កំពង់ស្ពី៖ អង្គការសេដាក បានបើកសម្ពោធផ្សារណាត់សហគមន៍កសិផលធម្មជាតិមួយបន្ថែមទៀត នៅមុខផ្សារ ខេត្តកំពង់ស្ពឺ។ អ្នកសម្របសម្រួល គម្រោង បញ្ជាក់ថា មូលហេតុនៃការពង្រីកផ្សារណាត់សហគមន៍នេះ ដោយសារតែកន្លងមកកសិករលក់ កសិផលសរីរាង្គរបស់ខ្លួនទៅឱ្យឈ្មួញកណ្តាលបានក្នុងតម្លៃទាបពេក និងមួយវិញទៀតក៏ចង់នាំយក បន្លែសរីរាង្គដែលគ្មាន សារជាតិគីមីរបស់កសិករក្នុងខេត្តកំពង់ស្ពឺ ដើម្បីលក់ជូនប្រជាពលរដ្ឋក្នុងទីរួម ខេត្តឱ្យបានទទួលទានផងដែរ។ ពីធីសម្ពោធផ្សារណាត់នេះ ធ្វើឡើងកាលពីថ្ងៃទី២១ ខែកុម្ភៈ ស្ថិតក្នុងក្រុងច្បារមន ទីរួមខេត្តកំពង់ស្ពឺ។
លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ ៖
ផ្សារណាត់សហគមន៍កសិផលធម្មជាតិខេត្តកំពង់ស្ពឺរបស់អង្គការសេដាក បានសម្ពោធបន្ថែមមួយទៀតហើយ បន្ទាប់ពីអង្គការសេដាក បានបង្កើតផ្សារណាត់បែបនេះ បានចំនួនបួនរួចមកហើយនៅតាមបណ្ដា ខេត្តមួយចំនួន។ នេះបើតាមការគូសបញ្ជាក់ពីលោក អ៊ឹង វុទ្ធី អ្នកសម្របសម្រួលតាមមូលដ្ឋានក្នុងខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តតាកែវប្រចាំអង្គការសេដាក។
លោក អ៊ឹង វុទ្ធី បន្តថា មូលហេតុ ដែលអង្គការសេដាកបង្កើតឱ្យមានផ្សារណាត់នេះឡើង ព្រោះអង្គការសេដាកមើលឃើញថា ប្រជាពល រដ្ឋមួយចំនួនបានយល់ដឹងពីអត្តប្រយោជន៍នៃបន្លែសរីរាង្គបានច្រើនជាងមុន។ លោក អ៊ឹង វុទ្ធី៖ «សម្រាប់ខ្ញុំ ខ្ញុំគិតថាថ្ងៃនេះមានភាពភ្ញាក់ផ្អើលមែនទែន ព្រោះកន្លងមកនៅពេលដែលយើងធ្លាប់ទៅទស្សនកិច្ចសិក្សាកន្លែងផ្សេង នៅថ្ងៃបើកដំបូងមិនសូវមានអតិថជនទេ ប៉ុន្តែសម្រាប់យើងនៅទីនេះគឺមានអតិថជនច្រើន។ ខ្ញុំជឿជាក់ថា ទៅថ្ងៃបន្តទៀតនឹងមានអ្នកគាំទ្រកាន់តែច្រើន ព្រោះយើងផ្អែកទៅលើការយល់ដឹងរបស់ អតិថជន ដែលគាត់យល់ដឹងទៅលើអ្វីដែលជាអត្តប្រយោជន៍នៃបន្លែសរីរាង្គឬក៏ផលិតផលធម្មជាតិ»។
