បុគ្គលិកក្រុមហ៊ុន គូវ៉ាហារ៉ា ប្រមាណជាង ២៥០ នាក់ បានចូលបំពេញការរបស់ខ្លួនដូចដើមវិញហើយ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២១០៦ នេះ ខណៈភាគីក្រុមហ៊ុនព្រមទទួលការស្នើរបស់ក្រុមបុគ្គលិកដែលបានតវ៉ាទាមទារឱ្យថៅកែក្រុមហ៊ុននេះគោរពច្បាប់ការងារ និងកិច្ចសន្យា ដែលក្រុមហ៊ុនបានព្រមព្រៀងជាមួយសហព័ន្ធសហជីពកម្មករនិយោជិត ក្នុងការដោះស្រាយវិវាទរវាងក្រុមហ៊ុន និងបុគ្គលិករយៈពេលមួយសប្តាហ៏កន្លងមក។
លោក ស៊ិន សំបូរ ប្រធានសហជីពក្រុមហ៊ុន គូវ៉ាហារ៉ា បានថ្លែងប្រាប់វិទ្យុស្រី្ត នៅព្រឹកថ្ងៃទី ២៤ ខែ កុម្ភៈ នេះថា លោក នឹងបុគ្គលិកទាំងអស់ដែលបានចេញតវ៉ាទាមទារឱ្យថៅកែក្រុមហ៊ុនគោរពច្បាប់ការងារ និងកិច្ចសន្យាកន្លងមក បានចូលមកបំពេញការងារនៅក្នុងក្រុមហ៊ុន គូវ៉ាហារ៉ា តាមគោលដៅរបស់ខ្លួនវិញហើយ។
លោកបានបន្ថែមថា កិច្ចចរចារវាងភាគីក្រុមហ៊ុន និងក្រុមបុគ្គលិក ក្រុមហ៊ុន គូវ៉ាហារ៉ា ក៏មានការចូលរួមពីសាលារាជធានីភ្នំពេញផងដែរ៖ «ព្រមទទួលសំណើដែលពួកខ្ញុំបានស្នើទៅហ្នឹង បានផ្តល់ឱ្យពួកខ្ញុំអស់ចឹង ពួកខ្ញុំក៏អត់មានអីទៀតដែរ ពួកខ្ញុំបានបញ្ជាក់ទៅក្រុមហ៊ុនថានឹងចូលធ្វើការវិញនៅថ្ងៃទី២៤ ហ្នឹងវិញគ្រប់ៗគ្នា»។
សាលារាជធានីភ្នំពេញបានចេញសេចក្តីកំណត់ហេតុមួយក្រោយពីសាលាខណ្ឌដូនពេញបានបើកការប្រជុំមួយស្តីពីការផ្សះផ្សាសម្របសម្រួលករណីវិវាទការងារ រវាងនិយោជក និងបុគ្គលិកក្រុមហ៊ុនគូវ៉ាហារ៉ា ក្រោមអធិបតីភាពលោក សុខ ពេញវុធ អភិបាលរងខណ្ឌដូនពេញ។ ក្នុងសេចក្តីកំណត់ហេតុនោះ ភាគីទាំងពីរ បានឯកភាពគ្នាលើ ៣ចំនុចរួមមាន៖
ទី១ ឯកភាពមិនកាត់ប្រាក់សហការណ៍ថែមម៉ោង ១០ដុល្លារ ប្រចាំខែដោយមូលហេតុមិនបំពេញការងារអំឡុងពេលកូដកម្ម ក្នុងខែមករា ឆ្នាំ២០១៦, ទី២ ឯកភាពផ្តល់ជាប្រាក់ជួលការឈប់សម្រាកប្រចាំឆ្នាំសម្រាប់កម្មករនិយោជិតដែលសល់ថ្ងៃ នៃការឈប់សម្រាកប្រចាំឆ្នាំ ដោយយកមធ្យមភាគនៃប្រាក់ឈ្នួល ១២ ខែចុងក្រោយជាមូលដ្ឋានក្នុងការគណនា, និងទី៣ ឯកភាពកាត់ប្រាក់ឈ្នួលថ្ងៃកូដកម្មចំនួន ៤ថ្ងៃ ក្នុងខែកុម្ភៈ ឆ្នាំ២០១៦ ទៅក្នុងថ្ងៃឈប់សម្រាកប្រចាំឆ្នាំ ដោយមិនកាត់ប្រាក់ឈ្នួលប្រចាំថ្ងៃ និងប្រាក់សហការណ៏ថែមម៉ោងប្រចាំខែ។
ក្រោយពីទទួលបានកំណត់ហេតុនៃការផ្សះផ្សានេះ បុគ្គលិកទាំងអស់ត្រូវចូលបំពេញការងារវិញ និងបានព្រមព្រៀងគ្នាបញ្ចប់វិវាទ និងដកពាក្យបណ្តឹងពីអាជ្ញាធរមានសម្ថកិច្ចពាក់ព័ន្ឋទាំងអស់ផងដែរ៕