លោកស្រី ម៉ែន សំអន ឧបនាយរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច លើកឡើថា ស្ត្រី
គឺជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ជាតិ ព្រោះថាស្ត្រីបានចូលរួមចំណែកយ៉ាងសកម្មក្នុងការជំរុញឱ្យប្រទេសកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយនិរន្តភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ការថ្លែងបែបនេះធ្វើទ្បើងក្នុងពិធីប្រជុំផ្សព្វផ្សាយអំពីទស្សនៈយេនឌ័រ និងអនុសញ្ញាស្ដីពី ការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំង និងនារីភេទ (ស៊ីដ-CEDAW) នៅទីស្ដីការក្រសួងអធិការកិច្ច កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ ម្សិលមិញនេះ។
លោកស្រី មែន សំអន បានលើកឡើងទៀតថា រាជរដ្ឋាភិបាលបានផ្ដល់សិទ្ធិឱ្យស្ត្រីចូលរួមជាកម្លាំងចលករដ៏សំខាន់ក្នុងការរួមចំណែកជំរុញប្រទេសកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ ប្រកបដោយនិរន្ដរភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
ទាក់ទងនឹងការលើកទ្បើងខាងលើនេះដែរ នាយិកាអង្គការសីលការ លោកស្រី ធីតា ឃឹះ គាំទ្រទៅនឹងការលើកទ្បើងរបស់លោក ស្រី ម៉ែន សំអន ដែលថាស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។ លោកស្រី ធីតា ឃឹះ បន្ថែមទៀតថា រាជរដ្ឋាភិបាលត្រូវរៀបចំយន្តការបន្ថែមទៀតដើម្បីលើកកម្ពស់សិទ្ធិស្ត្រី ឱ្យរួចផុតពីការរើសអើងនៅពេលដែលស្ត្រីចូលទៅបម្រើការងារនៅក្នុងវិស័យសាធារណៈ។
លោកស្រី ធីតា ឃឹះ ក៏បានបញ្ជាក់ផងដែរថា ស្ត្រីនៅតែមានការរើសអើងនៅទ្បើយក្នុងវិស័យការងារ ក៏ដូចជាវិស័យនយោបាយនៅក្នុងប្រទេសកម្ពុជា ដូច្នេះរដ្ឋាភិបាលត្រូវផ្តល់ឱកាសទៅដល់ស្ត្រីឱ្យបានច្រើន ដើម្បីបម្រើការងារនៅក្នុងស្ថាប័នសាធារណៈ និងវិស័យនយោបាយ។ លោកស្រីស្នើឱ្យស្ត្រីគ្រប់រូបត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ជាពិសេសត្រូវមានភាពក្លាហានក្នុងការសម្រេចចិត្តឈរឈ្មោះធ្វើជាថ្នាក់ដឹកនាំនៅក្នុង
ស្ថាប័នផ្សេងៗជាដើម។
«ស្ត្រីនៅតែជួបការលំបាកនៅក្នុងការទទួលបានអប់រំ ស្ត្រីនៅតែទទួលការរើសអើងនៅក្នុងវិស័យការងារ ស្ត្រីនៅតែទទួលនៅការរើសអើងវីស័យនយោបាយជាដើម យើងនៅទទួលការលំបាក ដូច្នេះវិធានការច្បាប់ជាវិធានការចំបាច់ដើម្បីធានាឱ្យស្ត្រីមានភាពស្មើគ្នាជាមួយនឹងបុរស»។
សូមបញ្ជាក់ថា បច្ចុប្បន្នមានស្ដ្រីបម្រើការងារលើគ្រប់វិស័យ នៅទូទាំងប្រទេសមានរាប់ម៉ឺននាក់ ហើយពួកគេបានដើរតួនាទីសំខាន់ក្នុងការចូលរួមផ្សព្វផ្សាយអប់រំដល់ស្ត្រីនៅមូលដ្ឋានឱ្យមានការយល់ដឹងពីច្បាប់ ឱ្យយល់ដឹងអំពីការថែទាំសុខភាព ដើម្បីចូលរួមលើកកម្ពស់សីលធម៌សង្គមជាតិទាំងមូលជាដើម។ នេះជាការលើកឡើងរបស់ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច៕