en     km
en     km

សម្តេច​ ហ៊ុន​ សែន​ ទទូច​ឱ្យ​ពលរដ្ឋ​ផ្ញើ​សារ​ចូល​ Inbox​ របស់​សម្តេច​ ដើម្បី​ដោះស្រាយ​រឿង​អយុត្តិធម៌​

Share

hunsen-cover
សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ បាន​ទទូច​ឱ្យ​ពលរដ្ឋ​ទាំងអស់​ ដែល​ជួប​ប្រទះ​រឿង​អយុត្តិធម៌​ផ្សេងៗ​ ផ្ញើ​ឯកសារ​ និង​ពាក្យបណ្ដឹង​មក​កាន់​ Inbox​ (ប្រអប់សំបុត្រហ្វេសប៊ុក) ក្នុង​បណ្តាញ​សង្គម​ Facebook​ ផ្លូវការ​របស់​របស់​សម្តេច​ ដើម្បី​ចូលរួម​ដំណោះស្រាយ​បញ្ហា​រឿង​អយុត្តិធម៌​។​

សារ​របស់​សម្ដេច​នាយក​រដ្ឋមន្ត្រី​ធ្វើ​ឡើង​ នៅ​ថ្ងៃ​ទី​១ ខែមីនា​ ហើយ​ដែល​ត្រូវ​បាន​មើលឃើញ​ជា​សាធារណៈ​​។​

សារ​របស់​សម្ដេច​បាន​ប្រាប់​ទៅ​ជនរួមជាតិ​ថា​គេ​អាច​ផ្ញើ​ជា​សារ​ និង​លិខិត​ផ្សេងៗ​ (PDF / MS​ Words Files)​ រួម​ជាមួយ​ឯកសារ​ភ្ជាប់​នានា​មក​កាន់​ Inbox នៅ​ក្នុង​គេហទំព័រ​របស់​សម្តេច​ (ទំព័រហ្វេសប៊ុក) ដោយ​ចាប់ពី​ថ្ងៃនេះ​តទៅ​។​

សម្តេច​បាន​លើក​ឡើង​ក្នុង​បណ្ដាញ​សង្គម​ទៀត​ថា​ សម្តេច​តែងតែ​ធ្វើ​អ្វី​ជា​គំរូ​ល្អ​ដល់​ជនរួមជាតិ​ យុវជន​ និង​ យកចិត្តទុកដាក់​គិតគូរ​ដល់​អាយុជីវិត​ សុខទុក្ខ​ និង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ជា​និច្ច​។​

តែ​នៅ​ពេល​ជាមួយ​គ្នា​នេះ​សម្តេច​ទទូច​ឱ្យ​ពលរដ្ឋ​បាន​របាយការណ៍​ និង​ដាក់​ពាក្យបណ្តឹង​នានា​ត្រូវ​តែ​មាន​មូលដ្ឋាន​ច្បាប់​ពិតប្រាកដ​រួម​ជាមួយ​ភស្តុ​តាង​ និង​សាក្សី​ច្បាស់លាស់​។​

ទន្ទឹម​នឹង​នេះ​ សម្ដេច​នាយក​មន្ត្រី​បាន​ណែនាំ​ឱ្យ​ក្រសួង​មន្ទីរ​ អាជ្ញាធរ​ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នានា​ត្រូវ​ចូលរួម​ដោះស្រាយ​អំពើ​អយុត្តិធម៌​ជូន​ប្រជាជន​ ហើយ​ឈប់​កសាង​អំពើអាក្រក់​ ឈប់​ចូលរួម​ និង​ឈប់​ការពារ​ជនខិលខូច​តទៅ​ទៀត​។​

ទាក់ទង​នឹង​ការ​លើក​ឡើង​របស់​ប្រមុខ​រដ្ឋាភិបាល​នេះ​ លោក​ អំ​ សំអាត​ អ្នកគ្រប់គ្រង​ផ្នែក​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្ក​តនៃ​អង្គការសិទ្ធិមនុស្ស​ លី​កាដូ​ គាំទ្រ​ចំពោះ​ចំណាត់ការ​ដោះស្រាយ​របស់​រដ្ឋាភិបាល​ ប៉ុន្តែ​លោក​ថា​រាល់​ប​ញ្ហ​ទាំងអស់​ មិន​ចាំបាច់​ដល់​មន្ត្រី​កំពូល​នោះ​ទេ​ ព្រោះ​អា​ជា្ញ​ធរ​ថ្នាក់​ក្រោម​ក៏​មាន​សមត្ថភាព​គ្រប់គ្រាន់​ ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​។​ លោក​ អំ​ សំអាត​ បន្ត​ថា​ ចំណាត់ការ​នេះ​ អាច​ធ្វើ​ឱ្យអាជ្ញាធរ​មួយ​ចំនួន​ដែល​ព្រងើយកន្តើយ​មិន​ព្រម​បំពេញភារកិច្ច​ ភ្ញាក់ខ្លួន​ដោះស្រាយ​ប​ព្ហា​ជូន​ប្រជាពលរដ្ឋ​ និង​មិន​ត្រូវ​រង់​ចាំតែ​ប្រមុខ​រដ្ឋាភិបាល​ដោះស្រាយ​នោះ​ទេ​។​

