ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សង្ឃឹមថា កម្ពុជានឹងមានឈ្មោះបោះសំឡេងល្បីលើកឆាកអន្តរជាតិតាមរយៈការបញ្ជូនទ័ពរក្សាសន្តិភាពទៅបរទេសដែលលោកថា នឹងមានចំនួនកាន់តែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
ការថ្លែងអំពីមោទនភាព របស់ប្រមុខរដ្ឋាភិបាលកម្ពុជាបែបនេះ គឺបានធ្វើឡើងនៅរាជធានីភ្នំពេញកាលពីថ្ងៃទី១ ខែមិនា ឆ្នាំ២០១៦ នៅពិធីរំឭកខួប ១០ ឆ្នាំ ម្សិលមិញ។ ចំណែកអ្នកវិភាគបញ្ហាសង្គម ក៍បង្ហាញការទទួលស្គាល់ ការលើកឡើង របស់ ប្រមុខរដ្ឋាភិបាល ផងដែរ ប៉ុន្តែទទូចឱ្យកម្ពុជាខិតខំស្ដារមុខមាត់ប្រទេសតាមរយៈការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។
លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ ៖
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសន្យាថា កម្ពុជានឹងបន្តបញ្ជូនកងទ័ពរបស់ខ្លួនច្រើនថែមទៀត ក្នុងក្រមខណ្ឌនៃកងរក្សាសន្តិភាព អង្គការសហប្រជាជាតិ ទៅកាន់បណ្ដាប្រទេសមួយចំនួន ថ្វីត្បិត កម្ពុជា ជាប្រទេសទន់ខ្សោយក៏ដោយ។
ការសន្យារបស់ប្រមុខរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅរាជធានីភ្នំពេញកាលពីថ្ងៃទី១ ខែមិនា ឆ្នាំ២០១៦ នៅពិធីរំឭកខួប ១០ ឆ្នាំ ដែលកម្ពុជាបានបញ្ជូនកងទ័ពរបស់ខ្លូន ទៅក្រៅប្រទេស ដែលជាបេសកម្មមនុស្សធម៌ជាមួយ កងទ័ពប្រទេសជាមិត្តក្នុងក្រមខណ្ឌនៃកងរក្សាសន្តិភាពអង្គការសហប្រជាជាតិ។
ថ្លែងនៅចំពោះមុខអ្នកសម្របសម្រួលនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាគឺលោកស្រី ClaireVanderVaeren, នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន័ថា តាមរយៈនៃការបញ្ជូនកងទ័ពរបស់កម្ពុជាទៅក្រៅប្រទេសនេះ គឺកម្ពុជាមានមុខជាខ្លាំងនៅលើឆាកអន្តរជាតិ។
សម្តេច ហ៊ុន សែន៖ «ការសម្រេចចិត្តមួយនេះ បានធ្វើឱ្យកម្ពុជាមានមុខមានមាត់ជាមួយនឹងប្រទេសដដៃ ដែលបានបញ្ជូលកម្លាំងចូលរួមប្រតិបត្តិការរក្សាសន្តិភាព ហើយកម្ពុជានឹងធ្វើការងារនេះជាបន្តទៀត ហើយមិនមែនគ្រាន់តែធ្វើកិច្ចការពីធំមកតូចទេ យើងខ្ញុំធ្វើពីតូចទៅធំ។ សូមលោកជំទាវ ប្រាប់ទៅអគ្គលេខាធិការអង្គការសហប្រជាជាតិថា កម្ពុជាត្រឹមខ្លួនរួចជាស្រេចដើម្បីនឹងឆ្លើយតបទៅនឹងសំណុំពររបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ និងអង្គការសហប្រជាជាតិនៅពេលដែលតម្រូវការទៅដល់កម្លាំង»។
ជាមួយនឹងការសន្យានេះ សម្ដេចនាយករដ្ឋមន្ត្រី ក៏បានថ្លែងបញ្ជាក់ប្រាប់ទៅ អគ្គលេខាធិការ អង្គការសហប្រជាជាតិថាកម្ពុជា ជាប្រទេសក្រីក្រតែកម្ពុជាមានឆន្ទៈ ជួយ សហប្រតិបត្តិការជាមួយប្រទេសជាច្រើនទៀត ក្នុងក្រមខណ្ឌកងរក្សាសន្តិភាព។ សម្ដេចហ៊ុនសែន ថ្លែងដូចនេះថា៖ «ខ្ញុំមានមហិច្ឆិតា ធំធេង ក្នុងរឿងនេះ ដែល ខ្ញុំសូមប្រាប់លោកស្រីថា ខ្ញុំមានផែនការបង្កើន ចំនួនកងទ័ព ទៅក្រៅប្រទេស ពីព្រោះ មិត្តត្រូវជួយមិត្ត ។ ខ្ញុំមានមិត្តល្អ។ ថ្វីត្បិត ប្រទេសកម្ពុជា ក្រីក្រ ទន់ខ្សោយ ក្ដីគឺ កម្ពុជា មានស្មារតី ក្នុងរឿងនេះ»។
