en     km
en     km

អង្គការ​សេ​ដាក​បើក​ផ្សារណាត់​សហគមន៍​កសិផល​ធម្មជាតិ​បន្ថែម​នៅ​ខេត្តកំពង់ចាម​

Share

cover-CEDAC-market-in-KP-Cham
នៅ​ថ្ងៃ​ទី​២៩​ ខែកុម្ភៈ​ នេះ​  សហគមន៍​កសិករ​ផលិត​កសិផល​ធម្មជាតិ​នៃ​អង្គការ​សេ​ដាក​ បាន​បើក​ផ្សារណាត់​សហគមន៍​អ្នក​ផលិត​កសិផល​ធម្មជាតិ​មួយ​កន្លែង​បន្ថែម​ទៀត​ ដែល​មា​នទី​តាំងនៅ​រង្វង់​មូល​ផ្សារ​ស្គន់​ ក្នុងស្រុក​ជើងព្រៃ​ ខេត្តកំពង់ចាម​។​  ផ្សារណាត់​សហគមន៍​កសិផល​ធម្មជាតិ​នេះ​ មាន​តាំង​លក់​ នូវ​ បន្លែ​ ត្រី​ សាច់​ ដែល​សុទ្ធ​សឹង​ជា​ ផលិត​ធម្មជាតិ​សុទ្ធសាធ​គ្មាន​សារជាតិ​នោះ​ឡើយ​។​

លោក​ កែវ​ សុ​ខា​ រាយ​ការណ៍​ពី​ព័ត៌​មាន​នេះ​ ៖

អ្នកសម្របសម្រួល​របស់​អង្គការ​សេ​ដាក​លោក​ ជួប​ សុ​និវត្ដ​ បាន​និយាយ​ថា​ ការ​បើក​ជា​ផ្សារណាត់​សហគមន៍​លក់​កសិផល​សរីរាង្គ​នៅ​លើ​ទីផ្សារ​បែប​នេះ​ គឺ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ចាម​នេះ​ បាន​ទទួលទាន​នូវ​បន្លែ​សរីរាង្គ​ដែល​ជា​ផលិតផល​ធម្មជាតិ​ពិតប្រាកដ​គ្មាន​សារជាតិ​គីមី​។​ លើស​ពី​នេះ​ទៀត​ ការ​បើក​ជា​ផ្សារណាត់​សហគមន៍​នេះ​ ក៏​អាច​ជួយ​ឱ្យ​កសិករ​ចេះ​ធ្វើ​អាជីវកម្ម​ដោយ​ខ្លួនឯង​ ពោល​គឺ​មិន​រង់ចាំ​លក់​ផលិតផល​ឱ្យ​តែ​ឈ្មួ​ល​កណ្ដាល​នោះ​ទេ​។​

លោក​ ជួប​ សុ​និវត្ដ​៖​ «​កសិករ​ក៏​អាច​ក្លាយជា​ក​សិ​ពាណិជ្ជករ​ដែរ​ មិនមែន​ថា​គាត់​មាន​ផ្នត់គំនិត​ថា​ ជា​កសិករ​ផលិត​គ្រាន់​ហូប​ មិន​មាន​ទីផ្សារ​សម្រាប់​គាត់​ទេ​ យើង​មិន​ចង់បាន​អ​ញ្ចឹ​ង​ទេ​!​ យើង​ចង់ឱ្យ​កសិករ​យើង​ គាត់​អាច​មានឱកាស​ក្លាយជា​ក​សិ​ពាណិជ្ជករ​ដែរ​ មាន​ន័យ​ថា​ ជា​អ្នកជំនួញ​ ដែល​គាត់​អាច​ផលិត​បាន​ផង​ មាន​ទីផ្សារ​សម្រាប់​គាត់​លក​ផង​»​។​

កសិករ​មួយ​រូប​ដែល​បាន​យក​បន្លែ​មក​តាំង​លក់​នៅ​ផ្សារណាត់​សហគមន៍​ លោក​ មា​ជ​ សារ៉ូ​ លើក​ឡើង​ថា​ លោក​រីករាយ​ជា​ខ្លាំង​ដែល​ បន្លែ​ ត្រី​ សាច់​ និង​ផលិតផល​សរីរាង្គ​បាន​តាំង​លក់​ មានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ចាម​បែប​នេះ​។​ លោក​ មា​ជ​ សារ៉ូ​ បន្ត​ថា​ ពី​មុន​លោក​ដាំ​បន្លែ​សរីរាង្គ​នេះ​ គឺ​ទុក​គ្រាន់តែ​ទទួលទាន​ក្នុង​ក្រុម​គ្រួសារ​ និង​សេសសល់​លក់​ទៅ​កាន់​ទីផ្សារ​តិចតួច​តែ​ប៉ុណ្ណោះ​ តែ​ដោយ​មាន​ផ្សារណាត់​ដែល​បង្កើត​ឡើង​ដោយ​អង្គការ​សេ​ដាក់​បែប​នេះ​ លោក​បាន​ពង្រីក​ការ​ដាំ​ដំណាំ​បន្ថែម​ ដែល​នេះ​ធ្វើ​ឱ្យ​ជីវភាព​គ្រួសារ​របស់​លោក​មាន​ភាពល្អ​ប្រសើរ​ជាង​មុន​។​

