en     km
en     km

កម្ពុជា​ សន្យា​បន្ត​បញ្ជូន​កងទ័ព​ទៅ​ក្រៅប្រទេស​ ថ្វី​ត្បិត​កម្ពុជា​ ជា​ប្រទេស​ទន់ខ្សោយ​ក៏​ដោយ​

Share

រូបភាពពីហ្វេសប៊ុកសម្ដេច
រូបភាពពីហ្វេសប៊ុកសម្ដេច

ភ្នំពេញ៖  សម្ដេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ សង្ឃឹមថា​ កម្ពុជា​នឹង​មានឈ្មោះ​បោះ​សំឡេង​ល្បី​លើក​ឆាក​អន្តរជាតិ​តាម​រយៈ​ការ​បញ្ជូន​ទ័ព​រក្សា​សន្តិភាព​ទៅ​បរទេស​ដែល​លោកថា​ នឹង​មាន​ចំនួន​កាន់តែ​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​។​

​ការ​ថ្លែង​អំពី​មោទនភាព​ របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បែប​នេះ​ គឺ​បាន​ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​១​ ខែ​មិ​នា​ ឆ្នាំ​២០១៦​ នៅ​ពិធី​រំឭក​ខួប​ ១០​ ឆ្នាំ​ ម្សិលមិញ​។​ ​ចំណែក​អ្នកវិភាគ​បញ្ហា​សង្គម​ ក៍​បង្ហាញ​ការ​ទទួលស្គាល់​ ការ​លើក​ឡើង​ របស់​  ប្រមុខ​រដ្ឋាភិបាល​ ផង​ដែរ​ ប៉ុន្តែ​ទទូច​ឱ្យ​កម្ពុជា​ខិតខំ​ស្ដារ​មុខមាត់​ប្រទេស​តាម​រយៈ​ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​។​

​លោក​ កែវ​ សុខា ​រាយការណ៍​ពី​ព័ត៌មាន​នេះ​ ៖

សម្ដេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​សន្យា​ថា​ កម្ពុជា​នឹង​បន្ត​បញ្ជូន​កងទ័ព​របស់​ខ្លួន​ច្រើន​ថែម​ទៀត​ ក្នុង​ក្រម​ខណ្ឌ​នៃ​កង​រក្សា​សន្តិភាព​ អង្គការសហប្រជាជាតិ​ ទៅ​កាន់​បណ្ដា​ប្រទេស​មួយ​ចំនួន​ ថ្វី​ត្បិត​ កម្ពុជា​ ជា​ប្រទេស​ទន់ខ្សោយ​ក៏​ដោយ​។​

ការ​សន្យា​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ បាន​ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​១​ ខែ​មិ​នា​ ឆ្នាំ​២០១៦​ នៅ​ពិធី​រំឭក​ខួប​ ១០​ ឆ្នាំ​ ដែល​កម្ពុជា​បាន​បញ្ជូន​កងទ័ព​របស់​ខ្លូ​ន​ ទៅ​ក្រៅប្រទេស​ ដែល​ជា​បេស​កម្ម​មនុស្សធម៌​ជាមួយ​ កងទ័ព​ប្រទេស​ជា​មិត្ត​ក្នុង​ក្រម​ខណ្ឌ​នៃ​កង​រក្សា​សន្តិភាព​អង្គការសហប្រជាជាតិ​។

​ថ្លែង​នៅ​ចំពោះ​មុខ​អ្នកសម្របសម្រួល​នៃ​កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​គឺ​លោកស្រី​ ClaireVanderVaeren,​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ មាន​ប្រសា​ស​ន័​ថា​ តាម​រយៈ​នៃ​ការ​បញ្ជូន​កងទ័ព​របស់​កម្ពុជា​ទៅ​ក្រៅប្រទេស​នេះ​ គឺ​កម្ពុជា​មាន​មុខជា​ខ្លាំង​នៅ​លើ​ឆាក​អន្តរជាតិ​។​

សម្តេច​ ហ៊ុន​ សែន​៖​ «​ការ​សម្រេចចិត្ត​មួយ​នេះ​ បាន​ធ្វើ​ឱ្យ​កម្ពុជា​មានមុខ​មាន​មាត់​ជាមួយនឹង​ប្រទេស​ដ​ដៃ​ ដែល​បា​នប​ញ្ជូ​ល​កម្លាំង​ចូលរួម​ប្រតិបត្តិការ​រក្សា​សន្តិភាព​ ហើយ​កម្ពុជា​នឹង​ធ្វើ​ការងារ​នេះ​ជា​បន្ត​ទៀត​ ហើយ​មិនមែន​គ្រាន់តែ​ធ្វើ​កិច្ចការ​ពី​ធំ​មក​តូច​ទេ​ យើងខ្ញុំ​ធ្វើ​ពី​តូច​ទៅ​ធំ​។​ សូម​លោក​ជំទាវ​ ប្រាប់​ទៅ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ថា​ កម្ពុជា​ត្រឹម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​នឹង​ឆ្លើយ​តប​ទៅ​នឹង​សំណុំ​ពរ​របស់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ និង​អង្គការសហប្រជាជាតិ​នៅ​ពេល​ដែល​តម្រូវការ​ទៅ​ដល់​កម្លាំង​»​។​

