កើតមកជាមនុស្សតែងតែចង់ឱ្យអ្នកដទៃទទួលស្គាល់ និងឱ្យតម្លៃខ្លួន។ ចំណែកមនុស្សភេទទី៣ ក៏ចង់ទទួលបានក្តីស្រឡាញ់ និងឱ្យតម្លៃពីអ្នកដទៃដែរ ប៉ុន្តែពួកគេត្រូវបានមនុស្សស្ទើរគ្រប់គ្នារើសអើង និងមាកងាយ។
ជាក់ស្តែងដូច ផល្លា ដែលជាមនុស្សម្នាក់ បានប្តូរភេទពីប្រុស មកស្រី នាងបានទទួលរងការរើសអើងយ៉ាងខ្លាំងពីមនុស្សជុំវិញខ្លួន ក៏ដូចជាក្រុមគ្រួសារ។ ព្រោះតែគេចាត់ទុក ផល្លា ជាខ្ទើយ នាងត្រូវគេបញ្ឈប់ពីការងារ ហើយត្រូវប្រើជីវិតរស់តែលតោលតែម្នាក់ឯង ឆ្ងាយពីគ្រួសារ។
ដើម្បីជ្រាបអំពីជីវិតរបស់កញ្ញា ផល្លា ដែលជាភេទទី៣ និងស្រឡាញ់ភេទដូចគ្នាយ៉ាងណានោះ តទៅនេះសូមអញ្ជើញ នាងកញ្ញា លោក លោក ស្រី ស្តាប់ជីវៈព័ត៌មានដែលរៀបចំឡើងដោយ កញ្ញា ឆេង ណាតា ដូចតទៅ៖
បទ “ព្រោះខ្ញុំមិនមែនស្រី” ត្រូវបាននិពន្ធឡើងដោយ អ្នកនិពន្ធ ចាន់ ម៉ូលីកា ចង់រៀបរាប់ពីរឿងរ៉ាវរបស់មនុស្សម្នាក់ ដែលមនុស្សស្រឡាញ់ភេទដូចគ្នា និងការរើសអើងពីសង្គមគ្រួសារ។ អត្ថន័យនៃបទចម្រៀងដ៏លន្លង់លន្លោចមួយបទនេះ មិនខុសគ្នា ប៉ុន្មានពីជិវីតពិត របស់ ផល្លា ដែលបានប្តូរភេទពីប្រុសមកស្រីឡើយ។
មានស្រុកកំណើតនៅខេត្តសៀមរាប ផល្លា បានចាប់ផ្តើមតែងខ្លួនជាមនុស្សស្រី តាំងពីអាយុ ១៦ឆ្នាំ ក្នុងពេល ផល្លា កំពុងរៀននៅថ្នាក់វិទ្យាល័យ។
ជាកូនច្បងក្នុងគ្រួសារដែលមានបងប្អូនបីនាក់ ផល្លា បានរៀបរាប់ថា ឪពុកកញ្ញា មិនពេញចិត្តចំពោះការដែលខ្លួនប្តូរភេទពីប្រុសមកស្រីនោះទេ ព្រោះឪពុកកញ្ញាលោកស្រឡាញ់តែកូនប្រុសពិត មិនមែនជាមនុស្សដែលមានចរិតម្ញ៉ិកម្ញ៉ក់ដូចមនុស្សស្រីឡើយ។
ប៉ុន្តែទោះជាយ៉ាងណាយ៉ាងហោចណាស់ ផល្លា មិនទាន់អស់សង្ឃឹមនៅឡើយ ព្រោះកញ្ញាទទួលបានការលើកចិត្តច្រើនពីម្តាយផងដែរ៖ «ក្នុងគ្រួសារធម្មតា ឪពុកគាត់មិនសូវចូលចិត្តចរិតអញ្ចឹងនោះ គាត់មានមុខមានមាត់ហា៎ ដល់ពេលយើងចរិតអញ្ចឹងទៅ ទៅញ៉ាំការញ៉ាំអី អត់ដែលឱ្យយើងទៅទេ ឱ្យតែកូនប្រុសកូនស្រីទៅ បើឱ្យយើងទៅខ្លាចខ្មាសគេយើងស្លៀកពាក់ខោអាវតែងស្រីទៅពិធីគេ។ ធ្លាប់ឧស្សាហ៍ថាឱ្យតើ គាត់ថាកុំធ្វើចរិតអញ្ចឹងយើងបងគេ យើងធ្វើអញ្ចឹងជាគំរូអាក្រក់ដល់ប្អូន ប៉ុន្តែជានិស្ស័យពីកំណើត»។