លោក​ មា​ជ​ សារ៉ូ​៖​ «​កាល​មិន​ទាន់​បង្កើត​ផ្សារណាត់​ហ្នឹង​ ខ្ញុំ​លក់​តាម​ភូមិ​ តាម​សហគមន៍​តិចតួច​ ហើយ​ពួក​យើង​មិន​ហ៊ាន​ដាំ​ច្រើន​ទេ​ ខ្លាច​មិន​មាន​ទីផ្សារ​។​ ដល់​ពេល​យើង​ចាប់ផ្តើម​គិត​ថា​ បើ​យើង​លក់​តាម​សហគមន៍​ គឺ​យើង​ដាំ​លក្ខណៈ​ទ្រង់ទ្រាយ​តូច​ទេ​ អ​ញ្ចឹ​ង​យើង​មិន​អាច​រក​ចំណូល​ឱ្យ​គ្រួ​សារបាន​ទេ​ អ​ញ្ចឹ​ង​យើង​ពង្រីក​គ្នា​ជា​សហគមន៍​ហើយ​បង្កើត​ជា​ផ្សារណាត់​លក់​ផលិតផល​របស់​ខ្លួន​ ដ៏​ពេល​លក់ដាច់​មាន​អ្នកគាំទ្រ​ធ្វើ​ឱ្យ​ខ្ញុំ​មាន​កម្លាំងចិត្ត​សប្បាយ​»​។​

CEDAC-market-in-KP-Cham-1
ស្រី្ត​មេផ្ទះ​មួយ​រូប​ដែល​មក​ទិញ​បន្លែ​ក្នុង​ផ្សារណាត់​សហគមន៍​នេះ​ អ្នកស្រី​ ពេជ្រ​ ចិ​ន្តា​ និយាយ​ថា​ អ្នកស្រី​រីករាយ​ដែល​កសិករ​ចេះ​នាំ​យក​ផលិតផល​កសិផល​របស់​ពួក​គាត់​ដាំ​បាន​ មក​លក់​នៅ​លើ​ទីផ្សារ​បែប​នេះ​។​ ហើយ​អ្វី​ដែល​ប្រសើរ​ទៀត​នោះ​ អ្នកស្រី​ថា​ គឺ​កសិករ​បាន​នាំ​យក​បន្លែ​ដែល​គ្មាន​សារជាតិ​គីមី​មក​លក់​ជូន​ប្រជាពលរដ្ឋ​ ឱ្យ​បាន​ទទួលទាន​។​ អ្នកស្រី​បន្ត​ថា​ សព្វថ្ងៃ​អ្នកស្រី​ពិបាក​រក​ទិញ​បន្លែ​ ត្រី​ សាច់​ យក​ទៅ​ធ្វើ​ម្ហូប​ខ្លាំង​ណាស់​ ព្រោះ​បន្លែ​ ត្រី​ សាច់​ នៅ​លើ​ទីផ្សារ​បច្ចុប្បន្ន​សម្បូរ​ទៅ​ដោយសារ​ជាតិ​គីមី​ដែល​ធ្វើ​ឱ្យ​ ប៉ះពាល់​សុខភាព​អ្នក​ទទួលទាន​ជា​ខ្លាំង​។​

​អ្នកស្រី​ ពេជ្រ​ ចិ​ន្តា​៖​ «​ខ្ញុំ​យល់​ថា​ល្អ​ ប្រសិនជា​មាន​ផ្សារណាត់​អ​ញ្ចឹ​ង​រាល់ថ្ងៃ​ ខ្ញុំ​នឹង​ចូល​ចិត្ត​ទិញ​រាល់ថ្ងៃ​ និង​គាំទ្រ​។​ សម្រាប់​តម្លៃ​ដូច​ជា​មិន​ថ្លៃ​អី​ប៉ុន្មាន​ទេ​ ខុស​តិចតួច​ ប៉ុណ្ណឹង​អាច​ទិញ​បាន​មិន​ថ្លៃ​ទេ​។​

