en     km
en     km

ស្ត្រី​រង​គ្រោះ​ដោយ​ទឹក​អាស៊ីត​ថា​ ជន​ដៃដល់​ជា​ប្តី​ព្យាយាម​លួ​ម​លោម​ សូម​រួមរស់​ជាមួយ​ខ្លួន​វិញ​

Share

រូបតំណាង
រូបតំណាង

ស្ត្រី​រង​គ្រោះ​ដោយសារ​ប្តី​របស់​ខ្លួន​ជះ​ទឹក​អាស៊ីត​ អ្នកស្រី​ ស៊ុំ​ សុខ​នី​ បាន​ប្រាប់​វិទ្យុ​ស្រី្ត​នៅ​ថ្ងៃ​ទី​២៤​ ខែកុម្ភៈ​នេះ​ថា​ ជន​ដៃដល់​ដែល​ត្រូវជា​ប្តី​របស់​អ្នកស្រី​ បាន​ព្យាយាម​ទាក់ទង​តាម​ទូរស័ព្ទ​រក​អ្នកស្រី​ ដោយ​លួ​ម​ លោម​សុំ​រួមរស់​ជានា​គ្នា​វិញ​ នឹង​បាន​សន្យា​ធានា​ផ្គត់ផ្គង់​ផ្នែក​ជីវភាព​ដល់​អ្នកស្រី​ផង​ដែរ​។​

ជាង​នេះ​ទៅ​ទៀត​អ្នកស្រី​ថា​ ជន​ដៃដល់​ជា​ស្វា​មីនោះ​ ក៏​បាន​សន្យា​ថា​នឹង​ធានា​ចិញ្ចឹម​អ្នកស្រី​ក្រោយ​ចេញពី​មន្ទីរពេទ្យ​ផង​ដែរ​។​ អ្នកស្រី​បន្ថែម​ថា​ ជន​ដៃដល់​ថែម​ទាំង​បាន​ប្រ​លយ​ពាក្យ​សម្ដី​ដាក់​អ្នកស្រី​ថា​ សមត្ថកិច្ច​ គឺ​គ្មាន​ថ្ងៃ​ចាប់ខ្លួន​គាត់​បាន​នោះ​បាន​ឡើយ​។​ អ្នកស្រី​ ស៊ុំ​ សុខ​នី​៖​ «​គាត់​គ្រាន់តែ​និយាយ​ថា​ សុំ​ទោស​ដែល​គាត់​បាន​ធ្វើ​អ​ញ្ចឹ​ង​ ហើយ​សួរ​ខ្ញុំ​ថា​ខ្ញុំ​ខឹង​អត់​។​ មួយទៀត​គាត់​ថា​ បើ​ខ្ញុំ​គតិ​ល្អជា​មួយ​គេ​ គេ​អាច​ចិញ្ចឹម​»​។​

លោក​ អំ​ សំអាត
លោក​ អំ​ សំអាត

ទាក់ទង​នឹង​បញ្ហា​ជនល្មើស​ សុំ​ក្តី​អនុគ្រោះ​ពី​ជន​រង​គ្រោះ​នេះ​ លោក​ អំ​ សំអាត​ ប្រធាន​ផ្នែក​បច្ចេកទេស​ឃ្លាំមើល​ការ​រំលោភសិទ្ធិ​មនុស្ស​របស់​អង្គការ​លី​កាដូ​លើក​ឡើង​ថា​ ក្នុង​ករណី​ជះ​ទឹក​អាស៊ីត​នេះ​ គឺជា​បទល្មើស​ព្រហ្មទណ្ឌ​ ដូច្នេះ​ជន​រង​គ្រោះ​មិន​អាច​ដក​បណ្ដឹងអាជ្ញា​ហើយ​រួមរស់​ជាមួយ​ជា​ប្តី​ដែល​ជា​ជន​ដៃដល់​បាន​ទេ​ ព្រោះ​ព្រះរាជអាជ្ញា​នៅ​តែ​បន្ត​តាម​នីតិវិធី​ច្បាប់​។​

លោក​ អំ​ សំអាត​ បន្ត​ថា​ អាជ្ញាធរ​ត្រូវ​ព​ន្លឿ​ន​សកម្មភាព​តាម​ចាប់ខ្លួន​ជន​ដៃដល់​ឱ្យ​បាន​ ព្រោះ​តាម​រយៈ​រូបភាព​លួ​ម​លោម​ផង​ និង​គំរាមកំហែង​ផង​ពី​សំណាក់​ជន​ដៃដល់​មក​លើ​ស្ត្រី​រង​គ្រោះ​បែប​នេះ​ គឺ​រឹតតែ​ធ្វើ​ឱ្យ​ជន​រង​គ្រោះ​កាន់តែ​ភ័យ​ខ្លាច​ពី​ សុខ​សុវត្ថិភាព​ផ្ទាល់ខ្លួន​៖​ «​មិន​អាច​ដក​បណ្ដឹង​ហើយ​រួមរស់​បាន​ទេ​ ពីព្រោះ​បទល្មើស​ត្រូវ​តែ​អនុវត្ត​តាម​ផ្លូវច្បាប់​ បើ​ចង់​រួមរស់​ត្រូវ​តែ​អនុវត្ត​មានច្បាប់​សិន​»​។​

