊ិត មធុរ៉ា មានប្រសាសន៍ថា៖ «ជារឿងល្អដែលសម្រេចព្យួរទោសគាត់ ប៉ុន្តែសម្រាប់ការសម្រេចផ្តន្ទទាទោសគាត់ ១ ឆ្នាំ នៅតែជារឿងដែលមិនត្រឹមត្រូវដោយសារគាត់អត់បានប្រព្រឹត្តិខុសទៅនឹងមាត្រា ៩៨ នៃច្បាប់ព្រៃឈើហ្នឹងសោះ ហេតុអ្វីត្រូវផ្តន្ទាទោកគាត់ ១ ឆ្នាំ»។
អ្នកស្រីបន្តថា អ្នកស្រីមិនដឹងច្បាស់អំពីមូលហេតុដែលចៅក្រមសម្រេចដាក់ពន្ធនាគារលោក វ៉ែន វ៉ន រយៈពេល ១ឆ្នាំ និងព្យួរទោសកូនក្តីរបស់អ្នកស្រីនោះទេ។ តែអ្នកស្រីបញ្ជាក់ថា ចៅក្រមបានប្រកាសកាត់ក្ដីកូនក្តីរបស់អ្នកស្រីតាមមាត្រា ៩៨ នៃច្បាប់ព្រៃឈើ ត្រង់ចំណុច ១ និងចំណុច ២ ប៉ុណ្ណោះ។
លោក វ៉ែន វ៉ន ជាសមាជិកក្រុមប្រឹក្សាឃុំជំនាប់ និងជាតំណាងសហគមន៍ជនជាតិដើមភាគតិចជង ត្រូវបានតុលាការខេត្តកោះកុងសម្រេចឃុំខ្លួន បណ្តោះអាសន្នតាំងពីខែតុលា ឆ្នាំ២០១៥ ក្រោមបទចោទចំនួន ២ គឺការប្រមូលអនុផលព្រៃឈើ និងការបំបាត់វត្ថុតាង។ ការប្រកាសសាលក្រមសម្រេចឱ្យលោក វែ់ន វ៉ន ឱ្យនៅក្រៅឃុំនេះ បានធ្វើឱ្យអ្នកស្រី ម៉ន សាម៉ុន ភរិយារបស់លោកសម្ដែងការសប្បាយរីករាយយ៉ាងខ្លាំងដែលជួបជុំគ្រួសាររបស់អ្នកស្រីវិញ និងបានចាត់ទុកការប្រកាសក្រមនេះថា បានផ្តល់យុត្តិធម៌ឱ្យប្តីរបស់អ្នកស្រី។
អ្នកស្រី ម៉ន សាម៉ុន និយាយថា៖ «ខ្ញុំមានអារម្មណ៍សប្បាយយ៉ាងខ្លាំងបំផុតដែលបានជួបជុំគ្រួសារវិញ»។ ជុំវិញបញ្ហានេះ មន្ត្រីសម្របសម្រួលអង្គការលីកាដូប្រចាំខេត្តកោះកុង លោក អ៊ិង គង់ជិត បានសាទរ។
ប៉ុន្តែលោក អ៊ិង គង់ជិត បានបន្តថា ការដោះលែងលោក វ៉ែន វ៉ន នៅក្រៅឃុំបណ្តោះអាសន្ននេះ ទំនង់ជាអាចមកពីមានការរងសម្ពាធខ្លាំងពីសហគមអន្តរជាតិ និងសហភាពអឺរ៉ុប រួមទាំងអង្គការការពារសិទ្ធមនុស្សក្នុងស្រុកមួយចំនួនទៀតផងដែរ។
លោក អ៊ិង គង់ជិត ៖«ខ្ញុំថាការដោះលែងលោក វ៉ែន វ៉ន នេះ អាចមកពីការដាក់សម្ពាធពីសហគមន៍អន្តរជាតិ និងសហភាពអឺរ៉ុប រួមទាំងអង្គការការពារសិទ្ធិមនុស្សក្នុងស្រុកបានធ្វើការស៊ើអង្កេតឃើញថា លោក វ៉ែន វ៉ន អត់មានកំហុស ព្រោះគាត់គ្រាន់តែទិញឈើយកមកសង់រោងធ្វើ ស្នាក់ការសម្រាប់សហគមន៍គាត់ធ្វើការ និងបង្រៀនភាសាអង់គ្លេសដល់ក្មេងប៉ុណ្ណោះ»។
ទោះជាយ៉ាងនេះក្ដី នៅមានយុវជន ៣ នាក់ ដែលជាសកម្មជនអារ៉ែងនៃអង្គការមាតាធម្មជាតិ កំពុងជាប់ឃុំក្នុងពន្ធនាគារខេត្តនេះនៅឡើយ។ ពួកគាត់ត្រូវបានចោទករណី បំផ្លាញទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន បូបខ្សាច់ មួយនៅក្នុងខេត្ត ដែលពួកគាត់ចោទថា ក្រុមហ៊ុននេះបំផ្លាញ បរិស្ថាន ជីវៈចម្រុះរបស់សមុទ្រ៕
រូបភាព៖ ផ្ដល់ឱ្យ