ជាមួយនឹង​ការ​សន្យា​នេះ​  សម្ដេច​នាយក​រដ្ឋមន្ត្រី​ ក៏​បាន​ថ្លែង​បញ្ជាក់​ប្រាប់​ទៅ​ អគ្គលេខាធិការ​ អង្គការសហប្រជាជាតិ​ថា​កម្ពុជា​ ជា​ប្រទេស​ក្រីក្រ​តែ​កម្ពុជា​មាន​ឆន្ទៈ​ ជួយ​ សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជា​ច្រើន​ទៀត​ ក្នុង​ក្រម​ខណ្ឌ​កង​រក្សា​សន្តិភាព​។​ សម្ដេច​ហ៊ុន​សែន​ ថ្លែង​ដូចនេះ​ថា​៖​ «​ខ្ញុំ​មាន​ម​ហិ​ច្ឆិ​តា​ ធំធេង​ ក្នុង​រឿង​នេះ​ ដែល​ ខ្ញុំ​សូម​ប្រាប់​លោកស្រី​ថា​ ខ្ញុំ​មាន​ផែនការ​បង្កើន​ ចំនួន​កងទ័ព​ ទៅ​ក្រៅប្រទេស​ ពីព្រោះ​ មិត្ត​ត្រូវ​ជួយ​មិត្ត​ ។​ ខ្ញុំ​មាន​មិត្ត​ល្អ​។​ ថ្វី​ត្បិត​ ប្រទេស​កម្ពុជា​ ក្រីក្រ​ ទន់ខ្សោយ​ ក្ដី​គឺ​ កម្ពុជា​ មាន​ស្មារតី​ ក្នុង​រឿង​នេះ​»​។​

ទន្ទឹម​នឹង​នេះ​ សម្ដេច​ ហ៊ុន​សែន​ ក៏​ទទូច​ឱ្យ​កង​រក្សា​សន្តិភាព​កម្ពុជា​ទាំងអស់​បង្កើន​ជំនាញ​ចំណេះដឹង​របស់​ខ្លួន​ និង​បង្កើន​ចំណេះដឹង​ផ្នែក​ភាសា​ ជា​ពិសេស​ភាសា​អង់គ្លេស​ និង​ ភាសា​បារាំង​ ដែលជាប្រយោជន៍​ងាយស្រួល​ក្នុង​ការ​ទំនាក់ទំនង​។​

Cambodian-Peacebuilders-to-UN-(SPM-page)
រូបភាពពីហ្វេសប៊ុកសម្ដេច

ជា​ការ​កោតសរសើរ​ លោក​បណ្ឌិត​ មាស​ នី​ អ្នកវិភាគ​បញ្ហា​សង្គម​ បាន​ពន្យល់​ប្រាប់​វិទ្យុ​ស្ត្រី​ FM​ 102​ ថា​គឺជា​មោទនភាព​មួយ​ដែរ​ ចំពោះ​ប្រទេស​កម្ពុជា​ ដែល​មាន​ឆន្ទៈ​ជួយ​រក្សា​សន្តិភាព​នៅ​លើ​ពិភពលោក​។​

លោក​ជឿជាក់​ថា​ កង​រក្សា​សន្តិភាព​កម្ពុជា​ ដែល​បាន​បញ្ជូន​ទៅ​ក្រៅប្រទេស​ក្នុង​ក្រប​ខណ្ឌ​នៃ​កង​រក្សា​សន្តិភាព​អង្គការសហប្រជាជាតិ​ គឺ​មាន​សមត្ថភាព​គ្រប់គ្រាន់​តាម​ស្តង់ដារ​ដែល​អង្គការសហប្រជាជាតិ​ចង់បាន​។​

