en     km
en     km

មន្ទីរពេទ្យ​ Sunrise Japan​ នឹង​បើក​សេវា​ព្យាបាល​ជំងឺ​នៅ​កម្ពុ​ជានា​ពាក់កណ្តាល​ឆ្នាំ​២០១៦​

Share

cover-sunrise-japan-hospital_planned-photo
ប្លង់មន្ទីរពេទ្យ

ភ្នំពេញ​៖​  នៅ​ពាក់កណ្តាល​ឆ្នាំ​ ២០១៦​ ខាង​មុខ​នេះ​ មន្ទីរពេទ្យ​មួយ​ដែល​មានឈ្មោះ​ថា​ សាន់​រ៉ា​យស៍​ជប៉ុន​ (Sunrise​ Japan​ Hospital​)​ នឹង​មាន​វត្ត​មាននៅ​ក្នុង​រាជធានី​ភ្នំពេញ​ ដើម្បី​បម្រើ​អតិថិជន​ទូទៅ​។​

​មន្ទីរពេទ្យ​ជប៉ុន​ដែល​គេ​ហៅ​ថា​ ជា​មន្ទីរពេទ្យ​ស្តង់ដា​ទំនើប​ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជួយ​សម្រួលការ​លំបាក​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ ក្នុង​ការ​ស្វែងរក​សេវា​ព្យាបាល​សុខភាព​ទាំង​នៅ​ក្នុង​ និង​ទៅ​ក្រៅប្រទេស​។​ ទន្ទឹម​គ្នា​នេះ​ដែរ​ មន្ទីរពេទ្យ​ស្តង់ដា​ជប៉ុន​ដំបូង​គេ​នៅ​កម្ពុ​ជាមួយ​នេះ​ នឹង​នាំ​គ្រូពេទ្យ​ និង​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ​ថ្មីៗ​របស់​ជប៉ុន​មក​ព្យាបាល​ និង​ប្រើប្រាស់​នៅ​កម្ពុជា​។​  លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​កម្ពុជា​ ក៏​បាន​សាទរ​ចំពោះ​ប្រទេស​ជប៉ុន​ ដែល​ជួយ​កម្ពុជា​លើ​វិស័យ​សុខាភិបាល​។​

​លម្អិត​ព័ត៌មាន​ដោយ​ លោក​ ម៉ៅ​ សំណាង​ ៖

នេះ​ជា​លើក​ដំបូង​បង្អស់​ដែល​ប្រទេស​ជប៉ុន​នាំ​យក​វិស័យ​សុខាភិបាល​របស់​ខ្លួន​ ចេញ​មក​ក្រៅប្រទេស​ និង​មក​ប្រទេស​កម្ពុជា​។​ មន្ទីរពេទ្យ​ស្តង់ដារ​ជប៉ុន​ថ្មី​មួយ​មានឈ្មោះ​ថា​ សាន់​រ៉ា​យស៍​ជប៉ុន​ ឬ​ជា​ភាសា​អង់គ្លេស​ Sunrise​ Japan​ Hospital​ នឹង​មាន​វត្ត​មាន​នៅ​តំបន់​ជ្រោយចង្វារ​ត្រើយ​ខាងកើត​ក្នុង​រាជធានី​ភ្នំពេញ​ និង​សម្ពោធ​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ពាក់កណ្តាល​ឆ្នាំ​ ២០១៦​ នេះ​។​

