ជាថ្មីម្ដងទៀត លោក សម រង្ស៊ី ដែលចាកចេញពីប្រទេស ករណីបរិហារកេរ្តិ៍លោក ហោ ណាំហុង រដ្ឋ មន្ត្រីការបរទេស និងជាប់បណ្ដឹងជាច្រើន នៅតុលាការ លោកផ្ញើសារនយោបាយមកថា បើគ្រាន់តែ បរិយាយនូវពាក្យថា បដិវត្តន៍ពណ៌ គឺមិនមានទោសពៃអ្វីឡើយ ។ លោក សម រង្ស៊ី ចង់និយាយថា ពុំមានច្បាប់ណាចែងពីពាក្យពេចន៍នេះទេ។ លោកជាទស្សនៈរបស់អ្នកបញ្ចេញមតិប៉ុណ្ណោះ។ តែបែបនេះក្ដី អ្នកនាំពាក្យម្នាក់របស់គណបក្ស កាន់អំណាច មិនយល់ស្របនូវការបកស្រាយនេះឡើយ ។
សូមស្ដាប់ សេចក្ដីរាយការណ៍របស់លោក កែវ សុខា ៖
មេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសនោះ បានបញ្ចេញសារតាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា ការប៉ុនធ្វើបដិវត្តពណ៌ណាមួយរបស់ប្រជាពលរដ្ឋកម្ពុជា គឺមិនមែនជាកំហុស ហើយក៏មិនត្រូវមានទោសអ្វីឡើយដែរ។ លោក សម រង្ស៊ី បានផ្ដល់ទស្សនៈបែបនេះ តាមរយៈសារហ្វេសប៊ុករបស់លោក ហើយត្រូវបានមើលឃើញជាសាធារណៈ នៅថ្ងៃនេះ។
បើតាមប្រសាសន៍របស់លោក សម រង្ស៊ី គឺមានន័យដូចនេះ ៖ «បដិវត្តន៍ពណ៌ណាមួយមិនមែនជាកំហុសអ្វីឡើយ ហើយក៏មិនត្រូវមានទោសអ្វីឡើយ ពីព្រោះ “បដិវត្តន៍ពណ៌” ទាំងឡាយ ដែលបានកើតមានឡើងក្នុងពិភពលោក ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ គឺសុទ្ធតែជាការផ្លាស់ប្តូរនយោបាយ ដោយសន្តិវិធី គ្មានអំពើហិង្សា ហើយក៏ដោយគ្មានការញុះញង់ពីនរណាឡើយ»។
លោក សម រង្ស៊ី ក៏បានបង្ហើបទៀតថា រាល់ព្រឹត្តិការណ៍បដិវត្តន៍ពណ៌ទាំងអស់នោះ គឺកើតចេញពីទឹកចិត្តប្រជារាស្ត្រដែលស្រឡាញ់សេរីភាព យុត្តិធម៌ និងលទ្ធិប្រជាធិបតេយ្យ។ តាមរយៈហ្វេសប៊ុកដដែលនេះ លោក សម រង្ស៊ី បានលើកករណីពបដិវត្តន៍ពណ៌មួយចំនួនផងដែរ ដូចជា “បដិវត្តន៍ពណ៌លឿង” នៅប្រទេសហ្វីលីពីន កាលពីឆ្នាំ ១៩៨៦ “បដិវត្តន៍ពណ៌ផ្កាកុលាប” នៅប្រទេសហ្សកហ្ស៊ី កាលពីឆ្នាំ ២០០៣ “បដិវត្តន៍ពណ៌ទឹកក្រូច” នៅប្រទេសអ៊ុយក្រែន កាលពីឆ្នាំ ២០០៤ និង “បដិវត្ដន៍ពណ៌រមៀត” ដឹកនាំដោយព្រះសង្ឃ នៅប្រទេសភូមា កាលពីឆ្នាំ ២០០៧។
