ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីប្រកាសព័ត៌មានថា នៅដើមខែមីនានេះ សីតុណ្ហភាពអតិបរមា នឹងមានការកើនឡើងកម្ពស់ខ្ពស់ជាងខែកុម្ភៈពី ២ ទៅ ៣ អង្សាសេ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹកនិងឧតុនិយមចុះ ថ្ងៃទី២៩ ខែកុម្ភៈ ។
បើតាមសេចក្តីប្រកាសព័ត៌មានដដែល ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា៖ «សីតុណ្ហភាពអតិបរមាអាច ចាប់ពី ៣៥ ទៅ ៣៧ អង្សាសេ នៅតំបន់ទំនាបកណ្តាល និងតំបន់ខ្ពង់រាប ហើយតំបន់ទាំងពីរនេះពុំមានភ្លៀងកក់ខែនោះទេ។ ប៉ុន្ដែនៅតំបន់មាត់សមុទ្រវិញ អាចមានភ្លៀងកក់ខែខ្លះៗ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៦ ចំណែកសីតុណ្ហភាពអតិបរមាមាន ៣៣ ទៅ ៣៥ អង្សាសេ»។
លោក ចាន់ យុត្ថា អ្នកនាំពក្យក្រសួងធនធានទឹកនិងឧតុនិយម បានមានប្រសាសន៍ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃ អង្គារ នេះថា ចាប់ពីដើមខែមីនានេះតទៅ ក្រសួងធនធានទឹក និងឧតុនិយម និងធ្វើការផ្សាយដំណឹងផ្សេងៗទាក់ទងជាមួយការព្យាករណ៍អាកាសធាតុរៀងរាល់មួយសប្ដាហ៍ម្ដង ដើម្បីឱ្យពលរដ្ឋទទួលបានដំណឹងទាន់ពេលវេលា។
លោក ចាន់ យុត្ថា បន្ថែមថា៖ « អាកាសធាតុនឹងចាប់ផ្ដើមក្ដៅពីពេលនេះតទៅ ហើយក្នុងកំលុងខែមេសា ពេញមួយខែតែម្ដង កម្ដៅនឹងកើនឡើងដែលតំបន់ខ្លះអាចឈានដល់៤០ ទៅ ៤២អង្សាសេ»។
អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយមរូបនេះបន្ដថា៖ « ដោយសារសម្រាប់ឆ្នាំ២០១៦ នេះ កម្ពុជានឹងជួបប្រទះនូវបាតុភូតរាំងស្ងួតរយៈពេលយូរដល់ទៅជាង ៧ ខែ ហើយក្នុងរដូវវស្សាក៏និងមានការរាំងស្ងូតរយៈពេលខ្លីផងដែរ ដូច្នេះហើយក្រសួងក៏សុំធ្វើការអំពាវនាវពលរដ្ឋគ្រប់រូបត្រូវប្រើប្រាស់ទឹកធ្វើយ៉ាងណាប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដើម្បីចៀសវាងការខ្វះទឹកប្រើប្រាស់»៕