ក្រុមគ្រួសារសាច់ញាតិអតីតអ្នកបើកបររថយន្តក្រុងកាពីតូល ដឹកនាំដោយលោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ប្រមាណជាង ៣០០ នាក់ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ នេះ បានប្រមូលផ្តុំនៅមុខពន្ធនាគារព្រៃស ដើម្បីស្នើឱ្យរដ្ឋាភិបាល ជាពិសេសតុលាការសាលាដំបូងរាជធានីភ្នំពេញ ដោះលែងសមាជិកសហជីពចំនួន ២រូប ដែលបានចាប់ខ្លួនក្នុងហេតុការណ៍តវ៉ាទាមទារសិទ្ធិការងារពីថៅកែក្រុមហ៊ុនកាពីតូល កាលពីថ្ងៃទី០៦ ខែកុម្ភៈ កន្លងទៅ។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានប្រាប់វិទ្យុស្ត្រី FM 102 នៃ WMC នៅថ្ងៃទី២៣ ខែកុម្ភៈ នេះថា តុលាការគួរតែធ្វើការស៊ើបរឿងនេះឱ្យច្បាស់សិន ព្រោះថាអតីតអ្នកបើបររថយន្តក្រុងកាពីតូល គឺជាជនរងគ្រោះមិនមែនជាអ្នកបង្កឱ្យមានអំពើហិង្សានោះទេ។ លោក អាត់ ធន់ បន្តថា ប្រសិនមិនបើកការស៊ើបអង្កេតរឿងនេះឡើងវិញទេនោះ លោកនឹងបន្តប្តឹងទៅក្រសួងការងារ និងសហជីពអន្តរជាតិឱ្យជួយស៊ើបអង្កេតករណីនេះ និងស្នើឱ្យប្រជាពលរដ្ឋទូទៅផ្អាកការជិះរថយន្តក្រុងរបស់ក្រុមហ៊ុនកាពីតូល។
បន្ទាប់ពីតវ៉ានៅមុខពន្ធនាគារព្រៃសអស់រយៈពេលមួយព្រឹករួចមក លោក អាត់ ធន់ ព្រមទាំងសាច់ញាតិអតីតអ្នកបើកបរឱ្យក្រុមហ៊ុនរថយន្តក្រុងកាពីតូល បានបន្តមកតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលនេះផងដែរ។
សូមបញ្ជាក់ថា អតីតអ្នកបើកបររថយន្តក្រុងឱ្យក្រុមហ៊ុនកាពីតូល (CAPITOL) ២នាក់ ត្រូវបានចៅក្រមស៊ើបសួរនៃតុលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់បីបទល្មើសទី១ បង្កអំពើហិង្សា ទី២ បង្កការរំខានដល់ការអនុវត្តច្បាប់របស់មន្ត្រីសាធារណៈ និងទី៣ ធ្វើឱ្យមានការកកស្ទះចររាចណ៏ និងត្រូវបញ្ជូនទៅឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស កាលពីល្ងាចថ្ងៃទី៨ ខែកុម្ភៈ។ ក្រោយពីបញ្ចប់ការសាកសួរកាលពីថ្ងៃទី៨ កុម្ភៈ មន្ត្រីសហជីពចំនួន ៤នាក់ បន្ថែមទៀត ក៏ត្រូវបានតុលាការក្រុងភ្នំពេញ សម្រេចចោទប្រកាន់ចំនួន ៣ បទល្មើសដូចគ្នាផងដែរ៕