ស្ត្រី​មេផ្ទះ​មួយ​រូប​ទៀត​ អ្នកស្រី​ ជា​ សុខា​ និយាយ​ថា​ អ្នក​ធ្លាប់​មាន​ជំងឺ​រាគ​រុស​ជា​រឿយៗ​ដោយសារ​ការ​បរិភោគ​បន្លែ​ដែល​នាំ​ចូល ​ពី​ប្រទេស​ក្រៅ​ ដែល​មាន​ផ្ទុក​សារជាតិ​គីមី​។​ អ្នកស្រី​បន្ថែម​ថា​ នៅ​ពេល​ទិញ​បន្លែ​ពី​ផ្សារ​ម្តងៗ​ អ្នកស្រី​មានការ​ហត់នឿយ​ច្រើន​ ព្រោះ​ត្រូវ​ចំណាយពេល​ត្រាំ​បន្លែ​ទាំងនោះ​ក្នុង​ទឹក​ ឬ​ត្រូវ​ដាំទឹក​ក្តៅ​ដើម្បី​ស្រុះបន្លែ​ឱ្យ​អស់​សារជាតិ​គីមី​។​
បើ​ទោះបី​អនុវត្ត​បែប​នេះ​កី្ត​ តែ​អ្នកស្រី​នៅ​តែ​ព្រួយបារម្ភ​ក្នុង​ចិត្តជា​និច្ច​ ព្រោះ​សង្ស័យ​ថា​នៅ​តែ​មាន​សារជាតិ​គីមី​។​ ស្ត្រី​មេផ្ទះ​រូប​នេះ​ គាំទ្រ​ឱ្យ​ប្រជា​កសិករ​លក់​បន្លែ​សរីរាង្គ​បែប​នេះ​ជា​រៀងរាល់ថ្ងៃ​។​ អ្នកស្រី​ ជា​ សុខា​៖​ «​ចាស​!​ បារម្ភ​ខ្លាច​មាន​ជាតិ​គីមី​ អត់​ដឹង​ថា​គេ​យក​មកពីណា​ ចេះ​តែ​ទិញ​ហូប​ទៅ​។​ ពេល​ចូល​ផ្សារ​ទិញ​ម្តងៗ​ខ្វល់ចិត្ត​ ខ្លាច​ពុល​ ព្រោះ​ឥឡូវ​មាន​ជាតិ​គីមី​ច្រើន​ ធ្វើ​ឱ្យ​យើង​ឈឺ​ច្រើន​ ហូប​បន្លែ​មិន​ស្រួល​ហ្នឹង​រាក​ ក្អួត​។​

សូម​បញ្ជាក់​ថា​ ផ្សារណាត់​សហគមន៍​កសិផល​ធម្មជាតិ​របស់​កសិករ​អង្គការ​សេ​ដាក​ មាន​ចំនួន​ ៦​ ទីតាំង​នៅ​តាម​បណ្ដា​ខេត្ត​នានា​ រួម​មាន​៖​ ខេត្តកំពង់ស្ពឺ​ ខេត្តកំពង់ធំ​ ខេត្តកំពង់ឆ្នាំង​ ខេត្តសៀមរាប​ ខេត្ត​ត្បូងឃ្មុំ​ និង​ខេត្តកំពង់ចាម​។​ ចំណែក​នៅ​រាជធានី​ភ្នំពេញ​មាន​ ផ្សារ​របស់​អង្គការ​សេ​ដាក​ចំនួន​ ៨​កន្លែង​ មាន​ដូច​ជា​ នៅ​សាខា​កម្ពុជា​ក្រោម​ក្បែរ​ពេទ្យ​លោកសង្ឃ​ សាខា​ផ្សារ​ចាស់​ជិត​សាកលវិទ្យាល័យ​ន័​រ​តុ​ន​ សាខា​បុរី​ពិភព​ថ្មី​បឹង​ឈូក​ ទល់មុខ​ក្លោ​ង​ទ្វា​ផ្សារ​ឈូក​មាស​ សាខា​ NORTH​ BRIDGE​ សាខា​អូ​បែក​ក្អម​ សាខា​ឥន្ទ្រ​ទេវី​ទួល​គោក​ និង​សាខា​បឹង​សាឡា​ង​ជាដើម​។​

ក្រៅពី​ការ​លក់​ផលិតផល​បន្លែ​ផ្លែ​ឈើ​សរីរាង្គ​ស្រស់ៗ​  ផ្សារណាត់​សហគមន៍​ ក៏​មាន​លក់​នូវ​ផលិតផល​កែ​ច្នៃ​ផង​ដែរ​ មាន​ដូច​ជា​  ត្រីងៀត​ ត្រីឆ្អើរ​ សាច់​ជ្រូក​ផាត់​ ទឹកត្រី​ ទឹកស៊ីអ៊ីវ​ ទឹកម្ទេស​ សៀង​ផ្អែម​ និង​ប្រហុក​ ផ្អក​ជាដើម​។​ ចំណែកឯ​ប្រភេទ​សាច់​វិញ​ មាន​ដូច​ជា​ សាច់​មាន់​ សាច់​ជ្រូក​ និង​ត្រី​ផង​ដែរ​ ដែល​ផលិតផល​កសិកម្ម​ទាំងនេះ​ គឺ​សុទ្ធសឹងតែ​ជា​ស្នាដៃ​កែ​ច្នៃ​របស់​កសិករ​ខ្មែរ​សុទ្ធសាធ​៕
CEDAC-market-in-KP-Cham-2

Share

Image
Image
Image