ភ្នំពេញ៖ ស្ទើរជារៀងរាល់ថ្ងៃរូបភាព ឬរូបថតជនរងគ្រោះដោយសារគ្រោះថ្នាក់ផ្សេងៗ ត្រូវបានស្ថាប័នសារព័ត៌មាននៅកម្ពុជាមួយចំនួន ផ្តិតយករូបភាព ចុះផ្សាយលើទំព័រសារព័ត៌មានរបស់ខ្លួន។ ការចុះផ្សាយរូបភាពបែបហិង្សា សាហាវ រន្ធត់ ទាំងនោះ កំពុងបង្ហាញពីកម្សោយនៃវិជ្ជាជីវៈសារព័ត៌មានរបស់ស្ថាប័នសារព័ត៌មានមួយចំនួននៅកម្ពុជា និងបានក្លាយទៅជាបញ្ហាអសកម្មប៉ះពាល់អារម្មណ៍ ស្មារតី ផ្លូវចិត្តសាធារណជន ពិសេសប៉ះពាល់ដល់ផ្លូវចិត្តកុមារយ៉ាងខ្លាំង ដែលស្ថាប័នព័ត៌មាន និងអ្នកពាក់ព័ន្ធគួរភ្ញាក់រលឹក រកដំណោះស្រាយចំពោះចំណោទបញ្ហាសង្គមមួយនេះ។
ជាបន្តសូមស្តាប់បទវិភាគរបស់លោក ម៉ៅ សំណាង ដូចតទៅ ៖
នៅក្នុងសង្គមកម្ពុជា រូបភាព ឬ រូបថតជនរងគ្រោះដោយសារការសម្លាប់ រូបភាពជនរងគ្រោះដោយសារការធ្វើអត្តឃាត ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ រូបភាពហិង្សាសាហាវ មានលក្ខណៈរន្ធត់ តែងមានវត្តមាននៅលើទំព័រសារព័ត៌មាន គេហទំព័រព័ត៌មាន និងបណ្តាញសង្គមចែកចាយព័ត៌មាននានា ផ្សព្វផ្សាយបង្ហោះតៗគ្នា ស្ទើតែរាល់ថ្ងៃ។ ពេលខ្លះ រូបភាពហិង្សាសាហាវ រន្ធត់ទាំងនោះ ស្ថាប័នសារព័ត៌មានតែងរំលេចនៅទំព័រមុខនៃសារព័ត៌មានរបស់ខ្លួនផងក៏មាន ដែលជាក់ស្តែង នាពេលថ្មីៗនេះ មានរូបភាពជនរងគ្រោះអាក្រាតកាយ ដោយការសម្លាប់កាត់កជាដើម។
រូបភាពជនរងគ្រោះហិង្សាសាហាវ រន្ធត់ទាំងនេះ ទំនងជាស្ថាប័នផលិតព័ត៌មានខ្លះ ហាក់ពេញចិត្តពេញថ្លើមលើរូបភាពទាំងនោះ ខ្លាំងជាងផលអវិជ្ជមាននៃរូបភាពជះឥទ្ធិពលលើមនុស្សរស់នៅក្នុងសង្គម។ ពិតណាស់បញ្ហានេះមិនមែនជារឿងថ្មី ដែលទើបនឹងកើតមាននៅក្នុងសង្គមសារព័ត៌មានខ្មែរនោះទេ ប៉ុន្តែវាបានជាទម្លាប់ដុះស្លែជាប់ក្នុងស្ថាប័នសារព័ត៌មានមួយចំនួន ដែលមិនគោរពវិជ្ជាជីវៈសារព័ត៌មាន និងកំពុងបង្ហាញឱ្យឃើញពីកម្សោយនៃវិជ្ជាជីវៈសារព័ត៌មានរបស់ខ្លួន។
