បុគ្គលិកក្រុមហ៊ុន គូវ៉ាហារ៉ា ដែលជាក្រុមហ៊ុនត្រួតពិនិត្យទំនិញនាំចេញ ប្រមាណជិត ១០០ នាក់ នៅថ្ងៃទី២៣ កុម្ភៈ នេះ បានបន្តតវ៉ាទាមទារឱ្យថៅកែក្រុមហ៊ុនគោរពច្បាប់ការងារ និងកិច្ចសន្យា ដែលក្រុមហ៊ុនបានព្រមព្រៀងជាមួយសហព័ន្ធសហជីពកម្មករនិយោជិត ក្នុងការដោះស្រាយវិវាទរវាងក្រុមហ៊ុន និងបុគ្គលិក។
អគ្គលេខាធិការសហព័ន្ធសហជីពកម្មករនិយោជិត លោក រស់ សុវណ្ណ តំណាងឱ្យបុគ្គលិកប្រមាណជិត ១០០ នាក់ ដែលបានធ្វើការតវ៉ាក្រុមហ៊ុនគូវ៉ាហារ៉ា មានទីតាំងក្នុងបរិវេណសណ្ឋាគារកាំបូឌីយ៉ាណាបានឱ្យដឹងថា អស់រយៈពេលជាងមួយសប្តាហ៍មកហើយ ដែលបុគ្គលិកក្រុមហ៊ុន គូវ៉ាហារ៉ា តវ៉ានៅមុខក្រុមហ៊ុន ជុំវិញបញ្ហាក្រុមហ៊ុនមិនបានអនុវត្តច្បាប់ការងារ និងកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរ ដែលបានឯកភាពជាមួយនយោជិត ដោយមានការរចូលរួមពីអាជ្ញាធរ និងក្រសួងការងារជាសាក្សី។
លោកបានប្រាប់បន្តថា កាលពីអំឡុងកូដកម្មលើកមុន នៅពេលដែលអាជ្ញាធរ មកអន្តរាគន៍ ក្រុមហ៊ុនបានឯកភាពថា នឹងមិនកាត់ប្រាក់ ១០ដុល្លារ ក្នុងមួយខែ សម្រាប់បុគ្គលិកដែលធ្វើការពេញមួយខែ ក្នុងរយៈពេល ២៦ថ្ងៃនោះទេ ប៉ុន្តែរហូតមកដល់ពេលនេះ ក្រុមហ៊ុនមិនបានគោរពតាមកិច្ចសន្យាឡើយ។
ចំណែក លោក ម៉ៃ ស៊ីម៉ា អគ្គលេខាធិការរង សហព័ន្ធសហជីពកម្មករនិយោជិត ដែលស្រែកតវ៉ា តាមឧគ្ឃោសនសព្ទ បានថ្លែងថា បុគ្គលិករបស់ក្រុមហ៊ុន គូវ៉ាហារ៉ា ទាំងអស់ នឹងនៅតែបន្តការតវ៉ាដាក់ញត្តិទៅស្ថានទូតជប៉ុន និងស្ថាប័នសំខាន់ៗរបស់រដ្ឋាភិបាលបន្ថែមទៀត ដើម្បីជំរុញឱ្យថៅកែក្រុមហ៊ុន គូវ៉ាហារ៉ា ដោះស្រាយបញ្ហាជាមួយបុគ្គលិករបស់ខ្លួនដែលកំពុងតែទាមទារ អត្ថប្រយោជន៍ និងលក្ខខណ្ឌការងារមួយចំនួន ដែលក្រុមហ៊ុនមួយនេះ ធ្លាប់ផ្តល់ឱ្យបុគ្គលិកជារៀងរាល់ឆ្នាំ។ លោកក៏បានស្នើឱ្យម្ចាស់សណ្ឋាគារកាំបូឌីយ៉ាណា ជួយអន្តរាគមន៍ទៅក្រុមហ៊ុន គូវ៉ាហារ៉ា ដែលមានកុងត្រាជួលក្នុងសណ្ឋាគារនេះផងដែរ ដើម្បីកុំឱ្យការតវ៉ា របស់បុគ្គលិកមានភាពរញ៉េរញ៉ៃនៅក្នុងបរិវេណសណ្ឋាគារ។
