en     km
en     km

ម្ដាយ​ក្រ​ តែ​ម្ដាយ​ចង់ឱ្យ​កូន​មានការ​ចេះ​ដឹង​ខ្ពស់​

Share

«​ទោះ​ម៉ែ​រៀន​បាន​តិច​ក្ដី​តែ​ម៉ែ​ចង់ឱ្យ​កូន​ចេះ​ ទោះ​ម៉ែ​លំបាក​តែ​ម៉ែ​មិន​ចង់ឱ្យ​កូន​លំបាក​ ដូច​ជា​ ម៉ែ​»​

ម៉ែ​អត់​មាន​សង្ឃឹម​ក្នុង​ខ្លួន​សោះ​ គ្រាន់តែ​ថា​ចេះ​តែ​ខំប្រឹង​រកស៊ី​ដើម្បី​ចិញ្ចឹម​កូន​ទៅ​។​ ​នាង​កញ្ញា​ លោក​លោកស្រី​ នៅ​ថ្ងៃនេះ​ នាង​កញ្ញា​ លោក​ លោកស្រី​ និង​បាន​ជ្រាប​ពី​ជីវិត​តស៊ូ​ និង​ទឹកចិត្ត​របស់​អ្នកស្រី​ ពាំង​ ស្រី​ ដែល​មាន​ចំពោះ​កូនស្រី​របស់​គាត់​។​

​អ្នកស្រី​ ពាំង​ ស្រី​ ជា​ស្ត្រី​មេម៉ាយ​ មានកូន​ស្រី​ ២​នាក់​ រស់នៅ​ក្នុង​បន្ទុក​។​ អ្នកស្រី​ មាន​ជីវភាព​ក្រ​ លំបាក​យ៉ាង​ខ្លាំង​ តែ​អ្នកស្រី​តស៊ូ​គ្រប់​បែប​យ៉ាង​ ដើម្បី​ចិញ្ចឹម​កូន​ ដែល​ស្ថិត​ក្នុង​វ័យ​សិក្សា​ គឺ​ ធ្វើ​យ៉ាងណា​ឱ្យ​កូន​បាន​សិក្សា​ខ្ពង់ខ្ពស់​មានមុខ​មាន​មាត់​នៅ​ក្នុង​សង្គម​។​

​ចង់​ដឹង​ថា​ តើ​ជីវិត​ អ្នកស្រី​ ពាំង​ ស្រី​ ដែល​មាន​ចំពោះ​កូន​យ៉ាងណា​ដែរ​ ទើប​បានជា​អ្នកស្រី​ ក្រ​ តែ​គាត់​ចង់​ ឱ្យ​ កូន​គាត់​មាន​នោះ​?​  ជា​បន្ដ​សូម​អញ្ជើញ​ស្ដាប់​ជី​វៈព័ត៌មាន​ ដែល​រៀបចំ​ឡើង​ដោយ​ កញ្ញា​ ជុំ​ ជោគ​ជាតា​ ដូច​តទៅ​៖

​អ្នកស្រី​ ពាំង​ ស្រី​ ៖«​តាំងពី​បែក​ពី​ប្ដី​បាន​កន្លះ​ខែ​ មិនដឹងរ​កអី​ ធ្វើ​អី​ លក់ដូរ​ខ្ញុំ​ក៏​មិនសូវ​ឆ្លាត​ ណា៎មួយ​ក៏​វា​អត់​មាន​ដើមទុន​ ហើយ​ខ្ញុំ​តាំងចិត្ត​ហើយ​ធ្វើ​អី​ក៏​ធ្វើ​អី​ដែរ​ កុំឱ្យ​តែ​ធ្វើ​…»​។​

ជា​ស្ដ្រី​មេម៉ាយ​មាន​ស្វាមី​រៀប​ការ​ប្រពន្ធ​ថ្មី​ ជា​ទុក្ខ​មួយ​ដ៏​ធំ​ ប៉ុន្ដែ​ទុក្ខ​មួយទៀត​ គឺ​ រក​វិធី​អប់រំ​កូន​ ឱ្យ​កូន​ដើរ​ផ្លូវត្រូវ​។​ ទុក្ខ​លំបាក​ទាំង​ពីរ​នេះ​ កាន់តែ​ធ្ងន់ធ្ងរ​ទៀត​ បើសិនជា​កើត​មាន​ ទៅ​លើ​ គ្រួសារ​មួយ​ដែល​មាន​ជីវភាព​ខ្សត់ខ្សោយ​។​

