en     km
en     km

អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ ចង់ឱ្យ​គ្រួសារ​ និង​សង្គម​ទទួលស្គាល់​ និង​ឱ្យ​តម្លៃ​

Share

កញ្ញា ផល្លា
កញ្ញា ផល្លា

កើតមក​ជា​មនុស្ស​តែងតែ​ចង់ឱ្យ​អ្នក​ដទៃ​ទទួលស្គាល់​ និង​ឱ្យ​តម្លៃ​ខ្លួន​។​ ចំណែក​មនុស្ស​ភេទ​ទី​៣​ ក៏​ចង់​ទទួល​បាន​ក្តី​ស្រឡាញ់​ និង​ឱ្យ​តម្លៃ​ពី​អ្នក​ដទៃ​ដែរ​ ប៉ុន្តែ​ពួក​គេ​ត្រូវ​បាន​មនុស្ស​ស្ទើរ​គ្រប់​គ្នា​រើសអើង​ និង​មាកងាយ​។​

​ជាក់ស្តែង​ដូច​ ផល្លា​ ដែល​ជា​មនុស្ស​ម្នាក់​ បាន​ប្តូរ​ភេទ​ពី​ប្រុស​ មក​ស្រី​ នាង​បាន​ទទួល​រង​ការ​រើសអើង​យ៉ាង​ខ្លាំង​ពី​មនុស្ស​ជុំវិញ​ខ្លួន​ ក៏​ដូច​ជា​ក្រុម​គ្រួសារ​។​ ព្រោះតែ​គេ​ចាត់​ទុក​ ផល្លា​ ជា​ខ្ទើយ​ នាង​ត្រូវ​គេ​បញ្ឈប់​ពី​ការងារ​ ហើយ​ត្រូវ​ប្រើ​ជីវិត​រស់​តែលតោល​តែ​ម្នាក់ឯង​ ឆ្ងាយ​ពី​គ្រួសារ​។​

​ដើម្បី​ជ្រាប​អំពី​ជីវិត​របស់​កញ្ញា​ ផល្លា​ ដែល​ជា​ភេទ​ទី​៣​ និង​ស្រឡាញ់​ភេទ​ដូច​គ្នា​យ៉ាងណា​នោះ​ តទៅ​នេះ​សូម​អញ្ជើញ​ នាង​កញ្ញា​ លោក​ លោក​ ស្រី​ ស្តាប់​ជីវៈ​ព័ត៌មាន​ដែល​រៀបចំ​ឡើង​ដោយ​ កញ្ញា​ ឆេ​ង​ ណា​តា​ ដូច​តទៅ​៖

 

បទ​ “​ព្រោះ​ខ្ញុំ​មិនមែន​ស្រី​”​ ត្រូវ​បាន​និពន្ធ​ឡើង​ដោយ​ អ្នកនិពន្ធ​ ចាន់​ ម៉ូ​លី​កា​ ចង់​រៀបរាប់​ពី​រឿងរ៉ាវ​របស់​មនុស្ស​ម្នាក់​ ដែល​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា​ និង​ការ​រើសអើង​ពី​សង្គម​គ្រួសារ​។​ អត្ថន័យ​នៃ​បទ​ចម្រៀង​ដ៏​លន្លង់លន្លោច​មួយ​បទ​នេះ​ មិន​ខុស​គ្នា​ ប៉ុន្មាន​ពី​ជិ​វីត​ពិត​ របស់​ ផល្លា​ ដែល​បាន​ប្តូរ​ភេទ​ពី​ប្រុស​មក​ស្រី​ឡើយ​។​    ​

មានស្រុក​កំណើត​នៅ​ខេត្តសៀមរាប​ ផល្លា​ បាន​ចាប់ផ្តើម​តែងខ្លួន​ជា​មនុស្ស​ស្រី​ តាំងពី​អាយុ​ ១៦​ឆ្នាំ​ ក្នុង​ពេល​ ផល្លា​ កំពុង​រៀន​នៅ​ថ្នាក់​វិទ្យាល័យ​។​