ពិតណាស់ ប្រជាពលរដ្ឋកម្ពុជាមួយចំនួន ដែលនិយមស្វះស្វែងរកអានព័ត៌មាន ឬតាមដានព័ត៌មានជារៀងរាល់ថ្ងៃ តែងតែប្រទះឃើញការចុះផ្សាយរូបភាពជនរងគ្រោះ រូបសាកសពជនរងគ្រោះ រូបភាពហិង្សាមានលក្ខណៈសាហាវ រន្ធត់ បង្ហោះចែកចាយតាមបណ្តាញព័ត៌មានសង្គម កាសែតបោះពុម្ពផ្សាយ និងការចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ជាដើម។ ជាក់ស្តែង ស្ទើជារៀងរាល់ថ្ងៃ រូបភាពមនុស្សស្លាប់ក្នុងថ្លុកឈាមក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រូបភាពជនរងគ្រោះត្រូវបានគេសម្លាប់កាត់អាវៈយវៈ រូបភាពស្ត្រី ឬ កុមារីរងគ្រោះដោយសារការរំលោភបំពានផ្លូវភេទ ចុះផ្សាយគ្មានការបិទបាំងផ្ទៃមុខ ឬរូបទាំងនោះ កំពុងពេញនិយមលើទំព័រសារព័ត៌មានផងដែរ។
ការពេញនិយមប្រើប្រាស់រូបភាពហិង្សាសាហាវ រន្ធត់ រូបភាពអសកម្មលើទំព័រសារព័ត៌មាននេះ កំពុងបង្ហាញយ៉ាងច្បាស់ណាស់ថា សារព័ត៌មានមួយចំនួនកំពុងអនុវត្តការងាររបស់ខ្លួនដោយមិនគោរពក្រមសីលធម៌និងវិជ្ជាជីវៈសារព័ត៌មាន មិនគោរពច្បាប់ស្តីពីរបបសារព័ត៌មាន ក៏ដូចជារំលោភទៅលើសិទ្ធិឯកជនរបស់បុគ្គលយ៉ាងខ្លាំង។
បើពិនិត្យមួយភ្លែតទៅលើការផ្សព្វផ្សាយពីរូបភាពហិង្សានៅតាមទំព័រកាសែត បណ្តាញព័ត៌មានសង្គម និងព័ត៌មាននៅលើកញ្ជក់ទូរទស្សន៍ក្នុងស្រុកមួយចំនួន មូលហេតុនៃការប្រើប្រាស់រូបភាពគ្មានក្រមសីលធម៌បែបនេះ ដោយសារតែរូបភាពទាំងនោះ អាចជួយរកប្រាក់ចំណូលដល់ស្ថាប័នព័ត៌មានបានច្រើន។ អាចរកប្រាក់ចំណូលជួយដល់ស្ថាប័នបាន ដោយសារព័ត៌មានធ្វើ អាជីវកម្មលើរូបភាពសាកសព រឿងរ៉ាវបាញ់សម្លាប់ កាប់ចាក់បង្ហូរឈាមគ្នា ចោរលួច ចោរប្លន់ រូបភាពអាក្រាតកាយ ជងរងគ្រោះដោយសារអំពើរំលោភសេពសន្ថវៈ ព្រមទាំងការបូកផ្សំរៀបរាប់អត្ថាធិប្បាយបន្ថែមបន្ថយ ប្រើពាក្យសម្តីលេបខាយព័ត៌មានហួសពីការពិតរបស់ពិធីករមួយចំនួនជាដើម។ ពេលខ្លះស្តាប់ទៅ បញ្ហាគ្រោះថ្នាក់កើតឡើងចំពោះមនុស្សប្រៀបដូចជាជីវិតធាតុទៅវិញ។
