en     km
en     km

សម្តេច​ ហ៊ុន​ សែន​ ព្រមាន​ថា​នឹង​ប្រើ​អាវុធ​បង្ក្រាប​បទល្មើស​ព្រៃឈើ​

Share

cover-HS-at-peace-palace
សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជា​ឱ្យ​ប្រធាន​គណៈកម្មការ​ជាតិ​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ ប្រើ​អាវុធ​បំពាក់​លើ​ឧទ្ធម្ភាគចក្រ​ បង្ក្រាប​អ្នក​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ ប្រសិនបើ​ពួក​គេ​នៅ​តែ​រឹងទទឹង​មិន​ព្រម​បញ្ឈប់​សកម្មភាព​នោះ​។​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ លោកនាយក​រដ្ឋមន្ត្រី​បាន​រិះគន់​ដល់​មន្ត្រី​អសកម្ម​របស់​ខ្លួន​មួយ​ចំនួន​ ដែល​មិន​អាច​បង្ក្រាប​បទល្មើស​ព្រៃឈើ​ផង​ដែរ​។​ ការ​ថ្លែង​សម្តេច​នាយក​រដ្ឋមន្ត្រី​នេះ​ ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​សម្ពោធ​អាគារ​ក្រសួងបរិស្ថាន​ថ្មី​ នា​ព្រឹក​ថ្ងៃ​ទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ នេះ​។​

លោក​ ធូ​ វិរៈ​ រាយ​ការណ៍​ព័ត៌​មាន​នេះ​ ៖

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​បាន​ថ្លែង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ លោក​មានការ​ឈឺចាប់​ និង​ទទួលស្គាល់​ថា​ បទល្មើស​ព្រៃឈើ​នៅ​តែ​កើត​មាន​។​ ជាង​នេះ​ទៀត​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​រិះគន់​ដល់​មន្ត្រី​ខ្លួន​មួយ​ចំនួន​ ដែល​បណ្តែតបណ្តោយ​ឱ្យ​មានការ​ដឹក​ជញ្ជូន​ឈើ​ដោយ​គ្មាន​ការ​បង្ក្រាប​ផង​ដែ​។​

នៅ​ក្នុង​ពិធី​សម្ពោធ​អាគារ​ក្រសួងបរិស្ថាន​ថ្មី​ នា​ព្រឹក​មិ​ញ​នេះ​ លោកនាយក​រដ្ឋ​ម​មន្ត្រី​ ហ៊ុន​ សែន​បាន​រំឭក​ថា​ លោក​បាន​បញ្ជា​ឱ្យ​លោក​ សៅ​ សុខា​ អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ​ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ដែល​ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ កាលពី​ថ្ងៃ​ទី​១៥​ មក​រា​ ឆ្នាំ​២០១៦​ កន្លង​ទៅ​ ឱ្យ​ប្រើប្រាស់​អាវុធ​ដែល​បំពាក់​លើ​ឧទ្ធម្ភាគចក្រ​ចំនួន​ពីរ​គ្រឿង​ពី​រដ្ឋាភិបាល​ ប្រសិនបើ​អ្នក​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ ឬ​អ្នក​កាប់​បំផ្លាញ​ព្រៃឈើ​ រឹងទទឹង​ នៅ​ពេល​អាជ្ញាធរ​ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ​។​

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ថ្លែង​ថា​៖​ «​យើង​ទទួល​នៅ​ការ​ឈឺចាប់​ណាស់​ នៅ​ពេល​គេ​ស្រែក​អំពី​បញ្ហា​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ ប៉ុន្តែ​យើង​ទទួលស្គាល់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​។​  បញ្ហា​ហ្នឹង​ គឺ​ត្រូវ​តែ​បង្ក្រាប​ និង​ដាក់ទោស​ទណ្ឌ​។​ ខ្ញុំ​ឱ្យ​ឧទ្ធម្ភាគចក្រ​ចំនួន​ពីរ​គ្រឿង​ សៅ​ សុខា​ ដូច​ជា​មិន​ទាន់​បាញ់​មួយ​គ្រាប់​ផង​ទេ​ ខ្ញុំ​ឱ្យ​បាញ់​បើសិន​វា​ព្រហើន​រ៉ូ​កែ​ត​ដាក់​ពីលើ​មក​តែ​ម្តង​ អត់​មានរ​ញ៉េ​ញ៉ៃ​ទេ​»​។​

