មន្ត្រីគម្រោងថ្នាក់ជាតិរបស់អង្គការយូណេស្កូបានឱ្យដឹងថា សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ដែលរៀបចំទ្បើងដោយរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល នឹងត្រូវបញ្ចប់នៅក្នុងឆ្នាំ២០១៦ នេះ ហើយនឹងបញ្ជូនដាក់ទៅអន្តរក្រសួងនៅដើមឆ្នាំ ២០១៧ ដើម្បីធ្វើការពិភាក្សាបន្ត។ ការលើកទ្បើងបែបនេះធ្វើទ្បើង ក្នុងវេទិកាពិគ្រោះយោបល់ស្តីពី “សិទ្ធិទទួលព័ត៌មានវិស័យសារព័ត៌មាន” នៅភោជនីយដ្ឋានអ័រគីដេ ព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ។
លោក ជួន សារ៉េត រាយការណ៍ពីព័ត៌មាននេះ!
មន្ត្រីគម្រោងថ្នាក់ជាតិរបស់អង្គការយូណេស្កូ និងជាសមាជិកគណកម្មការនាយកក្លិបអ្នកការសែតកម្ពុជា លោក ឆាយ សុផល បានលើកទ្បើងថា ក្រសួងព័ត៌មាននឹងបញ្ចប់សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននៅអំទ្បុងឆ្នាំ២០១៦នេះ។
លោក ឆាយ សុផល ដែលជាមន្ត្រីគម្រោងថ្នាក់ជាតិរបស់អង្គការយូណេស្កូ បានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានថា សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន គឺកំពុងនៅក្នុងដៃក្រសួងព័ត៌មាននៅទ្បើយ។ ហើយអ្នកដែលជាសមាជិកបច្ចេកទេសរបស់ក្រសួងព័ត៌មានដែលធ្វើការពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់នេះ នៅតែបន្តពិភាក្សាទៅលើសេចក្តីព្រាងច្បាប់មួយនេះផងដែរ។
លោក ឆាយ សុផលបន្តថា សេចក្តីព្រាងច្បាប់ខាងលើនេះនឹងបញ្ចប់នៅក្នុងឆ្នាំ២០១៦ ហើយនៅពេលសេចក្តីព្រាងច្បាប់នេះបញ្ចប់ហើយនោះ ក្រសួងព័ត៌មាននឹងដាក់សេចក្តីព្រាងមួយនេះទៅអន្តរក្រសួងដើម្បីធ្វើការពិភាក្សា។ លោក ឆាយ សុផល ក៏បានបញ្ជាក់ផងដែរថា ការពិភាក្សាទៅលើសេចក្តីព្រាងច្បាប់នេះ នៅមានចំណុចខ្វែងគំនិតគ្នានៅទ្បើយរវាងក្រសួងព័ត៌មាន និងសង្គមស៊ីវិល ដូច្នេះភាគីដែលពាក់ព័ន្ធនឹងធ្វើការពិគ្រោះយោបល់ទៅលើមាត្រានីមួយៗដែលក្រសួងព័ត៌មានបានព្រាងហើយនោះ ដើម្បីស្វែងរកចំណុចរួមមួយ។
«តាមការប្តេជ្ញាចិត្តរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានលោកថា នឹងធ្វើសេចក្តីព្រាងនេះ ឱ្យចប់នៅក្នុងដៃរបស់ក្រុមការងារបច្ចេកទេសនៅឆ្នាំ២០១៦នេះ ហើយសង្ឃឹមថាប្រហែលថាជាចុងឆ្នាំឬមួយក៏នៅដើមឆ្នាំ២០១៧ គឺនឹងអាចឈានចូលទៅអន្តរក្រសួង»។
ទាក់ទងនឹងការលើកទ្បើងខាងលើនេះ នាយកវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) លោក ណែប ស៊ីនថៃ បានមានប្រសាសន៍ថា ការបង្កើតឱ្យមានច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ទៅដល់អ្នកសារព័ត៌មានក៏ដូចជាសាធារណៈជនទូទៅផងដែរ ពីព្រោះថាពួកគេនឹងទទួលបានសិទ្ធិពេញលេញក្នុងការទទួលបានព័ត៌មានដូចអ្វី ដែលមានចែងនៅក្នុងច្បាប់នៃប្រទេសកម្ពុជា។
លោក ណែប ស៊ីនថៃ នៅតែមានការបារម្ភថា បន្ទាប់ពីក្រសួងព័ត៌មានបញ្ចប់សេចក្តីព្រាងច្បាប់មួយនេះហើយនោះ ក្រសួងដែលមានតួនាទីក្នុងការផ្តល់ព័ត៌មានជូនសាធារណៈជនទូទៅអាចនឹងមិនផ្តល់ព័ត៌មានមួយចំនួនទៅដល់សាធារណជនទូទៅឱ្យបានដឹង។
«ខ្ញុំបារម្មណ៍ថាពេលដែលក្រសួងព័ត៌មានត្រូវបានបញ្ចប់ហើយ ក្រោមស្មារតីនៃការប្រជុំក្រុមការងារបច្ចេកទេសនេះចប់វានឹងខ្ទាស់ជាមួយនឹងបណ្តាក្រសួងផ្សេងៗទៀតដែលតម្រូវឱ្យយើងត្រូវធ្វើការជាមួយនឹងបណ្តាក្រសួងដែលពាក់ព័ន្ធហ្នឹងដើម្បីឱ្យគាត់យល់…»។
សូមបញ្ជាក់ផងដែរថា សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ដែលរៀបចំឡើងដោយក្រសួងព័ត៌មាននេះ មាន ៣៩ មាត្រា និង ៩ ជំពូក៕