ជា​កូនច្បង​ក្នុង​គ្រួសារ​ដែល​មាន​បងប្អូន​បី​នាក់​ ផល្លា​ បាន​រៀបរាប់​ថា​ ឪពុក​កញ្ញា​ មិន​ពេញចិត្ត​ចំពោះ​ការ​ដែល​ខ្លួន​ប្តូរ​ភេទ​ពី​ប្រុស​មក​ស្រី​នោះ​ទេ​ ព្រោះ​ឪពុក​កញ្ញា​លោក​ស្រឡាញ់​តែ​កូនប្រុស​ពិត​ មិនមែន​ជា​មនុស្ស​ដែល​មាន​ចរិត​ម្ញ៉ិកម្ញ៉ក់​ដូច​មនុស្ស​ស្រី​ឡើយ​។​

ប៉ុន្តែ​ទោះជា​យ៉ាងណា​យ៉ាង​ហោច​ណាស់​ ផល្លា​ មិន​ទាន់​អស់សង្ឃឹម​នៅឡើយ​ ព្រោះ​កញ្ញា​ទទួល​បានការ​លើក​ចិត្តច្រើន​ពី​ម្តាយ​ផង​ដែរ​៖​ «​ក្នុង​គ្រួសារ​ធម្មតា​ ឪពុក​គាត់​មិនសូវ​ចូល​ចិត្ត​ចរិត​អ​ញ្ចឹ​ង​នោះ​ គាត់​មានមុខ​មាន​មាត់​ហា៎​ ដល់​ពេល​យើង​ចរិត​អ​ញ្ចឹ​ង​ទៅ​ ទៅ​ញ៉ាំ​ការ​ញ៉ាំ​អី​ អត់​ដែល​ឱ្យ​យើង​ទៅ​ទេ​ ឱ្យ​តែ​កូនប្រុស​កូនស្រី​ទៅ​ បើ​ឱ្យ​យើង​ទៅ​ខ្លាច​ខ្មាស​គេ​យើង​ស្លៀកពាក់​ខោអាវ​តែង​ស្រី​ទៅ​ពិធី​គេ​។​ ធ្លាប់​ឧស្សាហ៍​ថាឱ្យ​តើ​ គាត់​ថា​កុំ​ធ្វើ​ចរិត​អ​ញ្ចឹ​ង​យើង​បង​គេ​ យើង​ធ្វើ​អ​ញ្ចឹ​ង​ជា​គំរូ​អាក្រក់​ដល់​ប្អូន​ ប៉ុន្តែ​ជា​និស្ស័យ​ពី​កំណើត​»​។​

មាន​ឪពុក​ជា​អាជីវករ​ លក់​សាច់​គោ​ និង​ម្តាយ​ជា​កសិករ​ ផល្លា​ បាន​រំឭក​ថា​ កាល​ខ្លួន​រៀន​នៅ​វិទ្យាល័យ​ មាន​មិត្តភក្តិ​ និង​គ្រូ​ស្ទើរតែ​ ៧០%​ បាន​រើសអើង​កញ្ញា​ ហើយ​ពួក​គេ​បាន​បន្តុះបង្អាប់​ និង​បាន​ហៅ​កញ្ញា​ហៅ​ជា​ «​ខ្ទើយ​»​។​  ប៉ុន្តែ​ក៏​នៅ​មាន​គ្រូ​មួយ​ចំនួន​តូច​ដែរ​ ដែល​បាន​អាណិត​ស្រឡាញ់​ និង​គោរព​ដោយសារ​ពួក​គាត់​មាន​ចរិត​ដូច​កញ្ញា​ដែរ​។​

