សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានទទូចឱ្យពលរដ្ឋទាំងអស់ ដែលជួបប្រទះរឿងអយុត្តិធម៌ផ្សេងៗ ផ្ញើឯកសារ និងពាក្យបណ្ដឹងមកកាន់ Inbox (ប្រអប់សំបុត្រហ្វេសប៊ុក) ក្នុងបណ្តាញសង្គម Facebook ផ្លូវការរបស់របស់សម្តេច ដើម្បីចូលរួមដំណោះស្រាយបញ្ហារឿងអយុត្តិធម៌។
សាររបស់សម្ដេចនាយករដ្ឋមន្ត្រីធ្វើឡើង នៅថ្ងៃទី១ ខែមីនា ហើយដែលត្រូវបានមើលឃើញជាសាធារណៈ។
សាររបស់សម្ដេចបានប្រាប់ទៅជនរួមជាតិថាគេអាចផ្ញើជាសារ និងលិខិតផ្សេងៗ (PDF / MS Words Files) រួមជាមួយឯកសារភ្ជាប់នានាមកកាន់ Inbox នៅក្នុងគេហទំព័ររបស់សម្តេច (ទំព័រហ្វេសប៊ុក) ដោយចាប់ពីថ្ងៃនេះតទៅ។
សម្តេចបានលើកឡើងក្នុងបណ្ដាញសង្គមទៀតថា សម្តេចតែងតែធ្វើអ្វីជាគំរូល្អដល់ជនរួមជាតិ យុវជន និង យកចិត្តទុកដាក់គិតគូរដល់អាយុជីវិត សុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋជានិច្ច។
តែនៅពេលជាមួយគ្នានេះសម្តេចទទូចឱ្យពលរដ្ឋបានរបាយការណ៍ និងដាក់ពាក្យបណ្តឹងនានាត្រូវតែមានមូលដ្ឋានច្បាប់ពិតប្រាកដរួមជាមួយភស្តុតាង និងសាក្សីច្បាស់លាស់។
ទន្ទឹមនឹងនេះ សម្ដេចនាយកមន្ត្រីបានណែនាំឱ្យក្រសួងមន្ទីរ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធនានាត្រូវចូលរួមដោះស្រាយអំពើអយុត្តិធម៌ជូនប្រជាជន ហើយឈប់កសាងអំពើអាក្រក់ ឈប់ចូលរួម និងឈប់ការពារជនខិលខូចតទៅទៀត។
ទាក់ទងនឹងការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលនេះ លោក អំ សំអាត អ្នកគ្រប់គ្រងផ្នែកបច្ចេកទេសការិយាល័យស៊ើបអង្កតនៃអង្គការសិទ្ធិមនុស្ស លីកាដូ គាំទ្រចំពោះចំណាត់ការដោះស្រាយរបស់រដ្ឋាភិបាល ប៉ុន្តែលោកថារាល់បញ្ហទាំងអស់ មិនចាំបាច់ដល់មន្ត្រីកំពូលនោះទេ ព្រោះអាជា្ញធរថ្នាក់ក្រោមក៏មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។ លោក អំ សំអាត បន្តថា ចំណាត់ការនេះ អាចធ្វើឱ្យអាជ្ញាធរមួយចំនួនដែលព្រងើយកន្តើយមិនព្រមបំពេញភារកិច្ច ភ្ញាក់ខ្លួនដោះស្រាយបព្ហាជូនប្រជាពលរដ្ឋ និងមិនត្រូវរង់ចាំតែប្រមុខរដ្ឋាភិបាលដោះស្រាយនោះទេ។
លើសពីនេះទៀត លោក អំ សំអាត ថា កន្លងមក អាជ្ញាធរថ្នាក់ក្រោម តែងតែដោះស្រាយបញ្ហាដោយបិទបាំង ឬរារាំងសំណុំរឿងអយុតិធម៌ទាំងឡាយរបស់ប្រជាពលរដ្ឋ ព្រោះមិនឲ្យថ្នាក់លើដឹងរឿង ដោយភ័យខ្លាចបាត់បង់មុខតំណែង ឬតួនាទីរបស់ខ្លួន។ លោក អំ សំអាតបន្ថែមថា៖ «ខ្ញុំគិតមួយទៀតថាកាលៈទេសៈនេះ គ្រប់គណបក្សនយោបាយតែងតែចង់បានប្រជាប្រិយភាព ហើយចឹងបញ្ហានៃការដោះស្រាយជាពិសេសគណបក្សកាន់អំណាចនៅរដ្ឋាភិបាលគាត់ខិតខំក្នុងការរកយន្តការក្នុងការដោះស្រាយជូនប្រជាពលរដ្ឋដើម្បីមានប្រជាប្រិយភាព»។
ជុំវិញរឿងនេះ លោក យ៉ែម បុញ្ញាឬទ្ឋិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ គាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ដែលអនុញ្ញាតឲ្យពលរដ្ឋផ្ញើសំណុំរឿងអយុតិ្តធម៌ទៅកាន់ប្រអប់សាររបស់រដ្ឋាភិបាល ដើម្បីដំណោះស្រាយជូនពលរដ្ឋ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិរូបនេះ បានលើកឡើងថា សម័យបច្ចេកវិទ្យាទំនើបការដោះស្រាយបញ្ហាជូនពលរដ្ឋតាមរយៈបណ្តាញព័ត៌មានសង្គម នឹងធ្វើឱ្យថ្នាក់ដឹកនាំអាចដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋបានពិតប្រាកដ និងដោះស្រាយបញ្ហាបានឆាប់រហ័ស។ លោក យ៉ែម ប៉ុញ្ញាឫទិ ថ្លែងយ៉ាងដូច្នេះថា «ប្រមុខរដ្ឋាភិបាលលោកអាចមើល លោកអាចជ្រាប់ អាចដឹង ហើយលោកអាចជួយរកដំណោះស្រាយបានទាន់ពេលវេលា ហើយល្អប្រសើរ យើងគាំទ្រគំនិតនេះបាទ ពីព្រោះនៅក្នុងស្ថាប័ននីមួយៗគួរមានប្រអប់ទាំងអស់ហ្នឹង ដើម្បីទទួលព័ត៌មានពីប្រជាពលរដ្ឋ»។
នេះជាលើកដំបូងហើយដែលប្រមុខរដ្ឋាភិបាល ទទូចឱ្យពលរដ្ឋ ចូលពាក់ព័ន្ធជាមួយ សម្ដេចផ្ទាល់ដើម្បីដោះស្រាយបញ្ហារបស់ដែលកើតឡើងក្នុងសង្គម និងសហគមន៍តាមរយៈបណ្ដាញសង្គមរបស់សម្ដេច៕