មានឪពុកជាអាជីវករ លក់សាច់គោ និងម្តាយជាកសិករ ផល្លា បានរំឭកថា កាលខ្លួនរៀននៅវិទ្យាល័យ មានមិត្តភក្តិ និងគ្រូស្ទើរតែ ៧០% បានរើសអើងកញ្ញា ហើយពួកគេបានបន្តុះបង្អាប់ និងបានហៅកញ្ញាហៅជា «ខ្ទើយ»។ ប៉ុន្តែក៏នៅមានគ្រូមួយចំនួនតូចដែរ ដែលបានអាណិតស្រឡាញ់ និងគោរពដោយសារពួកគាត់មានចរិតដូចកញ្ញាដែរ។
ផល្លា បានប្រាប់ថា ស្ទើរតែរៀងរាល់ថ្ងៃ នាងតែងតែបានឮពាក្យមាក់ងាយគ្រប់ប្រភេទពីមនុស្សជុំវិញខ្លួន។ គេតែងតែថាឱ្យនាង ជាខ្ទើយគ្មានសមត្ថភាព ហើយពេលដើរទៅណា មកណានាងលឮតែសំដីឡកឡើយថា «វាយខ្ទើយស្តារប្រទេស» ជាពិសេសមិនដែលទទួលបានការឱ្យតម្លៃពីអ្នកដទៃឡើយ។
ក្រោយពីរៀនចប់ថ្នាក់ទី១២ នៅឆ្នាំ២០០៨ ផល្លាបានចាប់ផ្តើមធ្វើការ ជាអ្នកយួរវ៉ាលី នៅក្នុងសណ្ឋាគារមួយក្នុងខេត្តសៀមរាប។ ផល្លា រៀបរាប់ថា បន្ទាប់ពីធ្វើការបានរយៈពេលជិតមួយឆ្នាំ គេដឹងថា នាងជាមនុស្សភេទទី៣ ថៅកែមិនពេញចិត្តនោះទេ ហើយនាងក៏ត្រូវបានគេបញ្ឈប់មិនឱ្យធ្វើការបន្តទៀត ព្រោះតែគេយល់ថា ខ្ទើយជាមនុស្សគ្មានសមត្ថភាព ធ្វើការមិនកើត ម្ញ៉ិកម្ញ៉ក់ដូចស្រី។
ឋិតក្នុងវ័យ ២៨ឆ្នាំ ផល្លា បានរៀបរាប់បន្តថា ក្រោយពីម្ចាស់សណ្ឋាគារបញ្ឈប់នាងពីការងារជាអ្នកយួវ៉ាលី ផល្លា បានចាប់អាជីពមួយទៀត គឺជាអ្នករត់ម៉ូតូឌុប និងកង់បី។ ផល្លា ថា នាងមិនចង់ធ្វើជាអ្នករត់ម៉ូតូឌុបនោះទេ ដោយសារតែខ្លួនមិនមែនជាបុរសពេញលក្ខណៈដូចគេ ប៉ុន្តែគ្មានជម្រើស ហើយដាក់ការងារនៅឯណា ក៏គេមិនទទួលនោះដែរ សូម្បីតែជាអ្នកលាងចាន។
និយាយអំពីជីវិតស្នេហាវិញ ត្រង់នេះ ផល្លា រាងទម្លាក់ទឹកមុខបន្តិច ទើបរៀបរាប់បន្តថា ក្រោយពីស្រឡាញ់គ្នា ជាមួយបុរសម្នាក់បានមួយរយៈពេល ផល្លា ត្រូវបានបុរសនោះបោកយកម៉ូតូ នាងទៅបាត់។ ក្រោយពីបាត់បង់ម៉ូតូ ដែលខ្លួនប្រើសម្រាប់ប្រកបការងាររត់ឌុបជារៀងរាល់ថ្ងៃរួចមក ផល្លា មិនហ៊ានប្រឈមមុខជាមួយក្រុមគ្រួសារ ពេលនោះនាងក៏បានរត់ទៅធ្វើការនៅប្រទេសថៃ។
«រត់ម៉ូតូឌុបហើយ ខ្ញុំស្រលាញ់គ្នាជាមនុស្សប្រុសម្នាក់នៅខេត្តព្រៃវែង ដល់ពេលស្រឡាញ់គ្នាបានបីបួនខែទៅ ជួលផ្ទះឱ្យគេនៅ រកស៊ីចញ្ចឹមគេ ដល់ពេលក្រោយមកគេបោក គេយកម៉ូតូយកអីអស់ក៏ធ្លាក់ខ្លួន ទៅក៏គេញពីគ្រួសារ។ បន្ទាប់ដើររាំធុងបាស ម៉ាយប់ ម៉ាម៉ឺន បន្ទាប់ពីរាំខនសឺត ចប់ពីខនសឺតទៅបានខ្ញុំទៅនៅថៃ។ នៅថៃតម្រួតចាប់មកអត់