លោក​វេជ្ជបណ្ឌិត​ Yoshifumi​ Hayashi​ អ្នកគ្រប់គ្រង​នៃ​មន្ទីរពេទ្យ​ Sunrise​ Japan​ មាន​ប្រសាសន៍​ថា​ ការ​បង្កើត​មន្ទីរពេទ្យ​នេះ​ឡើង​ ដើម្បី​ជួយ​ដល់​ប្រជាជន​កម្ពុជា​ដែល​ពិបាក​ស្វែងរក​សេវា​ព្យាបាល​ជំងឺ​នៅ​ក្នុង​ប្រទេស​។​ លោក​ Hayashi​ បន្ត​ទៀត​ថា​ ទោះបី​បច្ចុប្បន្ន​វិស័យ​សុខាភិបាល​កម្ពុជា​មានការ​រីក​ចម្រើន​ ប៉ុន្តែ​ជា​ការ​កត់សម្គាល់​ប្រជាពលរដ្ឋ​កម្ពុជា​ចំនួន​យ៉ាងច្រើន​ នៅ​តែ​ធ្វើ​ដំណើរ​ទៅ​ស្វែងរក​សេវា​សុខាភិបាល​នៅ​ក្រៅប្រទេស​ ច្រើន​ជាង​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​។

«​មូលហេតុ​ដែល​យើង​បង្កើត​មន្ទីរពេទ្យ​នៅ​កម្ពុជា​ ដោយសារ​យើង​ចង់​ជួយ​ដល់​ប្រជាជន​កម្ពុជា​។​ ទោះបី​សេវា​សុខាភិបាល​កម្ពុជា​កំពុង​រីក​ចម្រើន​ ប៉ុន្តែ​នៅ​មាន​កម្រិត​ និង​មិន​ទាន់​គ្រប់គ្រាន់​នោះ​ទេ​ ជា​ពិសេស​ផ្នែក​សង្គ្រោះ​បន្ទាន់​ ព្រោះថា​នៅ​ប្រទេស​កម្ពុជា​ពេល​មាន​គ្រោះថ្នាក់​ផ្សេងៗ​ពិបាក​រក​កន្លែង​សង្គ្រោះ​បន្ទាន់​ណាស់​ បើ​នៅ​ប្រទេស​ជប៉ុន​ប្រជាជន​អា​ចរក​កន្លែង​សង្គ្រោះ​បន្ទាន់​បាន​…»​។​

មន្ទីរពេទ្យ Sunrise Japan កំពុងត្រូវបានសាងសង់
មន្ទីរពេទ្យ Sunrise Japan កំពុងត្រូវបានសាងសង់

ខណៈ​មន្ទីរពេទ្យ​ Sunrise​ Japan​ ផ្តើម​ដាក់​ឱ្យ​ដំណើរការ​ គឺ​មន្ទីរពេទ្យ​នេះ​មាន​សេវា​ព្យាបាល​ចំនួន​បួន​ផ្នែក​សំខាន់ៗ​ រួម​មាន​ ផ្នែក​សង្គ្រោះ​បន្ទាន់​ទូទៅ​ ផ្នែក​វះកាត់​ប្រព័ន្ធ​ប្រសាទ​និង​ព្យាបាល​ជំងឺស្ត្រូក​ ផ្នែក​ពិនិត្យ​និង​ប្រឹក្សា​ជំងឺ​ទូទៅ​ ព្រមទាំង​ផ្នែក​វះកាត់​បេះដូង​។​ វេជ្ជបណ្ឌិត​ Hayashi​ បានឱ្យ​ដឹង​ទៀត​ថា​ ចំណុច​ពិសេស​នៃ​មន្ទីរពេទ្យ​នេះ​ គឺជា​មន្ទីរពេទ្យ​ដែល​មាន​បំពាក់​ឧបករណ៍​វេជ្ជសាស្ដ្រ​សង្គ្រោះ​បន្ទាន់​ទំនើបៗ​របស់​ជប៉ុន​ ជា​ពិសេស​គ្រូពេទ្យ​ដែល​បម្រើ​ការងារ​ក្នុង​មន្ទីរពេទ្យ​ ទទួល​បានការ​បណ្តុះបណ្តាល​មក​ពី​ប្រទេស​ជប៉ុន​ និង​ផ្តល់​ទំនុកចិត្ត​ដល់​សាធារណជន​។​