Phalla-(transgender)-by-Nata (1)ផល្លា​ បាន​ប្រាប់​ថា​ ស្ទើរតែ​រៀងរាល់ថ្ងៃ​ នាង​តែងតែ​បានឮ​ពាក្យ​មាក់ងាយ​គ្រប់​ប្រភេទ​ពី​មនុស្ស​ជុំវិញ​ខ្លួន​។​ គេ​តែងតែ​ថាឱ្យ​នាង​ ជា​ខ្ទើយ​គ្មាន​សមត្ថភាព​ ហើយ​ពេល​ដើរទៅ​ណា​ មក​ណា​នាង​ល​ឮ​តែ​សំដី​ឡក​ឡើយ​ថា​ «​វាយ​ខ្ទើយ​ស្តារ​ប្រទេស​»​ ជា​ពិសេស​មិន​ដែល​ទទួល​បានការ​ឱ្យ​តម្លៃ​ពី​អ្នក​ដទៃ​ឡើយ​។​

ក្រោយ​ពី​រៀន​ចប់​ថ្នាក់​ទី​១២​ នៅ​ឆ្នាំ​២០០៨​ ផល្លា​បាន​ចាប់ផ្តើម​ធ្វើការ​ ជា​អ្នក​យួរ​វ៉ា​លី​ នៅ​ក្នុង​សណ្ឋាគារ​មួយ​ក្នុង​ខេត្តសៀមរាប​។​ ផល្លា​ រៀបរាប់​ថា​ បន្ទាប់​ពី​ធ្វើការ​បាន​រយៈពេល​ជិត​មួយ​ឆ្នាំ​ គេ​ដឹង​ថា​ នាង​ជា​មនុស្ស​ភេទ​ទី​៣​ ថៅកែ​មិន​ពេញចិត្ត​នោះ​ទេ​ ហើយ​នាង​ក៏​ត្រូវ​បាន​គេ​បញ្ឈប់​មិន​ឱ្យធ្វើ​ការ​បន្ត​ទៀត​ ព្រោះតែ​គេ​យល់​ថា​ ខ្ទើយ​ជា​មនុស្ស​គ្មាន​សមត្ថភាព​ ធ្វើការ​មិនកើត​ ម្ញ៉ិកម្ញ៉ក់​ដូច​ស្រី​។​

ឋិត​ក្នុង​វ័យ​ ២៨​ឆ្នាំ​ ផល្លា​ បាន​រៀបរាប់​បន្ត​ថា​ ក្រោយ​ពី​ម្ចាស់​សណ្ឋាគារ​បញ្ឈប់​នាង​ពី​ការងារ​ជា​អ្នក​យួ​វ៉ា​លី​ ផល្លា​ បាន​ចាប់​អាជីព​មួយទៀត​ គឺជា​អ្នក​រត់​ម៉ូតូឌុប​ និង​កង់​បី​។​ ផល្លា​ ថា​ នាង​មិន​ចង់​ធ្វើ​ជា​អ្នក​រត់​ម៉ូតូឌុប​នោះ​ទេ​ ដោយសារ​តែ​ខ្លួន​មិនមែន​ជា​បុរស​ពេញ​លក្ខណៈ​ដូច​គេ​ ប៉ុន្តែ​គ្មាន​ជម្រើស​ ហើយ​ដាក់​ការងារ​នៅឯណា​ ក៏​គេ​មិន​ទទួល​នោះ​ដែរ​ សូ​ម្បី​តែ​ជា​អ្នក​លាងចាន​។​

និយាយ​អំពី​ជីវិត​ស្នេហា​វិញ​ ត្រង់នេះ​ ផល្លា​ រាង​ទម្លាក់​ទឹកមុខ​បន្តិច​ ទើប​រៀបរាប់​បន្ត​ថា​ ក្រោយ​ពី​ស្រឡាញ់​គ្នា​ ជាមួយ​បុរស​ម្នាក់​បាន​មួយ​រយៈពេល​ ផល្លា​ ត្រូវ​បាន​បុរស​នោះ​បោក​យក​ម៉ូតូ​ នាង​ទៅ​បាត់​។​ ក្រោយ​ពី​បាត់បង់​ម៉ូតូ​ ដែល​ខ្លួន​ប្រើ​សម្រាប់​ប្រកបការងារ​រត់​ឌុ​ប​ជា​រៀងរាល់ថ្ងៃ​រួច​មក​ ផល្លា​ មិន​ហ៊ាន​ប្រឈម​មុខជា​មួយ​ក្រុម​គ្រួសារ​ ពេល​នោះ​នាង​ក៏​បានរ​ត់ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​។​

