en     km
en     km

អង្គការ​សេ​ដាក​ពង្រីក​ទីផ្សារ​បន្លែ​សរីរាង្គ​បន្ថែម​ នៅ​ផ្សារ​ទីរួមខេត្ត​កំពង់ស្ពឺ​

Share

cover-CEDAC-in-KP-Speu
​កំពង់​ស្ពី​៖​  អង្គការ​សេ​ដាក​ បាន​បើក​សម្ពោធ​ផ្សារណាត់​សហគមន៍​កសិផល​ធម្មជាតិ​មួយ​បន្ថែម​ទៀត​ នៅ​មុខ​ផ្សារ ​ខេត្តកំពង់ស្ពឺ​។​ អ្នកសម្របសម្រួល​ គម្រោង​ បញ្ជាក់​ថា​ មូលហេតុ​នៃ​ការ​ពង្រីក​ផ្សារណាត់​សហគមន៍​នេះ​ ដោយសារ​តែ​កន្លង​មក​កសិករ​លក់​ កសិផល​សរីរាង្គ​របស់​ខ្លួន​ទៅ​ឱ្យ​ឈ្មួញកណ្តាល​បាន​ក្នុង​តម្លៃ​ទាប​ពេក​ និង​មួយវិញទៀត​ក៏​ចង់​នាំ​យក​ បន្លែ​សរីរាង្គ​ដែល​គ្មាន​ សារជាតិ​គីមី​របស់​កសិករ​ក្នុង​ខេត្តកំពង់ស្ពឺ​ ដើម្បី​លក់​ជូន​ប្រជាពលរដ្ឋ​ក្នុង​ទី​រួម​ ខេត្ត​ឱ្យ​បាន​ទទួលទាន​ផង​ដែរ​។​ ពី​ធី​សម្ពោធ​ផ្សារណាត់​នេះ​ ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២១​ ខែកុម្ភៈ​ ស្ថិត​ក្នុង​ក្រុង​ច្បារមន​ ទីរួមខេត្ត​កំពង់ស្ពឺ​។​

​លោក​ កែវ​ សុខា​ រាយការណ៍​ពី​ព័ត៌មាន​នេះ​ ៖

​ផ្សារណាត់​សហគមន៍​កសិផល​ធម្មជាតិ​ខេត្តកំពង់ស្ពឺ​របស់​អង្គការ​សេ​ដាក​ បាន​សម្ពោធ​បន្ថែម​មួយទៀត​ហើយ​ បន្ទាប់​ពី​អង្គការ​សេ​ដាក​ បាន​បង្កើត​ផ្សារណាត់​បែប​នេះ​ បាន​ចំនួន​បួន​រួច​មក​ហើយ​នៅ​តាម​បណ្ដា​ ខេត្ត​មួយ​ចំនួន​។​ នេះ​បើ​តាម​ការ​គូសបញ្ជាក់​ពី​លោក​ អ៊ឹ​ង​ វុ​ទ្ធី​ អ្នកសម្របសម្រួល​តាម​មូលដ្ឋាន​ក្នុង​ខេត្តកំពង់ស្ពឺ​ ខេត្តកំពង់ឆ្នាំង​ និង​ខេត្តតាកែវ​ប្រចាំ​អង្គការ​សេ​ដាក​។​

លោក​ អ៊ឹ​ង​ វុ​ទ្ធី​ បន្ត​ថា​ មូលហេតុ​ ដែល​អង្គការ​សេ​ដាក​បង្កើត​ឱ្យ​មាន​ផ្សារណាត់​នេះ​ឡើង​ ព្រោះ​អង្គការ​សេ​ដាក​មើលឃើញ​ថា​ ប្រជា​ពល​ រដ្ឋ​មួយ​ចំនួន​បាន​យល់​ដឹង​ពី​អត្ត​ប្រយោជន៍​នៃ​បន្លែ​សរីរាង្គ​បាន​ច្រើន​ជាង​មុន​។​ លោក​ អ៊ឹ​ង​ វុ​ទ្ធី​៖​ «​សម្រាប់​ខ្ញុំ​ ខ្ញុំ​គិត​ថា​ថ្ងៃនេះ​មាន​ភាព​ភ្ញាក់ផ្អើល​មែនទែន​ ព្រោះ​កន្លង​មក​នៅ​ពេល​ដែល​យើង​ធ្លាប់​ទៅ​ទស្សនកិច្ច​សិក្សា​កន្លែង​ផ្សេង​ នៅ​ថ្ងៃ​បើក​ដំបូង​មិនសូវ​មាន​អតិ​ថ​ជន​ទេ​ ប៉ុន្តែ​សម្រាប់​យើង​នៅ​ទី​នេះ​គឺ​មាន​អតិ​ថ​ជន​ច្រើន​។​ ខ្ញុំ​ជឿជាក់​ថា​ ទៅ​ថ្ងៃ​បន្ត​ទៀត​នឹង​មាន​អ្នកគាំទ្រ​កាន់តែ​ច្រើន​ ព្រោះ​យើង​ផ្អែក​ទៅ​លើ​ការ​យល់​ដឹង​របស់​ អតិ​ថ​ជន​ ដែល​គាត់​យល់​ដឹង​ទៅ​លើ​អ្វី​ដែល​ជា​អត្ត​ប្រយោជន៍​នៃ​បន្លែ​សរីរាង្គ​ឬ​ក៏​ផលិតផល​ធម្មជាតិ​»​។​

