en     km
en     km

ស្នងការ​ខេត្ដស្ទឹងត្រែង​បដិសេធ​ករណី​ពលរដ្ឋ​ពុល​ស្រា​ស្លាប់​ កាលពី​ថ្ងៃ​ទី​២២​ កុម្ភៈ​ ម្សិលមិញ​

Share

ក្រោយ​ពី​មាន​ព័ត៌មាន​បាន​ចុះ​ផ្សាយ​ថា​ មាន​ករណី​ពលរដ្ឋ​រស់នៅ​ភូមិ​ស្រែ​គរ​ ស្រុក​សេ​សាន​ ខេត្ដស្ទឹងត្រែង​ បាន​ពុល​ស្រា​ចំនួន​ ១០​នាក់​ ស្លាប់​ម្នាក់​ និង​មួយ​ចំនួន​ទៀត​ ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​ បន្ទាប់​ពី​មាន​ព័ត៌មាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ​ ស្នងការ​នគរបាល​ខេត្ដស្ទឹងត្រែង​ បាន​ចេញ​មុខ​បដិសេធ​ចំពោះ​ព័ត៌មាន​នេះ​ ជា​រឿង​មិន​ពិត​នោះ​ទេ​។​

​លោក​ ម៉ៅ​ តារា​ ស្នងការ​នគរបាល​ខេត្ដស្ទឹងត្រែង​ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​ស្ដ្រី​ នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ កាលពី​ម្សិលមិញ​ពិតជា​មាន​ករណី​ពលរដ្ឋ​បាន​ស្លាប់​ម្នាក់​ពិតមែន​ តែ​មិនមែន​ស្លាប់​ដោយសារ​ករណី​ពុល​ស្រាស​ឡើយ​។​

លោក​ ម៉ៅ​ តារា​ បាន​បន្ថែម​ថា​ បើ​យោង​ទៅ​តាម​ព័ត៌មាន​ដែល​ពលរដ្ឋ​រាយការណ៍​ទៅ​កាន់​សមត្ថកិច្ច​ដំបូង​ថា​ មាន​ករណី​ពុល​ស្រា​ ១០​នាក់​ ស្លាប់​ម្នាក់​ និង​រង​បួស​ម្នាក់​។​ ប៉ុន្ដែ​ក្រោយ​ពី​ការ​សមត្ថកិច្ច​ ព្រមទាំង​មន្ដ្រី​ក្រសួងសុខាភិបាល​ និង​អ្នកបច្ចេកទេស​ ចុះ​ទៅ​ពិនិត្យ​នៅ​កន្លែង​កើតហេតុ​ គឺ​បង្ហាញ​ឱ្យ​ឃើញ​ថា​ ស្រា​ ស​ ដែល​ពលរដ្ឋ​ពិសា​នោះ​ គ្មាន​សារជាតិ​ពុល​អ្វី​នោះ​ឡើយ​។​

លោក​ ម៉ៅ​ តារា​ បាន​បញ្ជាក់​ថា​ ចំពោះ​បុរស​ ឈ្មោះ​ សុទ្ធ​ ចាន់​ ដែល​ស្លាប់​នោះ​គឺ​មូលហេតុ​បណ្ដាល​មក​ពី​ខ្យល់គ​នោះ​ទេ​។​ ហើយ​ចំពោះ​ពាក្យ​លេចឮ​ថា​ មាន​ម្នាក់​ក្នុង​ចំណោម​ ១០​នាក់​ ពុល​ស្រា​នោះ​ ក៏​មិន​ពិត​ដូច​គ្នា​ដែរ​។​

លោក​បន្ថែម​ថា​៖​ «​ព័ត​មាន​ដំបូង​ដូច​លោក​បាន​ជម្រាប​អ​ញ្ចឹ​ង​ តែ​ក្រោយ​ពី​យើង​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​ដោយ​មាន​ ខាង​ក្រសួង​មន្ទី​សុខាភិបាល​ខេត្ដ​ មាន​កម្លាំង​ប៉ូ​លី​ស​ និង​អ្នកបច្ចេកទេស​វិទ្យាសាស្ដ្រ​ហ្នឹង​ចុះ​ទៅ​ ហើយ​តាម​ពិត​មិនមែន​ការ​ផឹកស្រា​ស្លាប់​ទេ​ ព្រោះថា​អ្នក​ដែល​ផឹកស្រា​ហ្នឹង​ វា​ ១០​ នាក់​ជាង​  គេ​ទាំងអស់​អត់​អី​ទេ​ លើកលែងតែ​គាត់​វិញ​ស្លាប់​ ស្លាប​ហ្នឹង​ក្រោយ​ពី​យើង​ធ្វើ​កោសល្យវិច័យ​ទៅ​ឃើញ​ថា​ មូលហេតុ​បណ្ដាល​មក​ពី​ខ្យល់គ​ គាត់​ហូប​ស្រា​តាំងពី​ព្រឹក​រហូត​ដល់​ល្ងាច​ មិនមែន​ករណី​ពុល​ស្រា​ទេ​ ហើ​តម្នាក់​ទៀត​នោះ​ព័ត៌មាន​ដំបូង​ យើង​ថា​គាត់​ទៅ​មន្ទីរពេទ្យ​ ប៉ុន្ដែ​ពេល​ដែល​យើង​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ហ្នឹង​គាត់​ស្រវឹង​ខ្លាំង​ពេក​គាត់​ទៅ​ដេក​ផ្ទះ​ហ្នឹង​ ហើយ​ឥឡូវ​គាត់​មាន​សុខភាព​ធម្មតា​វិញ​ អត់​មាន​របួស​អី​ទេ​ គាត់​ស្រវឹងស្រា​ហ្នឹង​»៕

Share

ព័ត៌មានទាក់ទង

Image