ភ្នំពេញ៖ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦ ម្សិលមិញ បានបណ្តេញជនជាតិវៀតណាម ដែលស្នាក់នៅកម្ពុជាខុសច្បាប់ចំនួន ១៨ នាក់ ក្នុងនោះមានស្រី្តចំនួន ០២ នាក់។
បើតាមសេចក្តីប្រកាសដដែល ជនជាតិវៀតណាមដែលបានឃាត់ខ្លួនខាងលើនេះ គឺអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានប្រមូលពីបណ្តារាជធានី-ខេត្ត និងសម្រេចបញ្ចូនជនជាតិវៀតណាមទាំងនោះតាមច្រកព្រំដែនអន្តរជាតិក្អមសំណ។
សូមរំឭកថា កាលពីចុងខែកុម្ភៈ កន្លងទៅនេះ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឃាត់ខ្លួនជនបរទេសខុសច្បាប់ចំនួន ៤០ នាក់ ស្រី ០៨ នាក់ សរុបមាន ០៧ សញ្ជាតិ ហើយបានសម្រេចបណ្តេញចេញជនបរទេសទាំងនោះចំនួន ២៨ នាក់ ស្រី ០៦ នាក់ ចេញពីប្រទេសកម្ពុជា។
រីឯជនបរទេសដែលកំពុងស្នាក់នៅក្នុងកន្លែងត្រៀមបណ្តេញចេញមានសរុបចំនួន ៤៩ មាន ១៨ សញ្ជាតិផងដែរ។ បើតាមការឱ្យដឹងពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជនបរទេសដែលបានឃាត់ខ្លួន និងធ្វើការបណ្តេញចេញគឺមានជនជាតិវៀតណាមច្រើនជាងគេ៕