លោក​ អ៊ឹ​ង​ វុ​ទ្ធី​ បញ្ជាក់​ពី​មូលហេតុ​ថា​  ការ​បង្កើត​ជា​ផ្សារណាត់​លក់​កសិផល​សរីរាង្គ​នេះ​ឡើង​ ក៏​ជា​ ផ្នែក​មួយ​ជួយ​ដល់​កសិករ​ឱ្យ​ចេះ​ធ្វើ​អាជីវកម្ម​ខ្លួនឯង​ ពោល​គឺ​មិន​រង​ចាំតែ​លក់​ឱ្យ​ឈ្មួ​ល​កណ្តាល​ ដែល​ ជា​រឿយៗ​ឈ្មួ​ល​កណ្តាល​តែងតែ​ទម្លាក់​តម្លៃ​បន្លែ​ ដែល​ធ្វើ​ឱ្យ​កសិករ​ប្រឈម​នឹង​ការ​ខាតបង់​។​ លោក​ បន្ថែម​ថា​ ជា​ជំហាន​ដំបូង​ផ្សារណាត់​សហគមន៍​កសិផល​ធម្មជាតិ​ខេត្តកំពង់ស្ពឺ​នេះ​ នឹង​លក់​តែ​រាល់ថ្ងៃ​ អាទិត្យ​តែ​ប៉ុណ្ណោះ​។​

លោក​ អ៊ឹ​ង​ វុ​ទ្ធី​៖​ «​កន្លង​មក​ក៏​គាត់​ធ្លាប់​បញ្ចេញ​បន្លែ​ទៅ​កាន់​ឈ្មួ​ល​កណ្ដាល​នៅ​ក្នុងភូមិ​ ដែរ​ ប៉ុន្ដែ​គ្រាន់តែ​តម្លៃ​វា​ទាប​ខ្លាំង​ពេក​ ខ្ញុំ​លើ​សាមញ្ញ​មួយ​ថា​ បន្លែ​ស្ពៃ​រាល់ថ្ងៃ​គាត់​លក់​ទៅ​កាន់​ឈ្មួ​ល​ កណ្ដាល​ក្នុងភូមិ​តែ​មួយ​គីឡូ​ ១៥០០​ រៀល​ទេ​ តែបើ​គាត់​មក​លក់​នៅ​ផ្សារ​នេះ​គាត់​អាច​បាន​មួយ​គីឡូ​បី​ពាន់​ ទៅ​បួន​ពាន់​រៀល​ អ​ញ្ចឹ​ង​មាន​ន័យ​ថា​ គ្រាន់តែ​ចម្ងាយ​ឆ្ងាយ​ពី​ផ្ទះ​គាត់​តែ​បី​ បួន​គីឡូ​ទេ​ហើយ​គាត់​មាន​ ទី​មួយ​ធ្វើ​ឱ្យ​តម្លៃ​ផលិតផល​របស់​គាត់​មានការ​កែប្រែ​ល្អ​ប្រសើរ​ជាង​មុន​ តាម​រយៈ​យើង​រួម​គ្នា​ជា​របៀប​សហគមន៍​ ក្រោម​ការ​គាំទ្រ​ និង​ផ្តួចផ្តើម​ពី​អង្គការ​សេ​ដាក​»​។​

