en     km
en     km

គ្រូបង្រៀន​និង​សិស្ស​អនុ​វិទ្យាល័យ​គគីរ​ជាង​ ៤០០​ នាក់​ មិន​ពេញចិត្ត​ការ​តាំង​ពិ​ព័រ​ណ៌​ផលិតផល​ និង​ការ​ប្រគុំ​តន្ត្រី​ស្រា​បៀរ​ក្នុង​សាលា​

Share

ភ្នំពេញ​៖​  គ្រូបង្រៀន​អនុ​វិទ្យាល័យ​គគីរ​ចំនួន​ ២៣​ នាក់​ និង​សិស្សានុសិស្ស​ជាង​ ៤០០​ នាក់​ សម្តែង​ការ​មិន​ពេញចិត្ត​ ចំពោះ​ការ​អនុញ្ញាតិ​ឱ្យ​មាន​តាំង​ពិ​ព័រ​ណ៌​ក្នុង​បរិវេណ​សាលារៀន​ ដោយ​ក្រុមហ៊ុន​លក់​ផលិតផល​ផ្សេងៗ​ និង​ការ​ប្រគុំ​តន្ត្រី​ស្រា​បៀរ​ នា​ពេល​យប់​ រយៈពេល​ពេញ​មួ​យស​ប្ដា​ហ៍​ គិត​ចាប់​ថ្ងៃ​ទី​ ២៧​ ដល់​ថ្ងៃ​ទី​ ០៤​ ខែមីនា​ ឆ្នាំ​ ២០១៦​ ខាង​មុខ​។​ ការ​មិន​ពេញចិត្ត​នេះ​ ឈាន​ដល់​ការ​ដាក់​ញាតិ​ ទៅ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ការិយាល័យ​ទទួល​ពាក្យបណ្តឹង​ក្រសួងមហាផ្ទៃ​ ខុ​ទ្ធ​កាល័យ​នាយក​រដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី​ ២៣​ ខែកុម្ភៈ​នេះ​ ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍​បញ្ឈប់​ជា​បន្ទាន់​ ក្រោម​ហេតុផល​ការ​តាំង​ពិ​ព័រ​ណ៌​ និង​ការ​ប្រគុំ​តន្ត្រី​ស្រា​បៀរ​ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​សិក្សា​របស់​សិស្ស​។​

cover-Korki-secondary-school
​លម្អិត​ព័ត៌មាន​នេះ​ដោយ​ លោក​ ម៉ៅ​ សំណាង​ ៖

​ការ​ស្វែងរក​កិច្ច​អន្តរាគមន៍​បញ្ឈប់​ការ​តាំង​ពិ​ព័រ​ណ៌​លក់​ផលិតផល​ផ្សេងៗ​ និង​ប្រគុំ​តន្ត្រី​ស្រា​បៀរ​នេះ​ ក្រុម​គ្រូបង្រៀន​អនុ​វិទ្យាល័យ​គគីរ​បាន​អះអាង​ថា​ ការ​ដាក់​តាំង​ពិ​ព័រ​ណ៌​របស់​ក្រុមហ៊ុន​លក់​ផលិតផល​ផ្សេងៗ​ និង​ការ​ប្រគុំ​តន្ត្រី​ស្រា​បៀរ​ជាដើម​ ជា​សកម្មភាព​រំខាន​ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​សិក្សា​របស់​សិស្ស​ និង​បរិស្ថាន​របស់​សាលា​។​

​លោក​ ឡា​ច​ វ៉េ​ត​ ជា​គ្រូបង្រៀន​ និង​ជា​នាយករង​អនុ​វិទ្យាល័យ​គគីរ​ បានឱ្យ​វិទ្យុ​ស្ត្រី​ដឹង​ថា​ ចាប់ពី​ថ្ងៃ​ទី​ ២៧​ ដល់​ថ្ងៃ​ទី​ ០៤​ ខែមីនា​ ខាង​មុខ​ អនុ​វិទ្យាល័យ​គគីរ​នឹង​មានការ​រៀបចំ​តាំង​ពិ​ព័រ​ណ៌​ផលិតផល​ដោយ​ក្រុមហ៊ុន​ថៃ​ និង​មានការ​ប្រគុំ​តន្ត្រី​ស្រា​បៀរ​នា​ពេល​យប់​ផង​ដែរ​។​ លោក​ថា​ ការ​តាំង​ពិ​ព័រ​ណ៌​ និង​ការ​ប្រគុំ​តន្ត្រី​នេះ​ នឹង​រំខាន​ដល់​ការ​សិក្សា​របស់​សិស្ស​យ៉ាង​ខ្លាំង​ ជា​ពិសេស​បរិស្ថាន​សិក្សា​នៅ​ក្នុង​សាលា​នេះ​ទាំងមូល​។​