ជាការពិត ការស្វែងរកប្រាក់ចំណូលរបស់ស្ថាប័នសារព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មានតាមប៉ុស្ដិ៍ទូរទស្សន៍ដែលខ្វះវិជ្ជាជីវៈនេះ មិនបានផ្តល់ផលវិជ្ជមានសម្រាប់អាជីពសារព័ត៌មានពិតប្រាកដនោះទេ។ ផ្ទុយទៅវិញ ការយករូបភាពជនរងគ្រោះមកធ្វើអាជីវកម្មដើម្បីប្រាក់ចំណូល ឬជាមធ្យោបាយទាញយកប្រាក់ចំណេញនាពេលនេះ មិនបានផ្តល់ផលចំណេញអ្វីឡើយសម្រាប់សង្គម និងការរីកចម្រើននៅក្នុងវិស័យសារព័ត៌មាននៅកម្ពុជា។ ទន្ទឹមគ្នានេះ បើប្រៀបធៀបជាមួយទំព័រសារព័ត៌មានបរទេស ព័ត៌មានតាមកញ្ចក់ទូរទស្សន៍បរទេសមួយចំនួន ស្ថាប័នព័ត៌មានទាំងនោះមិនបង្ហាញរូបភាពជនរងគ្រោះបែបសាហាវរន្ធត់ឡើយ។
ជុំវិញការប្រើប្រាស់រូបភាពហិង្សាសាហាវ រន្ធត់ក្នុងសារព័ត៌មាននេះ កន្លងទៅក្រសួងព័ត៌មាន ក្លិបអ្នកកាសែតកម្ពុជា និងអង្គការសង្គមស៊ីវិលមួយចំនួនផង ធ្លាប់បានចេញសេចក្ដីអំពាវនាវក្រើនរំឭកដល់អង្គភាពព័ត៌មានទាំងអស់ ត្រូវបញ្ឈប់ការផ្សព្វផ្សាយរូបភាពសាហាវ រន្ធត់ក្នុងសារព័ត៌មាន និងសំណូរពរឱ្យប្រើប្រាស់រូបភាពបិទបាំងរូបជនរងគ្រោះ ជំនួសឱ្យរូបភាពពិតជាក់ស្តែង។ ប៉ុន្តែការក្រើនរំឭកនេះ ហាក់មិនមានឥទ្ធិពលលើបណ្តាញសារព័ត៌មានមួយចំនួនឡើយ ហើយរូបភាពអសកម្មទាំងនោះ កាន់តែកើតមានព្រោងព្រាតក្នុងសារព័ត៌មានមួយចំនួននៅកម្ពុជាដដែល។
ការប្រើប្រាស់រូបភាពតាមប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា អ្នកសារព័ត៌មាន ឬ ស្ថាប័នព័ត៌មាន គួរដល់ពេលហើយ ត្រូវបញ្ឈប់ការដាក់រូបភាពបែបហិង្សាសាហាវ រន្ធត់ក្នុងសារព័ត៌មានចែកចាយជាសាធារណៈ។
ប្រសិនបើអ្នកសារព័ត៌មានចង់ប្រើរូបភាពទាំងនោះ សម្រាប់ជារូបភាពទាក់ទាញអ្នកទស្សនា មិនត្រូវដាក់រូបភាពច្បាស់ខ្លាំងទេ ដើម្បីកាត់បន្ថយភាពភិតភ័យដល់សាធារណជន និងត្រូវគិតពិចារណា មុននឹងដាក់ផ្សព្វផ្សាយជាសាធារណៈ។ អ្នកសារព័ត៌មាន ត្រូវចាំថា ការគោរពក្រមសីលធម៌និងវិជ្ជាជីវៈរបស់ខ្លួនឱ្យបានត្រឹមត្រូវ ឬធ្វើកិច្ចការដែលមិនប៉ះពាល់ដល់សីលធម៌និងប្រពៃណីសង្គម ជាពិសេសអារម្មណ៏មហាជន នោះនឹងជួយឱ្យអាជីពសារព័ត៌មាន និងវិស័យសារព័ត៌មាននៅកម្ពុជារីកចម្រើនពិតប្រាកដ៕