en     km
en     km

តុលាការ​កំពូល​សម្រេច​លើក​ពេល​ប្រកាស​សាលក្រម​លោក​ ហុង​ សុខ​ហួរ​

Share

រួបភាព៖ berniegourley.com
រួបភាព៖ berniegourley.com

តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ទី​២៦​ ខែកុម្ភៈ​ នេះ​ បាន​ប្រកាស​សម្រេច​លើក​ពេល​សវនាការ​ សំណុំរឿង​សុំ​នៅ​ក្រៅ​ឃុំ​ របស់​អតីត​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​សម​ រ​ង្ស៊ី​ លោក​ ហុង​ សុខ​ហួរ​ ទៅ​ថ្ងៃ​ទី​ ៤​ ខែ​ មិ​នា​វិញ​។​

​លម្អិត​ព័ត៌មាន​ដោយ​ កញ្ញា​ ប៉ូ​ សា​គុន​ ៖

​បន្ទាប់​ពី​តុលាការ​កំពូល​បាន​បើក​សវនាការ​ សំណុំរឿង​លោក​ ហុង​ សុខ​ហួរ​ សុំ​នៅ​ក្រៅ​ឃុំ​ អស់​រយៈពេល​មួយ​ម៉ោង​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​២៦​ ខែកុម្ភៈ​ រួច​មក​ ជា​លទ្ធផល​តុលាការ​បាន​សម្រេច​ពន្យា​ពេល​ប្រកាស​សាលក្រម​ ទៅ​ថ្ងៃ​ទី​៤​ ខែមីនា​វិញ​។​ នេះ​បើ​តាម​ការ​ឱ្យ​ពី​ លោក​ ជួង​ ជូ​ងី​ មេធាវី​ការពារ​ក្តី​ឱ្យ​ លោក​ ហុង​ សុខ​ហួរ​។​

​មេធាវី​ការពារ​ក្តី​ លោក​ ហុង​ សុខ​ហួរ​ លោក​ ជួង​ ជូ​ងី​ មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ច្រើន​នោះ​ទេ​ ដោយ​លោក​ថា​ រង់ចាំ​សេចក្តីសម្រេច​របស់​តុលាការ​កំពូល​នៅ​ថ្ងៃ​ទី​៤​ខែមីនា​សិន​។​ ជុំវិញ​បញ្ហា​នេះ​ WMC​ មិន​អាច​សុំ​ការ​បកស្រាយ​ពី​អនុប្រធាន​តុលាការ​កំពូល​ លោក​ ឃឹម​ ប៉ុណ្ណ​ និង​លោក​ នៅ​ មុនី​ តំណាង​អយ្យការ​តុលាការ​កំពូល​បាន​នោះ​ទេ​។​

​មន្ត្រីជាន់ខ្ពស់​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​អង្គការ​ លី​កាដូ​ លោក​ អំ​ សំអាត​ បាន​លើក​ឡើង​ថា​ បើ​គិត​តាម​ផ្លូវច្បាប់​តុលាការ​គួរតែ​អនុញ្ញាត​ឱ្យ​ លោក​ ហុង​ សុខ​ហួរ​ នៅ​ក្រៅ​ឃុំ​ ព្រោះ​លោក​បាន​បំពេញ​តាម​នីតិវិធី​គ្រប់​លក្ខខណ្ឌ​ដែល​តុលាការ​តម្រូវ​រួចរាល់​ហើយ​។​
​លោក​បន្ត​ថា​ លោក​នៅ​តែ​មិន​មាន​សង្ឃឹមថា​ លោក​ ហុង​ សុខ​ហួរ​ អាច​នៅ​ក្រៅ​ឃុំ​បាន​ឡើយ​ ដោយសារ​តែ​ បញ្ហា​នេះ​ គឺ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​។​ លោក​ ហុង​ សុខ​ហួរ​ បាន​ស្នើ​តម្កល់​ប្រាក់​ ២០​ លាន​រៀល​ ដើម្បី​បាន​នៅ​ក្រៅ​ឃុំ​ ។​

​សូម​រំឭក​ថា​ លោក​ ហុង​ សុខ​ហួរ​ ត្រូវ​បាន​តុលាការ​ចោទ​ពី​បទ​ ក្លែងបន្លំ​ឯកសារ​សាធារណៈ​ បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង​ និង​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​៕

Share

Image
Image
Image