ក្រសួងវប្បធម៌ នៅថ្ងៃព្រហស្បតិ៍នេះ ប្រារព្វទិវាវប្បធម៌ជាតិ លើកទី១៨ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” ដែលជាផ្នែកមួយសំដៅធ្វើឱ្យយុវជនបានស្គាល់ពីកេរដំណែលវប្បធម៌សិល្បៈរបស់ខ្មែរ។
តាមព័ត៌មាន មកថា ពីធីនេះបានធ្វើឡើងនៅសាលសន្និសីទចតុមុខ ក្រោមអធិបតីភាព របស់សម្ដេចនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហើយមុនសម្ដេច ហ៊ុន សែន មានប្រសាសន៍ទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិ ក្រុមសិល្បៈបានឡើងលើឆាក សម្ដែង សិល្បៈ ល្ខោនបាសាក់ មានតួយក្ស ឡើងស្រែក កក្រើករោង។
ក្រោយមកលោកស្រី ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ បានឡើងថ្លែងសុន្ទរកថា អំពី សារសំខាន់ ដែលក្រសួងបានផ្ដើមលើប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ”។ សម្ដេច ហ៊ុន សែន បានសរសេរលើហ្វេសប៊ុក របស់សម្ដេចថា ទិវានេះ ត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំ ហើយសំដៅបំផុសគំនិតយុវជនឱ្យចេះស្រឡាញ់ ថែរក្សា វប្បធម៌ ប្រពៃណី របស់ខ្មែរ៕