ជាក់ស្ដែង​ដូច​ជា​ ជីវិត​អ្នកស្រី​ ពាំង​ ស្រី​ ក្រោយ​ពេល​ បែកបាក់​ជាមួយ​ស្វាមី​ អ្នកស្រី​ មិន​មានទ្រព្យ​សម្បត្តិ​អ្វី​សោះ​ តែ​អ្នកស្រី​ តស៊ូ​ ក្នុង​ជីវភាព​ក្រ​ លំបាក​ ដើម្បី​ចិ​ញ្ចិ​ម​កូន​ បើ​ទោះបី​មានឈ្មោះ​ជា​ស្ដ្រី​មេម៉ាយ​ក៏​ដោយ​។​

អ្នកស្រី​ ពាំង​ ស្រី​ ថា​៖​ «​អ៊ំ​ មូលហេតុ​រឿង​អ៊ំ​ មក​ធ្វើការ​ចឹ​ង​ ព្រោះ​អ៊ំ​ អត់​ចេះ​អី​ ព្រោះ​រៀន​បាន​តិច​ រៀន​បាន​ត្រឹម​ថ្នាក់​ទី​ ១០​ ចាស់​ហ្នឹង​ ទី​១០​ ចាស់​ស្មើនឹង​ទី​៣​ ឥឡូវ​ មិន​បាន​ស្មើ​ទី​៣​ ផង​ហ្នឹង​ រៀន​ បើ​រៀន​ តិចរ​រវល់​តែរ​ត់ទៅ​ភ្នំពេញ​ កាល​សង្គ្រាម​ កាលសម័យ​អ៊ំ​ កាល​ជំនាន់​អ៊ំ​ហ្នឹង​ កាល​ស​ង្រា្គ​ម​គេ​ទម្លាក់​គ្រាប់បែក​ឥស្សរៈសម័យ​វៀត​កុង​ចូល​ចឹ​ង​ខ្លាច​ …​ រត់​ទៅ​ រត់​មក​ រហូត​ដល់​បែក​ប៉ុ​ល​ពត​គេ​ជម្លៀស​មក​ស្រែ​វិញ​…​។​ ហើយ​យើង​អ្នក​ជម្លៀស​ចឹ​ង​ ហូប​ បបរ​រាវៗ​….​រៀន​ក៏​មិន​បាន​រៀន​ ហើយ​ឥឡូវ​បើ​ត្រឹមតែ​ធ្វើការ​ខ្ញុំគេ​តែ​ប៉ុណ្ណឹង​ ដើម្បី​ចិញ្ចឹម​កូន​»​។​

អ្នកស្រី​ ពាំង​ ស្រី​  ថ្លែង​បែប​នេះ​ បន្ទាប់​ពី​បញ្ចប់​ការ​បោស​សម្អាតផ្ទះ​ ឱ្យ​គេ​មួយ​កន្លែង​ នៅ​ម្ដុំ​ សាលាសង្កាត់​បឹង​ទំពុន​  រាជធានី​ភ្នំពេញ​។​

WMC-Logo-inside-the-textខណៈ​នេះ​ នាង​ខ្ញុំ​បាន​សាកសួរ​បន្ថែម​ទៀត​ អ្នកស្រី​ ជា​ម្ដាយ​ដែល​មានការ​លះបង់​ដើម្បី​កូន​។​ អ្នកស្រី​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​  អស់​រយៈពេល​ជិត​ ១០​ឆ្នាំ​ គឺ​ក្រោយ​ពី​ស្វាមី​មាន​ស្រី​ថ្មី​   អ្នកស្រី​ បាន​នាំ​កូនស្រី​ពីរ​នាក់​ ទៅ​រស់នៅ​ក្នុងផ្ទះ​ជួល​មួយ​កន្លែង​ ជិត​កន្លែងធ្វើការ​របស់​អ្នកស្រី​។​

