ភ្នំពេញ៖ អ្នកវិភាគ និងសង្គមស៊ីវិលយល់ឃើញថា ការកើនឡើងនៃចំនួនបទល្មើសគ្រឿងញៀនក្នុងឆ្នាំ ២០១៥ ច្រើនជាងឆ្នាំ២០១៤ អាចបណ្ដាលមកពីទំនាស់ផលប្រយោជន៍រវាងមន្ដ្រីក្នុងជួរដ្ឋាភិបាល និងក្រុមអ្នកជួញដូរគ្រឿងញៀន។ ការយល់ឃើញដូចនេះ បន្ទាប់ពីរបាយការណ៍បូកសរុបលទ្ធផលប្រឡងប្រណាំងអនុវត្ដន៍គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ដែលបានផ្សាយជាសាធារណៈក្នុងខែកុម្ភៈកន្លងមកបង្ហាញថា បទល្មើសគ្រឿងញៀនមានការកើនឡើងជាង ២០០០ ករណី ដោយក្នុងនោះឆ្នាំ២០១៤ មានតែ ១០០០ ករណីប៉ុណ្ណោះ។
លោក សន ជ័យ នាយកប្រត្ដិបត្ដិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាបានមានប្រសាសន៍ ប្រាប់វិទ្យុស្ដ្រី នៅថ្ងៃចន្ទនេះថា កាលពីឆ្នាំមុនៗកន្លងមកករណីគ្រឿងញៀនខុសច្បាប់មានការកើនឡើងច្រើន តែមន្ដ្រីរដ្ឋាភិបាលហាក់ដូចជាបើកដៃឱ្យក្រុមជនទាំងនោះប្រព្រឹត្តិ ដោយមានការបង្ក្រាបយឺតយ៉ាវ។ លោកថា ជាក់ស្ដែងដូចនាពេលកន្លងមក អ្នកជួញដូរគ្រឿងញៀនក្រោយពីត្រូវបានឃាត់ខ្លួនក្នុងពន្ធនាគារ ជននោះបានទៅប្រព្រឹត្ដការចែកចាយគ្រឿងញៀននៅក្នុងពន្ធនាគាបន្ថែម ទៀត។
លោក សន ជ័យ បានបន្ថែមថា ព្រោះតែការជួញដូរគ្រឿងញៀននេះ មានការកើនឡើងខ្ពស់ ទើបបណ្ដាលឱ្យបច្ចុប្បន្ននេះក្នុងសង្គមហាក់បីដូចជាអស្ថិរភាព មានការកាប់សម្លាប់ បាញ់ប្លន់ប្រហារជាច្រើនក្នុងរយៈពេលចុងក្រោយនេះ។ លោក សន ជ័យ បានបញ្ជាក់ថា រដ្ឋាភិបាលគួរឱ្យពង្រឹងការទប់ស្ដាត់កុំឱ្យមានលំហូរការជួញដូរគ្រឿងញៀនបន្ដទៀត ជាពិសេសគឺរដ្ឋាភិបាលត្រូវតែធ្វើការសិក្សាស្រាវជ្រាវឱ្យបានច្បាស់ថារដ្ឋត្រូវខាតបង់ប្រាក់អស់ប៉ុន្មានរយលានដុល្លាក្នុងមួយឆ្នាំៗ បើមានប្រជាពលរដ្ឋប្រើប្រាស់គ្រឿងញៀនកាន់តែច្រើន។
លោកបន្ថែមថា៖ «ចំណែកលោក មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម ក៏បានមានប្រសាសន៍ដែរថា គេសង្កេតឃើញអាជ្ញាធរមានសត្ថកិច្ចស្ទុះស្ទាបំពេញកាតព្វកិច្ចបង្ក្រាបករណីជួញដូរគ្រឿងញៀនបានច្រើនក៏ពិតមែន ប៉ុន្ដែករណីនេះមិនមែនបង្ហាញថាបទល្មើសគ្រឿងញៀនក្នុងប្រទេសមានការថយចុះដោយសារបង្កើនការរិតបន្ដឹងច្បាប់នោះទេ»។
លោក មាស នី បន្ថែមថា ការកើនឡើងនៃចំនួនបទល្មើសនៃករណីគ្រឿងញៀននេះក៏អាចបណ្ដាលមកពីទំនាស់ផលប្រយោជន៍នៃបក្សពួកអ្នកលួចជួញដូរគ្រឿងញៀនផងដែរ។ អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម រូបនេះបញ្ជាក់ទៀតថា បើត្រឹមតែការបង្ក្រាបគ្មានការអប់រំ គ្មានកន្លែងជួយផ្ដល់ជាការថែទាំប្រឹក្សាដល់អ្នកញៀនថ្នាំទាំងនោះទេ ករណីជួញដូរគ្រឿងញៀននេះ នៅតែបន្តកើតមាន មិនអាចលុបបំបាត់បានឡើយ។
លោកបន្ថែមថា៖ «ជុំវិញរឿងនេះ លោក ខៀវ សាម៉ន នាយកមន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ ទទួលស្គាល់ថា ក្នុងឆ្នាំ២០១៥ ពិតជាការបង្ក្រាបបទល្មើសគ្រឿងញៀនមានការកើនឡើងខ្ពស់ជាងឆ្នាំង២០១៤ ពិតមែន»។
លោក ខៀវ សាម៉ន បន្ថែមថា ករណីកើនឡើងគ្រឿងញៀនក្នុងឆ្នាំ២០១៥ ពុំមែនពាក់ព័ន្ធនឹងរឿងពុករលួយអ្វីនោះឡើយ ។ លោកថា ការចុះបង្ក្រាបបទល្មើសគ្រឿងញៀនបានច្រើនដូចនេះ ក៏ព្រោះមន្ដ្រីប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមនិងសមត្ថកិច្ចទូទាំងប្រទេសបានទទួលការបណ្ដុះបណ្ដាលបន្ថែមពីជំនាញបង្ក្រាបគ្រឿងញៀននេះ។ ជាងនេះទៀតលោក បញ្ជាក់ថា សមត្ថកិច្ចក៏កំពុងតែខិតខំបន្ដប្រឹងប្រែងទប់ស្កាត់ការចរាចរគ្រឿងញៀន ដោយមិនអនុញ្ញាតឱ្យមានការនាំចូលមកក្នុងប្រទេសកម្ពុជាបានទៀតទេ។
សូមបញ្ជាក់ថា បើយោងតាមរបាយការណ៍បូកសរុបលទ្ធផលប្រឡងប្រណាំងអនុវត្ដន៍គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ដែលបានផ្សាយជាសាធារណៈក្នុងខែកុម្ភៈ នេះបានបង្ហាញថា សមត្ថកិច្ចបាន ធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀនបានជាង ២០០០ ករណី មានជនល្មើសចំនួនជាង ៥០០០ នាក់ ស្ដ្រី ៣០ នាក់ និងបង្ក្រាបតាមដីកាមានចំនួន ១៥២ នាក់ ក្នុងនោះមានស្ដ្រី ១០ នាក់ ដែលត្រូវបានបញ្ជូនទៅកាន់តុលាការផ្ដន្ទាទោស៕