ទន្ទឹមនឹងនេះ សម្ដេច ហ៊ុនសែន ក៏ទទូចឱ្យកងរក្សាសន្តិភាពកម្ពុជាទាំងអស់បង្កើនជំនាញចំណេះដឹងរបស់ខ្លួន និងបង្កើនចំណេះដឹងផ្នែកភាសា ជាពិសេសភាសាអង់គ្លេស និង ភាសាបារាំង ដែលជាប្រយោជន៍ងាយស្រួលក្នុងការទំនាក់ទំនង។
ជាការកោតសរសើរ លោកបណ្ឌិត មាស នី អ្នកវិភាគបញ្ហាសង្គម បានពន្យល់ប្រាប់វិទ្យុស្ត្រី FM 102 ថាគឺជាមោទនភាពមួយដែរ ចំពោះប្រទេសកម្ពុជា ដែលមានឆន្ទៈជួយរក្សាសន្តិភាពនៅលើពិភពលោក។
លោកជឿជាក់ថា កងរក្សាសន្តិភាពកម្ពុជា ដែលបានបញ្ជូនទៅក្រៅប្រទេសក្នុងក្របខណ្ឌនៃកងរក្សាសន្តិភាពអង្គការសហប្រជាជាតិ គឺមានសមត្ថភាពគ្រប់គ្រាន់តាមស្តង់ដារដែលអង្គការសហប្រជាជាតិចង់បាន។
តែនៅពេលសួរថាតើ កម្ពុជា សមល្មមនឹងយកតំណែងមួយ នៅក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិបានដែរឬទេ។ លោកបណ្ឌិត មាស នី យល់ថានៅវែងឆ្ងាយបន្តិច។ លោក មាស នី ៖«យើងមិនទាន់ហ៊ានថា គេនឹងឱ្យសិទិ្ធដោយសារតែយើងបញ្ជូនកងទ័ពរបស់យើងទៅអង្គការសហប្រជាជាតិនោះទេ តែវាជាផ្នែកតូចមួយដែលឱ្យគេស្គាល់យើង។ ប៉ុន្តែវាអាស្រ័យទៅលើកការដឹកនាំនៅក្នុងប្រទេសយើងដែរ ប្រសិនបើប្រទេសយើងបង្ហាញអំពីការបើកចំហពីលទ្ធប្រជាធិតេយ្យ មានយុត្តិធម៌ត្រឹមត្រូវ អាហ្នឹងវាជាកត្តាធំសម្រាប់ជួយឱ្យប្រទេសកម្ពុជាហ្នឹងគេទទួលស្គាល់ជាសមាជិកក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ»។
ប្រទេសកម្ពុជា បានដាក់ឈ្មោះប្រកួតយកអាសនៈមួយនៅក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ កាលពីឆ្នាំ២០១២ ប៉ុន្តែមិនអាចដណ្ដើមតំណែងនេះ បាន ដែលអ្នកវិភាគមួយចំនួនមើលឃើញថា មានកត្តាជាច្រើនចំពោះកម្ពុជាដូចជា ករណីការគោរពសិទ្ធិមនុស្ស ការបណ្ដេញចេញពីលំនៅដ្ឋាន ទាក់ទិនជម្លោះដីធ្លី និងអភិបាលកិច្ច ជាដើម។
តាមរបាយការណ៍ដែលផ្សព្វផ្សាយនៅក្នុងពីធីរំឭកខួប ១០ ឆ្នាំ ដែលកម្ពុជាបញ្ជូនកងទ័ព ទៅបរទេស គឺកម្ពុជាបានបញ្ជូនកងរក្សាសន្តិភាពបានចំនួន ៣៥៥៧ នាក់ ក្នុងស្ត្រីចំនួន ១១៨នាក់ ប៉ុន្តែ ក្នុងចំនួននេះគឺ ៤ នាក់បានស្លាប់។ កងរក្សាសនិ្តភាពរបស់កម្ពុជាដែល បញ្ជូនទៅក្រៅប្រទេសមាន ប្រទេសសាធារណៈរដ្ឋអាហ្វ្រិក ប្រទេសឆាដ ប្រទេសសូដង់ ប្រទេសសូដង់ខាងត្បូង ប្រទេសលីបង់ កោះស៊ិប ប្រទេសម៉ាលី និងប្រទេសស៊ីរី។
សូមរំឭកថា ប្រទេសកម្ពុជាក៏បានទទួលកងទ័ពរក្សាសន្តិភាពអង្គការសហប្រជាជាតិ ជាច្រើនពាន់នាក់ នៅឆ្នាំ ១៩៩១-១៩៩៣ ដែលកាលណោះ ប្រទេសកម្ពុជា បានសន្តិភាពតាមរយៈកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារិស ២៣ តុលា១៩៩១ ហើយកងទ័ពមួកខៀវនេះ មកជួយរក្សាសន្តិភាព និងរៀបចំការបោះឆ្នោតសភាអាណត្តិទី១ នៃរាជាណាចក្រកម្ពុជា៕