អ្នកស្រី​ ពាំង​ ស្រី​ ថា​៖​ «​ធ្វើការ​នៅ​កន្លែង​គ្លីនិក​ជិត​ ១០​ឆ្នាំ​ ហើយ​ តាំងពី​បែក​ពី​ប្ដី​បាន​កន្លះ​ខែ​ មិនដឹងរ​កអី​ធ្វើ​អី​ លក់ដូរ​ខ្ញុំ​ក៏​មិនសូវ​ឆ្លាត​ ណាមួយ​វា​អត់​មាន​ដើមទុន​ ហើយ​ខ្ញុំ​តាំងចិត្ត​ហើយ​ ថា​ ខ្ញុំ​ ធ្វើ​អី​ក៏​ធ្វើ​ដែរ​ កុំអោយ​តែ​ធ្វើ​ចោរ​ ធ្វើ​..​ [​លក់ខ្លួន​]​ ក្រៅពី​ហ្នឹង​ការងារ​អី​ក៏​ដោយ​ គេ​ហៅ​ខ្ញុំ​ធ្វើ​ អោយ​តែ​បាន​លុយ​ ខ្ញុំ​ធ្វើ​ទាំងអស់​ សូ​ម្បី​តែ​អេ​ត​ចាយ​កំប៉ុង​មួយ​ ដប​មួយ​ ក៏​ខ្ញុំ​រើស​ដែរ​ សន្សំ​ (​ប្រាក់​)​។​ ហើយ​ កូន​នោះ​ វា​ខឹង​ វា​មិន​ចូល​ចិត្ត​អា​រឿង​យើង​ កន្ត្រេកកន្ត្រាក​ ខោ​មិន​ខោ​ អាវ​មិន​អាវ​ រើស​អីៗ​ចឹ​ង​ វា​មិន​ចូល​ចិត្ត​ ថា​និយាយ​ចំ​វា​ពិបាក​ណាស់​ ចិត្ត​ខុស​ពី​ម៉ែ​»​។​

ក្ដី​សង្ឃឹម​រំពឹង​ទៅ​លើ​កូនស្រី​ថ្ងៃ​ខាង​មុខ​បាន​នាំ​ឱ្យ​អ្នកស្រី​  ពាំង​ ស្រី​ ជា​មនុស្ស​ម្នាក់​ មាន​ភាព​ រឹង​មាំ​ខំប្រឹង​ធ្វើការ​ងារ​ដែល​មនុស្ស​មួយ​ចំនួន​មិនសូវ​អោយ​តម្លៃ​។​ ជា​អ្នក​បោសសម្អាត​ នៅ​គ្លីនិក​ ជា​ ការងារ​ និង​ជា​ឆ្នាំងបាយ​របស់​អ្នកស្រី​។​ ជា​ច្រើន​ឆ្នាំ​មកនេះ​ ស្ត្រី​មេម៉ាយ​បាន​ធ្វើការ​ទាំង​ អស់នេះ​  ដើម្បី​យក​ប្រាក់​ផ្គត់ផ្គង់​ទៅ​លើ​ការ​ចំណាយ​ជា​ច្រើន​ លើ​ការ​ហូប​ចុក​ ទឹក​ភ្លើង​ និង​ ការ​ចំណាយ​លើ​ការ​សិក្សា​របស់​កូន​។​

អ្នកស្រី​ ពាំង​ ស្រី​ ប្រាប់​បន្ថែម​ថា​៖​ «​អត់​មាន​សល់​លុយ​  ចុះ​លុយ​ចាយ​អត់​គ្រាន់​ កូន​រៀន​ …»​។​
​បើ​ទោះជា​បី​ជា​អ្នកស្រី​  បាន​ធូរស្រាល​មួយ​កម្រិត​ពី​ថ្លៃ​ឈ្នួល​ផ្ទះ​ តែ​ប្រាក់ខែ​ ដែល​មាន​ជាង​ ៤០​ ម៉ឺន​រៀល​ ពី​ការងារ​នៅ​គ្លីនិក​ គឺ​មិន​គ្រប់គ្រាន់​សម្រាប់​ការ​ចំណាយ​ជា​ច្រើន​នេះ​ទេ​។​

អ្នកស្រី​ ក៏​បាន​រក​ការងារ​ក្រៅ​ម៉ោង​បន្ថែម​ទៀត​ ដោយ​ការ​លាងចាន​តាម​តូប​លក់​ឥ​វ៉ា​ន់​នៅ​ ក្នុង​ផ្សារ​។​ អ្នកស្រី​ បាន​ធ្វើ​ការងារ​ទាំង​អស់នេះ​ នៅ​ពេល​ដែល​គាត់​ឈប់​សម្រាក​ពិសា​បាយ​ ថ្ងៃត្រង់​។​