លើស​ពី​នេះ​ទៀត​ លោក​ អំ​ សំអាត​ ថា​ កន្លង​មក​ អាជ្ញាធរ​ថ្នាក់​ក្រោម​ តែងតែ​ដោះស្រាយ​បញ្ហា​ដោយ​បិទ​បាំង​ ឬ​រារាំង​សំណុំរឿង​អយុតិធម៌​ទាំងឡាយ​របស់​ប្រជាពលរដ្ឋ​ ព្រោះ​មិន​ឲ្យ​ថ្នាក់លើ​ដឹង​រឿង​ ដោយ​ភ័យ​ខ្លាច​បាត់បង់​មុខ​តំណែង​ ឬ​តួនាទី​របស់​ខ្លួន​។​ លោក​ អំ​ សំអាត​បន្ថែម​ថា​៖​ «​ខ្ញុំ​គិត​មួយទៀត​ថា​កាលៈទេសៈ​នេះ​ គ្រប់​គណបក្ស​នយោបាយ​តែងតែ​ចង់បាន​ប្រជាប្រិយភាព​ ហើយ​ចឹ​ង​បញ្ហា​នៃ​ការ​ដោះស្រាយ​ជា​ពិសេស​គណបក្សកាន់អំណាច​នៅ​រដ្ឋាភិបាល​គាត់​ខិតខំ​ក្នុង​ការ​រក​យន្តការ​ក្នុង​ការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ដើម្បី​មាន​ប្រជាប្រិយភាព​»​។​

​ជុំវិញ​រឿង​នេះ​ លោក​ យ៉ែ​ម​ បុញ្ញា​ឬ​ទ្ឋិ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ចំណាត់ការ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ ដែល​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ផ្ញើ​សំណុំរឿង​អ​យុ​តិ្ត​ធម៌​ទៅ​កាន់​ប្រអប់​សារ​របស់​រដ្ឋាភិបាល​ ដើម្បី​ដំណោះស្រាយ​ជូន​ពលរដ្ឋ​។​

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​ បាន​លើក​ឡើង​ថា​ សម័យ​បច្ចេកវិទ្យា​ទំនើប​ការ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​តាម​រយៈ​បណ្តាញ​ព័ត៌មាន​សង្គម​ នឹង​ធ្វើ​ឱ្យ​ថ្នាក់ដឹកនាំ​អាច​ដឹង​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​បាន​ពិតប្រាកដ​ និង​ដោះស្រាយ​បញ្ហា​បាន​ឆាប់រហ័ស​។​ លោក​ យ៉ែ​ម​ ប៉ុ​ញ្ញា​ឫ​ទិ​ ថ្លែង​យ៉ាង​ដូច្នេះ​ថា​ «​ប្រមុខ​រដ្ឋាភិបាល​លោក​អាច​មើល​ លោក​អាច​ជ្រាប់​ អាច​ដឹង​ ហើយ​លោក​អាច​ជួយ​រក​ដំណោះស្រាយ​បាន​ទាន់​ពេលវេលា​ ហើយ​ល្អ​ប្រសើរ​ យើង​គាំទ្រ​គំនិត​នេះ​បាទ​ ពីព្រោះ​នៅ​ក្នុង​ស្ថាប័ន​នីមួយៗ​គួរ​មាន​ប្រអប់​ទាំងអស់​ហ្នឹង​ ដើម្បី​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​»​។​

នេះ​ជា​លើក​ដំបូង​ហើយ​ដែល​ប្រមុខ​រដ្ឋាភិបាល​ ទទូច​ឱ្យ​ពលរដ្ឋ​ ចូល​ពាក់ព័ន្ធ​ជាមួយ​ សម្ដេច​ផ្ទាល់​ដើម្បី​ដោះស្រាយ​បញ្ហា​របស់​ដែល​កើតឡើង​ក្នុង​សង្គម​ និង​សហគមន៍​តាម​រយៈ​បណ្ដាញ​សង្គម​របស់​សម្ដេច​៕

Share

Image
Image
Image