ពាក់ព័ន្ធការលើកឡើងនេះ លោក ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជន ឆ្លើយតបថា អ្វីដែលលោក សម រង្ស៊ី លើកឡើងគឺជាការការពារបទល្មើស ព្រោះប្រទេសដែលអនុវត្តលទ្ធប្រជាធិបតេយ្យគឺមិនត្រូវលើកឡើងពីការធ្វើបដិវត្តន៍អ្វីឡើយ។
អ្នកនាំពាក្យគណបក្សកំពុងកាន់អំណាចរូបនេះបន្តថា ការផ្លាស់ប្តូរអំណាចមានតែផ្លូវមួយគត់គឺការបោះឆ្នោត។ លោក ឈឹម ផលវរុណ៖ «ចំពោះប្រទេសដែលដូចលោក សម រង្ស៊ី លើកឡើងដែលបានធ្វើបដិវត្តន៍គឺជារឿងផ្សេង ដោយឡែកកម្ពុជាជាប្រទេសមានសន្តិភាព និង ប្រជាធិបតេយ្យ។ អញ្ចឹង! ជនណាក៏ដោយដែលមានចរិតបង្កប់លក្ខណៈញុះញង់ មិនមែនជាការបញ្ចេញមតិទេ ដែលការលើកឡើងនេះគឺមានន័យថាជាការញុះញង់ហើយ។ ដូច្នេះប្រទេសកាន់លទ្ធប្រជាធិតេយ្យមិនការពារសម្ដីញុះញង់ទេ ព្រោះសម្ដីញុះញង់មិនមែនជាបដិវត្តន៍ការបញ្ចេញមតិក្នុងក្រមខណ្ឌប្រជាធិតេយ្យសេរី»។
និស្សិត គង់ រ៉ៃយ៉ា អាយុ ២៥ ឆ្នាំ ត្រូវបានអាជ្ញាធរចាប់ដាក់ពន្ធនាគារ រយៈពេល ៦មកហើយ ខែ ពីបទញុះញង់ ក្រោយពីយុវជននេះ បានបញ្ចេញមតិ តាមហ្វេសប៊ុក ពីលទ្ធភាពបដិវត្តន៍ពណ៌នៅប្រទេសកម្ពុជា។យុវជនរូបនេះនឹងត្រូវគេកាត់ទោស នៅថ្ងៃ ១៥ មិនា ២០១៦ ខាងមុខ។
លោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត និងជាមន្ត្រីផ្នែកច្បាប់របស់អង្គការលីកាដូនិយាយថា ការបញ្ចេញមតិរបស់យុវជន គង់ រ៉ៃយ៉ា គឺជាការបញ្ចេញមតិផ្ទាល់ខ្លួន ដោយមិនមានចរិតបំផុសបំផុលឬ ញុះញង់ឱ្យអ្វីឱ្យមានបដិវត្តន៍ពណ៌ដូចការចោទប្រកាន់របស់តុលាការនោះទេ។ លោក អំ សំអាត បន្តថា ការចាប់ខ្លួនយុវជន គង់ រ៉ៃយ៉ា នេះគឺសបញ្ជាក់ឱ្យឃើញថា សិទ្ធិសេរីភាពក្នុងសម្តែងមតិរបស់ប្រជាជនកម្ពុជាកំពុងតែត្រូវបានរឹតត្បឹត ដោយសារអ្នកមានអំណាចនាពេលបច្ចុប្បន្ននេះ។
លោក អំ សំអាត៖ «យើងត្រូវចែកឱ្យដាច់អំពីបទញុះញង់ បទញុះញង់បានន័យថា ទី១ វាមានព្យសនកម្មកើតឡើងនៃអំពើដែលញុះញង់ហ្នឹង ទី២ មានន័យថា វាមិនកើតទេតែវាបម្រុងនឹងកើត ដែលមើលទៅវាអាចនឹងកើតឡើង។ ដូច្នេះចំពោះការបញ្ចេញមតិ និងទស្សនរបស់យុវជន គង់ រ៉ៃយ៉ា តាំងពីពេលហ្នឹងមកដល់ឥឡូវវាគ្មានព្យសនកម្មណាកើតឡើងនោះទេ»។