អ្នកស្រី​ ពាំង​ ស្រី​ ថា​ «​ទើបតែ​បាន​ធ្វើ​ប៉ុន្មាន​ខែ​នេះ​ទេ​ (​ការងារ​លាងចាន​)​  ហើយ​ធ្វើ​ប៉ុន្មាន​ខែ​ ហ្នឹង​ សុំ​គេ​បើក​លុយ​ មុន​ ទិញ​កង់​អោយ​កូន​ចេះ​ហើយ​លុយ​ដែល​បាន​នេះ​មិន​គ្រប់​ទេ​ សុំ​ខ្ចី​ លុយ​មេ​ (​នៅ​កន្លែង​ការងារ​គ្លីនិក​)​ បន្ថែម​ទៀត​គ្រាន់តែ​ជំពាក់​មេ​ ៥​ ទៅ​ ៦​ រយ​ដុល្លារ​ (​នៅ​កន្លែង​  គ្លីនិក​)​ ….»​។​

មាន​ប្រសាសន៍​បន្ដ​ជាមួយ​ដំណើរ​ជីវិត​ស៊ូ​របស់​ខ្លួន​ ស្ដ្រី​វ័យ​ ៥៦​ ឆ្នាំ​រួប​នេះ​ បាន​រៀបរាប់​ ទាំង​អួល​ដើម​ ក​ ថា​៖​ «​ក្រៅពី​ធ្វើការ​នៅ​គ្លីនិក​ និង​លាងចាន​ឱ្យ​គេ​នៅ​តាម​ផ្សារ​ខ្ញុំ​ ក៏​បាន​រើស​កំប៉ុង​ និង​ដប​ផ្សេងៗ​ផង​ដែរ​ ដើម្បី​សន្សំ​ទុក្ខ​លក់​….»​។​

នាង​កញ្ញា​ លោក​ លោកស្រី​ ទឹកចិត្ត​របស់​អ្នកស្រី​ ពាំង​ ស្រី​ គឺជា​ទឹកចិត្ត​អ្នក​ម្ដាយ​ម្នាក់​ ដែល​ ធ្វើការ​លះបង់​ដើម្បី​កូន​។​ ការ​លះបង់​កម្លាំងកាយ​ចិត្ត​ តស៊ូ​ជា​ច្រើន​របស់​អ៊ំ​ស្រី​ ពាំង​ ស្រី​ ដើម្បី​កូន​នេះ​ គាត់​មិន​បាន​រំពឹង​ថា​ និង​មានការ​តបស្នង​មក​វិញ​ពី​កូន​នោះ​ទេ​ ប៉ុន្ដែ​គ្រាន់តែ​គាត់​ សង្ឃឹមថា​ ថ្ងៃ​ណាមួយ​ កូន​គាត់​អាច​និង​មាន​ការងារ​សមរម្យ​សម្រាប់​ខ្លួនឯង​ ក្រោយ​ពេល​បញ្ចប់​ ការ​សិក្សា​។​

អ្នកស្រី​ ពាំង​ ស្រី​ ថា​៖​ «​បើ​កូន​ស្ដាប់​លឺ​ម៉ែ​និយាយ​ សូម​ជូនពរ​ មានអី​ទេ​ មាន​តែ​ម្រាមដៃ​ ១០​ សំពះ​ បន់ស្រន់​ ឱ្យ​ទេវតា​ឆ្នាំ​ថ្មី​ អ្នកគ្រប់គ្រង​ថែរក្សា​ទឹកដី​ប្រទេស​ខ្មែរ​យើង​ ជួយ​ថែរក្សា​កូន​ ឃុំគ្រង​កូន​ទាំងអស់​អោយ​បាន​សុខ​សប្បាយ​ ចង់អោយ​តែ​កូន​បាន​សុខ​សប្បាយ​ទាំងអស់​គ្នា​ តែ​ប៉ុណ្ណឹង​ទេ​ ព្រោះ​ម៉ែ​មិនដឹង​ស្លាប់​នៅ​ពេល​ណា​ទេ​…»​។​

បើ​តាម​របាយការណ៍​របស់​អង្គការ​មួយ​ចំនួន​ដែល​ធ្វើការ​ងារ​ងារ​លើ​បញ្ហា​របស់​ស្ត្រី​ គឺ​ស្ត្រី​ មាន​ ជាង​ ៥២%​ នៅ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ជាង​ ១៤​ លាន​នាក់​ ដែល​ជា​កម្លាំង​ធនធាន​ មនុស្ស​ដ៏​មាន​សក្តានុពល​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​គ្រប់​វិស័យ​សម្រាប់​ជាតិ​។​