លោក កែម​ឡី
លោក កែម​ឡី

ជុំវិញ​បញ្ហា​នេះ​ លោក​ កែម​ ឡី​ អ្នក​សិក្សា​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​ ដែល​ធ្លាប់​បាន​ដឹកនាំ​យុវជន​ រួម​សកម្មជន​ការពារ​ឈើ​ទៅ​សិក្សា​អំពី​ស្ថានភាព​ព្រៃ​ឡង់​នា​ពេល​កន្លង​មក​ បាន​លើក​ឡើង​ថា​ ការ​បញ្ជា​ឱ្យ​លោក​ សៅ​ សុខា​ ជា​ប្រធាន​គណៈកម្មការ​ជាតិ​ ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ព្រៃ​ ឱ្យ​ប្រើប្រាស់​អាវុធ​ដែល​បំពាក់​លើ​ឧទ្ធម្ភាគចក្រ​ចំនួន​ពីរ​គ្រឿង​ ដើម្បី​បង្ក្រាប​អ្នក​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ ឬ​អ្នក​កាប់​បំផ្លាញ​ព្រៃឈើ​ គឺជា​យន្តការ​ចាប់​ត្រី​ចង្វា​រក្សា​ត្រី​ធំ​ និង​គ្មាន​ប្រសិទ្ធិ​ភាព​ឡើយ​។​

លោក​ កែម​ ឡី​បន្ត​ថា​ ប្រសិនបើ​រាជរដ្ឋាភិបាល​បាញ់​គ្រាប់​រ៉ូ​កែ​ត​ ក្នុង​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​មែន​នោះ​ អ្នក​ដែល​រង​គ្រោះ​ខ្លាំង​គឺ​ប្រជាពលរដ្ឋ​ ដែល​ប្រកបរ​បរកាប់​ឈើ​តូចតាច​ ដើម្បី​រស់​ប៉ុណ្ណោះ​។​ លោក​បន្ត​ថា​ ដើម្បី​បង្ក្រាប​ឈ្មួញ​ឈើ​ខុសច្បាប់​ឱ្យ​មាន​ប្រសិទ្ធភាព​ ទាល់តែ​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ស៊ើបអង្កេត​ជា​សម្ងាត់​។​

លោក​ កែម​ ឡី​ និយាយ​ថា​៖​ «​ឈ្មួញ​ឈើ​ធំៗ​មិនមែន​ទៅ​កាប់​ឈើ​ដោយ​ខ្លួនឯង​ទេ​ ភាគច្រើន​ពួក​គេ​មាន​កម្មករ​ ហើយ​ប្រើ​កម្លាំង​អ្នកស្រុក​ បើ​ប្រើ​រ៉ូ​កែ​តបាញ់​ទៅ​លើ​អ្នក​កាប់​ឈើ​មាន​ន័យ​ថា​ បាញ់​លើ​ពលរដ្ឋ​សាមញ្ញ​ដែល​រកតែ​ដើម្បី​ហូប​ យើង​មិន​បាន​ចាប់​អ្នកធំ​ អ្នកមាន​អំណាច​ ហើយ​កន្លង​មក​ ភាគច្រើន​គ្រាន់តែ​ជា​វិធានការ​ចាប់​ត្រី​ចង្វា​ រក្សា​ត្រី​ធំ​ផ្តុំ​ក្បាល​គ្នា​ស៊ី​ប៉ុណ្ណោះ​។​ អ​ញ្ចឹ​ង​ខ្ញុំ​គិត​ថា​មិន​ជោគជ័យ​ទេ​»​។​

ទាក់ទង​បញ្ហា​នេះ​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ក៏​បាន​លើក​ឡើង​អំពី​ការ​ផ្ទេរ​មុខងារ​រវាង​ក្រសួងបរិស្ថាន​ និង​ក្រសួង​រុក្ខ​ប្រ​ម៉ា​ញ់​ និង​នេសាទ​ ឱ្យ​បាន​ឆាប់រហ័ស​ និង​ទាន់​ពេលវេលា​ ដើម្បី​ទប់ស្កាត​ការ​កើនឡើង​នៃ​បទល្មើស​ព្រៃឈើ​ និង​ការ​គ្រប់គ្រង​ដី​សម្បទាន​សេដ្ឋកិច្ច​ផង​ដែរ​៕

Share

ព័ត៌មានទាក់ទង

Image