ទាក់ទងនឹងការលើកឡើងពីការធ្វើបដិវត្តពណ៌របស់យុវជន គង់ រ៉ៃយ៉ា នេះតើជាសិទ្ធិក្នុងការសម្តែងមតិឬ ជាការញុះញង់នោះ? អ្នកជំនាញផ្នែកប្រជាធិតេយ្យ និងអភិបាលកិច្ច លោកបណ្ឌិត ចាន់ វិបុល លើកឡើងថា គឺអាស្រ័យលើកការបកស្រាយផ្នែកច្បាប់។ តែយ៉ាងណាលោក បញ្ជាក់ថា ការបកស្រាយបដិវត្តន៍ពណ៌ពីសំណាក់អ្នកនយោបាយនាពេលកន្លងមកជុំវិញយុវជន គង់ រ៉ៃយ៉ា នេះគឺគ្រាន់តែជារឿងនយោបាយតែប៉ុណ្ណោះ។
លោក ចាន់ វិបុល៖ «ទាក់ទងនឹងការមកស្រាយរបស់អ្នកនយោបាយនិមួយៗជាបុព្វនៃរឿងនយោបាយ។ អញ្ចឹង! ដើម្បីឆ្លើយថាតើរឿងនេះជាការញុះញង់ ឬមិនមែនជាការញុះញង់នោះ វាត្រូវស្ថិតក្នុងការវិភាគតាមផ្លូវច្បាប់ តើថាសំដីដែលយុវជននោះបាននិយាយនោះហ្នឹង វាប្រាសចាក់ទៅហ្នឹងគោលការណ៍ច្បាប់ដែលឈាមដល់សេចក្តីសន្និដ្ឋានមួយថាជាការញុះញង់ ឬគ្រាន់តែជាសិទ្ធិបញ្ចេញមតិ។
សូមរំឭកថា យុវជន គង់ រ៉ៃយ៉ា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី២០ សីហា នៅសាកលវិទ្យាល័យខេមរៈ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោយពីយុវជនរូបនេះ បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) របស់ខ្លួនពាក់ព័ន្ធនឹងបដិវត្តន៍ពណ៌។ សារនោះសរសេរថា៖ «តើមានបងប្អូនណា ហ៊ានធ្វើបដិវត្តន៍ពណ៌ជាមួយខ្ញុំទេ? ថ្ងៃណាមួយនៅពេលខាងមុខនេះ ខ្ញុំនឹងធ្វើបដិវត្តន៍ពណ៌ ដើម្បីផ្លាស់ប្ដូររបបដ៏ថោកទាបមួយនេះចេញពីសង្គមខ្មែរ ទោះបីជាត្រូវជាប់គុក ឬស្លាប់ក៏ដោយ ក៏ខ្ញុំត្រូវតែធ្វើដែរ»។
ហើយនៅថ្ងៃទី២២ សីហា យុវជន គង់ រ៉ៃយ៉ា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចបញ្ជូនខ្លួនទៅឃុំនៅពន្ធនាគារព្រៃសបណ្ដោះអាសន្ន ដោយចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា ហើយដែលអាចប្រឈមនឹងការជាប់ពន្ធនាគារពី ៦ខែដល់ ២ឆ្នាំ បើតុលាការរកឃើញថាមានទោសមែននោះ។
បន្ទាប់ចប់ការជំនុំជម្រះក្ដីនៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ កុម្ភៈថ្មីៗ យុវជន គង់ រ៉ៃយ៉ា ក៏បានស្រែកសំណូមពរឱ្យតុលាការមេត្តាលើកការចោទប្រកាន់ និងដោះលែងខ្លួនឱ្យមានសេរីភាពដើម្បីបានបន្តការសិក្សាវិញ។ តែយ៉ាងនេះ ចំណែកលោកសមរង្ស៊ីវិញក៏រងដីការចាប់ខ្លួនដែរ ករណីបរិហារកេរ្តិ៍ លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និងជាប់បណ្ដឹង ២ ករណីទៀត៕