​នាយករង​អនុ​វិទ្យាល័យ​គគីរ​រូប​នេះ​ បានឱ្យ​ដឹង​ទៀត​ថា​ កាលពី​ថ្ងៃ​ទី​ ២២​ ដល់​ថ្ងៃ​ ២៨​ ខែមករា​ កន្លង​ទៅ​ អាជ្ញាធរ​មូលដ្ឋាន​ និង​នាយក​អនុ​វិទ្យាល័យ​គគីរ​ បាន​អនុញ្ញាតិ​ឱ្យ​ក្រុមហ៊ុនស្រា​បៀ​ LEO​ រៀបចំ​ប្រគុំ​តន្ត្រី​ពេល​យប់​ពេញ​មួ​យស​ប្តា​ហ៍ម្ត​ង​រួច​មក​ហើយ​។​ លោក​ថា​ បន្ទាប់​ពី​ការ​ប្រគុំ​តន្ត្រី​នេះ​បាន​បញ្ចប់​ សំរាម​ សំបក​ដប​ សំបក​កំប៉ុង​ស្រាវ​បៀរ​ អំបែង​ដប​ជា​ច្រើន​បន្សល់​ទុក​នៅ​ក្នុង​ទីធ្លា​អនុ​វិទ្យាល័យ​គគីរ​នេះ​។​

បន្ទាប់​ពី​មាន​បទ​ពិសោធ​ម្តង​រួច​មក​ហើយ​នេះ​ លោកគ្រូ​អ្នកគ្រូ​ បាន​សំណូមពរ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ និង​នាយក​សាលា​ឱ្យ​បញ្ជ​ប់​រាល់​សកម្មភាព​ប្រគុំ​តន្ត្រី​ក្នុង​បរិវេណ​សាលា​តទៅ​ទៀត​ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ សកម្មភាព​តាំង​ពិ​ព័រ​ណ័​ និង​ការ​ប្រគុំ​តន្ត្រី​នៅ​តែ​បន្ត​អនុញ្ញាតិ​ឱ្យធ្វើ​ឡើង​នៅ​ក្នុង​បរិវេណ​សាលា​ដដែល​។​

​លោក​ ម៉ៃ​ សុ​ភ័​ត្ត្រា​ គ្រូបង្រៀន​អនុ​វិទ្យាល័យ​គី​គីរ​ បានឱ្យ​ដឹង​ថា​ ចំពោះ​គ្រូបង្រៀន​ទាំងអស់​ហាក់​ពុំ​យល់​ពី​អ្វី​ដែល​អាជ្ញាធរ​មូលដ្ឋាន​កំពុង​សម្រេច​ឱ្យ​មានការ​តាំង​ពិ​ព័រ​ណ៌​ ឬ​ប្រគុំ​តន្ត្រី​ក្នុង​គ្រឹៈ​ស្ថាន​សិក្សា​ឡើយ​។​ លោក​ថា​ ការ​ដាក់​លិខិត​ជូន​ដល់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ ក្រសួងមហាផ្ទៃ​ និង​ខុ​ទ្ធ​កាល័យ​នាយក​រដ្ឋមន្ត្រី​ សុំ​ឱ្យ​ជួយ​អន្តរាគមន៍​បញ្ឈប់​សកម្មភាព​ខុស​ប្រក្រតី​នៅ​ក្នុង​សាលា​នា​ពេល​នេះ​ នឹង​ជួយ​ឱ្យ​អនុ​វិទ្យាល័យ​គគីរ​មាន​សណ្តាប់ធ្នាប់​ឡើង​វិញ​ និង​ចង់​បង្ហាញ​ជា​សាធារណៈ​ថា​ គ្រប់​សាលារៀន​ទាំងអស់​ មិនមែន​ជាទី​តាំង​ពិ​ព័រ​ណ៌​សម្រាប់​ឃោសនា​លក់​ផលិតផល​ ឬ​កន្លែង​ផ្សព្វផ្សាយ​លក់​ស្រា​បៀ​នោះ​ទេ​។​

​ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​ខាងលើ​ លោក​ យី​ន​ នី​រ៉ា​ នាយក​អនុ​វិទ្យាល័យ​គគីរ​ មាន​ប្រសាសន៍​ថា​ លោក​មិន​មាន​សិទ្ធិ​ ក្នុង​ការ​អនុញ្ញាតិ​ ឬ​ មិន​អនុញ្ញាតិ​ឱ្យ​មានការ​តាំងទី​តាំង​ពិ​ព័រ​ណ៌​ ប្រគុំ​តន្ត្រី​ស្រា​បៀរ​ក្នុង​បរិវេណ​សាលា​នា​ពេល​យប់​ឡើយ​ ព្រោះ​រាល់​ការ​សម្រេច​ទាំងអស់​ស្ថិត​នៅ​ក្រោម​ដែន​សមត្ថកិច្ច​របស់​អាជ្ញាធរ​មូលដ្ឋាន​ និង​ថ្នាក់លើ​ជា​អ្នក​សម្រេច​។​

​ទោះជា​យ៉ាងណា​ លោក​ យី​ន​ នី​រ៉ា​ ទទួលស្គាល់​ចំពោះ​ការ​តាំងទី​តាំង​ពិ​ព័រ​ណ៌​ និង​ប្រគុំ​តន្ត្រី​ ថា​ពិតជា​ប៉ះពាល់​ដល់​បរិស្ថាន​សិក្សា​ក្នុង​សាលា​ ប៉ុន្តែ​ការ​ប្រគុំ​តន្ដ្រី​នា​ពេល​យប់​ មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សណ្ដាប់ធ្នាប់​សាលា​នោះ​ទេ​ ហើយ​ដី​ទំហំ​ ២​ ហិច​តា​ ដែល​អនុញ្ញាតិ​ឱ្យ​រៀបចំ​តាំង​ពិ​ព័រ​ណ៌​ ឬ​ប្រគុំ​តន្ត្រី​នេះ​ ជា​ដី​របស់​រដ្ឋ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​មូលដ្ឋាន​។​

​ដោយឡែក​ លោក​ គង់​ ឆេ​ង​ មេឃុំ​គគីរ​បាន​មាន​ប្រសាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​យ៉ាង​ខ្លី​ថា​ ការ​អនុញ្ញាតិ​ឱ្យ​រៀបចំ​តាំង​ពិ​ព័រ​ណ៌​ ឬ​ប្រគុំ​តន្ត្រី​នៅ​ក្នុង​អនុ​វិទ្យាល័យ​គគីរ​ ជា​ការ​សម្រេចចិត្ត​របស់​លោក​អភិបាល​ខេត្តកណ្តាល​។​

​ជុំវិញ​រឿង​នេះ​ដែរ​ អ្នកស្រី​ អ៊ុ​ក​ ឆា​យ៉ា​វី​ ប្រធាន​សមាគម​គ្រូបង្រៀន​ឯករាជ្យ​ មាន​ប្រសាសន៍​ថា​ ការ​អនុញ្ញាតិ​ឱ្យ​រៀបចំ​តាំង​ពិ​ព័រ​ណ៌​ ឬ​ប្រគុំ​តន្ត្រី​នៅ​ក្នុង​គ្រឹៈ​ស្ថាន​សិក្សា​សាធារណៈ​មិន​គួរ​ឱ្យ​កើត​មាន​ឡើយ​នា​ពេល​បច្ចុប្បន្ន​ ហើយ​ការ​អនុញ្ញាតិ​ ឱ្យ​មានការ​រៀបចំ​ប្រគុំ​តន្ដ្រី​នៅ​ក្នុង​អនុ​វិទ្យាល័យ​គគីរ​ក្នុង​ពេល​កន្លង​ទៅ​ ជា​ការ​ព្រងើយកន្តើយ​មិន​យកចិត្តទុកដាក់​របស់​ក្រសួង​អប់រំ​ ចំពោះ​សណ្តាប់ធ្នាប់​គ្រឹៈ​ស្ថាន​សិក្សា​ដែល​ជា​កន្លែង​បណ្ដុះបណ្តាល​ធនធានមនុស្ស​។​

​ទាក់ទង​នឹង​បញ្ហា​នេះ​ វិទ្យុ​ស្ត្រី​មិន​អាច​ការ​អត្ថាធិប្បាយ​ពី​លោក​ រស់​ សាលី​ន​ អ្នកនាំពាក្យ​ក្រសួង​អប់រំ​ យុវជន​និង​កីឡា​បាន​ទេ​ថ្ងៃនេះ​។​ សូម​បញ្ជាក់​ថា​ អនុ​វិទ្យាល័យ​គគីរ​ ស្ថិត​នៅ​ឃុំ​គគីរ​ ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល​៕

Share

Image
Image
Image