លោកស្រី​ រស់​ សុភាព
លោកស្រី​ រស់​ សុភាព

លោកស្រី​ រស់​ សុភាព​ នាយិកាអង្គការ​យេ​ន​ឌ័​រ​អភិវឌ្ឍន៍​កម្ពុជា​ យល់​ឃើញ​ថា​ ករណី​របស់​ អ្នកស្រី​ ពាំង​ ស្រី​ អាច​មក​ពី​ហិង្សា​ក្នុង​គ្រួសារ​ ដែល​ករណី​នេះ​សង្គម​គួរ​យកចិត្តទុកដាក់​វិបត្តិ​ បែប​នេះ​។​ លោកស្រី​បន្ត​ថា​ បើ​តាម​ច្បាប់​ គឺ​ ស្វាមី​ ត្រូវ​ជួយ​ប្រពន្ធ​ក្នុង​កាតព្វកិច្ច​គ្រួសារ​ដើម្បី​ ចិញ្ចឹម​កូន​។​

លោកស្រី​ រស់​ សុភាព​ មាន​ប្រសាសន៍​ថា​៖​ «​ចា៎​!​ ពីព្រោះ​ប្រទេស​កម្ពុជា​ ជា​ប្រទេស​មួយ​ដែល​ គោរព​សិទ្ធិ​មនុស្ស​ ចុះ​ហត្ថលេខី​ ទៅ​លើ​ការ​លុប​បំបាត់​រាល់​ទម្រង់​រើសអើង​។​ ដូចនេះ​ បើសិនជា​ អាជ្ញាធរ​ ឬ​ក៏​អ្នក​ដែល​នៅ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ទទួលខុសត្រូវ​ហ្នឹង​ មិន​អើពើ​លើ​ករណី​គាត់​ហ្នឹង​ មិន​ជួយ​ដល់​គាត់​ហ្នឹង​ បាន​ន័យ​ថា​ អ្នក​ហ្នឹង​ ក៏​ប្រព្រឹត្ត​ល្មើស​ដែរ​»​។​

លោកស្រី​ រស់​ សុភាព​ គិត​ថា​ ករណី​នេះ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ហិង្សា​របស់​គ្រួសារ​មួយ​នេះ​។​ «​អ្វី​ដែល​កើតឡើង​នេះ​ ខ្ញុំ​គិត​ថា​ទាំង​បួន​នេះ​មាន​ទាំងអស់​ ក្នុង​ករណី​ដែល​រៀបរាប់​ អ​ម្បា​ញ់​ មិ​ញ​ហ្នឹង​ ចូល​បួន​ហ្នឹង​ (​អំពើ​ហិង្សា​រាង​កាយ​ ហិង្សា​ផ្លូវភេទ​ ហិង្សា​សេដ្ឋកិច្ច​ ហិង្សា​ផ្លូវចិត្ត​)​ លុយ​ក៏​មិន​ឱ្យ​ហើយ​ធ្វើ​ឱ្យ​គាត់​ពិបាកចិត្ត​ ធ្វើ​អោយ​ជីវិត​គាត់​តោកយ៉ាក​ …​ ចឹ​ង​នេះ​ វា​ពាក់ព័ន្ធ​នឹង​ករណី​ខុសច្បាប់​ទាំងស្រុង​»​។​

ត្រឡប់​មក​រក​ អ្នកស្រី​ ពាំង​ ស្រី​ វិញ​  ម៉ោង​ប្រហែល​ ៣​ រសៀល​  ស្រី្ត​មេម៉ាយ​រូប​នេះ​ នៅ​បន្ត​ បោះ​សម្អាត​ការងារ​ផ្ទះ​ឱ្យ​ម្ចាស់ផ្ទះ​ដែល​ជួល​អ្នកស្រី​។​ អ្នកស្រី​ ស​ង្ឃឺ​ម​ថា​ កូនៗ​របស់​អ្នកស្រី​ នឹង​មាន​សេចក្ដីសុខ​ មាន​សុភមង្គល​ នៅ​ពេល​ពួក​គេ​ បាន​រៀន​ចេះ​ដឹង​ខ្ពង់ខ្ពស់​ និង​មិន​ធ្វើ​ឱ្យ​ ម្ដាយ​ខំ​ចិញ្ចឹម​កូន​អស់សង្ឃឹម​ឡើយ​៕

Share

ព័ត៌មានទាក់ទង

Image