ដើម្បីកាត់បន្ថយអំពើពុករលួយនៅក្នុងសង្គម និងជំរុញការអភិវឌ្ឍប្រទេស ក៏ដូចជាបង្ហាញពីភាពស្អាតស្អំរបស់បុគ្គលិកនីមូយៗនៅក្នុងស្ថាប័នអង្គការសង្គមស៊ីវិល សមាគម រដ្ឋាភិបាល ទៅកាន់ម្ចាស់ជំនួយនោះ អង្គការក្នុងស្រុកចំនួន ៩ បានបង្កើតឱ្យមានកម្មវិធី ប្រកាសទ្រព្យ សម្បត្តិជាសាធារណៈនៅលើប្រព័ន្ធអ៊ីនធឺណេតដោយស្ម័គ្រចិត្ត។ នេះបើតាម ការប្រកាសនៅក្នុងសន្និសីទ ស្ដីពី ការប្រកាសទ្រព្យសម្បត្តិដោយស្ម័គ្រចិត្ត របស់អ្នកដឹកនាំ បុគ្គលិក អង្គការសង្គមស៊ីវិល និងនិស្សិត ដើម្បីបង្កើនប្រសិទ្ធភាពនិងតម្លាភាពជំនួយបរទេស នៅព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ នៅឯអង្គការ USAID Cambodia Development Innovations រាជធានីភ្នំពេញ។
រាយការណ៍ដោយកញ្ញា ជុំ ជោគជាតា៖
នាយកអង្គការគណនេយ្យភាពកម្ពុជា លោក គុយ មាសសំណាង មានប្រសាសន៍ឱ្យដឹងថា កម្មវិធីប្រកាសដាក់បង្ហាញទ្រព្យសម្បត្តិនៅលើប្រព័ន្ធអ៊ីនធឺណែតនៅថ្ងៃនេះ គឺមិនត្រឹមតែ មាន បំណង ផ្ដល់ឱកាសដល់ថ្នាក់ដឹកនាំ បុគ្គលិកក្នុងអង្គការសង្គមស៊ីវិល សិស្ស និស្សិត អាចប្រកាសទ្រព្យសម្បត្តិរបស់ខ្លួន ដើម្បីបញ្ជាក់ពីភាពស្អាតស្អំតែប៉ុណ្ណោះទេ ប៉ុន្ដែការរួមគ្នា បង្កើតឱ្យមានកម្មវិធីប្រកាសទ្រព្យសម្បត្តិនៅលើប្រព័ន្ធអ៊ីនធឺណែតពីអង្គការសង្គមស៊ីវិល ទាំង៩ នៅថ្ងៃនេះក៏មានបំណងចង់ឱ្យថ្នាក់ដឹកនាំនៅក្នុងជួររដ្ឋាភិបាលដាក់បង្ហាញទ្រព្យសម្បត្តិរបស់ខ្លួននៅលើប្រព័ន្ធអ៊ីនធឺណេតផងដែរ៖ «ចឹងបានរាជរដ្ឋាភិបាលយើងហ្នឹង ក៏ដូចជារដ្ឋសភាដែរគឺ ទាមទារឱ្យមានការចូលរួមពីប្រជាពលរដ្ឋ …» ។
ជាមួយគ្នានេះដែរ យុវជន កែវ ចាន់សួគ៌ ដែលបានថ្លែងប្រកាសទ្រព្យសម្បត្តិរបស់ខ្លួន ដល់អ្នកចូលរួមក្នុងកម្មវិធី បាននិយាយថា មូលហេតុដែលលោកស្ម័គ្រចិត្តចូលខ្លួន ប្រកាសទ្រព្យ សម្បត្តិនៅថ្ងៃនេះ ដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់ខ្លួន ក៏ដូចជាជំរុញឱ្យមាន អភិបាលកិច្ចល្អនៅក្នុងសង្គមផងដែរ។
«ចឹងខ្ញុំបាទ អត់មានទ្រព្យអីសំខាន់ក្នុងការប្រកាសទ្រព្យទេ ខ្ញុំធ្វើការក្រៅម៉ោងពីឯកជន ហើយខ្ញុំស្ម័គ្រចិត្តចូលរួមជាមួយអង្គការគណនេយ្យភាពកម្ពុជា។ ចឹងខ្ញុំ សង្ឃឹមថា ទៅថ្ងៃមុខ ខ្ញុំអាចមានទ្រព្យលើ ១៦ដុល្លារ ដែលមាននៅក្នុងកាតធនាគារអេស៊ីលីដា… ។
លោក ហូរ វ៉ាន់ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានផ្ដល់បទសម្ភាសន៍ ក្រោយដល់ អ្នកសារព័ត៌មាន ក្រោយបញ្ចប់ការប្រកាស បើកកម្មវិធីបង្ហាញទ្រព្យសម្បត្តិ នៅលើប្រព័ន្ធអ៊ីនធឺណែតដែរ ថា គំនិតផ្ដួចផ្ដើមដែលរៀបចំដោយអង្គការសង្គមស៊ីវិលនៅពេលនេះ គឺជា ការបង្កើតដ៏ល្អមួយ ដែលសង្គមកំពុងជួបឧបសគ្គយ៉ាងខ្លាំងនូវបញ្ហាពុករលួយ។ លោកបន្ដថា ប្រសិនបើ នៅតាមអង្គការឬស្ថាប័ននានា មានគំនិតផ្ដួចផ្ដើមបែបនេះ លោកជឿជាក់ថា ជាការអប់រំផង ជាវិធានការជួយកាត់បន្ថយ និងទប់ស្កាត់អំពើពុករលួយ។
«ខ្ញុំយល់ឃើញថា ជាគំនិតផ្ដួចផ្ដើមដ៏ល្អ ដ៏ល្អសម្រាប់សង្គមជាតិយើងទៅថ្ងៃអនាគត ពីព្រោះ យើងដឹងហើយ ពុករលួយបានបណ្ដាលឱ្យប្រជាពលរដ្ឋយើងរងគ្រោះ ទទួលភាពក្រីក្រ ទទួលឱ្យមនុស្សចែកជាវណ្ណៈ រវាងអ្នកមាននិងអ្នកក្រហ្នឹង ដាច់ឆ្ងាយពីគ្នាណាស់ ហើយ បានសិនយើងអាចបំបាត់អំពើពុករលួយនេះ គឺថា វាជួយដល់ការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជា ជួយកាត់បន្ថយភាពក្រីក្រឱ្យបានឆាប់រហ័សដែរ»។
សួមបញ្ជាក់ថា អង្គការទាំង៩ ដែលចូលរួមផ្ដួចផ្ដើមអោយមានកម្មវិធីប្រកាសទ្រព្យសម្បត្តិ ជូន ដល់សាធារណៈជននៅលើប្រព័ន្ធអ៊ីនធឺណែតនៅពេលនេះរួមមានអង្គការអង្គការ CCSP អង្គការ កម្ពុជាដើម្បីជួយស្ដ្រីមានវិបត្តិ ក្រុមការងារពិសេសសិទ្ធិលំនៅឋានក្រុមការងារដើម្បី ដោះស្រាយទំនាស់អង្គការអភិវឌ្ឍ សំឡេងសហគមន៍ អង្គការខ្មែរដើម្បីអភិវឌ្ឍន៍តំបន់ជនបទ
អង្គការសមាគមបម្លាស់បម្រែ និងអង្គការគណនេយ្យភាពកម្ពុជាជាដើម៕