លោក អ៊ឹង វុទ្ធី បញ្ជាក់ពីមូលហេតុថា ការបង្កើតជាផ្សារណាត់លក់កសិផលសរីរាង្គនេះឡើង ក៏ជា ផ្នែកមួយជួយដល់កសិករឱ្យចេះធ្វើអាជីវកម្មខ្លួនឯង ពោលគឺមិនរងចាំតែលក់ឱ្យឈ្មួលកណ្តាល ដែល ជារឿយៗឈ្មួលកណ្តាលតែងតែទម្លាក់តម្លៃបន្លែ ដែលធ្វើឱ្យកសិករប្រឈមនឹងការខាតបង់។ លោក បន្ថែមថា ជាជំហានដំបូងផ្សារណាត់សហគមន៍កសិផលធម្មជាតិខេត្តកំពង់ស្ពឺនេះ នឹងលក់តែរាល់ថ្ងៃ អាទិត្យតែប៉ុណ្ណោះ។
លោក អ៊ឹង វុទ្ធី៖ «កន្លងមកក៏គាត់ធ្លាប់បញ្ចេញបន្លែទៅកាន់ឈ្មួលកណ្ដាលនៅក្នុងភូមិ ដែរ ប៉ុន្ដែគ្រាន់តែតម្លៃវាទាបខ្លាំងពេក ខ្ញុំលើសាមញ្ញមួយថា បន្លែស្ពៃរាល់ថ្ងៃគាត់លក់ទៅកាន់ឈ្មួល កណ្ដាលក្នុងភូមិតែមួយគីឡូ ១៥០០ រៀលទេ តែបើគាត់មកលក់នៅផ្សារនេះគាត់អាចបានមួយគីឡូបីពាន់ ទៅបួនពាន់រៀល អញ្ចឹងមានន័យថា គ្រាន់តែចម្ងាយឆ្ងាយពីផ្ទះគាត់តែបី បួនគីឡូទេហើយគាត់មាន ទីមួយធ្វើឱ្យតម្លៃផលិតផលរបស់គាត់មានការកែប្រែល្អប្រសើរជាងមុន តាមរយៈយើងរួមគ្នាជារបៀបសហគមន៍ ក្រោមការគាំទ្រ និងផ្តួចផ្តើមពីអង្គការសេដាក»។
កសិករមួយរូប អ្នកស្រី សែន យុត្ថា និយាយថា អ្នកស្រីមានចិត្តត្រេកអរយ៉ាងខ្លាំងដែលផលិតផលសរី រាង្គរបស់ អ្នកស្រី ក៏ដូចជាកសិករផ្សេងទៀតទទួលបានការគាំទ្រពីប្រជាពលរដ្ឋក្នុងទីរួមខេត្តកំពង់ស្ពឺ យ៉ាងច្រើន។ អ្នកស្រីបន្តថា បន្លែដែលកសិករនាំយកមកលក់នៅផ្សារនេះ គឺដូចគ្នាទៅនឹងតម្លៃបន្លែ នាំចូលពីបរទេស ដែលកំពុងចរាចរណ៍លក់នៅលើទីផ្សារដែរ។ កសិកររូបនេះបន្តថា បន្លែដែលកសិករ ដាំបាននេះ គឺមិនមានប្រើប្រាស់ជីគីមីឡើយគឺកសិករប្រើជីកំប៉ុសដែលផលិតចេញពីធម្មជាតិដូចជា លាមកគោ និងស្លឹករុក្ខជាតិរលួយៗតែប៉ុណ្ណោះ។
អ្នកស្រី សែន យុត្ថា៖ «ពីមុនខ្ញុំដាំគីមីដែរហ្នឹង តែក្រោយពីខាងអង្គការបានចុះបណ្ដុះបណ្ដាលវិជ្ជាជីវៈយើងយល់ច្រើនពីសារៈសំខាន់នៃចំណីអាហារ ធម្មជាតិវិញ ពេលយើងឈឺច្រើនយើងអត់សល់លុយទេប្រសិនយើងនៅតែដាំ និងបរិភាគបន្លែគីមីហ្នឹង»។
ស្ត្រីមេផ្ទះមួយរូបទៀត អ្នកស្រី សុខ ស្រីអូន ដែលបានទិញបន្លែសរីរាង្គក្នុងផ្សារណាត់នេះ និយាយថា សព្វថ្ងៃអ្នកស្រីពិបាកក្នុងការទិញ បន្លែ ត្រី សាច់ យកមកធ្វើម្ហូបអាហារសម្រាប់ ទទួលទាន ប្រចាំ ថ្ងៃណាស់ ព្រោះថា បន្លែ ត្រី សាច់ នៅលើ ទីផ្សារបច្ចុប្បន្នសុទ្ធសឹងនាំចូលពីប្រទេសក្រៅដែល សំបូរទៅដោយសារជាតិជីមី ដែលធ្វើឱ្យប៉ះពាល់ដល់ សុខភាពអ្នកទទួលទាន។
