តាមការគ្រោងទុក នៅថ្ងៃពុធ ទី២ ខែមីនា ឆ្នាំ២០១៦ ស្អែកនេះ តុលាការកំពូលនឹង បើកសាវនាការជំនុំជម្រះករណីបណ្តឹងជំទាស់របស់ស្ត្រីបឹងកក់ ១៣នាក់ ទៅនឹងសាលក្រមតុលាការដំបូងដែលបានចោទប្រកាន់ និងផ្តន្ទាទោសស្ត្រីម្នាក់ៗចំនួន ២ឆ្នាំ កន្លះ ក្រោមបទចោទចូលកាន់កាប់ដោយខុសច្បាប់អចលនវត្ថុរបស់និតិបុគ្គលសាធារណៈ និងប្រឆាំងនឹងមន្ត្រីរាជការសាធារណៈ កាលពីឆ្នាំ២០១២ តែត្រូវបានតុលាការឧទ្ធរណ៍ កាត់តម្រឹមត្រឹម ១ខែ ៣ថ្ងៃ។
រាយការណ៍លម្អិតដោយ៖ កញ្ញា ប៉ូ សាគុន
ស្ត្រីបឹងកក់ទាំង ១៣ នាក់ នៅតែទាមទារឱ្យតុលាការផ្តល់យុត្តិធម៌ឱ្យខ្លួន ដោយទម្លាក់ការចោទ ប្រកាន់លើខ្លួនទាំង ១៣រូប។ ស្ត្រីបឹងកក់ទាំង ១៣ រូប បានត្រៀមខ្លួនដើម្បីចូលទៅបំភ្លឺនៅតុលាការកំពូលរួចហើយ។ សកម្មជនទាំង ១៣នាក់ ក៏នៅតែមានក្តីសង្ឃឹមថា តុលាការនឹងផ្តល់យុត្តិធម៌ដល់ពួកគាត់ផងដែរ។
អ្នកស្រី ទេព វន្នី តំណាងស្ត្រីសហគមន៍បឹងកក់ម្នាក់ក្នុងចំណោមស្ត្រីបឹងកក់ទាំង ១២នាក់ ផ្សេងទៀត បានប្រាប់វិទ្យុស្ត្រី FM 102 នៅថ្ងៃនេះថា អ្នកស្រីទាមទារឱ្យ តុលាការផ្តល់យុត្តិធម៌ឱ្យខ្លួន ដោយអ្នកស្រី រួមទាំងស្ត្រី ១២នាក់ ផ្សេងមិនបានប្រព្រឹត្តខុស ដូចការចោទប្រកាន់នោះទេ ហើយអ្នកស្រីបានត្រៀមខ្លួន ដើម្បីចូលទៅបំភ្លឺនៅតុលាការកំពូលរួចហើយដែរ។
«យើងត្រូវការភាពស្អាតស្អំរបស់យើង ទោះតែគេអី ឱ្យយើងនៅក្នុងពន្ធនាគាតែមួយខែបីថ្ងៃ នៅសល់ប៉ុន្មានគេព្យួរទោស អនុវត្តនៅខាងក្រៅក៏ដោយ ប៉ុន្តែជាក់ស្តែងគឺយើងមិនបានប្រព្រឹត្តបទល្មើសហ្នឹងខុស…»។
អ្នកស្រី ទេព វន្នី ជឿជាក់ថា តុលាការនឹងផ្តល់យុត្តិធម៌ជូនដល់ស្ត្រីទាំង ១២ នាក់ រួមទាំងអ្នកស្រីផង និងអាចរួចផុតពីការចោទប្រកាន់នេះ៖ «បងនៅតែសង្ឃឹម និងជឿជាក់ ទៅលើភាពស្អាតស្អំរបស់ពួកបង ដែលមិនបានប្រព្រឹត្តនូវបទល្មើសខុសច្បាប់…»។
អ្នកស្រី បូវ សោភា បានលើកឡើងថា អ្នកស្រីហាក់មិនមានជំនឿថា តុលាការអាចផ្តល់យុត្តិធម៌ជូនអ្នកស្រីឡើយ។ តែអ្វីដែលសំខាន់ដែលអ្នកស្រីប្តឹងជំទាស់ទៅតុលាការកំពូល ដោយសារអ្នកស្រីចង់បង្ហាញប្រាប់ប្រជាពលរដ្ឋទាំងអស់ ក៏ដូចជាពិភពលោកទាំងមូលឱ្យបានដឹងថា តុលាការនៅកម្ពុជាមិនមានយុត្តិធម៌ និងឯករាជនោះទេ។
«ពួកខ្ញុំដឹងថា អត់មានយុត្តិធម៌ហើយ ពួកខ្ញុំនៅតែដាក់ពាក្យបណ្តឹងជំទាស់ទៅតុលាការកំពូលទៀត នេះពួកខ្ញុំចង់ឱ្យពិភពលោក ក៏ដូចជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសកម្ពុជាទាំងអស់ឱ្យដឹងថា តុលាការកម្ពុជាមិនមានភាពយុត្តិធម៌…»។
ទាក់ទងទៅនឹងបញ្ហានេះដែរ មេធាវីការពារក្តីឱ្យស្ត្រីបឹងកក់ទាំង ១៣ នាក់ អ្នកស្រី សាម សុគន្ធា ក៏មានជំនឿជាក់ថា កូនក្តីរបស់ខ្លួននឹងអាចទទួលបានយុត្តិធម៌ផងដែរ។ មូលហេតុដែលអ្នកស្រីជឿជាក់យ៉ាងមុតមាំដូច្នេះ ដោយសារតែកូនក្តីរបស់អ្នកស្រី មិនបានប្រព្រឹត្តដូចការចោទប្រកាន់របស់តុលាការឡើយ៖ «ដោយសារតែកូនក្តីខ្ញុំមិនបានប្រព្រឹត្តខុស ដូចការចោទប្រកាន់ ហើយដោយសារតែខ្ញុំមានជំនឿជឿជាក់ លើប្រព័ន្ធតុលាការខ្មែរមានភាពយុត្តិធម៌…»។
ទាក់ទងនឹងបញ្ហានេះ WMC បានព្យាយាមទាក់ទងទៅអ្នកនាំពាក្យ ក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព និងលោក ជិន ម៉ាលីន ជាច្រើនលើក តែទូរស័ព្ទចូលហើយមិនមានអ្នកទទួល។
សូមរំឭកថា កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១២ សាលក្រមតុលាការដំបូងបានចោទប្រកាន់និងផ្តន្ទាទោស ស្ត្រីបឹងកក់ ១៣នាក់ ក្នុងនោះស្ត្រីម្នាក់ៗមានទោសចំនួន ២ឆ្នាំកន្លះ លើកលែងតែ អ្នកស្រី ងែត ឃុន ទេ ដែលមានទោស ១ឆ្នាំកន្លះ ក្រោមបទចោទ ចូលកាន់កាប់ដោយខុសច្បាប់អចលនវត្ថុ របស់និតិបុគ្គលសាធារណៈ និងប្រឆាំងនឹងមន្ត្រីរាជការសាធារណៈ កាលនោះត្រូវតុលាការឧទ្ធរណ៍កាត់តម្រឹមត្រឹម ១ខែ ៣ថ្ងៃវិញ។ ក្នុងចំណោមស្ត្រីទាំង ១៣នាក់នោះ រួមមាន អ្នកស្រី ទេព វន្នី អ្នកស្រី បូវ សោភា អ្នកស្រី ងែត ឃុន កញ្ញា ហុង ស្រីលៀភ រួមទាំងស្ត្រី ១១ រូបផ្សេងទៀត។