en     km
en     km

ក្រសួង​ព័ត៌មាន​ ប្រកាស​ឱ្យ​ស្ថានីយ​វិទ្យុ​ និង​ទូរទស្សន៍​បញ្ឈប់​ការ​ចាក់​បទ​ចម្រៀង​ “​ស្អាត​ជា​និច្ច​”​ របស់​ផលិតកម្ម​ហង្ស​មាស

Share

cover-Saart-Jea-Nech

​ភ្នំពេញ៖  ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​០២​ ខែមីនា​នេះ​ ប្រាប់​ឱ្យ​គ្រប់​ស្ថានីយ​វិទ្យុ​ និង​ទូរទស្សន៍​ទាំងអស់​ ត្រូវ​បញ្ឈប់​ការ​ចាក់​បទ​ចម្រៀង​មាន​ចំណងជើង​ថា​ “​ស្អាត​ជា​និច្ច​”​ របស់​ផលិតកម្ម​ហង្ស​មាស​ ដែល​ច្រៀង​ដោយ​អ្នក​នាង​ ពេជ្រ​ សោភា​ និង​ ឌី​ជេ​ ដេ​វី​ដ​ ព្រោះថា​ចម្រៀង​នេះ​ប្រាក​ចាក​ពី​ខ្លឹមសារ​ដើម​ទាំងស្រុង​។​

​សេចក្តីជូនដំណឹង​របស់​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​បញ្ជាក់​ថា​ បទ​ចម្រៀង​ “​ស្អាត​ជា​និច្ច​”​ ដែល​ច្រៀង​ដោយ​អ្នក​នាង​ ពេជ្រ​ សោភា​ និង​ ឌី​ជេ​ ដេ​វី​ដ​ គឺ​ប្រាក​ចាក​ពី​ខ្លឹមសារ​ដើម​ទាំងស្រុង​ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ជះ​ឥទ្ធិពល​មិនល្អ​ដល់​កុមារ​ទូទៅ​ ព្រោះថា​ ខ្លឹមសារ​ដើម​គឺ​បាន​អប់រំ​បណ្តុះ​គំនិត​ ប្រាជ្ញា​ សា្មរ​តី​ ឱ្យ​កុមារ​ឧស្សាហ៍​ព្យាយាម​ រស់នៅ​ស្អាត​មាន​អនាម័យ​ល្អ​គ្រប់ពេលវេលា​ គ្រប់​ទីកន្លែង​ទាំង​ពេល​នៅផ្ទះ​ និង​នៅ​សាលារៀន​ ដើម្បី​ក្លាយជា​កុមារ​គំរូ​ ជា​ទំពាំង​ស្នង​ឬ​ស្សី​របស់​ប្រទេស​ជាតិ​។​

​ចំណែក​អត្ថន័យ​បទ​ថ្មី​ ដែល​ច្រៀង​ដោយ​អ្នក​នាង​ ពេជ្រ​ សោភា​ និង​ ឌី​ជេ​ ដេ​វី​ដ​ បង្ហាញ​ពី​អត្ត​ច​រឹក​របស់​កុមារ​ខ្ជិលច្រអូស​ម្នាក់​ រៀន​នៅ​សាលា​បឋម​សិក្សា​ ធ្វើ​ពុត​ជា​ឈឺក្បាល​ វិលមុខ​ និង​ក្តៅខ្លួន​សុំ​អ្នកគ្រូ​ទៅ​ផ្ទះ​ដោយ​គេច​សាលា​ទៅ​ដើរ​លេង​។​
​ទាក់ទង​នឹង​បញ្ហា​នេះ​ លោក​ អ៊ិ​ន​ ទី​តូ​ អ្នកដឹកនាំ​សម្តែង​របស់​ផលិតកម្ម​ហង្ស​មាស​ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​ស្ត្រី​ FM​ 102​ ថា​លោក​មិន​ទាន់​ដឹង​ពី​សេចក្តីជូនដំណឹង​របស់​ក្រសួង​ ព័ត៌មាន​នៅឡើយ​។​ ប៉ុន្តែ​លោក​ក៏​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​ផង​ដែរ​។​
​លោក​គ្រាន់តែ​និយាយ​ខ្លី​ថា​៖​ «​សុំ​ទោស​រឿង​នេះ​ខ្ញុំ​មិន​អាច​ឆ្លើយ​តប​បាន​ទេ​ ព្រោះ​រវល់​ថត​»​។​ កាលពី​ចុងឆ្នាំ​ ២០១៥​ ក្រសួង​ព័ត៌មាន​ក៏​បាន​ បង្គាប់​ឱ្យ​បណ្ដាញ​ទូរទស្សន៍​នៅ​កម្ពុជា​ បញ្ឈប់​ការ​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​បរទេស​ នៅ​ចន្លោះ​ ម៉ោង​ ៧​ ដល់​ ៩​ យប់​ តែ​រហូត​ប្រកាស​ឱសានវាទ​ លើក​ទី​ ២​ ទើប​អនុវត្ត​បាន​ ។​ តែ​ចំពោះ​ បទ​ចម្រៀង​ “​ស្អាត​ជា​និច្ច​”​ ដែល​ក្រសួង​ នេះ​បាន​បង្គាប់​បញ្ឈប់​នោះ​ គេ​នៅ​មិន​ទាន់​ដឹង​ថា​ ត្រូវ​បាន​អនុវត្ត​បាន​កម្រិត​ណា​នោះ​ឡើយ​៕

Share

Image
Image
Image