«​រត់​ម៉ូតូឌុប​ហើយ​ ខ្ញុំ​ស្រលាញ់​គ្នា​ជា​មនុស្ស​ប្រុស​ម្នាក់​នៅ​ខេត្តព្រៃវែង​ ដល់​ពេល​ស្រឡាញ់​គ្នា​បាន​បី​បួន​ខែ​ទៅ​ ជួល​ផ្ទះ​ឱ្យ​គេ​នៅ​ រកស៊ី​ច​ញ្ចឹ​ម​គេ​ ដល់​ពេល​ក្រោយមក​គេ​បោក​ គេ​យក​ម៉ូតូ​យក​អី​អស់​ក៏​ធ្លាក់ខ្លួន​ ទៅ​ក៏​គេញ​ពី​គ្រួសារ​។​ បន្ទាប់​ដើរ​រាំ​ធុងបាស​ ម៉ា​យប់​ ម៉ា​ម៉ឺន​ បន្ទាប់​ពី​រាំ​ខន​សឺត​ ចប់​ពី​ខន​សឺត​ទៅ​បាន​ខ្ញុំ​ទៅ​នៅ​ថៃ​។​ នៅ​ថៃ​តម្រួត​ចាប់​មក​អត់​
​បាយ​អត់​ទឹក​ មក​ដល់​ប៉ោយ​ប៉ែ​ត​ រកតែ​លុយ​ជិះឡាន​មក​វិញ​ក៏​មិន​បាន​ផង​ រហូត​បាន​ដល់​សៀមរាប​វិញ​ រកស៊ី​លក់ខ្លួន​ លក់ខ្លួន​រហូត​ បាន​មាន​អង្គការ​អ៊ឹម​អេ​ច​ស៊ី​ ហ្នឹង​ណា​ រើស​អ្នក​ចុះ​អប់រំ​មូលដ្ឋាន​  ចុះ​ដាក់​ពាក្យ​ចូល​ធ្វើ​បាន​គេ​យក​ខ្ញុំ​ចូល​ធ្វើ​ទៅ​»​។​ ផល្លា​ បន្ថែម​។​

បច្ចុប្បន្ន​នេះ​ ផល្លា​ ស្នាក់​នៅ​ម្នាក់ឯង​ ក្នុង​បន្ទប់​ជួល​មួយ​នៅ​ម្តុំ​ផ្សា​រញ៉ែ​ ក្នុង​ខេត្តសៀមរាប​ ដោយ​ធ្វើការ​ជា​អ្នក​ស្ម័គ្រចិត្ត​ ចុះ​អប់រំ​តាម​មូលដ្ឋាន​នៅ​អង្គការ​សុខភាព​បុរស​ និង​រកស៊ី​ផ្លូវភេទ​បន្តិចបន្តួច​។​

ដោយ​និយាយ​មិន​លាក់លៀម​ ផល្លា​ បាន​ប្រាប់​ថា​ បច្ចុប្បន្ន​នេះ​នាង​មាន​សង្សារ​រួច​ហើយ​  បុរស​ម្នាក់​នោះ​ នៅ​ស្រុក​មួយ​ខេត្តបាត់ដំបង​ មាន​អាយុ​២២​ឆ្នាំ​។​ សង្សារ​ចុង​ក្រោយ​ ដែល​មាន​វ័យ​ប្អូន​ជាង​នាង​ដល់​ទៅ​៦​ឆ្នាំ​នេះ​ បាន​ទាក់ទង​គ្នា​ប្រមាណ​មួយ​ឆ្នាំ​ហើយ​ ដោយ​ស្គាល់គ្នា​ដំបូង​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​។​

