ភ្នំពេញ៖ គ្រូបង្រៀនអនុវិទ្យាល័យគគីរចំនួន ២៣ នាក់ និងសិស្សានុសិស្សជាង ៤០០ នាក់ សម្តែងការមិនពេញចិត្ត ចំពោះការអនុញ្ញាតិឱ្យមានតាំងពិព័រណ៌ក្នុងបរិវេណសាលារៀន ដោយក្រុមហ៊ុនលក់ផលិតផលផ្សេងៗ និងការប្រគុំតន្ត្រីស្រាបៀរ នាពេលយប់ រយៈពេលពេញមួយសប្ដាហ៍ គិតចាប់ថ្ងៃទី ២៧ ដល់ថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០១៦ ខាងមុខ។ ការមិនពេញចិត្តនេះ ឈានដល់ការដាក់ញាតិ ទៅក្រសួងអប់រំ យុវជន និងកីឡា ការិយាល័យទទួលពាក្យបណ្តឹងក្រសួងមហាផ្ទៃ ខុទ្ធកាល័យនាយករដ្ឋមន្ត្រីនៅថ្ងៃទី ២៣ ខែកុម្ភៈនេះ ដើម្បីឱ្យជួយអន្តរាគមន៍បញ្ឈប់ជាបន្ទាន់ ក្រោមហេតុផលការតាំងពិព័រណ៌ និងការប្រគុំតន្ត្រីស្រាបៀរ ធ្វើឱ្យប៉ះពាល់ដល់បរិស្ថានសិក្សារបស់សិស្ស។
លម្អិតព័ត៌មាននេះដោយ លោក ម៉ៅ សំណាង ៖
ការស្វែងរកកិច្ចអន្តរាគមន៍បញ្ឈប់ការតាំងពិព័រណ៌លក់ផលិតផលផ្សេងៗ និងប្រគុំតន្ត្រីស្រាបៀរនេះ ក្រុមគ្រូបង្រៀនអនុវិទ្យាល័យគគីរបានអះអាងថា ការដាក់តាំងពិព័រណ៌របស់ក្រុមហ៊ុនលក់ផលិតផលផ្សេងៗ និងការប្រគុំតន្ត្រីស្រាបៀរជាដើម ជាសកម្មភាពរំខាន ធ្វើឱ្យប៉ះពាល់ដល់ការសិក្សារបស់សិស្ស និងបរិស្ថានរបស់សាលា។
លោក ឡាច វ៉េត ជាគ្រូបង្រៀន និងជានាយករងអនុវិទ្យាល័យគគីរ បានឱ្យវិទ្យុស្ត្រីដឹងថា ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ០៤ ខែមីនា ខាងមុខ អនុវិទ្យាល័យគគីរនឹងមានការរៀបចំតាំងពិព័រណ៌ផលិតផលដោយក្រុមហ៊ុនថៃ និងមានការប្រគុំតន្ត្រីស្រាបៀរនាពេលយប់ផងដែរ។ លោកថា ការតាំងពិព័រណ៌ និងការប្រគុំតន្ត្រីនេះ នឹងរំខានដល់ការសិក្សារបស់សិស្សយ៉ាងខ្លាំង ជាពិសេសបរិស្ថានសិក្សានៅក្នុងសាលានេះទាំងមូល។
នាយករងអនុវិទ្យាល័យគគីររូបនេះ បានឱ្យដឹងទៀតថា កាលពីថ្ងៃទី ២២ ដល់ថ្ងៃ ២៨ ខែមករា កន្លងទៅ អាជ្ញាធរមូលដ្ឋាន និងនាយកអនុវិទ្យាល័យគគីរ បានអនុញ្ញាតិឱ្យក្រុមហ៊ុនស្រាបៀ LEO រៀបចំប្រគុំតន្ត្រីពេលយប់ពេញមួយសប្តាហ៍ម្តងរួចមកហើយ។ លោកថា បន្ទាប់ពីការប្រគុំតន្ត្រីនេះបានបញ្ចប់ សំរាម សំបកដប សំបកកំប៉ុងស្រាវបៀរ អំបែងដបជាច្រើនបន្សល់ទុកនៅក្នុងទីធ្លាអនុវិទ្យាល័យគគីរនេះ។
បន្ទាប់ពីមានបទពិសោធម្តងរួចមកហើយនេះ លោកគ្រូអ្នកគ្រូ បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន និងនាយកសាលាឱ្យបញ្ជប់រាល់សកម្មភាពប្រគុំតន្ត្រីក្នុងបរិវេណសាលាតទៅទៀត ប៉ុន្តែរហូតមកដល់ពេលនេះ សកម្មភាពតាំងពិព័រណ័ និងការប្រគុំតន្ត្រីនៅតែបន្តអនុញ្ញាតិឱ្យធ្វើឡើងនៅក្នុងបរិវេណសាលាដដែល។
