រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារិីទ្ធ សម្ដែងការខកចិត្តការដែលមន្ត្រីរបស់លោកមួយចំនួន មិនមានឆន្ទៈ និងជំនាញធ្វើការ ហើយចំពោះមន្ត្រីមួយភាគធំលោកថា អសមត្ថភាព និងពុំមានជំនាញ ច្បាស់លាស់ក្នុងការងារ។
ថ្លែងនៅក្នុងកម្មវិធីសន្និបាតបូកសរុបការងារវិស័យព័ត៌មាន និង សោតទស្សន៍ឆ្នាំ ២០១៥ និងទិសដៅការងារឆ្នាំ ២០១៦ កាលពីព្រឹកថ្ងៃពុធ ទី២ មិនា ម្សិលមិញនេះ លោក ខៀវ កាញារីទ្ធ មានប្រសាសន៍ថា ទន្ទឹមនឹងការយកចិត្តទុកដាក់លើវិសាលភាព និងគុណភាពនៃការផ្សព្វផ្សាយ ក្រសួងព័ត៌មានបានខិតខំយកចិត្តទុកដាក់លើធនធានមនុស្សដែលកំពុងតែចោទជាបញ្ហាប្រឈម គ្រប់អង្គភាពចំណុះរបស់ខ្លួនទាំងអស់។
លោកថា ក្នុងឆ្នាំ ២០១៥ កន្លងទៅក្រសួងបានរៀបចំការប្រឡងជ្រើសរើសក្របខណ្ឌថ្មីជាច្រើនរូប ប៉ុន្តែ ក្រសួងនៅតែខ្វះមន្ត្រីសម្រាប់បម្រើការងារដដែល។ លោករដ្ឋមន្ដ្រីក្រសួងព័ត៌មានបានឱ្យដឹងទៀតថា បច្ចុប្បន្នក្រសួងខ្វះមន្ត្រីដែលមានឆន្ទៈ មានសមត្ថភាព និងមន្ត្រីមានជំនាញក្នុងការបំពេញការងារ ប៉ុន្តែក្រសួងបែរជាមានលើសលុបនូវមន្ត្រីដែលខ្វះសមត្ថភាព និងមិនទាន់មានជំនាញពិតប្រាកដទៅវិញហើយមន្ត្រីវ័យក្មេងមួយចំនួនទទួលបានក្របខណ្ឌហើយ តែទៅធ្វើការនៅកន្លែងផ្សេង។
លោកបានឱ្យដឹងទៀតថា មន្ត្រីមួយចំនួនទៀត បានខិតខំរកគ្រប់មធ្យោបាយ ដើម្បីស្វែងរកតួនាទី និងមុខតំណែងខ្ពស់ ប៉ុន្តែមិនព្រមខិតខំពង្រឹងសមត្ថភាពដឹកនាំគ្រប់គ្រង និងសមត្ថភាពជំនាញរបស់ខ្លួនទេ ហើយផ្ទុយទៅធ្វើឲ្យបរិយាកាសនៅក្នុងក្របខណ្ឌមន្ត្រីរាជការទូទៅមានភាពច្របូកច្របល់ និងពិបាកគ្រប់គ្រង់។
លោក ខៀវ កាញារីទ្ធ បានសង្កត់ធ្ងន់ថា បញ្ហាប្រឈមរបស់ក្រសួងនាពេលនេះ ត្រូវតែរួមគ្នាដោះស្រាយឱ្យបានល្អ ដើម្បីធានាឱ្យបានធនធានមនុស្សមានសមត្ថភាព និងមានឆន្ទៈអនុវត្តការងារពិតប្រាកដ ស្របតាមកម្មវិធីកែទម្រង់គ្រប់គ្រងរដ្ឋបាលសាធារណៈ និងការកែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល។
