សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងទទួលស្គាល់ថា មានពេទ្យមួយចំនួននៅប្រទេសកម្ពុជាគ្មានក្រមសីលធម៌ ដោយគិតលុយជាធំ និងមានសម្តីមិនសមរម្យចំពោះអ្នកជំងឺ។ ស្របពេលដែលរិះគន់នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ការខ្វះខាតនេះ ភាគច្រើនក្រុមគ្រូពេទ្យមានក្រមសីលធម៌ត្រឹមត្រូវ និងសេចក្តីថ្លៃថ្នូរ និងវិជ្ជាជីវៈពិតប្រាកដផងដែរ។
សម្តេច ហ៊ុន សែន ក៏សម្តែងការហួសចិត្តចំពោះពាក្យនិន្ទាពីសំណាក់បុគ្គលមួយចំនួន ដែលអះអាងថា ក្នុងចំណោមគ្រូពេទ្យ ១០០ នាក់ មានគ្រូពេទ្យ ៩៩ នាក់ ដែលគ្មានវិជ្ជាជីវៈច្បាស់លាស់ ព្រមទាំងគ្មានក្រមសីលធម៌។ ការថ្លែងរបស់ប្រមុខរដ្ឋាភិបាលដូចនេះ ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នាពេលព្រឹក ថ្ងៃទី២៩ ខែកុម្ភៈនេះ។
លម្អិតព័ត៌មានដោយ កញ្ញា ប៉ូ សាគុន ៖
សម្តេច ហ៊ុន សែន បានថ្លែងទទួលស្គាល់ថា មានពេទ្យមួយចំនួននៅប្រទេសកម្ពុជា មិនមានក្រមសីលធម៌ដោយប្រើពាក្យសម្តីមិនសមរម្យដាក់អ្នកជំងឺ និងគិតលុយជាធំ តែក៏មានពេទ្យភាគច្រើនមានក្រមសីលធម៌ និងសេចក្តីថ្លៃថ្នូរក្នុងវិជ្ជាជីវៈផងដែរ។
នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានអំពាវនាវដល់គ្រូពេទ្យទាំងអស់ក្នុងប្រទេសកម្ពុជា ឱ្យរក្សាក្រមសីលធម៌ និងសេចក្តីថ្លៃថ្នូរជាគ្រូពេទ្យ។ លោកថាគ្រូពេទ្យមួយចំនួនតូចនៅមានចំណុចខ្វះខាត តែទន្ទឹមនឹងនោះក៏មានគ្រូពេទ្យមួយចំនួនធំ មមាញញឹកនៅប្រចាំការរាល់ថ្ងៃ ដែលមានការលះបង់ខ្ពស់ មានក្រមសីលធម៌ និងទំនួលខុសត្រូវគួរឱ្យកោតសរសសើរ។
លោកបន្តថា មិនត្រូវឱ្យគ្រូពេទ្យអាក្រក់មួយចំនួនតូចមកបំផ្លាញមន្ទីរពេទ្យ និងក្រុមគ្រូពេទ្យល្អទេ ត្រូវតែជួយដាស់តឿនអប់រំគ្នា ហើយត្រូវរក្សាភាពថ្លៃថ្នូរជាដាច់ខាត។ ជាងនេះទៀត ប្រមុខរដ្ឋាភិបាលកម្ពុជា បានសម្តែងការហួសចិត្ត ប្រតិកម្មខ្លាំងៗចំពោះពាក្យនិន្ទាពីសំណាក់បុគ្គលមួយចំនួន ដែលអះអាងថា ក្នុងចំណោមគ្រូពេទ្យ ១០០នាក់ មានគ្រូពេទ្យ ៩៩ នាក់ ដែលគ្មានវិជ្ជាជីវៈច្បាស់លាស់ ព្រមទាំងគ្មានក្រមសីលធម៌។
ការប្រតិកម្មរបស់សម្តេចនាពេលនេះ ទំនងជាចង់សំដៅចំពោះការលើកឡើងរបស់លោក គួច ម៉េងលី ដែលធ្លាប់បានលើកឡើងថា ពេទ្យនៅក្នុងស្រុកខ្មែរដែលលោកធ្លាប់ជួបបើ ១០ មាន ៩ហើយ ដែលលោកមិនអាចទទួលយកបាន។
ក្រៅតែពីមិនពេញចិត្តចំពោះការវាយប្រហារបែបនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា ថែមទាំងសើចចំអកឱ្យអ្នកវិភាគមួយចំនួន ដែលលើកឡើងថា ប្រព័ន្ធសុខាភិបាល ត្រូវធ្វើបដិវត្ត ទើបល្អប្រសើរ មិនមែនធ្វើកំណែទម្រង់ឡើយ។ លោកនាយករដ្ឋមន្ត្រីបានបន្តថា អ្នកវិភាគទាំងនោះ ចេះតែបន្ទរពីក្រោយខ្នងគេ ដោយខ្លួនឯងគ្មានជំនាញផ្នែកវិជ្ជសាស្ត្រផងនោះ។
ទាក់ទងនឹងបញ្ហានេះ នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក ស៊ន ជ័យ បានថ្លែងថា កត្តាដែលនាំឱ្យគ្រូពេទ្យនៅកម្ពុជាខ្វះក្រមសីលធម៌ និងគិតប្រាក់ជាធំដោយសារតែនៅពេលការប្រឡងចូលក្របខណ្ឌពេទ្យអាចមានអំពើពុករលួយ ជាពិសេសរៀនពេទ្យត្រូវចំណាយអស់ច្រើន ដូច្នេះពួកគេអាចនឹងស្រង់ដើម។
សូមបញ្ជាក់ថា កន្លងមក មានការរិះជាច្រើនជុំវិញចំណុចអវិជ្ជាមាននៃសេវាសុខាភិបាល។ អ្នកខ្លះ អះអាងថា បណ្តាគ្រួពេទ្យ ១០០ នាក់ មានគ្រូពេទ្យ ៩៩ គឺអាក្រក់ និងគ្មានក្រមសីលធម៌។ លើសពីនេះទៀត អ្នកវិភាគមួយចំនួន ក៏បន្ថែមលើការរិះគន់ថា វិស័យសុខាភិបាល មិនត្រឹមតែធ្វើកំណែទម្រង់នោះទេគឺត្រូវតែធ្វើបដិវត្តផងដែរ៕