បន្ទាប់ពីផ្ទុះមេរោគអេដ៍នៅភូមិរកា ខេត្តបាត់ដំបង និងករណីផ្ទុះ អ្នកផ្ទុកមេរោគអេដស៍ នៅឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល រួមទាំងករណីផ្ទុះមេរោគអេដស៍ បូករួមទាំងក្រមសីលធម៌របស់គ្រូពេទ្យធ្លាក់ចុះទៀតនោះ ប្រធានគណកម្មការសុខាភិបាល សង្គមកិច្ច យុទ្ធជន យុវនីតិសម្បទា ការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី អ្នកស្រី កែ សុវណ្ណរតន៍ យល់ថា ដើម្បីផលប្រយោជន៏ជាតិ និងលើកស្ទួយវិស័យសុខាភិបាលនេះវិញ លោក ម៉ម ប៊ុនហេង ត្រូវលាលែងចេញពីតំណែង ដោយទុកឱកាសឱ្យអ្នកជំនាន់ក្រោយដែលមានសមត្ថភាព ដឹកនាំវិស័យសុខាភិបាលនេះ។ តែ លោករដ្ឋមន្ត្រី ក្រសួងសុខាភិបាលរូបនេះ បដិសេធ។
ព័ត៌មាននេះរាយការណ៍ដោយកញ្ញា ជុំ ជោគជាតា៖
ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា លោកស្រី កែ សុវណ្ណរតន៍ បានទទូចថា ករណីផ្ទុះ ជាថ្មីទៀត នៃការឆ្លងមេរោគអេដស៍នៅឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ជាករណីធ្ងនធ្ងរ ដែលលោកស្រី ថា លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ត្រូវលាលែងពីតំណែង។ លោកស្រីបាន ទទូចដូចនេះក្នុងពេលលោកស្រី ផ្ដល់បទសម្ភាសជាមួយ គេហទំព័រថ្មីៗ នៅ ព្រឹកថ្ងៃទី១ មីនានេះ។
លោកស្រី មានប្រសាសន៍ថា វិស័យសុខាភិបាលដែលដឹកនាំដោយលោក ម៉ម ប៊ុនហេង កំពុងមានការធ្លាក់ចុះយ៉ាងខ្លាំង ដែលធ្វើឱ្យប្រជាពលរដ្ឋក្រីក្រ និងអ្នកមិនសូវមានធនធានលែងមានទំនុកចិត្ត ចំណែកអ្នកមានទ្រព្យសម្បត្តិសុខចិត្តទៅព្យាបាលនៅក្រៅប្រទេស។
« ខ្ញុំ ថា បើគិតផលប្រយោជន៍មែនទែនទៅ វាត្រូវលាលែង មិនមែនគួរលាលែងទេ… ។ ប៉ុន្ដែ ការលាលែងរួចហើយ តើអ្នកណាជាអ្នកមកធ្វើហ្នឹង ត្រូវរៀបចំឡើងវិញ ហើយត្រូវប្ដេជ្ញាចិត្ត ។ ខ្ញុំមិចង់ឃើញ ប្រទេសកម្ពុជាយើងភាគច្រើន ដោះដូរមនុស្ស ប៉ុន្ដែអ្នកមកក្រោយ ពិបាកជាង អ្នកមុនទៅទៀត អាចពិបាកជាងអ្នកមុន ធម្មតាកាលណាគេដោះដូរ គេដោះដូរឱ្យខ្លាំង ចា៎មិនមែនគេដោះដូរឱ្យខ្សោយទេ»។
ទាក់ទងនឹងការលើកឡើងរបស់អ្នកស្រី កែ សុវណ្ណរតន៍ ប្រធានគណៈកម្មាទី៨ នៃរដ្ឋសភា នេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ដែលផ្ដល់បទម្ភាសខ្លីមួយឱ្យវិទ្យុស្ត្រី FM 102 ថា លោកបានបដិសេធដោយប្រតិកម្មតបវិញថា ការលើកឡើងរបស់ អ្នកស្រី កែ សុវណ្ណរតន៍ គ្រាន់តែជាការយល់ឃើញរបស់បុគ្គលម្នាក់ ដែលលើកឡើងខុសពីការពិត និងមិនឃើញពីតម្លៃនៃការងាររបស់លោក ។