ស្ត្រី​រង​គ្រោះ​អ្នកស្រី​ ស៊ុំ​ សុខ​នី​ បានឱ្យ​ដឹង​ទៀត​ថា​ អ្នកស្រី​បាន​ផ្តល់​លេខ​ទូរស័ព្ទ​របស់​ជន​ដៃដល់​ឱ្យ​សមត្ថកិច្ច​រួម​ហើយ​ តែ​រហូត​មក​ដល់​ពេល​នេះ​ សមត្ថកិច្ច​នៅ​តែ​មិន​ទាន់​អាច​ស្វែងរក​ចាប់ខ្លួន​ជន​បង្ក​បាន​នៅឡើយ​។​ អ្នកស្រី​ សុខ​នី​ បន្ត​ថា​ អ្នកស្រី​មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​យ៉ាង​ខ្លាំង​ ដោយ​ខ្លាច​ប្តី​របស់​ខ្លួន​តាម​យាយី​អាយុជីវិត​តទៅ​ទៀត​ ព្រោះ​អ្នកស្រី​ជិត​ដល់​ថ្ងៃ​ចាក​ចេញពី​មន្ទីរពេទ្យ​ហើយ​។​

អ្នកស្រី​ ស៊ុំ​ សុខ​នី​៖​ «​គាត់​ថា​ខ្ញុំ​ហ្នឹង​រាល់ថ្ងៃ​កំពុង​តាម​ចាប់​គេ​ គឺ​ចាប់​មិន​បាន​ទេ​ ឥឡូវ​ខ្ញុំ​នៅ​តែ​មានការ​ព្រួយ​បារ​ម្ម​ណ៍​អ​ញ្ចឹ​ង​ ព្រោះ​ពេលវេលា​វា​កាន់តែ​យូរ​ទៅៗ​ ឥឡូវ​ជិត​កន្លះ​ខែ​ទៅ​ហើយ​តែ​នៅ​តែ​មិន​ទាន់​ដឹង​ដំណឹង​»​។​

ជុំវិញ​បញ្ហា​នេះ​ លោក​ ម៉ៅ​ សា​វឿ​ន​ នាយ​ប៉ុស្ដិ៍​សង្កាត់​ស្ទឹង​មាន​ជ័យ​ ក៏​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​ស្ត្រី​ថា​ រហូត​មក​ដល់​ពេល​នេះ​សមត្ថកិច្ច​មិន​ទាន់​មាន​ពន្លឺ​អ្វី​ពី​ជន​ដៃដល់​នោះ​ទេ​។​ តែ​យ៉ាងណា​លោក​ ម៉ៅ​ សា​វឿ​ន​ បញ្ជាក់​ថា​ លោក​នឹង​ព្យាយាម​ស្វែងរក​ចាប់ខ្លួន​ជន​ដៃដល់​ឱ្យ​បាន​ ខណៈ​ដែល​ទទួល​បាន​តម្រុយ​ថា​ ជនល្មើស​បាន​ទាក់ទង​តាម​ទូរស័ព្ទ​មក​ជន​រង​គ្រោះ​។​

លោក​ ម៉ៅ​ សា​វឿ​ន​៖​ «​យើង​ស្រាវជ្រាវ​លុះត្រាតែ​លេខ​ហ្នឹង​វា​ដាក់​អត្តសញ្ញាណ​បណ្ណ​ បើសិន​វា​មិន​ដាក់​អត្តសញ្ញាណ​បណ្ណទេ​ យើង​គ្រាន់តែ​ដឹង​ថា​ហៅ​ចេញ​តំបន់​ណា​ បើ​ថាឱ្យ​ដឹង​ចំណុច​ណា​ដែល​ទៅ​ចាប់​វា​ហ្មង​ គឺ​មិន​ទាន់​មាន​ទេ​ ហើយ​អាហ្នឹង​ជា​កិច្ចការ​ផ្ទៃក្នុង​របស់​ជំនាញ​ហ្នឹង​ទាល់​ទេ​ស្នើ​សូម​ទៅ​ថ្នាក់លើ​ទី​ពិនិត្យ​លេខ​ហ្នឹង​»​។​

គួរ​រំឭក​ថា​ កាលពី​យប់​ថ្ងៃ​ចន្ទ​ ទី​៨​ ខែកុម្ភៈ​ លោក​ ង៉ែត​ ផល្លា​ អាយុ​ ២៧​ ឆ្នាំ​ បាន​គប់​ទឹក​អាស៊ីត​សំដៅលើ​ប្រពន្ធ​របស់​ខ្លួន​ឈ្មោះ​ ស៊ុំ​ សុខ​នី​ អាយុ​ ២៣​ ឆ្នាំ​ បណ្តាល​ឱ្យ​មាន​របួស​យ៉ាងធ្ងន់ធ្ងរ​។​ ករណី​នេះ​កើតឡើង​កំលុង​ពេល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​អ្នកស្រី​ សុខ​នី​ បាន​និយាយ​ថា​ប្តី​របស់​គាត់​បាន​យល់ព្រម​លែងលះ​ជាមួយ​អ្នកស្រី​។​ នគរបាល​ដាក់​ការ​សង្ស័យ​ថា​ ទឹក​អាស៊ីត​ដែល​ជះ​មក​លើ​អ្នកស្រី​ ស៊ុំ​ សុខ​នី​ នោះ​គឺ​យក​ពី​អា​គុយ​ម៉ូតូ​៕

Share

ព័ត៌មានទាក់ទង

Image