អ្នកស្រីបន្តថា អ្នកស្រី សប្បាយចិត្តនៅពេលមានកសិករនាំយកបន្លែសរីរាង្គដែលគ្មានសារជាតិគីមីមកលក់នៅផ្សារក្នុងខេត្តកំពង់ស្ពឺបែបនេះ។ អ្នកស្រីបន្ថែមថាបន្លែសរីរាង្គដែលកសិករលក់នេះ គឺមានតម្លៃដូចគ្នាទៅនឹងបន្លែដែលនាំចូលពីបរទេសដែរ ដូច្នេះគឺមិនមានអ្វីថ្លៃនោះទេ។ អ្នកស្រី សុខ ស្រីអូន៖ «ខ្ញុំគិតថាបន្លែធម្មជាតិស្រស់ វាថ្មីៗ ព្រោះបះភ្លាមយកមកលក់ភ្លាម ខុសពីបន្លែគីមីវាយូរថ្ងៃគឺមិនល្អទេ។ បន្លែគ្មានសារជាតិគីមី គឺល្អ សម្រាប់សុខភាព»។
ចំណែកអ្នកស្រី ម៉ៅ ហ៊ី ដែលជាស្ត្រីមេផ្ទះមួយរូបផងដែរបាននិយាយថា សព្វថ្ងៃដោយសារតែគ្មានជម្រើស អ្នកស្រីបានទិញបន្លែពីផ្សារដែលជាបន្លែផ្ទុកដោយសារជាតិគីមីមកបរិភោគ ប្រការនេះធ្វើឱ្យអ្នកស្រីកើតជំងឺក្រពះ ពោះវៀនជាប្រចាំ។ អ្នកស្រី ចង់ឱ្យកសិករនាំយកបន្លែដែលគ្មានសារជាតិគីមីបែបនេះ យកមកលក់ជារៀងរាល់ថ្ងៃ ព្រោះថាបន្លែសរីរាង្គគឺជួយឱ្យអ្នកទទួលទានមានសុខភាពល្អ។ អ្នកស្រី ម៉ៅ ហ៊ី ៖ «បន្លែ គីមីវាប៉ះពាល់សុខភាពយើងច្រើនណាស់ ដូចជាឈឺក្រពះជាដើម។ ចង់ឱ្យកសិករយកបន្លែសរីរាង្គមក លក់នៅផ្សាររាល់ថ្ងៃ»។
សូមបញ្ជាក់ថា ផ្សារណាត់សហគមន៍កសិផលធម្មជាតិរបស់កសិករអង្គការសេដាក ដែលទើបបង្កើត ក្នុងទីរួមខេត្តកំពង់ស្ពឺ គឺជាផ្សារទី ៥ ហើយ បន្ទាប់ពីអង្គការសេដាកបានបង្កើតផ្សារណាត់បែបនេះក្នុង ខេត្តចំនួនបួន គឺខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង សៀមរាប និងខេត្តត្បូងឃ្មុំ។ ចំណែកនៅរាជធានីភ្នំពេញមាន ផ្សាររបស់អង្គការសេដាកចំនួន ៨ កន្លែងផងដែរ ។ ក្រៅតែពីការលក់ផលិតផលបន្លែផ្លែឈើសរីរាង្គស្រស់ ផ្សាររបស់សេដាកដែលបានរៀបរាប់ខាងលើនេះ ក៏មានលក់នូវផលិតផលកែច្នៃផងដែរ មានដូចជា ត្រីងៀត ត្រីឆ្អើរ សាច់ជ្រូកផាត់ ទឹកត្រី ទឹកស៊ីអ៊ីវ និងប្រហុក ផ្អក់ជាដើម។ ចំណែកឯផ្លែឈឺវិញ គឺមានទៅតាមរដូវកាលរបស់កសិករប្រមូលបានដែលផលិតផលទាំងនេះគឺសុទ្ធសឹងតែជាស្នាដៃកែច្នៃរបស់កសិករខ្មែរសុទ្ធសាធ៕