កញ្ញា ស្រីនាង ដែលជាបុគ្គលិករបស់ក្រុមហ៊ុនជប៉ុនមួយនេះ បានប្រាប់ថា ក្រុមហ៊ុនតែងតែរំលោភសិទ្ធិការងាររបស់បុគ្គលិក។ កញ្ញាថា រាល់ថ្ងៃប្រសិនបុគ្គលិកមិនថែមម៉ោងនោះទេ នឹងត្រូវកាត់លុយ។ ស្រីនាងបានឱ្យដឹងទៀតថា បើថ្ងៃធម្មតាត្រូវថែមពីរម៉ោង ហើយបើថ្ងៃណាប្រញាប់ ត្រូវថែមដល់ម៉ោង៩ ឬម៉ោង១០យប់ឯណោះ។ កញ្ញាបន្តថា ដោយសារតែខ្លាចក្រុមហ៊ុនកាត់លុយ បុគ្គលិកខ្លះមកធ្វើការទាំងឈឺទៀតផង។
កញ្ញា សំណូមពរឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់ជួយដោះស្រាយបញ្ហានេះ និងជំរុញឱ្យក្រុមហ៊ុនគោរពគោរច្បាប់ការងារ និងកិច្ចព្រមព្រៀង ដែលបានសន្យាជាមួយនិយោជិត និងក្រសួងការងារកន្លងមក។
ឆ្លើយតបនឹងការធ្វើកូដកម្មរបស់បុគ្គលិកនេះ លោក យ៉ង់ សុវណ្ណារ៉ា ទទួលបន្ទុកផ្នែករដ្ឋបាលរបស់ក្រុនហ៊ុន គូវ៉ាហារ៉ា បានប្រាប់វិទ្យស្ត្រីនៅថ្ងៃនេះថា ក្រុមហ៊ុនតែងតែមានឆន្ទៈ ក្នុងការដោះស្រាយជូនបុគ្គលិក ប៉ុន្តែខាងសហព័ន្ធសហជីព មិនបានឯកភាពតាមក្រុមហ៊ុនឡើយ។ លើសពីនេះទៀត លោកបន្តថា ក្រុមហ៊ុនមិនដែលបានរំលោភសិទ្ធិការងារ ដូចការចោទប្រកាន់របស់ក្រុមបុគ្គលិកនោះទេ។
សូមបញ្ជាក់កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦ សហព័ន្ធសហជីពកម្មករនិយោជិត ដែលតំណាងឱ្យបុគ្គលិកក្រុមហ៊ុន គូវ៉ាហារ៉ា និងភាគីខាងក្រុមហ៊ុន បានព្រមព្រៀង និងឯកភាពគ្នា ដោះស្រាយវិវាទការងារលើ៦ចំណុចដូចជា ភាគីនិយោជក និងកម្មករនិយោជិត ឯកភាពអនុវត្តតាមបទបញ្ជាផ្ទៃក្នុង និងគោរពច្បាប់ការងារ។ ភាគីនិយោជក បាននឹងអនុវត្តទូទាត់ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗជូនកម្មករ ក្នុងអំឡុងពេល ៤៨ម៉ោង បន្ទាប់ពីក្រុមហ៊ុនបញ្ឈប់ ឬបញ្ចប់កិច្ចសន្យាការងារ។ ភាគីនិយោជកឯកភាពអនុវត្ត កាគិតប្រាក់ឈប់សម្រាកប្រចាំឆ្នាំរបស់កម្មករនិយោជិត ដោយយកធម្យមភាគនៃប្រាក់ឈ្នួល១២ខែចុងក្រោយជាមូលដ្ឋានក្នុងការគណនា ជាដើម៕