លោក ម៉ៃ សុភ័ត្ត្រា គ្រូបង្រៀនអនុវិទ្យាល័យគីគីរ បានឱ្យដឹងថា ចំពោះគ្រូបង្រៀនទាំងអស់ហាក់ពុំយល់ពីអ្វីដែលអាជ្ញាធរមូលដ្ឋានកំពុងសម្រេចឱ្យមានការតាំងពិព័រណ៌ ឬប្រគុំតន្ត្រីក្នុងគ្រឹៈស្ថានសិក្សាឡើយ។ លោកថា ការដាក់លិខិតជូនដល់ក្រសួងអប់រំយុវជននិងកីឡា ក្រសួងមហាផ្ទៃ និងខុទ្ធកាល័យនាយករដ្ឋមន្ត្រី សុំឱ្យជួយអន្តរាគមន៍បញ្ឈប់សកម្មភាពខុសប្រក្រតីនៅក្នុងសាលានាពេលនេះ នឹងជួយឱ្យអនុវិទ្យាល័យគគីរមានសណ្តាប់ធ្នាប់ឡើងវិញ និងចង់បង្ហាញជាសាធារណៈថា គ្រប់សាលារៀនទាំងអស់ មិនមែនជាទីតាំងពិព័រណ៌សម្រាប់ឃោសនាលក់ផលិតផល ឬកន្លែងផ្សព្វផ្សាយលក់ស្រាបៀនោះទេ។
ឆ្លើយតបនឹងការលើកឡើងខាងលើ លោក យីន នីរ៉ា នាយកអនុវិទ្យាល័យគគីរ មានប្រសាសន៍ថា លោកមិនមានសិទ្ធិ ក្នុងការអនុញ្ញាតិ ឬ មិនអនុញ្ញាតិឱ្យមានការតាំងទីតាំងពិព័រណ៌ ប្រគុំតន្ត្រីស្រាបៀរក្នុងបរិវេណសាលានាពេលយប់ឡើយ ព្រោះរាល់ការសម្រេចទាំងអស់ស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់អាជ្ញាធរមូលដ្ឋាន និងថ្នាក់លើជាអ្នកសម្រេច។
ទោះជាយ៉ាងណា លោក យីន នីរ៉ា ទទួលស្គាល់ចំពោះការតាំងទីតាំងពិព័រណ៌ និងប្រគុំតន្ត្រី ថាពិតជាប៉ះពាល់ដល់បរិស្ថានសិក្សាក្នុងសាលា ប៉ុន្តែការប្រគុំតន្ដ្រីនាពេលយប់ មិនប៉ះពាល់ធ្ងន់ធ្ងរដល់សណ្ដាប់ធ្នាប់សាលានោះទេ ហើយដីទំហំ ២ ហិចតា ដែលអនុញ្ញាតិឱ្យរៀបចំតាំងពិព័រណ៌ ឬប្រគុំតន្ត្រីនេះ ជាដីរបស់រដ្ឋស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរមូលដ្ឋាន។
ដោយឡែក លោក គង់ ឆេង មេឃុំគគីរបានមានប្រសាសន៍ជាមួយវិទ្យុស្ត្រីយ៉ាងខ្លីថា ការអនុញ្ញាតិឱ្យរៀបចំតាំងពិព័រណ៌ ឬប្រគុំតន្ត្រីនៅក្នុងអនុវិទ្យាល័យគគីរ ជាការសម្រេចចិត្តរបស់លោកអភិបាលខេត្តកណ្តាល។
ជុំវិញរឿងនេះដែរ អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនឯករាជ្យ មានប្រសាសន៍ថា ការអនុញ្ញាតិឱ្យរៀបចំតាំងពិព័រណ៌ ឬប្រគុំតន្ត្រីនៅក្នុងគ្រឹៈស្ថានសិក្សាសាធារណៈមិនគួរឱ្យកើតមានឡើយនាពេលបច្ចុប្បន្ន ហើយការអនុញ្ញាតិ ឱ្យមានការរៀបចំប្រគុំតន្ដ្រីនៅក្នុងអនុវិទ្យាល័យគគីរក្នុងពេលកន្លងទៅ ជាការព្រងើយកន្តើយមិនយកចិត្តទុកដាក់របស់ក្រសួងអប់រំ ចំពោះសណ្តាប់ធ្នាប់គ្រឹៈស្ថានសិក្សាដែលជាកន្លែងបណ្ដុះបណ្តាលធនធានមនុស្ស។
ទាក់ទងនឹងបញ្ហានេះ វិទ្យុស្ត្រីមិនអាចការអត្ថាធិប្បាយពីលោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំ យុវជននិងកីឡាបានទេថ្ងៃនេះ។ សូមបញ្ជាក់ថា អនុវិទ្យាល័យគគីរ ស្ថិតនៅឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល៕