តែ​នៅ​ពេល​សួរ​ថា​តើ​ កម្ពុជា​ សម​ល្មម​នឹង​យក​តំណែង​មួយ​ នៅ​ក្រុមប្រឹក្សាសន្តិសុខ​  អង្គការសហប្រជាជាតិ​បាន​ដែរ​ឬទេ​។​ លោក​បណ្ឌិត​ មាស​ នី​ យល់​ថា​នៅ​វែង​ឆ្ងាយ​បន្តិច​។​​ លោក​ មាស​ នី​ ៖«​យើង​មិន​ទាន់​ហ៊ាន​ថា​ គេ​នឹង​ឱ្យ​សិ​ទិ្ធ​ដោយសារ​តែ​យើង​បញ្ជូន​កងទ័ព​របស់​យើង​ទៅ​អង្គការសហប្រជាជាតិ​នោះ​ទេ​ តែ​វា​ជា​ផ្នែក​តូច​មួយ​ដែល​ឱ្យ​គេ​ស្គាល់​យើង​។​ ប៉ុន្តែ​វា​អាស្រ័យ​ទៅ​លើក​ការ​ដឹកនាំ​នៅ​ក្នុង​ប្រទេស​យើង​ដែរ​ ប្រសិនបើ​ប្រទេស​យើង​បង្ហាញ​អំពី​ការ​បើកចំហ​ពី​លទ្ធ​ប្រជា​ធិ​តេ​យ្យ​ មាន​យុត្តិធម៌​ត្រឹមត្រូវ​ អាហ្នឹង​វា​ជា​កត្តា​ធំ​សម្រាប់​ជួយ​ឱ្យ​ប្រទេស​កម្ពុជា​ហ្នឹង​គេ​ទទួលស្គាល់​ជា​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​នៃ​អង្គការសហប្រជាជាតិ​»​។​

ប្រទេស​កម្ពុជា​ បាន​ដាក់​ឈ្មោះ​ប្រកួត​យក​អាសនៈ​មួយ​នៅ​ក្រុមប្រឹក្សាសន្តិសុខ​  អង្គការសហប្រជាជាតិ​ កាលពី​ឆ្នាំ​២០១២​ ប៉ុន្តែ​មិន​អាច​ដណ្ដើម​តំណែង​នេះ​ បាន​ ដែល​អ្នកវិភាគ​មួយ​ចំនួន​មើលឃើញ​ថា​ មាន​កត្តា​ជា​ច្រើន​ចំពោះ​កម្ពុជា​ដូច​ជា​ ករណី​ការ​គោរព​សិទ្ធិ​មនុស្ស​ ការ​បណ្ដេញ​ចេញពី​លំនៅ​ដ្ឋា​ន​ ទាក់ទិន​ជម្លោះដីធ្លី​ និង​អភិបាលកិច្ច​ ជាដើម​។​

តាម​របាយការណ៍​ដែល​ផ្សព្វផ្សាយ​នៅ​ក្នុង​ពី​ធី​រំឭក​ខួប​ ១០​ ឆ្នាំ​ ដែល​កម្ពុជា​បញ្ជូន​កងទ័ព​ ទៅ​បរទេស​ គឺ​កម្ពុជា​បាន​បញ្ជូន​កង​រក្សា​សន្តិភាព​បាន​ចំនួន​ ៣៥៥៧​ នាក់​ ក្នុង​ស្ត្រី​ចំនួន​ ១១៨​នាក់​ ប៉ុន្តែ​ ក្នុង​ចំនួន​នេះ​គឺ​ ៤​ នាក់​បាន​ស្លាប់​។​ កង​រក្សា​សនិ្ត​ភាព​របស់​កម្ពុជា​ដែល​ បញ្ជូន​ទៅ​ក្រៅប្រទេស​មាន​ ប្រទេស​សាធារណៈរដ្ឋ​អាហ្វ្រិក​ ប្រទេស​ឆា​ដ​ ប្រទេស​សូ​ដង់​  ប្រទេស​សូ​ដង់​ខាងត្បូង​ ប្រទេស​លី​បង់​ កោះ​ស៊ិ​ប​ ប្រទេស​ម៉ា​លី​ និង​ប្រទេស​ស៊ី​រី​។​

សូម​រំឭក​ថា​ ប្រទេស​កម្ពុជា​ក៏​បាន​ទទួល​កងទ័ព​រក្សា​សន្តិភាព​អង្គការសហប្រជាជាតិ​  ជា​ច្រើន​ពាន់​នាក់​ នៅ​ឆ្នាំ​ ១៩៩១-១៩៩៣​  ដែល​កាល​ណោះ​ ប្រទេស​កម្ពុជា​ បាន​សន្តិភាព​តាម​រយៈ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ា​រិ​ស​ ២៣​ តុលា​១៩៩១​ ហើយ​កងទ័ព​មួក​ខៀវ​នេះ​ មក​ជួយ​រក្សា​សន្តិភាព​ និង​រៀបចំ​ការ​បោះ​ឆ្នោត​សភា​អាណត្តិ​ទី​១​ នៃ​រាជាណាចក្រ​កម្ពុជា​៕​

Share

Image
Image
Image