លោក ថា វិស័យសុខាភិបាលដែលដឹកនាំដោយលោក នាពេលកន្លងមករហូតមកដល់ និងពេលបច្ចុប្បន្ននេះ គឺមានការរីកចម្រើន និងទទួលបានជោគជ័យគួរឱ្យកត់សម្គាល់។ លោកម៉ម ប៊ុនហេង ថា៖ «យើងបានមើលឃើញហើយ ពីការរីកចម្រើនលើវិស័យសុខាភិបាល យើង ការរួមចំណែកនៅក្នុងគោលដៅសហស្សវត្ស យើងបានទទួល និងសម្រចបាននូវ គោលដៅសហស្សវត្សរបស់យើង ទទួលបានដោយជោគជ័យមុនកាលកំណត់ទៅទៀត ដូចជា ការកាត់បន្ថយអត្រាមរណភាពមរណភាពដល់មាតា កាត់បន្ថយអត្រាមរណដល់កុមារ ការត្រួតពិនិត្យជំងឺឆ្លង»។
ជុំវិញរឿងនេះដែរ អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី មានប្រសាសន៍ថា មូលហេតុដែលធ្វើឱ្យស័យសុខាភិបាលនៅកម្ពុជាធ្លាក់ចុះ ហើយប្រជាពលរដ្ឋបាត់បង់ទំនុកចិត្ត រួមទាំងដល់ដំណាក់កាលដែល អ្នកស្រី កែ សុវណ្ណរតន៍ ទទូចថា លោករដ្ឋមន្ដ្រី ក្រសួងសុខភិបាលត្រូវចុះចេញពីតំណែងនេះ គឺជាបញ្ហាធ្ងន់ធ្ងរ។
«មន្ដ្រី ឬក៏ក្រុមបុគ្គលិកដែលធ្វើការនៅក្នុងមណ្ឌលសុខភាពហ្នឹង ក៏យើងឃើញថា នៅមាន បញ្ហាច្រើនក្នុងការទំនាក់ទំនងជាមួយអ្នកនឹងជំងឺ ហើយទាំងអស់នេះ ដោយសារតែខ្វះថវិកា។ ហើយដោយសារតែបញ្ហាខ្វះខាតថវិកានេះហើយ វាបានធ្វើឱ្យមន្ទីរពេទ្យមានសម្ភារៈមិនគ្រប់គ្រាន់។ ចឹងបើអត់មានសម្ភារៈឱ្យគ្នាប្រើ ក៏មិនដឹងថា ឱ្យយើងដើរទាន់ ទៅស្ដង់ដា សុខភាពនៅក្នុងតំបន់យ៉ាងម៉េចទេ។ ដ៏ចឹងធ្វើអោយអ្នកជំងឺដែលមានលុយច្រើន គឺ គេចៀសវាង មិនចូលទៅក្នុងសេវាកម្មពេទ្យខ្មែរទេ គឺគេសុខចិត្តយកលុយរាប់រយរាប់សែន រាប់លានដុល្លារ យកចំណាយទៅពេទ្យថៃ ឬក៏ទៅវៀតណាមវិញហើយ»។
ករណីផ្ទុះមេរោគអេដស៍នៅខេត្តបាត់ដំបង មកដល់ពេលនេះ មនុស្សដែលមានផ្ទុក ជំងឺប្រភេទនេះបានស្លាប់ ១២ នាក់ ខណៈអ្នកឆ្លងមេរោគអេដស៍មានចំនួនជិត ៣០០ នាក់ហើយ គ្រូពេទ្យម្នាក់ដែលគេថាពុំមានវិជ្ជាជីវៈ ត្រូវបានតុលាការ ផ្ដន្ទាទោស រយៈពេល ២៥ ឆ្នាំ ពាក់ព័ន្ធការចម្លងមេរោគអេដស៍នៅក្នុងឃុំរកាស្រុកសង្កែ ខេត្តបាត់តំបង។ តែករណី របស់អ្នកស្រុកនៅឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាលអាជ្ញាធរ បានបង្កើត គណៈកម្មាការស្វែងរកការពិតករណីនេះដែរ៕