ផល្លា​និយាយ​ថា​ សង្សារ​ចុង​ក្រោយ​ម្នាក់​នេះ​ ក៏​មាន​បំណង​រៀប​ការ​ សាង​គ្រួសារ​ជាមួយ​កញ្ញា​ដែរ​។​ កញ្ញា​អះអាង​ថា​ បុរស​ម្នាក់​នោះ​ បាន​សន្យា​នឹង​នាង​ថា​ នឹង​ជម្នះ​ជាមួយ​ឪពុក​ម្តាយ​ ដើម្បី​រួមរស់​ជាមួយ​កញ្ញា​៖​ «​ខ្ញុំ​ស្រឡាញ់​ពាក្យ​សម្តី​គេ​មួយ​ម៉ាត់​ថា​ ស្រឡាញ់​គ្នា​ទៅ​ ពេល​ណា​ពេល​ហ្នឹង​ចុះ​»​។​

ត្រង់​ចំណុច​នេះ​ ផល្លា​ រំឭក​បន្តិចទៀត​ថា​ ទម្រាំ​នឹង​នាង​រក​ស្នេហ៍​ពិត​ឃើញ​ មិន​តិច​ជាង​ ២០​ ដងនោះ​ទេ​ ដែល​កញ្ញា​ត្រូវ​បាន​បុរស​ បោកប្រាស់​ ដើម្បី​យក​លុយ​ពី​កញ្ញា​។​

​ទៅ​ថ្ងៃ​មុខ​ ផល្លា​ ចង់​មានមុខ​របរ​ផ្ទាល់ខ្លួន​មួយ​ ហើយ​បំណងប្រាថ្នា​តែ​មួយ​គត់​ ក្នុង​ជីវិត​នាង​ គឺ​ចង់​មានគ្រួសារ​ដ៏​កក់ក្តៅ​មួយ​  និង​មានកូន​ក្នុង​បន្ទុក​ដូច​គ្រួសារ​ដទៃ​ទៀត​។​

អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​រូប​នេះ​ សំណូមពរ​ឱ្យ​រដ្ឋាភិបាល​ បង្កើត​ច្បាប់​មួយ​ ដោយ​អនុញ្ញាត​ឱ្យ​ភេទ​ដូច​គ្នា​អាច​រៀប​អា​ពា​ហ៍​ពិ​ពារ​ហ៍​ជាមួយ​គ្នា​បាន​។​ ផល្លា​ថា​ បើ​មានច្បាប់​នេះ​ នោះ​ការ​រើសអើង​ពី​សំណាក់​គ្រួសារ​ និង​សង្គម​ ចំពោះ​អ្នក​ស្រឡាញ់​ភេទ​ដូច​ នឹង​មិនសូវ​មាន​ទៀត​ទេ​។​

​ជា​ចុង​ក្រោយ​ ផល្លា​ បាន​ផ្តល់​កម្លាំងចិត្ត​ដល់​អ្នក​ប្តូរ​ភេទ​ទាំងអស់​ ត្រូវ​តែ​តស៊ូ​ កុំ​បាក់ទឹកចិត្ត​ចំពោះ​ពាក្យ​មើលងាយ​ បន្តុះបង្អាប់​ពី​អ្នក​ដទៃ​ ឬ​អ្នក​នៅ​ជុំវិញ​ខ្លួន​។​ ហើយ​ដើម្បី​ធ្វើ​ឱ្យ​ជីវិត​ខ្លួនឯង​កាន់តែ​ប្រសើរ​ថែម​ទៀត​ ត្រូវ​មាន​ជំនាញ​មួយ​ឱ្យ​បាន​ច្បាស់លាស់​ផង​ដែរ​៕​

Share

Image
Image
Image