សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្ដែងការកោតសរសើរ និងអរគុណចំពោះ ប្រជាពលរដ្ឋ និងអង្គការមួយចំនួន ដែលធ្វើការងារការពារសិទ្ធិកុមារ កុមារកំព្រានៅកម្ពុជាក្នុងការជួយចិញ្ចឹមបីបាច់ថែរក្សាអប់រំ។
យោងតាមបណ្តាញសង្គម Facebook របស់សម្ដេច កាលពីថ្ងៃម្សិលមិញគឺ សម្ដេចនាយករដ្ឋមន្ត្រី មានប្រសាសន៍ដូចនេះ នៅក្នុងជំនួបជាមួយលោក SIDDHARTHA KAUL ប្រធានអង្គការ SOS-KDI និងគណៈប្រតិភូអង្គការ ដែលមកចូលរួមប្រជុំនៅកម្ពុជា នាវិមានសន្តិភាព នៅរសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។
នៅលើបណ្តាញសង្គម Facebook សម្តេចតេជោ បានសរសេរថា៖ «សូមថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋកម្ពុជា និងសមាគមអង្គការក្រៅរដ្ឋាភិបាលទាំងអស់ ដែលទទួលយកកុមារកំព្រា យកទៅចញ្ចឹមបីបាច់ថែរក្សា និងផ្តល់ការសិក្សាអប់រំដល់ពួកគេនាសព្វថ្ងៃនេះ»។
សម្តេច ហ៊ុន សែន ក្នុងនាមសមាជិកអង្គការ SOS សម្ដែងសេចក្តីរីករាយ និងមានមោទនភាពចំពោះអង្គការ SOS ដែលបានជួយកុមារកំព្រាកម្ពុជា ឱ្យមានឱកាសដូចកុមារដទៃៗទៀតនៅក្នុងប្រទេស។
ក្រៅពីលើកឡើងដូចនេះ សម្ដេចនាយករដ្ឋមន្ត្រី បានប្រាប់ប្រតិភូថា កម្ពុជាគឺជាប្រទេសមួយធ្លាប់មានអត្រាកុមារកំព្រាច្រើនជាងគេ លើពិភពលោកក្នុងជំនាន់សង្គ្រាម៕