CEDAC-in-KP-Speu
កសិករ​មួយ​រូប​ អ្នកស្រី​ សែន​ យុ​ត្ថា​ និយាយ​ថា​ អ្នកស្រី​មានចិត្ត​ត្រេកអរ​យ៉ាង​ខ្លាំង​ដែល​ផលិតផល​សរី​ រា​ង្គ​របស់​ អ្នកស្រី​ ក៏​ដូច​ជា​កសិករ​ផ្សេង​ទៀត​ទទួល​បានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ក្នុង​ទីរួមខេត្ត​កំពង់ស្ពឺ​ យ៉ាងច្រើន​។​ អ្នកស្រី​បន្ត​ថា​ បន្លែ​ដែល​កសិករ​នាំ​យក​មក​លក់​នៅ​ផ្សារ​នេះ​ គឺ​ដូច​គ្នា​ទៅ​នឹង​តម្លៃ​បន្លែ​ នាំ​ចូល​ពី​បរទេស​ ដែល​កំពុង​ចរាចរណ៍​លក់​នៅ​លើ​ទីផ្សារ​ដែរ​។​  កសិករ​រូប​នេះ​បន្ត​ថា​ បន្លែ​ដែល​កសិករ​ ដាំ​បាន​នេះ​ គឺ​មិន​មាន​ប្រើប្រាស់​ជីគីមី​ឡើយ​គឺ​កសិករ​ប្រើ​ជីកំប៉ុស​ដែល​ផលិត​ចេញពី​ធម្មជាតិ​ដូច​ជា​ លាមក​គោ​ និង​ស្លឹក​រុក្ខជាតិ​រលួយៗ​តែ​ប៉ុណ្ណោះ​។​

អ្នកស្រី​ សែន​ យុ​ត្ថា​៖​ «​ពី​មុន​ខ្ញុំ​ដាំ​គីមី​ដែរ​ហ្នឹង​ តែ​ក្រោយ​ពី​ខាង​អង្គការ​បាន​ចុះ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​យើង​យល់​ច្រើន​ពី​សារៈសំខាន់​នៃ​ចំណីអាហារ​ ធម្មជាតិ​វិញ​ ពេល​យើង​ឈឺ​ច្រើន​យើង​អត់​សល់​លុយ​ទេ​ប្រ​សិន​យើង​នៅ​តែ​ដាំ​ និង​បរិ​ភាគ​បន្លែ​គីមី​ហ្នឹង​»​។​

ស្ត្រី​មេផ្ទះ​មួយ​រូប​ទៀត​ អ្នកស្រី​ សុខ​ ស្រី​អូន​ ដែល​បាន​ទិញ​បន្លែ​សរីរាង្គ​ក្នុង​ផ្សារណាត់​នេះ​ និយាយ​ថា​ សព្វថ្ងៃ​អ្នកស្រី​ពិបាក​ក្នុង​ការ​ទិញ​ បន្លែ​ ត្រី​ សាច់​ យក​មក​ធ្វើ​ម្ហូបអាហារ​សម្រាប់​ ទទួលទាន​ ប្រចាំ​ ថ្ងៃ​ណាស់​ ព្រោះថា​ បន្លែ​ ត្រី​ សាច់​ នៅ​លើ​ ទីផ្សារ​បច្ចុប្បន្ន​សុទ្ធ​សឹង​នាំ​ចូល​ពី​ប្រទេស​ក្រៅ​ដែល​ សំបូរ​ទៅ​ដោយសារ​ជាតិ​ជី​មី​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ សុខភាព​អ្នក​ទទួលទាន​។​

អ្នកស្រី​បន្ត​ថា​ អ្នកស្រី​ សប្បាយចិត្ត​នៅ​ពេល​មាន​កសិករ​នាំ​យក​បន្លែ​សរីរាង្គ​ដែល​គ្មាន​សារជាតិ​គីមី​មក​លក់​នៅ​ផ្សារ​ក្នុង​ខេត្តកំពង់ស្ពឺ​បែប​នេះ​។​ អ្នកស្រី​បន្ថែម​ថា​បន្លែ​សរីរាង្គ​ដែល​កសិករ​លក់​នេះ​ គឺ​មាន​តម្លៃ​ដូច​គ្នា​ទៅ​នឹង​បន្លែ​ដែល​នាំ​ចូល​ពី​បរទេស​ដែរ​ ដូច្នេះ​គឺ​មិន​មាន​អ្វី​ថ្លៃ​នោះ​ទេ​។​ អ្នកស្រី​ សុខ​ ស្រី​អូន​៖​ «​ខ្ញុំ​គិត​ថា​បន្លែ​ធម្មជាតិ​ស្រស់​ វា​ថ្មីៗ​ ព្រោះ​បះ​ភ្លាម​យក​មក​លក់​ភ្លាម​ ខុស​ពី​បន្លែ​គីមី​វា​យូរថ្ងៃ​គឺ​មិនល្អ​ទេ​។​ បន្លែ​គ្មាន​សារជាតិ​គីមី​ គឺ​ល្អ​ សម្រាប់​សុខភាព​»​។​