ជុំវិញការលើកឡើងរបស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក មាស នី អ្នកស្រាវជ្រាវបញ្ហាសង្គមមានប្រសាសន៍ថា ការលើកឡើងរបស់ក្រសួងព័ត៌មានពិតឆ្លុះបញ្ចាំងឱ្យឃើញពីការខ្វះសមត្ថភាពរបស់ក្រសួងដទៃទៀតក្នុងជួររដ្ឋាភិបាលដែលលោកថាមិនត្រឹមតែក្រសួងព័ត៌មាននេះមួយទេ។
លោក មាស នី បានបន្តទៀតថា មានមូលហេតុចំនួន៣ដែលធ្វើឱ្យបុគ្គលិកក្រសួងខ្វះសមត្ថភាពក្នុងការបំពេញការងារ ទីមួយ ដោយសារបុគ្គលិកតាមមន្ទីរក្រសួងមួយចំនួនកើតឡើងតាមរយៈបក្សពួក ប្រើប្រាស់ខ្សែបណ្តាញច្រើនជាងចូលបម្រើការងារតាមរយៈការប្រឡងប្រជែងយកសមត្ថភាពពិតប្រាកដ។ មូលហេតុទីពីរ អាចមកពីតាមបណ្តាក្រសួង-ស្ថានប័នមួយចំនួនមានបុគ្គលិកច្រើន ប៉ុន្តែការងារមានទំហំតិច ធ្វើឱ្យបុគ្គលិកមានពេលទំនេរច្រើន និងមូលហេតុទីបី បណ្តាលមកពីបុគ្គលក្នុងស្ថាប័នក្រសួងមួយចំនួន កើតពេញពីការតស៊ូចេញពីសង្គ្រាមមានតួនាទី មានតំណែងខ្ពស់ ប៉ុន្តែគ្មានសមត្ថភាពពិតប្រាកដ។
អ្នកស្រាវជ្រាវបញ្ហាសង្គមរូបនេះ បានឱ្យដឹងទៀតថា ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាលត្រូវតែពិនិត្យទៅលើស្ថានភាពមន្ត្រីរបស់ខ្លួនឡើងវិញ ជៀសវាសនៅតាមក្រសួងនីមួយៗមានមន្ត្រីអសមត្ថភាពបម្រើការងារ នាំឱ្យកិច្ចការប្រទេសជាតិមិនរីកចម្រើន។
«ខ្ញុំគិតថា ស្ថានភាពក្រសួងដទៃទៀតក៏វាដូចគ្នានឹងក្រសួងព័ត៌មានដែរ ខ្ញុំគិតថាក្រសួងខ្លះហ្នឹង វាយ៉ាប់ជាងក្រសួងព័ត៌មានទៅទៀត។ … ដូចជារដ្ឋមន្ត្រីក្រសួងណាមួយអញ្ចឹងម៉ាសំបុក ម៉ាកូនចៅ ស្ទើរតែមួយគ្រួសារ មួយពូជរបស់គាត់គឺនៅក្នុងក្រសួងរបស់គាត់ស្ទើតែទាំងអស់ ហើយនៅសភាក៏យើងឃើញមានច្រើនដែរ។ នេះជារឿងជាក់ស្តែងខ្ញុំគិតថា រដ្ឋាភិបាលគួតែគិតមើលរឿងនេះ … »។
សូមជម្រាបថា ឆ្នាំ ២០១៥ កន្លងទៅ ក្រសួងព័ត៌មានបានធ្វើកំណែទម្រង់លើខ្លឹមសារនៃការផ្សព្វផ្សាយ លើការងារដឹកនាំគ្រប់គ្រង និងរបៀបរបបធ្វើការងារឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសក្រសួងបានផ្តោតលើការងារចាត់តាំងការងារបណ្តុះបណ្តាលមន្ត្រីជំនាញនិងមន្ត្រីបន្តវេន ប៉ុន្តែគ្រប់អង្គភាពទាំងអស់នៅតែខ្វះមន្ត្រីទាំងពីរភេទនេះដដែល ខណៈ មន្ត្រីខ្វះសមត្ថភាពជាច្រើន៕