​លោក​វេជ្ជបណ្ឌិត​ Yoshifumi​ Hayashi​ បានឱ្យ​ដឹង​ទៀត​ថា​ ទោះបី​មន្ទីរពេទ្យ​នេះ​ជា​មន្ទីរពេទ្យ​ឯកជន​ក៏​ដោយ​ មន្ទីរពេទ្យ​នឹង​ព្យាយាម​ជួយ​ពលរដ្ឋ​ឱ្យ​អស់ពី​លទ្ធភាព​ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​សេវា​ព្យាបាល​សុខភាព​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​។​

​តាម​ការ​ឱ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត​ Yoshifumi​ Hayashi​ មន្ទីរពេទ្យ​ Sunrise​ Japan​ នឹង​រៀបចំ​បង្កើត​មូលនិធិ​នៅ​ក្នុង​ប្រទេស​ជប៉ុន​និង​នៅ​កម្ពុជា​ដើម្បី​ប្រមូល​ថវិកា​ជួយ​ព្យាបាល​ជំងឺ​ដល់​ពលរដ្ឋ​កម្ពុជា​ក្រីក្រ​ ដែល​គ្មាន​លទ្ធភាព​ក្នុង​ភាព​ក្នុង​ការ​ព្យាបាល​។

លោក​ ម៉​ម​ ប៊ុ​ន​ហេង
លោក​ ម៉​ម​ ប៊ុ​ន​ហេង

លោក​ ម៉​ម​ ប៊ុ​ន​ហេង​ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ មាន​ប្រសាសន៍​ថា​មួយ​វិទ្យុ​ស្ត្រី​ FM​ 102​ នៅ​ថ្ងៃនេះ​ថា​ កម្ពុជា​សាទរ​ ប្រទេស​ជប៉ុន​ដែល​បាន​ចាប់អារម្មណ៍​ជួយ​កម្ពុជា​ក្នុង​វិស័យ​សុខាភិបាល​។​ ទន្ទឹម​គ្នា​នេះ​ដែរ​ វត្តមាន​នៃ​មន្ទីរពេទ្យ​ជប៉ុន​ ក៏​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​រីក​ចម្រើន​នៅ​ក្នុង​វិស័យ​សុខាភិបាល​កម្ពុជា​ ហើយ​ក្រសួងសុខាភិបាល​នឹង​សហការ​ជាមួយ​មន្ទីរពេទ្យ​ថ្មី​មួយ​នេះ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​។

«​យើង​ស្វាគមន៍​ យើង​នឹង​សហការ​ជាមួយ​ពេទ្យ​ហ្នឹង​ ហើយ​យើង​នឹង​ធ្វើការ​ជាមួយ​គ្នា​…​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​រីក​ចម្រើន​នៅ​ក្នុង​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​»​។

​សូម​ជម្រាប​ថា​ Sunrise​ Japan​ ជា​មន្ទីរពេទ្យ​មួយ​ដែល​មានការ​ជួយ​ឧ​ប​ត្ថ​ម​ពី​អង្គការ​ JICA​ និង​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​នូវ​ទឹកប្រាក់​មួយ​ចំនួន​។​ មន្ទីរពេទ្យ​ជប៉ុន​ដំបូង​នេះ​ នឹង​ដាក់​សម្ពោធ​ជា​ផ្លូវការ​នៅ​ខែ​ ក​ក្ត​ដា​ ឆ្នាំ​ ២០១៦​  ដោយ​មាន​ក្រុម​គ្រូពេទ្យ​ជប៉ុន​ពាក់កណ្តាល​នៃ​ចំនួន​គ្រូពេទ្យ​ទាំងអស់​ប្រចាំការ​នៅ​កម្ពុជា​។​ មន្ទីរពេទ្យ​ Sunrise​ japan​ ក៏​នឹង​មានកម្ម​វិធី​ការ​បណ្តុះបណ្ដាល​ផ្នែក​សុខាភិបាល​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​៕

រូបភាព៖ ផ្ដល់ឱ្យ

Share

ព័ត៌មានទាក់ទង

Image