ចំណែក​អ្នកស្រី​ ម៉ៅ​ ហ៊ី​ ដែល​ជា​ស្ត្រី​មេផ្ទះ​មួយ​រូប​ផង​ដែរ​បាន​និយាយ​ថា​ សព្វថ្ងៃ​ដោយសារ​តែ​គ្មាន​ជម្រើស​ អ្នកស្រី​បាន​ទិញ​បន្លែ​ពី​ផ្សារ​ដែល​ជា​បន្លែ​ផ្ទុក​ដោយសារ​ជាតិ​គីមី​មក​បរិភោគ​ ប្រការ​នេះ​ធ្វើ​ឱ្យ​អ្នកស្រី​កើត​ជំងឺ​ក្រពះ​ ពោះវៀន​ជា​ប្រចាំ​។​ អ្នកស្រី​ ចង់ឱ្យ​កសិករ​នាំ​យក​បន្លែ​ដែល​គ្មាន​សារជាតិ​គីមី​បែប​នេះ​ យក​មក​លក់​ជា​រៀងរាល់ថ្ងៃ​ ព្រោះថា​បន្លែ​សរីរាង្គ​គឺ​ជួយ​ឱ្យ​អ្នក​ទទួលទាន​មាន​សុខភាព​ល្អ​។​ អ្នកស្រី​ ម៉ៅ​ ហ៊ី​ ៖​ «​បន្លែ​ គីមី​វា​ប៉ះពាល់​សុខភាព​យើង​ច្រើន​ណាស់​ ដូច​ជា​ឈឺក្រពះ​ជាដើម​។​ ចង់ឱ្យ​កសិករ​យក​បន្លែ​សរីរាង្គ​មក​ លក់​នៅ​ផ្សារ​រាល់ថ្ងៃ​»​។​

សូម​បញ្ជាក់​ថា​ ផ្សារណាត់​សហគមន៍​កសិផល​ធម្មជាតិ​របស់​កសិករ​អង្គការ​សេ​ដាក​ ដែល​ទើប​បង្កើត​ ក្នុង​ទីរួមខេត្ត​កំពង់ស្ពឺ​ គឺជា​ផ្សារ​ទី​ ៥​ ហើយ​ បន្ទាប់​ពី​អង្គការ​សេ​ដាក​បាន​បង្កើត​ផ្សារណាត់​បែប​នេះ​ក្នុង​ ខេត្ត​ចំនួន​បួន​ គឺ​ខេត្តកំពង់ធំ​ ខេត្តកំពង់ឆ្នាំង​ សៀមរាប​ និង​ខេត្ត​ត្បូងឃ្មុំ​។​ ចំណែក​នៅ​រាជធានី​ភ្នំពេញ​មាន​ ផ្សារ​របស់​អង្គការ​សេ​ដាក​ចំនួន​ ៨​ កន្លែង​ផង​ដែរ​ ។​ ក្រៅ​តែ​ពី​ការ​លក់​ផលិតផល​បន្លែ​ផ្លែ​ឈើ​សរីរាង្គ​ស្រស់​ ផ្សារ​របស់​សេ​ដាក​ដែល​បាន​រៀបរាប់​ខាងលើ​នេះ​ ក៏​មាន​លក់​នូវ​ផលិតផល​កែ​ច្នៃ​ផង​ដែរ​ មាន​ដូច​ជា​  ត្រីងៀត​ ត្រីឆ្អើរ​ សាច់​ជ្រូក​ផាត់​ ទឹកត្រី​ ទឹកស៊ីអ៊ីវ​ និង​ប្រហុក​ ផ្អក់​ជាដើម​។​ ចំណែកឯ​ផ្លែ​ឈឺ​វិញ​ គឺ​មាន​ទៅ​តាម​រដូវ​កាល​របស់​កសិករ​ប្រមូល​បាន​ដែល​ផលិតផល​ទាំងនេះ​គឺ​សុទ្ធសឹងតែ​ជា​ស្នាដៃ​កែ​ច្នៃ​របស់​កសិករ​ខ្មែរ​សុទ្ធសាធ​៕

Share

Image
Image
Image