បាយអត់ទឹក មកដល់ប៉ោយប៉ែត រកតែលុយជិះឡានមកវិញក៏មិនបានផង រហូតបានដល់សៀមរាបវិញ រកស៊ីលក់ខ្លួន លក់ខ្លួនរហូត បានមានអង្គការអ៊ឹមអេចស៊ី ហ្នឹងណា រើសអ្នកចុះអប់រំមូលដ្ឋាន ចុះដាក់ពាក្យចូលធ្វើបានគេយកខ្ញុំចូលធ្វើទៅ»។ ផល្លា បន្ថែម។
បច្ចុប្បន្ននេះ ផល្លា ស្នាក់នៅម្នាក់ឯង ក្នុងបន្ទប់ជួលមួយនៅម្តុំផ្សារញ៉ែ ក្នុងខេត្តសៀមរាប ដោយធ្វើការជាអ្នកស្ម័គ្រចិត្ត ចុះអប់រំតាមមូលដ្ឋាននៅអង្គការសុខភាពបុរស និងរកស៊ីផ្លូវភេទបន្តិចបន្តួច។
ដោយនិយាយមិនលាក់លៀម ផល្លា បានប្រាប់ថា បច្ចុប្បន្ននេះនាងមានសង្សាររួចហើយ បុរសម្នាក់នោះ នៅស្រុកមួយខេត្តបាត់ដំបង មានអាយុ២២ឆ្នាំ។ សង្សារចុងក្រោយ ដែលមានវ័យប្អូនជាងនាងដល់ទៅ៦ឆ្នាំនេះ បានទាក់ទងគ្នាប្រមាណមួយឆ្នាំហើយ ដោយស្គាល់គ្នាដំបូងតាមរយៈហ្វេសប៊ុក។
ផល្លានិយាយថា សង្សារចុងក្រោយម្នាក់នេះ ក៏មានបំណងរៀបការ សាងគ្រួសារជាមួយកញ្ញាដែរ។ កញ្ញាអះអាងថា បុរសម្នាក់នោះ បានសន្យានឹងនាងថា នឹងជម្នះជាមួយឪពុកម្តាយ ដើម្បីរួមរស់ជាមួយកញ្ញា៖ «ខ្ញុំស្រឡាញ់ពាក្យសម្តីគេមួយម៉ាត់ថា ស្រឡាញ់គ្នាទៅ ពេលណាពេលហ្នឹងចុះ»។
ត្រង់ចំណុចនេះ ផល្លា រំឭកបន្តិចទៀតថា ទម្រាំនឹងនាងរកស្នេហ៍ពិតឃើញ មិនតិចជាង ២០ ដងនោះទេ ដែលកញ្ញាត្រូវបានបុរស បោកប្រាស់ ដើម្បីយកលុយពីកញ្ញា។
ទៅថ្ងៃមុខ ផល្លា ចង់មានមុខរបរផ្ទាល់ខ្លួនមួយ ហើយបំណងប្រាថ្នាតែមួយគត់ ក្នុងជីវិតនាង គឺចង់មានគ្រួសារដ៏កក់ក្តៅមួយ និងមានកូនក្នុងបន្ទុកដូចគ្រួសារដទៃទៀត។
អ្នកស្រឡាញ់ភេទដូចគ្នារូបនេះ សំណូមពរឱ្យរដ្ឋាភិបាល បង្កើតច្បាប់មួយ ដោយអនុញ្ញាតឱ្យភេទដូចគ្នាអាចរៀបអាពាហ៍ពិពារហ៍ជាមួយគ្នាបាន។ ផល្លាថា បើមានច្បាប់នេះ នោះការរើសអើងពីសំណាក់គ្រួសារ និងសង្គម ចំពោះអ្នកស្រឡាញ់ភេទដូច នឹងមិនសូវមានទៀតទេ។
ជាចុងក្រោយ ផល្លា បានផ្តល់កម្លាំងចិត្តដល់អ្នកប្តូរភេទទាំងអស់ ត្រូវតែតស៊ូ កុំបាក់ទឹកចិត្តចំពោះពាក្យមើលងាយ បន្តុះបង្អាប់ពីអ្នកដទៃ ឬអ្នកនៅជុំវិញខ្លួន។ ហើយដើម្បីធ្វើឱ្យជីវិតខ្លួនឯងកាន់តែប្រសើរថែមទៀត ត្រូវមានជំនាញមួយឱ្យបានច្បាស់លាស់ផងដែរ៕