លោក សំ សុគង់ ដែលជាមេធាវីការពារក្តីឱ្យយុវជន គង់ រ៉ៃយ៉ា ចង់ឱ្យតុលាការពិចារណាក្នុងការដោះលែងជនជាប់ចោទរូបនេះដោយសារតែរូបគេនៅក្មេង និងកំពុងស្ថិតក្នុងវ័យសិក្សា ហើយការបង្ហោះសាររបស់យុវជនរូបនេះនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកមិនបានបង្កឱ្យមានអសន្តិសុខសង្គមនិងធ្វើឱ្យខូចខាតដល់បុគ្គលណាមួយឡើយ។
កញ្ញា ឆេង ណាតា រាយការណ៍៖
នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះសំណុំរឿងករណីយុវជន គង់ រ៉ៃយ៉ា ជាអតីតនិស្សិតសាកលវិទ្យាល័យខេមរៈ ដែលបានអំពាវនាវធ្វើបដិវត្តពណ៌ នៅលើបណ្តាញទំនាក់ទំនងសង្គម។លោក សំ សុគង់ មេធាវីការពារក្តីឱ្យយុវជន គង់ រ៉ៃយ៉ា បានប្រាប់វិទ្យុស្ត្រី FM ១០២ នៅថ្ងៃនេះថា ក្រោយពីសួរដេញដោល និងធ្វើសេចក្តីសន្និដ្ឋានចប់ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចពន្យារពេល ប្រកាសសាលក្រមទៅថ្ងៃទី០៥ ខែមីនាវិញ ។
មេធាវីរូបនេះបានឱ្យដឹងទៀតថា សវនការថ្ងៃនេះ បានសួរដេញដោលទៅលើអង្គហេតុ រួមនឹងភស្តុតាងមួយចំនួន ដែលពាក់ព័ន្ធនឹងសំនុំរឿងនេះ ដើម្បីជាមូលដ្ឋាន ក្នុងការធ្វើសេចក្តីសម្រេចរបស់អង្គចៅក្រម។
បើតាមលោក សំ សុគង់ ជនជាប់ចោទ គង់ រ៉ៃយ៉ា បានឆ្លើយថា លោកគ្មានចេទនាបង្ហោះសារនោះ ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ ឬធ្វើឱ្យមានការខូចខាតទៅលើជនណាម្នាក់នោះទេ គោលបំណងដែលលោកបង្ហោះ គឺគ្រាន់តែចង់បង្ហាញថាគាត់មិនពេញចិត្តទង្វើអ្នកណាម្នាក់ និងចង់ចែកព័ត៌មានឱ្យអ្នកផ្សេងដឹងតែប៉ុណ្ណោះ។
លោក សំ សុគង់ បានថ្លែងបន្តថា តុលាការគួតែពិចារណា ក្នុងការដោះលែងយុវជននេះឱ្យនៅក្រៅឃុំ ឬលើកលែងបទចោទដោយសារយុវជន គង់ រ៉ៃយ៉ា នៅក្មេង ហើយកំពុងស្ថិតក្នុងការសិក្សា។ លោកថា ព្រោះតែបញ្ហានេះធ្វើឱ្យយុវជន គង់ រ៉ៃយ៉ា ខានសិក្សាជិតមួយឆ្នាំ ហើយបើសិនជាថ្លឹងថ្លែងរឿងនេះមិនបានល្អិតល្អន់ទេ នឹងធ្វើគាតគ្មានឱកាសក្នុងការចូលរួមអភិវឌ្ឍសង្គមឡើយ។
WMC មិនអាចស្វែងរកការបំភ្លឺពីតំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញបាននោះទេ។ ទាក់ទិននឹងបញ្ហានេះ លោកអំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេត នៃអង្គការសិទ្ធិមនុស្សលីកាដូ មានប្រសាសន៍ថា ការសរសេរសារ នៅលើទំព័រហ្វេសប៊ុករបស់យុវជន គង់ រ៉ៃយ៉ា ជាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងជាទស្សនៈបុគ្គលផ្ទាល់ខ្លួនរបស់យុវជនរូបនេះ។
លោកថា ការសរសេរនោះ មិនមានពាក់ព័ន្ធនឹងបទល្មើសនោះទេ ហើយយុវជន គង់ រ៉ៃយ៉ាផ្ទាល់ ក៏មិនយល់ពីពាក្យបដិវត្តន៍ពណ៌នេះដែរ។ លោកបន្ថែមថាការចាប់ខ្លួនយុវជនរូបនេះនាំឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិជាពិសេសការបញ្ចេញមតិនៅលើបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយ។
សូមបញ្ជាក់ថា យុវជន គង់ រ៉ៃយ៉ា មានអាយុ ២៤ ឆ្នាំ ជាអតីតនិស្សិតឆ្នាំទី១ នៅសាកលវិទ្យាល័យខេមរៈ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីខែសីហា ២០១៥ បន្ទាប់ពីរូបគេសរសេរខ្លឹមសារអំពាវនាវឱ្យធ្វើបដិវត្តពណ៌ នៅលើបណ្តាញសង្គមហ្វេសប៊ុក។ យុវជនរូបនេះ ត្រូវបានតុលាការឃុំខ្លួននៅពន្ធនាគារ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥ កន្លងទៅ ក្រោមការចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ តាមមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ៕